អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស្នើ​បញ្ឈប់​ការ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​នៅ​ថៃ​ត្រឡប់​មក​កម្ពុជា

នយោបាយព័ត៌មានជាតិ
លោក ណាត សុភាព | ២១ វិច្ឆិកា ២០២១ | ម៉ោង ១៩:០០
VOD

អ្នកស្រី ឡាញ់ ថាវរី ជាអតីតមេឃុំជាប់ឆ្នោតគណបក្សសង្រ្គោះជាតិឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។(ហ្វេសប៊ុក ទូរទស្សន៍ព្រះអាទិត្យកម្ពុជា)

អ្នកស្រី ឡាញ់ ថាវរី ជាអតីតមេឃុំជាប់ឆ្នោតគណបក្សសង្រ្គោះជាតិឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។(ហ្វេសប៊ុក ទូរទស្សន៍ព្រះអាទិត្យកម្ពុជា)


អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch -HRW) ស្នើឱ្យបញ្ឈប់ជាបន្ទាន់នូវការចាប់បញ្ជូនជនភៀសខ្លួននៅប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ ដោយចាត់ទុកករណីនេះថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

ការស្នើនេះ ធ្វើឡើងបន្ទាប់ពីអតីតមេឃុំជាប់ឆ្នោតគណបក្សប្រឆាំងនៅឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ អ្នកស្រី ឡាញ់ ថាវរី ​ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់​​ខ្លួនកាលពីថ្ងៃទី១៩ខែវិច្ឆិកា និងបញ្ជូន​មក​ឱ្យ​អាជ្ញាធរ​កម្ពុជា កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា។

ការចាប់ខ្លួនអ្នកស្រី ឡាញ់ ថាវរី ​ បន្ទាប់​ពី​អតីត​សកម្មជន​បក្សប្រឆាំង​រូបនេះ បាន​ភៀស​ខ្លួន​ទៅ​រស់នៅ​ប្រទេស​ថៃមួយរយៈ និងភ្លាមៗ ក្រោយពេល​អ្នកស្រី​បាន​ដើរ​ប្រមូល​ស្នាមមេដៃ​ពលករ​នៅម្ដុំផ្ទះជួល​របស់​គាត់​ក្នុងប្រទេសថៃ ដើម្បី​ប្រឆាំង​នឹង​ការ​លក់​ឡៃឡុង​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះជាតិកាលពីពេលថ្មីៗនេះ។ ​

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំតំបន់អាស៊ី   លោក  Phil Robertson​ បានសរសេរសារនៅលើបណ្តាញសង្គមធ្វីតធ័ររបស់លោកនៅចុងសប្តាហ៍នេះថា ជនភៀសខ្លួនខ្មែរ អ្នកស្រី ឡាញ់ ថាវរី ដែល​ទទួស្គាល់ដោយអង្គការ UNHCR ត្រូវប្រឈមនឹងជាប់ពន្ធនាគារ ដោយសារតែអាជ្ញាធរអន្តោប្រវេសន៍ថៃចាប់បញ្ជូនខ្លួនអ្នកស្រីត្រឡប់មកកម្ពុជាវិញ។ ​

ករណីនេះលោក Phil Robertson ស្នើទៅអាជ្ញាធរកម្ពុជានិងថៃបញ្ឈប់ជាបន្ទាន់នូវការចាប់បញ្ជូនជនភៀសខ្លួនពីថៃឱ្យត្រឡប់មកកម្ពុជាវិញ ដោយថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ។

វីអូឌីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន និងលោក ផាត​សុផានិត អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេនៅរសៀលថ្ងៃអាទិត្យនេះ ។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមការពារសិទ្ធិមនុស្សអាដហុក  លោក សឹង សែនករុណា មានប្រសាសន៍ថា អង្គការសហប្រជាជាតិត្រូវពិនិត្យឡើងវិញចំពោះប្រទេសពាក់ព័ន្ធ ដែលបានចុះហត្ថលេខីលើកិច្ចព្រមព្រៀងស្តីពីសិទ្ធិជនភៀសខ្លួន ដើម្បីការពារកុំឱ្យមានការរំលោភសិទ្ធិពួកគេ និងធ្វើឱ្យជនភៀសខ្លួនដទៃទៀតមានការភ័យខ្លាចនឹងសុវត្ថិភាពរបស់ខ្លួនជាដើម ។

លោកមានប្រសាសន៍ថា៖ «អង្គការសហប្រជាជនគួរតែចាត់វិធានការ និងរកដំណោះស្រាយជូនពលរដ្ឋខ្មែរ ឬ    សកម្មជននានា សកម្មជននយោបាយដែលភៀសខ្លួនមានទំនុកចិត្តឡើងវិញ។ បើមិនអញ្ចឹងទេ ពួកគេពិបាកក្នុងការរស់នៅក្នុងប្រទេសថៃបន្តទៀត ដោយសារតែមានបញ្ហាកើតឡើងលើពួកគេជាបន្តបន្ទាប់បែបនេះ»។

អ្នកស្រី ឡាញ់ ថាវរី ជាមេឃុំ​ជាប់ឆ្នោត​មកពី​អតីត​គណបក្ស​សង្រ្គោះជាតិ ឃុំ​ឬស្សី​ក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ និង​ជាជនភៀស​ខ្លួន​នយោបាយ​នៅ​ប្រទេស​ថៃ បន្ទាប់​ពីតុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ឆ្នាំ២០១៧។

ការចាប់ខ្លួនអតីតមន្ត្រី និងសកម្មជនបក្សសង្រ្គោះជាតិពីប្រទេសថៃបញ្ជូនមកកម្ពុជា កើតឡើងជាលើក​ទី២​ហើយ នៅក្នុងខែវិច្ឆិកាឆ្នាំ២០២១នេះ ​ បន្ទាប់​ពី​ការ​ចាប់ខ្លួន​អតីត​សកម្មជន​គណបក្ស​ប្រឆាំងនេះ​ពីរ​នាក់ គឺលោក វឿន វាសនា និងលោក វឿង សំណាង  កាលពី​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles