“លោក ហ៊ុន សែន កំពុង​ងាក​ទៅ​រក​ចិន​ដើម្បី​ការពារ​អំណាច​ផ្ដាច់ការ​ដោយ​ប្រើប្រាស់​វេទិកា​អាស៊ាន”

ដោយ ទីន ហ្សាការីយ៉ា
2021-11-22
RFA

"លោក ហ៊ុន សែន កំពុង​ងាក​ទៅ​រក​ចិន​ដើម្បី​ការពារ​អំណាច​ផ្ដាច់ការ​ដោយ​ប្រើប្រាស់​វេទិកា​អាស៊ាន"

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ឆ្វេង) ចូលរួម​កិច្ចប្រជុំកំពូល​ពិសេស​អាស៊ាន​-​ចិន នៅ​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ រូបភាព៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


អ្នកវិភាគ​នយោបាយ និង​មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំង រិះគន់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ងាក​ទៅ​រក​ចិន​កាន់តែ​ខ្លាំង​ដើម្បី​ការពារ​អំណាច​ផ្ដាច់ការ តាមរយៈ​ការប្រើប្រាស់​វេទិកា​អាស៊ាន​។ ការ​រិះគន់​នេះ ធ្វើឡើង​ក្រោយ​លោក ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែវិច្ឆិកា បាន​លើក​សរសើរ​ចិន​គ្រប់បែបយ៉ាង​នៅក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​ចិន។

អ្នកវិភាគ​នយោបាយ និង​មន្ត្រី​បក្ស​ប្រឆាំង លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ប្រើប្រាស់​វេទិកា​អាស៊ាន ដើម្បី​ជួយ​លើកមុខ​មាត់​ចិន ដែល​នឹង​ឱ្យ​កម្ពុជា​រង​ការរិះគន់ និង​នាំ​ឲ្យ​កម្ពុជា ទទួលរង​នូវ​ផល​អវិជ្ជមាន​ផ្សេងៗ។

មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន រិះគន់​ថា ជំហរ​របស់​លោក ហ៊ុន សែន កំពុងតែ​លំអៀង​ទៅ​រក​ចិន ហើយ​ការ​លំអៀង​នេះ​នឹង​នាំមក​នូវ​វិបត្តិ​ផ្សេងៗ ដូចជា​ការ​ធ្លាក់​ខ្លួន​ជា​កូនបំណុល​របស់​ចិន ព្រោះ​ជំនួយ​ឥត​សំណង​របស់​ចិន តែងតែ​មាន​ថ្នូរ​មក​វិញ នូវ​ការ​កើប​យក​នូវ​សម្បត្តិ​ធនធាន​ធម្មជាតិ​ផ្សេងៗ ក៏ដូចជា​ការ​សាបព្រោះ​នូវ​មនោគមវិជ្ជា​នយោបាយ​កុម្មុយនីស្ត ដែល​ធ្វើ​ឱ្យ​ប្រទេស​មាន​ទំនាក់ទំនង​ជាមួយ​ចិន​ក្លាយជា​ប្រទេស​ផ្ដាច់ការ​។ ទន្ទឹម​នឹង​នេះ លោក​មើលឃើញ​ថា ជំនួយ​របស់​ចិន ច្រើនតែ​មិន​សូវ​មាន​គុណភាព ជាក់ស្ដែង​វ៉ាក់សាំង​របស់​ចិន គឺ​ពុំ​អាច​ទប់ស្កាត់​ជំងឺ​កូ​វីដ​បាន​ល្អ​ដូច​វ៉ាក់សាំង​របស់​ពួក​លោក​ខាងលិច​ទេ ហើយ​ថែមទាំង​មាន​អត្រា​កើនឡើង​នៃ​ការ​ស្លាប់ និង​ការ​ឆ្លង​កូវីដ​ទៅវិញ ប៉ុន្តែ​ទិន្នន័យ​ពិតប្រាកដ​នៃ​ការ​ស្លាប់​និង​ការ​ឆ្លង​កូ​វីដ​ទាំងនោះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ជាដើម ជួយ​លាក់បាំង។ ក្រៅ​ពី​វ៉ាក់សាំង ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវថ្នល់​និង​ស្ពាន​ដែល​ជា​ជំនួយ​ចិន ក៏​មិន​សូវ​មាន​គុណភាព​ឡើយ៖ «ខ្ញុំ​យល់​ថា លោក ហ៊ុន សែន គាត់​រណប​ចិន​ហ្នឹង​ដើម្បី​ការពារ​អំណាច​ផ្ដាច់ការ​របស់​គាត់ ដូច្នេះ​ចង់​មិន​ចង់​គាត់​ត្រូវតែ​សរសើរ​ចិន​ជួយ​ទៅ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា»។

ការរិះគន់​នេះ ធ្វើ​ឡើង​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែវិច្ឆិកា​នេះ បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​ចិន ដើម្បី​អបអរសាទរ​ខួប​៣០​ឆ្នាំ នៃ​ការ​បង្កើត​ទំនាក់ទំនង​ដៃគូ​សន្ទនា​រវាង​អាស៊ាន និង​ចិន ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ ដោយមាន​ការចូលរួម​ពី​លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី​ចិន ព្រមទាំង​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន និង​អគ្គលេខាធិការ​អាស៊ាន​ផង​ដែរ ប៉ុន្តែ​មិន​មាន​វត្តមាន​មេដឹកនាំ​មកពី​ប្រទេស​ភូមា​នោះ​ឡើយ។

លោក ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា​នៅក្នុង​កិច្ចប្រជុំ​នេះ​ដោយ​លើក​សរសើរ​ចិន​ថា អាស៊ាន​-​ចិន បាន​បង្កើត​ទំនាក់ទំនង​ដ៏​ស្អិត​រមួត ប្រកប​ដោយ​សាមគ្គី ភាព​និង​ផ្លែផ្កា ដែល​ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក និង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​នាំមក​នូវ សន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាព និង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ប្រកប ដោយ​ចីរភាព​ផង​ដែរ​។ លោក​បន្ត​ថា ទំនាក់ទំនង​អាស៊ាន​-​ចិន នឹង​ក្លាយជា​ទំនាក់ទំនង​មួយ ដែល​កាន់តែ​សំខាន់ និង​ចាំបាច់ និង​ដែល​មាន​អត្ថន័យ​ធំធេង និង​ប្រកបដោយ​ផ្លែផ្កា សម្រាប់​តំបន់​ទាំងពីរ​ក៏ដូចជា​សម្រាប់​សកលលោក​ទាំងមូល​។ ជាពិសេស​នៅក្នុង​បរិការណ៍​នៃ​ការ​ស្តារ និង​ជំរុញ​កំណើន​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​១៩។

ក្នុង​កិច្ចប្រជុំ​នោះ​លោក ហ៊ុន សែន ក៏​បាន​ផ្តល់​អនុសាសន៍​មួយចំនួន ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​អាស៊ាន​-​ចិន​ឱ្យ​កាន់​ប្រសើរ​ឡើង​ថែមទៀត ដូចជា លើកទឹកចិត្ត​ម​ឱ្យ​ចិន​ផ្តល់​ជំនួយ​ដល់​អាស៊ាន ជា​ពិសេស​គាំទ្រ​ឲ្យ​ចិន ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​កូ​វីដ​១៩​ទាំង​នៅក្នុង​តំបន់​និង​ពិភពលោក និង​ជំរុញ​ឱ្យ​ចិន​ធ្វើដំណើរ​ចេញចូល​តំបន់​អាស៊ាន ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរ ពាណិជ្ជកម្ម ធុរកិច្ច ការ​ដឹកជញ្ជូន និង​ការ​វិនិយោ​។ លោក​លើកទឹកចិត្ត​ឲ្យ​អាស៊ាន​-​ចិន ពង្រឹង​ផែន​ការ​តភ្ជាប់​ក្នុង​តំបន់​អាស៊ាន និង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ BRI ដើម្បី​បង្កើន​ប្រសិទ្ធភាព​លំហូរ​ទំនិញ សេវាកម្ម និង​ចលនា​ប្រជាជន​។ កម្ពុជា គាំទ្រ ការ​លើក​កម្ពស់​ទំនាក់​ទំនងជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​គាំទ្រ​នូវ​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋាភិបាល​ចិន ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​និង​លើកស្ទួយ​សិទ្ធិមនុស្ស​។ មេដឹកនាំ​ដែល​រង​ការ​រិះគន់​ថា លំអៀង​ទៅ​រក​ចិន​រូប​នេះ​បន្ត​ថា អាស៊ាន​-​ចិន គប្បី​បន្ត​ប្រកាន់យក​ប្រព័ន្ធ​ពហុភាគី​និយម​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ក្នុង​តំបន់​និង​ពិភពលោក​ដោយ​សន្តិវិធី ព្រមទាំង​ការ​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​ប្រារព្ធ​ខួប​២០​ឆ្នាំ នៃ​ការ​ចុះ​ហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​ស្ដីពី​ការប្រតិបត្តិ​របស់​បណ្ដា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ឆ្នាំ​២០២២ ខាងមុខនេះ៖ «កម្ពុជា​ក៏​សូម​អរគុណ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ចិន ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ការ​ស្ដារ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ នៅ​កម្ពុជា​ក៏ដូចជា​នៅក្នុង​តំបន់​និង​សកលលោក»។

ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ អ្នកវិភាគ​សង្គម លោក គឹមសុខ យល់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ផ្អៀង​ទៅ​រក​មហាអំណាច​ចិន​។ លោក​ថា បើសិនជា​ទំនាក់ទំនង​នោះ​ធ្វើឡើង​ក្នុង​រូប​ភាពជា​សេដ្ឋកិច្ច នឹង​មិន​ផ្ដល់​ផល​ប៉ះពាល់​អ្វី​ទេ ប៉ុន្តែ​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ាន​ដូចជា​ភូមា ឡាវ រួម​ទាំង​កម្ពុជា​ផង បែរជា​ប្រើប្រាស់​ផ្លាក​អាស៊ាន​ធ្វើ​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ចិន​ដោយ​គ្មាន​តម្លាភាព ដូចជា​ការ​លាង​លុយកខ្វក់​តាមរយៈ​ការ​វិនិយោគទុន​របស់​ចិន​ជាដើម ដែល​ជា​ផល​ប៉ះពាល់​ធំ​បំផុត​ចំពោះ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងនោះ​។ លោក​បន្ត​ថា ចំពោះ​ការ​លាង​លុយកខ្វក់​នេះ គឺ​ធ្វើ​ឱ្យ​អាស៊ាន​ក៏ដូចជា​ប្រទេស​មួយ​ចំនួន​ដែល​ឃុបឃិត​ជាមួយ​ចិន ទទួលរង​នូវ​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ​ដូច​ជាការ​កាត់ផ្ដាច់​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជាដើម​។​លើសពីនេះ ទំនាក់ទំនង​រវាង​អាស៊ាន​-​ចិន ដែលមាន​លក្ខខណ្ឌ​មិន​សមស្រប វា​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ​តំបន់​អាស៊ាន ជាក់ស្ដែង​ករណី​កម្ពុជា​លួច​ផ្ដល់​មូលដ្ឋាន​ទ័ពជើងទឹក​ដល់​ចិន ទាំង​នៅ​កំពង់ផែ​ព្រះសីហនុ និង​កំពង់ផែ​កោះកុង​នោះ ត្រូវ​បាន​ប្រទេស​លោក​សេរី ពិសេស​សហរដ្ឋអាមេរិក​មានការ​សង្ស័យ ព្រមទាំង​បាន​ផ្ដាច់​នូវ​ជំនួយ​ផ្សេងៗ ព្រម​ជាមួយនឹង​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច៖ «លោក ហ៊ុន សែន គ្រាន់តែ​ប្រើប្រាស់​វេទិកា​អាស៊ាន ប្រើប្រាស់​ឈ្មោះ​ប្រទេស​កម្ពុជា​អង្គុយ​លើ​កៅអី​ប្រធាន​អាស៊ាន ដើម្បី​ព្យាយាម​ពង្រីក​នូវ​សក្ដានុពល​នយោបាយ​របស់​ខ្លួន​ក្នុង​ការ​ការពារ​មុខមាត់ ហើយ​និង​រដ្ឋាភិបាល​ខុសច្បាប់​របស់​ខ្លួន​តែ​ប៉ុណ្ណឹង​ទេ»។

ជុំវិញ​ក្ដី​បារម្ភ​អំពី​បញ្ហា​លំអៀង​ទៅ​រក​ចិន​នេះ មន្ត្រី​បក្ស​ប្រឆាំង​និង​អ្នកវិភាគ​នយោបាយ ស្នើ​ឱ្យ​កម្ពុជា​រក្សា​ជំហរ​អព្យាក្រឹត ឯករាជ្យភាព​របស់​ខ្លួន ទាំង​ក្នុង​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​ក្ដី ទាំង​ក្នុង​ការដឹកនាំ​ប្រទេស​របស់​ខ្លួន​ក្ដី ដោយ​មិន​ត្រូវ​លំអៀង​ទៅ​ប្រទេស​មហាអំណាច​ណាមួយ​ឡើយ ពិសេស​កម្ពុជា​ក៏​មាន​រដ្ឋធម្មនុញ្ញ​និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍ ដែល​អាច​រក្សា​អធិបតេយ្យភាព​របស់​ខ្លួន​និង​អាច​ធ្វើ​ទំនាក់ទំនង​អន្តរជាតិ​ស្មើមុខស្មើមាត់​ជាមួយ​ប្រទេស​ទាំងអស់​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "“លោក ហ៊ុន សែន កំពុង​ងាក​ទៅ​រក​ចិន​ដើម្បី​ការពារ​អំណាច​ផ្ដាច់ការ​ដោយ​ប្រើប្រាស់​វេទិកា​អាស៊ាន”"

  1. Anonymous says:

    you are so dump Mr you talking the US and CHINA is very going together very good . that right in some time I laughing my ass off because of your stupidity . I toll you it only looking good in world stage but behind is every dangerous that you did not even know about it. one last thing ??I wonder you are that dump how do you wanted to lead this poor nation till the end I knew one more term by you Cambodian will ending without any thought but any way your time is coming soon

Leave a Reply

Submit Comment