ប្រធាន​អង្គការ​មួយ​លើក​ទឹកចិត្ត​ឱ្យ​លោក ម៉ៅ ធនិន បកស្រាយ​ពី​ប្រភព​ទ្រព្យសម្បត្តិ

ព័ត៌មានជាតិអំពើពុករលួយអភិបាលកិច្ច
ទួក ពិសិដ្ឋ | ២៣ វិច្ឆិកា ២០២១ | ម៉ោង ១១:២០
VOD

លោក​ ម៉ៅ​ ធនិន​ ​អភិបាល​ខេត្ត​កំពត​ ចុះជួបសម្របសម្រួល​ ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ ក្នុង​វេទិកា​សាលា​ខេត្ត​កំពត​ និង​ទទួល​ស្ដាប់​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ដើម្បី​លើក​យក​មកដោះ​ស្រាយ​ពេល​ក្រោយ ថ្ងៃទី​២៥​ ខែ​តុលា​ ឆ្នាំ​២០២១​​​។

លោក​ ម៉ៅ​ ធនិន​ ​អភិបាល​ខេត្ត​កំពត​ ចុះជួបសម្របសម្រួល​ ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ ក្នុង​វេទិកា​សាលា​ខេត្ត​កំពត​ និង​ទទួល​ស្ដាប់​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ដើម្បី​លើក​យក​មកដោះ​ស្រាយ​ពេល​ក្រោយ ថ្ងៃទី​២៥​ ខែ​តុលា​ ឆ្នាំ​២០២១​​​។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកំពត)


នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា ជាគំរូល្អសម្រាប់មន្ត្រីផ្សេងៗទៀត បើសិនជាលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមលាតត្រដាងពីប្រភពទ្រព្យសម្បត្តិប្រាប់ទៅសាធារណជនមួយចំនួន​ដែលមានការសង្ស័យជាប់ពាក់ព័ន្ធអំពើពុករលួយនោះ។​

រូបភាពនិងវីដេអូភូមិគ្រឹះរបស់លោក ម៉ៅ ធនិន ដែលសាងសង់ឡើងដោយឈើប្រណិត ត្រូវបាន​ចែក​ចាយ​នៅលើ​បណ្ដាញ​សង្គ​មជាបន្តបន្ទាប់។ មតិខ្លះបានលើកឡើងថា ទ្រព្យសម្បត្តិដែលមានច្រើននេះមិនសមាមាត្រទៅនឹងប្រាក់ខែមន្ត្រីរាជការ។

គណនីហ្វេស​ប៊ុក​​ឈ្មោះ Chham Channy ជាអ្នកប្រើប្រាស់បណ្ដាញ​សង្គម​​ហ្វេសប៊ុកម្នាក់ក្នុង​ចំណោមអ្នកលេងហ្វេសប៊ុកផ្សេងទៀត លើកឡើងពីចម្ងល់នៃប្រភពទ្រព្យសម្បត្តិរបស់លោក ម៉ៅ ធនិន ដោយមានភ្ជាប់ជាមួយរូបភូមិគ្រឹះ រូបលោក ម៉ៅ ធនិន និងសំណួរ។​

គណនី​ Chham Channy បញ្ចេញមតិក្នុង​រូបភាពនិងវីដេអូនោះថា​៖ «ឥលូវអ៊ុំសួរឯង តើឯងដឹងទេថាអ៊ុំបានលុយពីណាមកសង់ផ្ទះលើដី៧ហិកតា?​»​

ម្ចាស់គណនីដែលប្រើ​ប្រាស់​យូធូប ឈ្មោះ DaDa បាន​បញ្ចេញមតិថា៖ «អ្នកធ្វើការរាជការ តើប្រាក់ប៉ុន្មានបានធ្វើភូមិគ្រឹះរាប់លានអ៊ីចឹង»។

ម្ចាស់គណនីដែលប្រើ​ប្រាស់​យូធូប ឈ្មោះ BOB បាន​ចោទជាសំណួរដែរថា​៖ «ប្រាក់ខែប៉ុន្មាន? ឋានៈត្រឹមអភិបាលខេត្ត! សូមបងប្អូនពិចារណា»។​

លោក ម៉ៅ ធនិន ជាអតីតអភិបាលខេត្តពោធិ៍សាត់ ហើយទើបផ្លាស់ប្ដូរឱ្យទៅគ្រប់គ្រងខេត្តកំពត។ លោកត្រូវបានពលរដ្ឋស្គាល់តាមរយៈការ​​សម្របសម្រួលរបស់​លោក ក្នុងការ​​ដោះស្រាយវិវាទ​ក្រៅប្រ​ព័ន្ធ​តុលាការ ហើយថ​ត​ផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក។​

​លោក ប៉ិច ពិសី មានប្រសាសន៍ថា ជាគោលការណ៍ច្បាប់ មិនបានតម្រូវឱ្យអភិបាលខេត្តបកស្រាយ​ទ្រព្យសម្បត្តិរបស់ខ្លួនប្រាប់ទៅសាធារណជននោះទេ។ ប៉ុន្តែលោកថា បើសិនជាលោក ម៉ៅ ធនិន ស្ម័គ្រចិត្ត​បកស្រាយដោយខ្លួនឯងនោះ គឺជារឿងល្អ ដែលអាចលុបបំបាត់មន្ទិលសង្ស័យរបស់​សាធារណជន​មួយចំនួន​បាន​។​

លោក ប៉ិច ពិសី ថ្លែងថា៖ «បើសិនជាគាត់ [លោក ម៉ៅ ធនិន] ស្ម័គ្រចិត្តបកស្រាយឬពន្យល់ អាហ្នឹងគឺជាគំរូមួយ! បើសិនមន្រ្តីណាចង់បង្ហាញតម្លាភាពរឿងហ្នឹង វាជាគំរូល្អមួយ យើងលើកទឹកចិត្ត»។

លោក ប៉ិច ពិសី បញ្ជាក់ផងដែរថា ករណីគ្រាន់តែឃើញមន្ត្រីមានទ្រព្យសម្បត្តិច្រើន មិនអាចសន្មតថាមន្ត្រីនោះពាក់ព័ន្ធអំពើពុករលួយបានទេ លើកលែងតែមានភស្តុតាងមកបញ្ជាក់បន្ថែម។​

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វីអូឌី បាន​ព្យាយាម​សុំ​ការអត្ថាធិប្បាយ​ពីលោក ម៉ៅ ធនិន ដើម្បីសុំឱ្យមានការបកស្រាយលើករណីនេះ។ ដំបូងឡើយ ទូរសព្ទភ្ជាប់ការសន្ទនាបានធម្មតា ដល់ពេលដែលចោទសួររឿងប្រភពទ្រព្យសម្បត្តិ​របស់​លោក​ ទូរសព្ទក៏ដាច់ ហើយហៅចូលជាច្រើនដងទៀត តែមិនមានអ្នកទទួល។​

នៅថ្ងៃទី២២ ខែវិច្ឆិកា អ្នកសារព័ត៌មាន វីអូឌី ព្យាយាមទាក់ទងទៅលោកអភិបាលខេត្តរូប​នេះ​​ម្តង​ទៀត ហើយ​​លោក​​ទទួលទូរសព្ទ តែមិនបកស្រាយមន្ទិលសង្ស័យរបស់អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ជុំវិញ​​ប្រភពទ្រព្យសម្បត្តិរបស់លោកនោះទេ។​

លោក ម៉ៅ ធនិន ថ្លែងថា៖ «បងគ្មានអីដែលត្រូវឆ្លើយជាមួយប្អូនទេ! បងសុំទោស»។​

តាម​អនុក្រឹត្យស្ដីពីការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែដល់​សមាជិ​ក​ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង- ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងមន្ត្រីភូមិ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ គឺអភិបាលខេ​ត្ត​ទទួល​​បាន១ ២១០ ០០០រៀល។ ចំណែកអនុក្រឹត្យស្ដីពីការកែប្រែនិងការដំឡើងប្រាក់ដំណាច់មុខងារមន្ត្រីរាជការស៊ីវិល ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ គឺអភិបាលខេត្តទទួលបាន១ ០៣០ ០០០រៀល។​

អង្គការតម្លាភាពអន្តរជាតិ (Transparency International) ដែលមានមូលដ្ឋាននៅទីក្រុងប៊ែរ​ឡាំង ប្រទេសអាល្លឺម៉ង់​ បានចេញផ្សាយរបាយការណ៍មួយនៅដើមឆ្នាំ២០២១ ឱ្យដឹងថា កម្ពុជា​ជាប់ចំណាត់ថ្នាក់ទី១៦០ ក្នុងចំណោមប្រទេសចំនួន១៨០នៅទូទាំងពិភពលោក។

ចំណាត់ថ្នាក់នេះបានបង្ហាញថា កម្ពុជានៅតែជាប្រទេសពុករលួយជាងគេបំផុត​ក្នុងចំណោមប្រទេសទាំង១០នៅតំបន់អាស៊ាន ដែលមានអំពើពុករលួយចាក់ឫសទាំងវិស័យសាធារណៈនិងវិស័យឯកជន។

របាយការណ៍បានសរសេរថា៖ «នៅកម្រិតតំបន់ ប្រទេសកម្ពុជាបន្តស្ថិតនៅក្នុងចំណោមប្រទេសមានពិន្ទុទាបជាង​គេ​ទី​៣ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក នៅលើតែប្រទេសអាហ្វហ្គានីស្ថាន និងកូរ៉េខាងជើងតែប៉ុណ្ណោះ ហើយក៏ជាប្រទេសមានពិន្ទុទាបជាងគេក្នុងតំបន់អាស៊ានផងដែរ»។

ដើម្បីកាត់បន្ថយអំពើពុករលួយ និងជំរុញឱ្យមានតម្លាភាពសង្គម អង្គការតម្លាភាពកម្ពុជា បានអំពាវ​នាវ​ឱ្យរ​ដ្ឋាភិបាល​ពន្លឿនរបៀបវារៈនិងធ្វើការកែទម្រង់នូវចំណុចមួយចំនួន រួមមាន ការធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងច្បាប់ប្រឆាំងអំពើពុករលួយ ជាពិសេសច្បាប់ស្ដីពី​ការប្រកាស​ទ្រព្យសម្បត្តិមន្រ្តីរាជការ ការបង្កភាពងាយស្រួលឱ្យមានការចូលរួមយ៉ាងសកម្មពីសង្គម​ស៊ីវិល​ ប្រព័ន្ធផ្សព្វផ្សាយ និងប្រជាពលរដ្ឋ​ តាមដានពីតម្លាភាពសង្គម រួមទាំង​ពង្រឹង​ការអនុវត្តច្បាប់ដោយស្មើភាព ជាដើម​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "ប្រធាន​អង្គការ​មួយ​លើក​ទឹកចិត្ត​ឱ្យ​លោក ម៉ៅ ធនិន បកស្រាយ​ពី​ប្រភព​ទ្រព្យសម្បត្តិ"

  1. so socheath says:

    ចុមអាពូជសំផឹង កូនមីកាដួយស្អុយអាយះស្ញេញ !
    អញ្ចឹង ដីអញ ៥ ទៅ៦ហិតា ផ្ទះអញបើរាប់ជើងសរសរ ជិត ១០០
    ​តើវាសុទ្ធតែបាន មកពីអំពើរទុច្ចរឹតឬ ?
    ហេស ហេ អាចុយម៉្រាយ ស្តាប់ឲ្យបាន !
    សម័យនេះឲ្យតែមានជំនាញ វិជ្ចាជីវះ អត់ចេះខ្វះការងារធ្វើ ។ វាខ្លាច
    តែអត់កម្លាំងធ្វើការងារឲ្យគេ ទើបលុយវាអត់រត់ចូលអីតើ អាពូជសំផឹង !
    នេះមិនរាប់ដល់ការបង្កើតមុខរបរ ក្រៅពីការធ្វើការងារ សុីប្រាក់ខែរដ្ឋផង ។
    ពួកអាចុយម៉្រាយអ្ហែងហ្នឹង មានខួរក្បាលចេះប្រកបមុខរបរ ចិញ្ចឹមជិវិតទេ ?
    ទើបបានមកតម្រូវឲ្យគេធ្វើនោះតាមចិត្តដូច្នេះ ?
    អង្គភាពប្រឆាំងអំពើពុករលួយ គេអង្កេតទ្រព្យសម្បត្តិគ្រប់មន្ត្រី ដែលមាន
    បុណ្យសក្តិ៍ ចាប់ពីប្រធានមន្ទីរ រាល់ឆ្នាំសោះហ្នឹង ។
    ហេតុអីបានអ្ហែងភ្លើ ចុយតែម៉ែអ្ហែងអីយ៉ាងនេះ ?

  2. Anonymous says:

    HUN SEN manipulator and HUN SEN supporter like this CHKOUTH guy . we knew this is not the way that every nation should be treat like this AH ..LNGOUNGTU ..HUN SEN regime did . law and constitution is the main every one should be treat equally in the court of law as the constitution said. we knew that ugly evil monster was using his wild law that every Cambodian knew that right they will get him out from being a monster for too long in their own home town

Leave a Reply

Submit Comment