អតីត​មេឃុំ​គណបក្ស​ប្រឆាំង​ត្រូវ​តុលាការ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ដើម្បី​រង់ចាំ​នីតិវិធី​បន្ត

តុលាការ និងច្បាប់នយោបាយព័ត៌មានជាតិសិទ្ធិមនុស្ស
លោក ណាត សុភាព | ២២ វិច្ឆិកា ២០២១ | ម៉ោង ១៧:០៨
VOD

អ្នកស្រី ឡាញ់ ថាវរី អតីតមេឃុំអតីត​គណបក្សសង្គ្រោះជាតិ។

អ្នកស្រី ឡាញ់ ថាវរី អតីតមេឃុំអតីត​គណបក្សសង្គ្រោះជាតិ។ (ហ្វេសប៊ុក៖ Thavry Lanh – ឡាញ់ ថាវរី)


មន្ត្រីអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា អតីតមេឃុំអតីត​គណបក្សប្រឆាំង អ្នកស្រី ឡាញ់ ថាវរី ដែលត្រូវអាជ្ញាធរថៃ​ចាប់​ខ្លួន​បញ្ជូន​​មក​កម្ពុជាវិញ​ កំពុងស្ថិតនៅក្រោមការ​ឃុំខ្លួន​បណ្ដោះអាសន្ននៅពន្ធនាគារ នៅរាជធានីភ្នំពេញ ​ដើម្បីរង់ចាំតុលាការចាត់​វិធាន​ការ​ច្បាប់​បន្ត។

អតីត​មេឃុំឫស្សីក្រោក អតីតគណបក្សសង្គ្រោះជាតិ នៅ​​ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ អ្នកស្រី ឡាញ់ ថាវរី ​ត្រូវបាន​សមត្ថកិច្ច​​​ថៃ​​ចាប់​​ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា និងបញ្ជូន​មក​ឱ្យ​អាជ្ញាធរ​កម្ពុជា កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា។ អ្នកស្រី​បាន​​ភៀស​​ខ្លួន​នយោ​បាយ​​ទៅ​​ប្រទេស​ថៃ បន្ទាប់​ពីតុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ កាល​ពី​ឆ្នាំ២០១៧។

ការចាប់ខ្លួនអ្នកស្រី ឡាញ់ ថាវរី ​បន្ទាប់​ពី​អតីត​សកម្មជន​បក្សប្រឆាំង​រូបនេះបាន​ភៀស​ខ្លួន​ទៅ​រស់នៅ​ប្រទេស​ថៃមួយរយៈ និងភ្លាមៗ ក្រោយពេល​អ្នកស្រី​បាន​ដើរ​ប្រមូល​ស្នាមមេដៃ​​ពលករ​នៅម្ដុំផ្ទះជួល​របស់​គាត់ក្នុងប្រទេសថៃ ដើម្បី​ប្រឆាំង​នឹង​ការ​លក់​ឡាយឡុង​​ទីស្នាក់​ការ​អតីត​​គណបក្ស​សង្គ្រោះជាតិ កាលពីពេលថ្មីៗនេះ។ ​

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានឱ្យដឹងថា អាជ្ញាធរអន្តោប្រវេសន៍ថៃ បានបណ្ដេញអ្នកស្រី ឡាញ់ ថាវរី ឱ្យត្រលប់មកប្រទេសកម្ពុជាវិញ ដោយសារអ្នកស្រីជាប់ពាក់ព័ន្ធនឹងបណ្ដឹងនៅតុលាការកម្ពុជា ក្រោម​បទ​ចោទ​ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»

លោកមានប្រសាសន៍ថា៖ «ថៃអនុវត្តច្បាប់អន្តោប្រវេសន៍ បណ្ដេញ [អ្នកស្រី ឡាញ់ ថាវរី] ចេញពីប្រទេសថៃ។ ហើយធម្មតា ច្បាប់អន្តោប្រវេសន៍ កាលណាគេបណ្ដេញចេញ គេបណ្ដេញចេញមកស្រុកកំណើតហើយ មកប្រទេសកំណើតហើយ តែដោយសារគាត់​មានដីកាតាមចាប់​របស់​យើង អ៊ីចឹង​យើងបានចាប់គាត់បញ្ជូនទៅតុលាការរួចហើយ»។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅរសៀលថ្ងៃចន្ទនេះ។

ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃ​ម្សិលមិញ នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស​ (Human Rights Watch) ប្រចាំតំបន់អាស៊ី លោក Phil Robertson​ បានសរសេរសារនៅលើបណ្ដាញសង្គមធ្វីតទ័រ ​(Twitter) របស់លោក នៅចុងសប្ដាហ៍នេះថា ជនភៀសខ្លួនខ្មែរ អ្នកស្រី ឡាញ់ ថាវរី ដែល​ទទួលស្គាល់ដោយអង្គការ UNHCR ត្រូវប្រឈមនឹងជាប់ពន្ធនាគារ ដោយសារតែអាជ្ញាធរអន្តោប្រវេសន៍ថៃចាប់បញ្ជូនខ្លួនអ្នកស្រីត្រលប់មកកម្ពុជាវិញ។ ​


ករណីនេះ លោក Phil Robertson ស្នើទៅអាជ្ញាធរកម្ពុជានិងថៃបញ្ឈប់ជាបន្ទាន់នូវការចាប់បញ្ជូនជនភៀសខ្លួនពីថៃឱ្យត្រលប់មកកម្ពុជាវិញ ដោយថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

ការចាប់ខ្លួនអតីតមន្ត្រីនិងសកម្មជនបក្សសង្រ្គោះជាតិ​ពីប្រទេសថៃបញ្ជូនមកកម្ពុជា កើតឡើងជាលើក​ទី២​ហើយនៅក្នុងខែវិច្ឆិកា ​ឆ្នាំ២០២១នេះ បន្ទាប់​ពី​ការ​ចាប់ខ្លួន​អតីត​សកម្មជន​គណបក្ស​ប្រឆាំងនេះចំនួនពីរ​នាក់ រួមមាន លោក វឿន វាសនា និងលោក វឿង សំណាង កាលពី​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment