លោក ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-ចិន ស្របពេល​ចិន​ចង់​ឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​​ភូមា​ចូលរួម​ដែរ

ដោយ មាន ឫទ្ធិ
2021-11-21
RFA

លោក ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-ចិន ស្របពេល​ចិន​ចង់​ឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​​ភូមា​ចូលរួម​ដែរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ញញួរ​ដើម្បី​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរវេណ​នៅ​ឆ្នាំ២០២២​ខាងមុខ។ រូប៖ ហ្វេសប៊ុក SMP


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​​ចូលរួម​​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-ចិន នៅ​ថ្ងៃទី២២ ខែវិច្ឆិកា តាម​ប្រព័ន្ធវីដេអូ តបតាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​​ចិនលោក ស៊ី ជីនពីង (Xi Jinping) ដែល​ជា​សហប្រធាន និង​ជាអ្នករៀបចំ​កិច្ចប្រជុំ​នេះ។

សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា ផ្សាយ​កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឱ្យ​ដឹងថា កិច្ចប្រជុំ​កំពូល​ពិសេស​រវាង​អាស៊ាន និង​ចិន​នេះ ធ្វើឡើង​ដើម្បី​រំលឹក​ដល់​ខួប​អនុស្សាវរីយ៍​លើកទី៣០ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​រវាង​អាស៊ាន និង​ចិន។ ក្រសួង​ការបរទេស​កម្ពុជា ឱ្យដឹងដែរថា នៅក្នុង​កិច្ចប្រជុំ​នេះ ថ្នាក់ដឹកនាំ​អាស៊ាន និង​ប្រធានាធិបតី​ចិនលោក ស៊ី ជីនពីង នឹង​ពិភាក្សា​អំពីទិសដៅ​អនាគត និងរិះរក​មធ្យោបាយ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​អាស៊ាន និង​ចិន​បន្ថែមទៀត។ ក្រៅពីនេះ ភាគីពាក់ព័ន្ធ​ក៏​នឹង​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​ចំណាប់អារម្មណ៍ និង​ការបារម្ភរួម។

នៅ​ប៉ុន្មាន​ថ្ងៃ​មុនពេល​បើក​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ ប្រេសិត​ចិន បាន​ព្យាយាម​បញ្ចុះបញ្ចូល​រដ្ឋសមាជិក​អាស៊ាន​ឱ្យ​អនុញ្ញាត​ឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​មីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) នាយឧត្តមសេនីយ៍ មីន អ៊ុងហ្លាំង (Min Aung Hlaing) អាច​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នេះបាន។ ក៏ប៉ុន្តែ សំណើ​របស់​ចិន​នេះ រង​នូវ​ការជំទាស់​យ៉ាងខ្លាំង​ពី​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន។ ប្រទេស​សមាជិក​អាស៊ាន​ដែល​ជំទាស់​នឹង​ការបញ្ចុះបញ្ចូល​របស់​ចិន​នោះ រួមមាន ម៉ាឡេស៊ី (Malaysia) ឥណ្ឌូនេស៊ី (Indonesia) សិង្ហបុរី (Singapore) និង​ប្រ៊ុយណេ (Brunei)។ នេះ​បើយោងតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន រ៉យទ័រ (Reuters) របស់​អង់គ្លេស កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា។

វិទ្យុអាស៊ីសេរី មិន​ទាន់អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ដើម្បី​សុំ​ការបញ្ជាក់​អំពីជំហរ​របស់​កម្ពុជា​ជុំវិញ​រឿងនេះ បាន​នៅឡើយ​ទេ គិតត្រឹមម៉ោង​ផ្សាយ​នេះ។

យ៉ាងណា នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​ប្រមុខ​ការទូត​កម្ពុជាលោក ប្រាក់ សុខុន និង​រដ្ឋមន្ត្រីថ្មី​នៃក្រសួង​ការបរទេស​ជប៉ុនលោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា (Hayashi Yoshimasa) កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ភាគី​ទាំងពីរ​មាន​ទស្សនៈ​ដូចគ្នា​ថា អាស៊ាន​មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​ប្រទេស​មីយ៉ាន់ម៉ា ស្វែងរក​វិធីដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​នេះ​ដោយសន្តិវិធី។

កាលពីខែតុលា ក្រុមមេដឹកនាំ​អាស៊ាន​ទាំង ១០ប្រទេស បាន​សម្រេចចិត្ត​ដ៏គួរឱ្យ​ភ្ញាក់ផ្អើល​មួយ មិនអនុញ្ញាត​ឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមាលោក មីន អ៊ុងហ្លាំង អាច​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​អាស៊ាន​បាន ដោយសារតែ​មេដឹកនាំ​រូបនេះ​បាន​បរាជ័យ​មិនព្រម​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច ដែល​បាន​សម្រេច​ដោយ​មេដឹកនាំ​អាស៊ាន​កាលពី​ថ្ងៃទី២៤ ខែមេសា កន្លងទៅ។

បញ្ហា​នៅ​ប្រទេសមីយ៉ាន់ម៉ា បាន​ក្លាយជា​ប្រធានបទ​ដ៏ចម្រូងចម្រាស​មួយ​នៅរៀងរាល់​ពេល​ដែល​មាន​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្រោយ​ពី​មេដឹកនាំ​យោធា លោក មីន អ៊ុងហ្លាំង បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ចេញពី​តំណែង​កាលពី​ដើមខែកុម្ភៈ។ យ៉ាងហោច​ណាស់ មាន​ពលរដ្ឋ​ភូមា​មិនតិច​ជាង ១ពាន់នាក់ឡើយ ត្រូវបាន​សម្លាប់​ដោយរបប​យោធា​ភូមា​នៅ​ក្រោយ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​នេះ។

កម្ពុជា​នឹង​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរវេន​នៅឆ្នាំ២០២២ ខាងមុខនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-ចិន ស្របពេល​ចិន​ចង់​ឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​​ភូមា​ចូលរួម​ដែរ"

  1. Anonymous says:

    HUN SEN is a dictator regime so as MYANMA and CHINA communist care for that leader that is not strange to me . dictator or genocide leader can live under CHINA communist supported because CHINA did not care CHINA only wanted good investment that their country can be great profit. we Cambodian knew Cambodia under that ugly evil monster HUN SEN will never come back in Democracy way .

Leave a Reply

Submit Comment