ក្រុម​សកម្មជន​សង្គម និង​បរិស្ថាន​ធ្វើ​សន្និសីទ​កាសែត​រក្សា​ជំហរ​ជួយ​ការងារ​សង្គម

ដោយ ទីន ហ្សាការីយ៉ា
2021-11-23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​សកម្មជន​សង្គម និង​បរិស្ថាន​ធ្វើ​សន្និសីទ​កាសែត​រក្សា​ជំហរ​ជួយ​ការងារ​សង្គម

(ឆ្វេង) កញ្ញា ភួន កែវរស្មី យុវជន​មាតា​ធម្មជាតិ (កណ្ដាល) លោក លី ច័ន្ទដារ៉ាវុធ ​លោក រ៉ុង ឈុន ប្រធានសហភាពសហជីព​កម្ពុជា និង (ស្ដាំ) លោក ថុន រដ្ឋា សកម្មជន​ចលនា​មាតា​ធម្មជាតិ ពេល​ធ្វើសន្និសីទ​កាសែត នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ក្រុម​សកម្មជន​សង្គម និង​សកម្មជន​បរិស្ថាន ​ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​ រួម​ទាំង​លោក រ៉ុង ឈុន ​បាន​ធ្វើ​សន្និសីទ​កាសែត រក្សា​ជំហរ​បន្ត​កិច្ច​ការងារ​សង្គមជាតិ ​ដែល​ច្បាប់​ផ្តល់​សិទ្ធិ​ឱ្យ។ ក្រុម​សកម្មជន​ទាំង​នោះ ប្រាថ្នា​ចង់​ឃើញ​ពលរដ្ឋ​គ្រប់ៗ រូប ត្រូវ​ក្លាហាន ​ធ្វើ​ការងារ​សង្គមជាតិ​ទាំង​អស់​គ្នា​ ដោយ​មិន​ត្រូវ​ភ័យ​ខ្លាច ដោយសារ​តែ​អាជ្ញាធរ​ចាប់ខ្លួន ​និង​ឃុំ​ខ្លួន ពួក​គាត់​នោះ​ទេ។

ក្រុម​សកម្មជន​សង្គម សកម្មជន​បរិស្ថាន និងប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) លោក រ៉ុង ឈុន តាំង​ជំហរ​បន្ត​កិច្ច​ការងារ​សង្គម និង​បរិស្ថាន ដើម្បី​ស្វែង​រក​សេរីភាព ​ការ​គោរព​សិទ្ធិមនុស្ស​ និង​ការ​អនុវត្ត​ប្រជាធិបតេយ្យ​ពេញលេញ។ ពួក​គេ​ថ្លែង​បែប​នេះ នៅ​ព្រឹក​ថ្ងៃ​ទី២៣ វិច្ឆិកា ក្នុង​សន្និសីទ​កាសែត​ស្ដីពី ”ជំហរ​របស់​សកម្មជន​បរិស្ថាន និង​សិទ្ធិមនុស្ស” ដែល​រៀបចំ​ឡើង​ដោយ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ធ្វើ​ឡើង​នៅ​លើ​ផ្លូវ​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ។

មេ​ដឹក​នាំ​សហជីព​លោក រ៉ុង ឈុន បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នោះ​ថា លោក​មិន​ព្រួយ​បារម្ភ​នោះ​ទេ ក្នុង​ការ​បន្ត​កិច្ច​ការងារ​សង្គម បើ​ទោះ​បី​ជា​ត្រូវ​ជាប់​ពន្ធនាគារ​បន្ត​ទៀត​ក្តី។ លោក​ស្នើ​ឱ្យ​ពលរដ្ឋ​ និង​យុវជន​ទាំង​អស់​ ត្រូវ​រួម​គ្នា​ធ្វើ​ការងារ​សង្គម​ជាតិ ប្រសិន​បើ​ឃើញ ថ្នាក់​ដឹក​នាំ​រដ្ឋ​មាន​ចន្លោះ​ប្រហោង​ច្រើន​ ត្រូវ​បំពេញ​បន្ថែម៖ «ខ្ញុំ​មិន​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទេ ពី​ព្រោះ​យើង​ធ្វើ​អ្វីៗ ស្រប​តាម​ច្បាប់។ ក្នុង​នាម​យើង​ពលរដ្ឋ​ម្នាក់ យើង​ត្រូវ​តែ​ចូល​រួម​ឈឺ​ឆ្អាល​រឿង​សង្គម។ ក្នុង​របប​លទ្ធិ​ប្រជាធិបតេយ្យ យើង​ត្រូវ​ចូលរួម​យ៉ាង​សកម្ម ក្នុង​នាម​យើង​ពលរដ្ឋ។

ចំណែក​យុវជន​សង្គម អ្នកនាង ឈឿន ដារ៉ាវី ចង់​ឃើញ​ពលរដ្ឋ និង​យុវជន​គ្រប់​រូប ត្រូវ​ក្លាហាន និង​ឈឺ​ឆ្អាល រឿង​សង្គមជាតិ​ទាំង​អស់​គ្នា​ដោយ​បំពេញ​ភារកិច្ច​ក្នុងនាម​ជា​ពលរដ្ឋ បម្រើ​ប្រយោជន៍​ជាតិ ដោយ​មិន​ត្រូវ​ភ័យ​ខ្លាច ក្នុង​ការ​សម្ដែង​មតិ​រឿង​សង្គម​ជាតិ​នោះ​ទេ។ អ្នក​នាង​បន្ថែម​ថា ប្រសិន​បើ​សកម្មភាព​ការងារ​សង្គមរបស់​នាង នៅ​ថ្ងៃ​ខាង​មុខ ​ទើស​ចិត្ត​អាជ្ញាធរ ក៏​នាង​​មិន​រា​ថយ​ដែរ៖ «ខ្ញុំ​បារម្ភ​ពី​ទឹក​ចិត្ត​របស់​បង​ប្អូន​យុវជន​យើង ចេញ​មុខ​ទៅ​គេ​សម្លាប់​ចេញ​មុខ​ទៅ​គេ​ចាប់។ ខ្ញុំ​បារម្ភ​ពី​ស្មារតី បើ​សិន​ជា​ពួកគាត់​មាន​គំនិត​បែប​ហ្នឹង ខ្ញុំ​មើល​ឃើញ​ថា គាត់​កំសាក ហើយ​ជា​រឿង​មួយ ដែល​មិន​គួរ​ទេ ខ្ញុំ​ចង់​ឱ្យ​ពួក​គាត់​ដឹង​ពី​ភារកិច្ច​របស់​ខ្លួន មិន​ថា​តែ​យុវជន ពលរដ្ឋ គួរ​តែ​ឈឺ​ឆ្អាល​រឿង​សង្គម​ជាតិ​ទាំង​អស់​គ្នា។ មិន​មែន​មាន​តែ​ពួក​ខ្ញុំ​ប៉ុណ្ណឹង​ទេ»

ជុំ​វិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា យុវជន​ទាំង​នោះ មាន​ការ​ប្ដេជ្ញា​ចិត្ត​បែប​ណា​ក្ដី សូម​កុំ​ឱ្យ​តែ​ប្រព្រឹត្ត​ល្មើស​ច្បាប់​បន្ត​ទៀត ព្រោះ​ការ​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​កន្លង​ទៅ មក​ពី​ពួក​គាត់​ទាំង​នោះ ធ្វើ​សកម្មភាព​ខុស​ច្បាប់។ តែ​យ៉ាង​ណា លោក​ថា​ ប្រសិនបើ​យុវជន​ទាំង​នោះ​ចេញ​ពី​ពន្ធនាគារ បន្ត​ធ្វើ​ការងារ​សង្គម​ ស្រប​តាម​រដ្ឋធម្មនុញ្ញ នឹង​មិន​ខុស​ច្បាប់​ទេ៖ «បើ​គាត់​ចេញ​មក​គេ​ដាក់​គាត់​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ហើយ​ គាត់​នៅ​តែ​ប្រព្រឹត្ត​ល្មើស​ច្បាប់​ទៀត។ អា​ហ្នឹង​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ បើ​ត្រូវ​តាម​រដ្ឋ​ធម្មនុញ្ញ​អត់​មាន​បញ្ហា​ទេ ​បើ​ខ្លាច​ត្រូវ​តែ​ខ្លួន​គាត់​ ច្បាប់​មិន​ត្រូវ»

​ជុំវិញ​រឿង​នេះ ​អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែន​ករុណា យល់ថា សកម្មភាព​របស់​ក្រុម​សកម្មជន​ទាំង​នោះ​កន្លង​ទៅ ជា​ការ​បម្រើ​ប្រយោជន៍​ជាតិ ស្រប​តាម​ច្បាប់​ ពុំ​មាន​អ្វី​ខុស​ឆ្គង​នោះ​ទេ។​ ប៉ុន្តែ​លោក​បារម្ភ​ថា ពួក​គាត់​នឹង​ពិបាក​ធ្វើ​ការងារ​សង្គម​ឱ្យ​បាន​ពេញលេញ​ដោយសារ​ជាប់​លក្ខខណ្ឌ​របស់​តុលាការ៖ «តុលាការ​គួរ​តែ​ទម្លាក់​ចោល បទ​ចោទ​ប្រកាន់​ទៅ​លើ​ពួក​គាត់​ទាំង​អស់។ អ្វី​ដែល​សកម្មភាព​ពួក​គាត់​ហ្នឹង​ ធ្វើ​ឡើង​ស្រប​តាម​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ នៅ​ក្នុង​សង្គម​លទ្ធិ​ប្រជាធិបតេយ្យ។ អ្វី​ដែល​បំពេញ​ទាំង​អស់​នេះ ជា​ប្រយោជន៍​របស់​សង្គម​ជាតិ​យើង។ គួរតែ​បញ្ចប់​ដាក់​លក្ខខណ្ឌ​ទាំង​ឡាយ​នេះ ដើម្បី​ឱ្យ​ពួក​គាត់​អនុវត្ត​សិទ្ធិ​សេរីភាព​ឱ្យ​បាន​ពេញ​លេញ»
បើ​ទោះ​បី​ជា មាន​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ភ្នំពេញ មិន​អនុញ្ញាត​ឱ្យ​សកម្មជន​ទាំង​នោះ ​ធ្វើ​សន្និសីទ​កាសែត ​ក្នុង​ហាង​កាហ្វេ​ខាល់ឆ័រ (Coffee Culture) ដែល​ស្ថិត​នៅ​សង្កាត់​ទួលទំពូង២ ខណ្ឌ​ចំការមន ក៏​ពួក​គាត់​បន្ត​រៀបចំ​នៅ​លើ​ផ្លូវ​សាធារណៈ ​បាន​ដោយ​ជោគជ័យ។ ក្នុង​សន្និសីទ​នោះ មាន​អ្នក​សារ​ព័ត៌មាន​ជាតិ-អន្តរជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ផ្ដិត​យក​រូបភាព និង​យក​ព័ត៌មាន។

តុលាការ​ក្រុងភ្នំពេញ បាន​ដោះលែង​លោក រ៉ុង ឈុន យុវជន​ខ្មែរ​ថាវរៈ យុវជន​មាតា​ធម្មជាតិ សកម្មជន​នយោបាយ និង​សមាជិក​សង្គម​ស៊ីវិល​សរុប ២៧នាក់​ពី​ពន្ធនាគារ​ក្នុង​រយៈ​ពេល ២សប្ដាហ៍​ចុង​ក្រោយ​នេះ។ ប៉ុន្តែ​ពួក​គាត់​ភាគ​ច្រើន នៅ​ជាប់​លក្ខខណ្ឌ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ចន្លោះ​ពី ២ឆ្នាំ ទៅ ៣ឆ្នាំ​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​ពួក​គេ​បាត់បង់​សេរីភាព​ជា​មូលដ្ឋាន​ជា​ច្រើន​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ក្រុម​សកម្មជន​សង្គម និង​បរិស្ថាន​ធ្វើ​សន្និសីទ​កាសែត​រក្សា​ជំហរ​ជួយ​ការងារ​សង្គម"

  1. Anonymous says:

    please be yourself and at the same time taking care of every one around you also

Leave a Reply

Submit Comment