សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ធ្វើ​សន្និសីទ​ស្ដីពី​ជំហរ​របស់​ក្រុម​សកម្មជន ដែល​ទើប​ចេញ​ពី​ពន្ធនាគារ

ដោយ ជុន ច័ន្ទបុត្រ
2021-11-22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ធ្វើ​សន្និសីទ​ស្ដីពី​ជំហរ​របស់​ក្រុម​សកម្មជន ដែល​ទើប​ចេញ​ពី​ពន្ធនាគារ

លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា រូប៖ ហ្វេសប៊ុក


សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ​នឹង​រៀបចំ​ធ្វើ​សន្និសីទ​កាសែត​ស្ដីពី ”ជំហរ​របស់​សកម្មជន​បរិស្ថាន ​និង​សិទ្ធិមនុស្ស” ដែល​ទើប​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ។ សន្និសីទ​នេះ នឹង​ប្រព្រឹត្តទៅ​ ចាប់ពី​ម៉ោង ៨កន្លះ​ព្រឹក​ថ្ងៃ​ទី២៣ ខែវិច្ឆិកា ស្អែក​នេះ នៅ​ហាង​កាហ្វេ​ខាល់ឆ័រ (Coffee Culture) ស្ថិតនៅ​សង្កាត់​ទូលទំពូង២ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ។

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី២២ វិច្ឆិកា​ថា សន្និសីទ​នេះ នឹង​មាន​ក្រុម​យុវជន​ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​ជា​វាគ្មិន និង​សម្របសម្រួល​ដោយ​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន។ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ប្រកាស​អញ្ជើញ​ដល់​ភ្នាក់ងារ​ស្ថានទូត​ តំណាង​អង្គការ​ជាតិ-អន្តរជាតិ​ អ្នក​សារ​ព័ត៌មាន​ជាតិ-អន្តរជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ក្នុង​សន្និសីទ​កាសែត​នេះ ដើម្បី​ផ្ដិត​យក​រូបភាព និង​យក​ព័ត៌មាន តាម​ការ​គួរ។

តុលាការ​បាន​ដោះលែង​លោក រ៉ុង ឈុន យុវជន​ខ្មែរ​ថាវរៈ យុវជន​មាតា​ធម្មជាតិ សកម្ម​ជន​នយោបាយ និង​សមាជិក​សង្គម​ស៊ីវិល​សរុប ២៧នាក់ ជា​បន្ត​បន្ទាប់ កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ។ ប៉ុន្តែ​ពួក​គាត់​ទាំង​អស់ នៅ​ជាប់​លក្ខខណ្ឌ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ចន្លោះ​ពី ២ឆ្នាំ ទៅ ៣ឆ្នាំ ដែល​ធ្វើ​ឱ្យ​សេរីភាព​របស់​ពួក​គាត់​នៅ​តែ​ស្ថិត​ក្រោម​ការ​គាប​សង្កត់​ដដែល។ ការ​ដោះ​លែង​នេះ គឺ​បន្ទាប់​ពី​តុលាការ ​បាន​ឃុំ​ខ្លួន​ពួក​គាត់​ក្នុង​ពន្ធនាគារ​ចន្លោះ​ពី ១០ខែ​ទៅ ១៥ខែ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគាត់។

ចាប់​តាំង​ពី​មាន​ការ​ចាប់​ឃុំ​ខ្លួន​លោក រ៉ុង ឈុន និង​សកម្មជន​ទាំង​នោះ​មក សហគមន៍​ជាតិ និង​អន្តរ​ជាតិ ​បាន​ថ្កោល​ទោស​រដ្ឋាភិបាល​ជា​ហូរហែ​ថា កំពុង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ទាមទារ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​បែប​ប្រឌិត និង​ប្រគល់​សេរីភាព​ពេញ​លេញ​ដល់​ពួក​គាត់​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ធ្វើ​សន្និសីទ​ស្ដីពី​ជំហរ​របស់​ក្រុម​សកម្មជន ដែល​ទើប​ចេញ​ពី​ពន្ធនាគារ"

  1. Anonymous says:

    well we are seeing you getting batter that make us so happy . please be careful to that monster we knew he is watching you every minute

Leave a Reply

Submit Comment