អតីត​អ្នក​ជាប់ឃុំ​ទម្លាយ​រឿង​អីវ៉ាន់​ក្នុង​ពន្ធនាគារ​លក់​ថ្លៃ​ខ្លាំង

ដោយ សេក បណ្ឌិត
2021-11-21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​អ្នក​ជាប់ឃុំ​ទម្លាយ​រឿង​អីវ៉ាន់​ក្នុង​ពន្ធនាគារ​លក់​ថ្លៃ​ខ្លាំង

យុរជន​ខ្មែរ​ថាវរៈ ដែល​ទើប​ត្រូវ​បាន​ដោះលែង។ Photo Provided


អតីត​អ្នក​ជាប់ឃុំ​មួយ​ចំនួន​បាន​ទម្លាយ​អំពី​ភាព​មិន​ប្រក្រតី​ជាច្រើន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស និង​ពន្ធនាគារ​ប៉េហ្ស៊ី​(PJ) ដូចជា​ការ​ផ្តល់​របប​អាហារ​គ្មាន​ស្តង់ដារ និង​ការលក់ដូ​អីវ៉ាន់​មាន​តម្លៃ​ថ្លៃ​ជាដើម។ ពួកគាត់​ស្នើ​ឲ្យ​ពន្ធនាគារ​បញ្ចុះតម្លៃ​អីវ៉ាន់ ដើម្បី​ជួយ​កាត់បន្ថយ​ការចំណាយ​និង​បញ្ហាលំបាក​របស់​អ្នក​ជាប់ឃុំ​។​មន្ត្រី​នាំពាក្យ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ អះអាង​ថា តម្លៃ​អីវ៉ាន់​នៅក្នុង​ពន្ធនាគារ មិន​ថ្លៃ​ខ្ពស់​ហួសហេតុ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

បញ្ហា​របប​អាហារ​មិន​គ្រប់គ្រាន់ និង​គ្មាន​អនាម័យ​ត្រឹមត្រូវ ព្រមទាំង​ការ​លក់ដូរ​អីវ៉ាន់​ក្នុងតម្លៃ​ខ្ពស់​ហួសហេតុ គឺជា​បញ្ហា​លេចធ្លោ​មួយ​នៅក្នុង​ចំណោម​បញ្ហា​ធំៗ​ជាច្រើន ទៀត​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស និង​ពន្ធនាគារ​ប៉េ​ហ្ស៊ី​(PJ)​។ អតីត​អ្នកទោស​ចាត់​ទុក​ថា បញ្ហា​ទាំងនេះ គឺជា​រំលោភសិទ្ធិ និង​ជា​ការ​បឺត​ជញ្ជក់​ឈាម​អ្នក​ជាប់ឃុំ​ធ្ងន់ធ្ងរ។

អតីត​អ្នក​ជាប់ឃុំ​មួយ​រូប​ដោយសារ​ការ​តវ៉ា​មុខ​ស្ថានទូត​ចិន គឺ​លោកស្រី សាត ផា រៀបរាប់​ថា ការ​គ្រប់គ្រង​ពន្ធនាគារ​ប៉េហ្ស៊ី​(PJ)​គ្មាន​ស្តង់ដារ​ត្រឹមត្រូវ​នោះ​ទេ បណ្តាល​ឲ្យ​អ្នកទោស​រងទុក្ខ​វេទនា​ជាខ្លាំង។ លោកស្រី​បន្ត​ថា របប​អាហារ​ដែល​ពន្ធនាគារ​ផ្តល់​ឲ្យ​អ្នកទោស​គឺ​ខ្វះខាត និង​គ្មាន​អនាម័យ​ឡើយ ដូច្នេះ​អ្នកទោស ត្រូវ​បង្ខំចិត្ត​ចំណាយ​លុយ​ច្រើន​សម្រាប់​ទិញ​អីវ៉ាន និង​ម្ហូប​អាហារ​នៅក្នុង​ពន្ធនាគារ​ដែលមាន​តម្លៃ​ខ្ពស់​ហួសហេតុ។ អ្នក​តវ៉ា​ទាមទារ​យុត្តិធម៌​សង្គម​រូប​នេះ ចោទ​ថា អាជីវកម្ម​លក់ដូរ​នៅក្នុង​ពន្ធនាគារ​ប៉េហ្ស៊ី​នោះ គឺ​ជា​របស់​ប្រធាន​ពន្ធនាគារ លោក ឈីម ធីតា និង​មន្ត្រី​ពន្ធនាគារ​ផ្សេងៗ​ទៀត៖ «ដូចជា​ប៊ីចេង​កន្លះ​គីឡូ​នៅ​ក្រៅ តម្លៃ​ត្រឹម​៥​ពាន់ ៣​រយ​រៀល (.៣០០)​ទេ តែ​ក្នុងនោះ ៨​ពាន់​រៀល​(.០០០ទឹកត្រី សុទ្ធ​តែមួយ​ដប ៤​ពាន់​៥​រយ (.៥០០)​គឺ​របស់​ថ្លៃ​ទាំងអស់​គ្រប់សព្វ​ហ្មង។ មី​ក៏​ថ្លៃ​ដែរ មួយ​កញ្ចប់​១​ពាន់ ៥​រយ​រៀល​(.៥០០ទៅ​ពីរពាន់​រៀល​(.០០០)​នៅក្នុង​នោះ។ ពេល​ហូប​បាយ​មិនមែន​ហូប​តែម្នាក់ឯង​ទេ គឺមាន​អ្នកទោស​គ្នា​អត់ៗ​មក​ហូប​ជាមួយ​ខ្ញុំ​ដែរ ដូច្នេះ​មី​យើង​ហូប​ម្តង ៥​កញ្ចប់ ឬ​៧​ទៅ ៨​កញ្ចប់​បាន​គ្រប់។ មួយទៀត ពួក​ខ្ញុំ​រង​ទុក្ខ​ខ្លាំងណាស់ សូម្បីតែ​ទឹក​ផឹក​ក៏​ទិញ​គេ​ដែរ។ ទឹក​ទិញ​គេ​មួយ​ដប​៤​ពាន់​រៀល​(.០០០)​នៅក្នុង​នោះ​ដប ២​លីត្រ»។

ក្រៅ​ពី​នេះ លោកស្រី សាត ផា អះអាង​ថា មន្ត្រី​ពន្ធនាគារ​ប៉េហ្ស៊ី បាន​ប្រើ​គ្រប់​វិធី ដើម្បី​រក​លុយ​ពី​អ្នកទោស ដូចជា​ការយក​លុយ​ថ្លៃ​ប្រើ​ចង្ក្រាន​ដាំ​ស្ល​មួយ​ខែ ៨​ម៉ឺន​រៀល យកលុយ​ពី​សាច់ញាតិ​ដែល​ចូល​សួរសុខទុក្ខ​ម្នាក់ ៤​ម៉ឺន​រៀល និង​ការ​ហាមឃាត់​មិន​ឲ្យ​សាច់ញាតិ ផ្ញើ​បន្លែ​ត្រី​សាច់​ពី​ខាងក្រៅ​ជាដើម ព្រោះ​ខ្លាច​លក់​អីវ៉ាន់​ក្នុង​ពន្ធនាគារ​មិន​ដាច់៖ «ខ្ញុំ​ចង់​ឲ្យ​ពន្ធនាគារ កុំ​ជញ្ជក់​ឈាម​អ្នកទោស​ពេក​ដោយសារ​អ្នកទោស​សុទ្ធតែ​អ្នក​អត់។ និយាយ​ទៅ ក្នុង​ពន្ធនាគារ​ជញ្ជក់​ឈាម​ហ្មង គាត់​ពុករលួយ​ហ្មង​។ គាត់​លក់​ថ្លៃ ដែល​អ្នកទោស អត់​មាន​ថវិកា​ទិញ​អី​ហូប​ទេ។ និយាយ​ទៅ​អ្នកខ្លះ រកតែ​លុយ​ទិញ​តែ​អំបិល​ហូប​គ្មាន​ផង ព្រោះ​អំបិល​ក៏​ថ្លៃ​ដែរ មួយកញ្ចប់​៤​ពាន់​រៀល (.០០០ហើយ​នៅ​ខាងក្រៅ អំបិល​តែ​៥​រយ​រៀល ទៅ​១​ពាន់​រៀល​សោះ​។ បើ​លក់​ថ្លៃ​បែប​នេះ ក្រុម​គ្រួសារ​គាត់​ផ្ញើ​លុយ​ទៅ​អត់​ចាយ​បាន​មួយថ្ងៃ​ទេ ជា​ពិសេស​ខ្ញុំ លុយ​ទៅ​នោះ បានតែ ២​ឬ ៣​ថ្ងៃ​អស់​ហើយ លុយ​៣០ ទៅ​៤០​ម៉ឺន​រៀល​អី​នោះ ព្រោះ​របស់​វា​ថ្លៃ»។

ដូចគ្នានេះដែរ សមាជិក​ក្រុមយុវជន លោកស្រី ឈឿន ដារ៉ាវី ដែល​ជាប់ពន្ធនាគារ​១៥​ខែ​ដោយសារ​តវ៉ា​អហិង្សា​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន លើកឡើង​ថា នៅក្នុង​ពន្ធនាគារ​ប៉េ​ហ្ស៊ី បាន​ក្លាយ​ជា​កន្លែង​រក​ស៊ី​ដ៏​សំខាន់​របស់​មន្ត្រី​ពន្ធនាគារ​គ្រប់​ជាន់ថ្នាក់ ដោយ​មិន​ខ្វល់​អំពី​ជន​ជាប់ឃុំ​កំពុង​ជួប​ការ​លំបាក​នោះទេ៖ «ទាំង​ចាងហ្វាង និង​មន្ត្រី​ថ្នាក់ក្រោម​គាត់​ក៏ដោយ គឺ​ចែកគ្នា រកស៊ី​ហ្មង ដូចជា​កុងទីន ឬ​ហៅថា​លក្ខណៈ​លក់​ចាប់ហួយ គឺ​ខាង​ចាងហ្វាង​អ៊ីចឹង​ទៅ ។ ម្ហូប​ពេលព្រឹក​មានអី​កញ្ចិបកញ្ចុប មាន​បាយ​មានអី អាហ្នឹង​គឺ​មន្ត្រី​គាត់​អ៊ីចឹង​ទៅ។ ដាំទឹក លក់​គឺ​មន្ត្រី​ផ្សេងទៀត​អ៊ីចឹង​ទៅ​។ គេ​ចែកគ្នា​រកស៊ី​បែប​ហ្នឹង​។ រហូតដល់​មានការ​ហាមឃាត់​ដូច​ថា អ្នកទោស ធ្វើ​អី​លក់​អ៊ីចឹង​ទៅ បើសិន​ជាង​ខាង​កុងទីន​មាន​ខាង​របស់​ហ្នឹង គឺ​គេ​ហាម​មិន​ឲ្យ​ធ្វើ​លក់​ទេ ព្រោះ​ខ្លាច​សល់​របស់គេ»។

ទាក់ទង​ករណីនេះ វិទ្យុ​អាស៊ីសេរី មិនទាន់​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​ពន្ធនាគារ​ប៉េ​ហ្ស៊ី លោក ឈីម ធីតា បាន​នៅឡើយ​ទេ។

រីឯ​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​ផ្នែក​បុរស​(​ម​២) វិញ សមាជិក​ក្រុមយុវជន​ខ្មែរ​ថាវរៈ លោក ហ៊ុន វណ្ណៈ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​១៥​ខែ ដោយសារ​ការ​តវ៉ា​អហិង្សា​ដែរ​នោះ ឲ្យ​ដឹង​ថា រយៈពេល​បី​ខែ​ចុងក្រោយ​នេះ ពន្ធនាគារ​ព្រៃស (​ម​២) ហាក់ដូច​ជា​មាន​ការ​កែ​ប្រែ​ទៅ​រក​ភាព​ល្អ​ប្រសើ​ច្រើន បន្ទាប់​ពី​សកម្មជន​ដែល​ជាប់ឃុំ​នាំគ្នា​តវ៉ា​ជា​បន្តបន្ទាប់។ លោក​បញ្ជាក់​ថា របប​អាហារ​អាច​ទទួលយកបាន ខណៈ​ការ​លក់ដូរ​អីវ៉ាន់​វិញ នៅតែ​មានតម្លៃ​ខ្ពស់​ជាង​ខាងក្រៅ ប៉ុន្តែ​មិន​ថ្លៃ​ខ្លាំង​ហួសហេតុ​នោះទេ​។​ទោះជា​យ៉ាងណា លោក ចង់​ឃើញ​ពន្ធនាគារ​ព្រៃ​ស កែលម្អ​បន្ថែមទៀត ដូចជា ពង្រឹង​ការផ្តល់សេវា​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ ស្មើភាព​និង​គ្មាន​ការរើសអើង ពង្រឹង​ការផ្តល់​ជំនាញ​វិជ្ជាជីវៈ ដល់​ជន​ជាប់​ឃុំ ព្រមទាំង​លុប​បំបាត់​អំពើពុករលួយ​គ្រប់​ប្រភេទ​ពី​មន្ត្រី​ពន្ធនាគារ៖ «ពន្ធនាគារ​ខ្លួនឯង គឺជា​កន្លែង​ផ្តល់​គំរូ​អាក្រក់​ដល់​អ្នកទោស ទៅ​វិញ ព្រោះថា​អ្នកទោស គាត់​ចាត់ទុក​មន្ត្រី​ជា​មនុស្ស​ល្អ ជា​អ្នកចេះដឹង​ច្បាប់ ប៉ុន្តែ ពេល​គាត់​ជាប់ទោស គាត់​ឃើញ​មន្ត្រី​ពុករលួយ ឃើញ​មន្ត្រី​ធ្វើ​ខុសច្បាប់​ដូច​អ្នកទោស​ទូទៅ​ដែរ​។ ដូច្នេះ​ទង្វើ​របស់​មន្ត្រី​គឺជា​គំរូ​អាក្រក់​ដល់​អ្នកទោស។ អ៊ីចឹង មនុស្ស​ដែល​គាត់​ប្រព្រឹត្ត​ខុស​ហើយ​បញ្ជូន​ទៅ​ពន្ធនាគារ​នោះ មិន​បាន​ឲ្យ​គាត់​មាន​ចំណេះដឹង និង​ឲ្យ​គាត់​បាន​រៀនសូត្រ​ជំនាញ​វិជ្ជាជីវៈ​អី​ទេ តែ​បែរជា​ឲ្យ​គាត់​រៀនសូត្រ​ពី​គំរូ​អាក្រក់ គំរូ​សម្លុត​យកលុយ ពុករលួយ​ដែល​មន្ត្រី​ពន្ធនាគារ​បង្ហាញ​ដល់​គាត់»។

ក្រៅពីនេះ អតីត​អ្នក​ជាប់ឃុំ​ទាំងនេះ បាន​ទម្លាយ​អំពី​ភាព​មិនប្រក្រតី​ជាច្រើន​ទៀត​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស និង​ពន្ធនាគារ​ប៉េ​ហ្ស៊ី​(PJ) ដូចជា​ល្បែងស៊ីសង វាយ​ទាត់​ធាក់ មាន​អំពើពុករលួយ ការឃុំ​អ្នកទោស​លើស​កំណត់ ការផ្តល់សេវា​សុខាភិបាល​មិន​ត្រឹមត្រូវ និង​គ្មាន​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​អ្នកទោស​ជាដើម​។ ពួកគាត់ ស្នើ​ឲ្យ​រដ្ឋា ភិ​បាល ជួយ​កែលំអ​ស្ថានភាព​ក្នុង​ពន្ធនាគារ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​។​មាត្រា​២ នៅក្នុង​ច្បាប់​ស្ដីពី​ពន្ធនាគារ​ឆ្នាំ​២០១២ ចែងថា ច្បាប់​នេះ​មាន​គោលដៅ​អប់រំ កែប្រែ និង​ស្ដារ​នីតិសម្បទា ដើម្បី​ធ្វើ​សមាហរណកម្ម​ជន​ជាប់ឃុំ​ទៅក្នុង​សង្គម​វិញ និង​ទប់ស្កាត់​បទល្មើស​សាជាថ្មី។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ លោក នុត សវនា ឆ្លើយ​តប​ថា ការលក់ដូរ​អីវ៉ាន់ ក្នុង​ពន្ធនាគារ​មិន​ថ្លៃ​ហួសហេតុ​ពេក​នោះទេ ហើយ​ថា វា​ជាទី​ផ្សារ​ដែល​អ្នកលក់​និង​អ្នកទិញ បាន​ព្រមព្រៀងគ្នា៖ «គេ​អត់​មាន​បង្ខំ​ឲ្យ​គាត់​ទិញ​ណា ។​គេ​អត់​មាន​បង្ខំ​ឲ្យ​គាត់​ទិញ​ទេ បើ​គាត់​ចង់​ហូប គាត់​គិតថា ហ្អា​ក​បាន​អី​ហូប​ម៉េច របប​គេ​ចែក​ឲ្យ​ហូប​រាល់ថ្ងៃ នោះ​ម៉េច​វិញ គេ​អោយ​គាត់​ស៊ី​កន្ទក់​មែន​។ បើ​តម្រូវការ​គាត់​ខ្ពស់ ហើយ​របប​គេ​ទូទៅ អ៊ីចឹង​ឥឡូវ​ធ្វើ​ម៉េច​។​យើង​មិនមែន​ព្រងើយកន្តើយ​ទេ ។​ឥឡូវ ខ្ញុំ​សូម​បញ្ជាក់​អា​រឿង​អាហារូបត្ថម្ភ របប​អាហារ​នេះ ក៏​យើង​កំពុង​តាក់តែង​ឲ្យ​មាន​ស្តង់ដារ​ដែរ»។

កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា លោក នុត សវ​នា ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ច្រាន​ចំពោះ​ការចោទប្រកាន់​របស់​សកម្ម​ជន​សង្គម​ទាំងនេះ ថា ធ្វើឡើង​ដោយ​ចេតនា​មិន​ស្មោះ ត្រង់ និង​ឆ្លៀតឱកាស​កេង​ចំណេញ​នយោបាយ​។ លោក​បញ្ជាក់​ថា ពន្ធនាគារ​ជា​កន្លែង​ឃុំឃាំង​មនុស្ស ជា​កន្លែង​អប់រំ​កែប្រែ​អ្នកទោស​ឲ្យ​ក្លាយជា​ពលរដ្ឋ​ល្អ តែ​មិនមែន​ជា​កន្លែង​រស់នៅ​សុខ​ស្រួល មាន​អាហារ​ឆ្ងាញ់ៗ និង​មាន​សេវា​សុខាភិបាល​ដូច​ក្នុង​សហគមន៍​ទេ​។ លោក ថែមទាំង​ព្រមាន​អតីតជន​ជាប់ឃុំ​ដែល​រិះគន់​ភាព​មិនប្រក្រតី​ក្នុង​ពន្ធនាគារ​នេះ ថា ប្រយ័ត្ន​ប្រឈម​នឹង​វិធានការ​ច្បាប់​ដែល​ឈានដល់​ការ​នាំ​ខ្លួន​មក​ឃុំ​ក្នុង​ពន្ធនាគារ​វិញ​ជាយថាហេតុ​។ ប៉ុន្តែ​អតីតជន​ជាប់ឃុំ​ទាំងនេះ ឆ្លើយតប​ថា អាជ្ញាធរ​ពន្ធនាគារ គួរតែ​ទទួលស្គាល់​ការពិត និង​ខិតខំ​កែ​លម្អ​ចំណុច​ខ្វះខាត​ឲ្យ​ប្រសើរឡើង ជាជាង​គ្រាន់តែ​និយាយ​ការពារ និង​លាប​ពណ៌​លើ​សកម្មជន​។​

​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រង់​គ្រង​របស់​ក្រសួងមហាផ្ទៃ ដែល​មាន​លោក ស ខេង ជា​រដ្ឋមន្ត្រី ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក។ រយៈពេល​ជិត​៣០​ឆ្នាំ​មកនេះ ពន្ធនាគារ​នៅតែ​ត្រូវ​បាន​ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ រិះគន់ថា គ្មាន​ស្តង់ដារ​ត្រឹមត្រូវ​បណ្តាល​ឲ្យ​ជន​ជាប់ឃុំ​រងទុក្ខ​វេទនា និង​រំលោភសិទ្ធិ​ពួកគេ​ធ្ងន់ធ្ងរ ដោយសារ​កង្វះ​ការ​ចិត្ត​ទុកដាក់​របស់​លោក ស ខេង។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ទទួលស្គាល់​ថា របប​អាហារ​ក្នុង​ពន្ធនាគារ ពិតជា​នៅ​មាន​កម្រិត ដូច្នេះ​អ្នក​ជាប់ឃុំ ដែល​មាន​លទ្ធភាព តែង​ចំណាយ​លុយ​ច្រើន​ទិញ​ម្ហូបអាហារ​នៅក្នុង​ពន្ធនាគារ​។ លោក​បន្ត​ថា បញ្ហា​ទំនិញ​ក្នុង​ពន្ធនាគារ​ថ្លៃ និង​បញ្ហា​របប​អាហារ​នេះ ត្រូវ​បាន​ជន​ជាប់ឃុំ រិះគន់​ជា​យូរ​មក​ហើយ ដូច្នេះ​លោក យល់ថា ពន្ធនាគារ គួរតែ​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ជន​ជាប់ឃុំ៖ «អ្នក​ជាប់ឃុំ​យើង​ឃើញថា គាត់​អស់សិទ្ធិ​តែ​អ្វី​ដែល​តុលាការ បាន​ដកហូត​ទេ ជាពិសេស​សិទ្ធិ​ដើរហើរ និង​សិទ្ធិ​មួយ​ចំនួន​ទៀត ក្រៅ​ពី​នេះ គឺ​គាត់​មាន​សិទ្ធិ​ដូច​ពលរដ្ឋ​ដទៃទៀត ទទួល​បាន​អាហារ​គ្រប់គ្រាន់​ទទួល​បាន​សេវា​សុខភាព ទទួល​បាន​ការហាត់​ប្រាណ​ដើម្បី​កាយសម្បទា​ផ្សេងៗ​ទៀត គឺ​សិទ្ធិ​ដូច​ពលរដ្ឋ​ដទៃ​។​អ៊ីចឹង​កាលណា​យើង​លក់​តម្លៃ​ខ្ពស់​ដែល​ប៉ះពាល់​ដល់​ការទិញ​របស់​គាត់ អាហ្នឹង​ក៏​ជា​ការ​រំលោភសិទ្ធិ​របស់​គាត់​មួយ​ដែរ»។

អតីត​អ្នក​ជាប់ឃុំ​ជា​សកម្មជន​ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​ទាំងនេះ អះអាង​ថា ពួកគាត់​នឹង​តស៊ូ​មតិ​ដោយ​សន្តិវិធី​ទាមទារ​ឲ្យ​រដ្ឋាភិបាល ជួយ​ពិនិត្យ​កែប្រែ​អំពី​បញ្ហា​ដែល​ក្រុម​អ្នកទោស​កំពុង​ប្រឈម​នៅក្នុង​ពន្ធនាគារ​នោះ​ដោយ​មិន​រាថយ​ឡើយ​។ ពួកគាត់​យល់ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ជួយ​កែប្រែ​ស្ថានភាព​នៅក្នុង​ពន្ធនាគារ​ទេ នឹង​បង្ក​ឲ្យ​មាន​អំពើ​អយុត្តិធម៌ និង​ការឈឺចាប់​ខ្លោច​ផ្សារ​ដល់​មនុស្ស​កំពុង​ជាប់ឃុំ​រាប់​ម៉ឺន​នាក់ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment