សមត្ថកិច្ច​មិនទាន់​ចាប់​ឃាតក​សម្លាប់​សកម្មជន​បក្ស​ប្រឆាំង​លោក ស៊ិន ខុន បាន​នៅ​ឡើយ

ដោយ ​មួង ណារ៉េត
2021-11-22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមត្ថកិច្ច​មិនទាន់​ចាប់​ឃាតក​សម្លាប់​សកម្មជន​បក្ស​ប្រឆាំង​លោក ស៊ិន ខុន បាន​នៅ​ឡើយ

ទិដ្ឋភាព​ព្រះសង្ឃ​សូត្របង្សុកូល​ដល់យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​លោក ស៊ិន ខុន ដែល​ត្រូវ​ឃាតកសម្លាប់​ កាល​ពី​យប់​ឈាន​ចូល​ថ្ងៃ​ទី២១ វិច្ឆិកា ២០២១។ Photo Provided


សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​ឃាតក​ដែល​កាប់​សម្លាប់​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​រាជធានី​ភ្នំពេញ លោក ស៊ិន ខុន បាន​នៅឡើយ​ទេ មកទល់​រសៀល​ថ្ងៃទី​២២ វិច្ឆិកា។ សាច់ញាតិ​និង​អ្នកឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​ព្រួយ​បារម្ភ​ថា ចំណាត់ការ​របស់​សមត្ថកិច្ច​បែប​នេះ អាច​នឹង​ធ្វើ​ឱ្យ​ឃាតក​គេច​ផុត​ពី​សំណាញ់​ច្បាប់​ដូច​ករណី​ឃាតកម្ម​លើ​សកម្មជន​មុនៗ​ទៀត។

គិត​ត្រឹម​ថ្ងៃទី​២២ វិច្ឆិកា មាន​រយៈពេល​២​ថ្ងៃ​ហើយ ដែល​ឃាតក​បាន​កាប់សម្លាប់​លោក ស៊ិន ខុន ឲ្យ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​រន្ធត់ ប៉ុន្តែ​សមត្ថកិច្ច មិនទាន់​បាន​នាំ​ខ្លួន​ជន​ដៃដល់​ណា​ម្នាក់ មក​ដាក់ទោស​តាម​ច្បាប់​នៅ​ឡើយ​ទេ។

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃទី​២២ វិច្ឆិកា​ថា ប៉ូលិស​កំពុង​ញាប់ដៃ​ញាប់​ជើង​ស្រាវជ្រាវ​តាម​ចាប់​ឃាតក​ដែល​បាន​សម្លាប់​សកម្មជន​បក្ស​ប្រឆាំង​គឺ​លោក ស៊ិន ខុន មក​ផ្ដន្ទាទោស​តាម​ច្បាប់​ហើយ។ ប៉ុន្តែ​លោក​អំពាវនាវ​ឱ្យ​សាច់ញាតិ​និង​ពលរដ្ឋ​ឱ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ ប៉ុន្តែ​មិន​បញ្ជាក់​អំពី​តម្រុយ​ដែល​សមត្ថកិច្ច​ស្រាវជ្រាវ​នោះ​ថា យ៉ាងណា​នៅឡើយ​ទេ៖ «ពេលខ្លះ​ការ​ឆោឡោ​ធ្វើ​ឱ្យ​ជន​បង្ក​អាច​រត់​បាត់​ដែរ ដូច្នេះ​សំខាន់​ទុក​ឱ្យ​សមត្ថកិច្ច​ធ្វើការ​ខ្លះ​ផង ។ មិនមែន​ថា ភ្លាម​សមត្ថកិច្ច​ហ្នឹង​អីចឹង បាន​ថា ដូច​ខ្ញុំ​ធ្លាប់​បាន​បញ្ជាក់​អីចឹង​ថា វា​ជាក់ស្ដែង​គឺ​វា​ដោយ​ប្រភេទ​បទល្មើស​ដែរ។ ពេលខ្លះ​ករណី​បទល្មើស​ជាក់ស្ដែង​ឧបមា​ថា ពេល​ហ្នឹង​វា​ពេល​ថ្ងៃ ឬក៏​ពេល​អី​ណាមួយ​ទៅ​សមត្ថកិច្ច​អាច​ឃាត់​បាន​ភ្លាមៗ​ដឹង​រឿង ភ្លាមៗ​ទៅ​គឺ​លឿន​បំផុត​ហើយ។ ករណីនេះ​កើតឡើង​ភ្លាម​សមត្ថកិច្ច​ចុះទៅ​ក៏​មាន​ការ​រត់​គេច​បាត់​អ៊ីចឹង​ទៅ ឥឡូវ​យើង​ត្រូវ​ការ​សមត្ថកិច្ច​ជំនាញ ដើម្បី​ស្រាវជ្រាវ​ឱ្យ​បាន​ជាក់ស្ដែង​សិន»។

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​លោក ស៊ិន ខុន អាយុ ៣១ ឆ្នាំ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម ព្រួត​កាប់​ត្រូវ​ជា​ច្រើន​កាំបិត​នៅ​លើ​ដងខ្លួន បណ្ដាល​ឱ្យ​ដាច់​ជើង​មួយ​ចំហៀង​ត្រឹម​ភ្លៅ​នៅ​មាត់​ទន្លេ​ក្បែរ​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ១ យប់ ឈាន​ចូល​ថ្ងៃទី​២១ ខែវិច្ឆិកា​។ នៅត្រង់​ក្បាល និង​ខ្នង​សាកសព​មាន​ស្នាម​កាំបិត​កាប់​ដាច់​ជាច្រើន​កន្លែង​ដែរ។

សាច់ញាតិ និង​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​សមត្ថកិច្ច​ពន្លឿន​ស្រាវជ្រាវ​ចាប់​ឃាតក​មក​ផ្ដន្ទាទោស​ឱ្យ​បាន​ឆាប់ ដើម្បី​កុំឱ្យ​ជន​ដៃដល់​ចេះតែ​ដើរ​សម្លាប់​មនុស្ស​តាម​អំពើ​ចិត្ត​ទៀត។

ក្មួយ​ស្រី​ជនរងគ្រោះ កញ្ញា វ៉ាន់ ស្រីពេជ្រ យល់​ថា ការណ៍​ដែល​សមត្ថកិច្ច​អូស​បន្លាយ​ពេល​ចាប់​ជន​ដៃដល់​បែបនេះ​ជា​ឱកាស​នឹង​ធ្វើ​ឱ្យ​ឃាតក​រត់​គេច​ខ្លួន​ពី​សំណាញ់​ច្បាប់​ដូច​ករណី​ការ​ប្រើ​ហិង្សា​មក​លើ​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​នាក់ និង​ករណី​ឃាតកម្ម​លើ​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី អ្នកវិភាគ​នយោបាយ​លោក បណ្ឌិត កែម ឡី មេ​សហជីព លោក ជា វិជ្ជា ជាដើម៖ «ខ្ញុំ​ខ្លាច​តែ​ពេល​រឿង​ហ្នឹង​ទុក​ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ​ទៅ អាច​នឹង​គេ​ទុក​រឿងក្ដី​ហ្នឹង​ចោល អត់​រក​យុត្តិធម៌​ឱ្យ​ពួក​ខ្ញុំ។ ព្រោះ​ខ្ញុំ​ឃើញ​ដូចជា​បណ្ឌិត កែម ឡី អី រឿង​ក្ដី​គាត់​ដូចជា​មិន​បាន​ចាប់​ឃាតក​ពិតប្រាកដ​មក​ផ្ដន្ទាទោស​តាមច្បាប់​ផង។ គាត់​២​លើក​ហើយ លោក​មុន ក៏​មិនទាន់​ចាប់​ជនដៃ​ដល់​បាន​ដែរ លើក​មុន​គាត់​ត្រូវ​គេ​លប​វាយ​ម្ដង តែ​អត់​អី​ទេ តែ​លើក​នេះ​ដល់​ថ្នាក់​ដល់​ជីវិត​អីចឹង​ក៏​នៅតែ​ចាប់​ឃាតក​អត់​ទាន់​បាន​ទៀត»។

ដោយឡែក​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក ស៊ឹង សែនករុណា ព្រួយបារម្ភ​ខ្លាច​ឃាតក​ដែល​សម្លាប់​សកម្ម​ជន​បក្ស​ប្រឆាំង​នេះ​គេច​រួច​ផុត​ពី​សំណាញ់​ច្បាប់​ដូច​ករណី​ការ​សម្លាប់​មនុស្ស​នៅ​ពេល​មុនៗ​ទៀត។ លោក​យល់​ថា រយៈពេល​២​ថ្ងៃ​មក​នេះ សមត្ថកិច្ច​គួរតែ​មាន​តម្រុយ​ណាមួយ​ពី​ក្រុម​ឃាតក យក​មក​បង្ហាញ​ដល់​សាច់ញាតិ​និង​សាធារណជន ដើម្បី​ឱ្យ​ពួកគេ​មាន​ទំនុកចិត្ត​លើ​ប៉ូលិស គឺ​ពុំ​មែន​លទ្ធផល​ត្រឹមតែ​ការស្រាវជ្រាវ​បែប​នេះ​ឡើយ​។ លោក​ស្នើ​ឱ្យ​សមត្ថកិច្ច​ពន្លឿន​ចាប់​ជន​ដៃដល់ និង​អ្នក​ពាក់ព័ន្ធ​លើ​ឃាតកម្ម​នេះ​មក​ផ្ដន្ទាទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់៖ «យើង​មិន​ចង់​ឃើញ​ករណី​បែប​ហ្នឹង​ចេះ​តែ កើត​មាន​ម្ដង​ហើយ​ម្ដងទៀត ដូចជា​ករណី​កន្លង​មក​គឺ​មាន​ការ​វាយដំ​ទៅ​លើ​ក្រុម​សកម្មជន​គណបក្ស​ជំទាស់​ហ្នឹង​ជាច្រើនលើក​ច្រើនសា​មក​ហើយ ។​ការ​ចាប់ខ្លួន​ជន​ប្រព្រឹត្ត​ហ្នឹង​គឺ​មិនបាន​ធ្វើឡើង​ឱ្យ​មានការ​ទុក​ចិត្ត​បាន​ពី​សាធារណជន​ទេ​។ ទោះ​បី​ថា ករណី​ខ្លះ​ក៏​មាន​ភស្តុតាង​ជា​តម្រុយ​មាន​ទាំង​ស្លាក​លេខ​ម៉ូតូ មាន​ទាំង​រូបរាង​ជន​ប្រព្រឹត្ត ដែល​ត្រូវ​បាន​ថត​បាន​ទៅទៀត​។ តែ​ផ្ទុយ​ទៅវិញ​យើង​ឃើញថា នៅតែ​មិន​ទាន់​មាន​ការ​ចាត់​វិធានការ​បាន​ទៅ​លើ​ជន​ប្រព្រឹត្ត»។

នៅ​ថ្ងៃ​ដដែល​នេះ​គណបក្ស​ភ្លើង​ទៀន ក៏បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ចំពោះ​ឃាតកម្ម​ដ៏​ឃោរឃៅ​មក​លើ​លោក ស៊ិន ខុន នេះ​ដែរ ។​គណបក្ស​នេះ​អំពាវនាវ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​តាម​ចាប់​ឃាតក​ពិតប្រាកដ​មក​ផ្ដន្ទាទោស​តាមច្បាប់​ឱ្យ​ខាន​តែ​បាន។

លោក ស៊ិន ខុន ជា​សកម្មជន​បក្ស​ប្រឆាំង​ដំបូង​គេ ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លប​កាប់សម្លាប់ ក្រោយពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា​ឆ្នាំ​២០២១ លោក ស៊ិន ខុន ក៏​ធ្លាប់​ត្រូវ​បាន​ជន​ដៃដល់​មាន​គ្នា ៤​នាក់ កាន់ដំបង​ទីប និង​ដែក​រលាស់ វាយ​លោក​ត្រូវ​ក្បាល បែក​ចិញ្ចើម​ខាងស្តាំ និង​បាក់ឆ្អឹង​ដៃ​ឆ្វេង ហូរឈាម​ស្រោច​ពេញ​ខ្លួន ដេរ ១២ ថ្នេរ​ម្ដង​រួច​មក​ហើយ​។ កាលនោះ​ជនរងគ្រោះ​អះអាង​ថា ការប្រើ​អំពើ​ហិង្សា​លើ​រូបលោក និង​លើ​សកម្មជន​បក្ស​ប្រឆាំង​ផ្សេងៗ​ទៀត គឺជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ ព្រោះ​លោក គ្មាន​ទំនាស់​ឬ​គំនុំ​ផ្ទាល់ខ្លួន​ជាមួយ​អ្នកណាម្នាក់​ឡើយ​។ កាល​នៅ​មាន​ជីវិត លោក​តែងតែ​បង្ហោះ​សារ​ទាមទារ​យុត្តិធម៌ និង​រិះគន់​លើ​ស្ថាប័ន​អនុវត្ត​ច្បាប់​ដែល​ព្រងើយកន្តើយ​ក្នុង​ការ​តាម​ចាប់ខ្លួន​ជន​ដៃដល់​។ រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​នៅតែ​មិនទាន់​ចាប់​ជន​ដៃដល់​មក​ផ្ដន្ទាទោស​បាន​នៅឡើយ​ទេ រហូតដល់​កើតមាន​អំពើ​កាប់សម្លាប់​លោក​ម្តង​ទៀត។

សាច់ញាតិ​បាន​បញ្ចប់​ពិធី​បុណ្យសព​លោក ស៊ិន ខុន នៅ​ស្រុកកំណើត​របស់​លោក​នៅ​ភូមិ​ចេក ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ ដោយ​មាន​សកម្មជន​បក្ស​សង្គ្រោះជាតិ និង​ក្រុម​ស្ត្រី​ក្លាហាន​ជា​ច្រើន​នាក់​ដែល​ទើបតែ​ចេញពី​ពន្ធនាគារ​ទៅ​ចូលរួម​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "សមត្ថកិច្ច​មិនទាន់​ចាប់​ឃាតក​សម្លាប់​សកម្មជន​បក្ស​ប្រឆាំង​លោក ស៊ិន ខុន បាន​នៅ​ឡើយ"

  1. 😈omen👿 says:

    លោក ស ខេង !បើមិនអាចបង្ហាញការពិតបានទេគួរចុះចេញពីតំណែងបានហើយ។

  2. Anonymous says:

    YES… put that pressure to SOR KHENG because this guy was hiding behind that ugly evil monster after all they are the same killer . I think some Cambodian was confusing though SOR KHENG was the best in CPP but please check him out carefully . I knew most of those high ranking officers had bloody hand .

Leave a Reply

Submit Comment