ក្រុម​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ នាំ​គ្នា​ស្វែង​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ​ខត្ត​កោះកុង

2021-11-24
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ នាំ​គ្នា​ស្វែង​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ​ខត្ត​កោះកុង

 រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ពលរដ្ឋមានជម្លោះដីធ្លីនាំគ្នាស្វែងរកដំណោះស្រាយពីអាជ្ញាធរខេត្តកោះកុង


ប្រជាពលរដ្ឋ​ប្រមាណ ៧០០នាក់ ដែល​មក​ពី​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ចំនួន ៧សហគមន៍ ប្រមូល​ផ្ដុំ​គ្នា​មុខ​សាលា​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា ដើម្បី​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ដំណោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួកគាត់។ ក្រុម​តំណាង​ពលរដ្ឋ​ហាក់​មាន​ក្ដី​សង្ឃឹម​តិច​តួច ក្រោយ​ពី​ពួក​គាត់​ចូល​ជួប​ពិភាក្សា​ជាមួយ​អភិបាល​ខេត្ត ដែល​បាន​សន្យា​ថា នឹង​ពិនិត្យ​មើល​សំណើ​ពលរដ្ឋ ដើម្បី​បញ្ជូន​ទៅ​ថ្នាក់​ជាតិ​សម្រេច​បន្ត។

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ យូញៀន ឌិវិឡប់មិន ហ្គ្រុប (Union Developemnt Group), ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ឧកញ៉ា លី យ៉ុងផាត និង​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ​របស់​ឧកញ៉ា ហេង ហ៊ុយ ក្នុង​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា ឆ្នាំ១០២១ នាំ​គ្នា​លើក​បដា នៅ​ខាង​មុខ​សាលា​ខេត្ត​កោះកុង ទាមទារ​អាជ្ញាធរ​ឱ្យ​ដោះ​ស្រាយ​បញ្ចប់​វិបត្តិ​ដីធ្លី​រ៉ាំរ៉ៃ អូស​បន្លាយ​ច្រើន​ឆ្នាំ​មក​នេះ។

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ យូញៀន ឌិវិឡប់មិន ហ្គ្រុប (Union Developemnt Group) នៅ​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា ឆ្នាំ១០២១ ទាមទារ​អាជ្ញាធរ​ឱ្យ​ដោះ​ស្រាយ​បញ្ចប់​វិបត្តិ​ដីធ្លី​រ៉ាំរ៉ៃ អូស​បន្លាយ​ច្រើន​ឆ្នាំ​មក​នេះ។

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ យូញៀន ឌិវិឡប់មិន ហ្គ្រុប (Union Developemnt Group) នៅ​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា ឆ្នាំ១០២១ នាំ​គ្នា​លើក​បដា នៅ​ខាង​មុខ​សាលា​ខេត្ត​កោះកុង ទាមទារ​អាជ្ញាធរ​ឱ្យ​ដោះ​ស្រាយ​បញ្ចប់​វិបត្តិ​ដីធ្លី​រ៉ាំរ៉ៃ អូស​បន្លាយ​ច្រើន​ឆ្នាំ។

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ យូញៀន ឌិវិឡប់មិន ហ្គ្រុប (Union Developemnt Group) នៅ​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា ឆ្នាំ១០២១ ប្រមូលផ្ដុំ​នៅ​ខាង​មុខ​សាលា​ខេត្ត​កោះកុង ទាមទារ​អាជ្ញាធរ​ឱ្យ​ដោះ​ស្រាយ​បញ្ចប់​វិបត្តិ​ដីធ្លី​រ៉ាំរ៉ៃ អូស​បន្លាយ​ច្រើន​ឆ្នាំ។

ក្រុម​ប្រជា​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន ឌឹវិឡប់មិន​ហ្គ្រុប (Union Developemnt Group) ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ឧកញ៉ា លី យ៉ុងផាត និង​ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍​របស់​ឧកញ៉ា ហេង ហ៊ុយ ក្នុង​ខេត្ត​កោះកុង នាំ​គ្នា​ឈរ​លើក​បដា រូប​ថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន និង​ភរិយា នៅ​ខាង​មុខ​សាលា​ខេត្ត​កោះកុង ​ទាមទារ​ឲ្យ​អាជ្ញាធរ ​ចុះ​ដោះស្រាយ​បញ្ចប់​វិបត្តិ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ​ដែល​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​មក​នេះ ​ត្រឹម​ដើម​ឆ្នាំ​២០២២​ខាង​មុខ។

ពលរដ្ឋ​លើក​ឡើង​ថា ការ​ជួបជុំ​គ្នា​នេះ គឺ​ដើម្បី​តាម​ដាន​ញត្តិ​ ដែល​ពួកគាត់​បាន​ដាក់​ជូន​សាលា​ខេត្ត​កោះកុង​ កាល​ពី​ពេល​កន្លង​មក ស្នើ​សុំ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដីធ្លី​ជាមួយ​ភាគី​ក្រុមហ៊ុន ដែល​ពួកគាត់​មិន​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ។ ចំណែក អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កង​កម្លាំង​សមត្ថកិច្ច​រាប់​រយ​នាក់ និង​ដាក់​របាំង​ដែក​បិទ​ផ្លូវ​ជុំ​វិញ​សាលា​ខេត្ត​។ ក្នុង​ពេល​ពលរដ្ឋ​ជួប​ជុំ​គ្នា​នោះ គឺ​មិន​មាន​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច​បង្ក​ជា​អំពើ​ហិង្សា​នោះ​ទេ។

តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ៤៥គ្រួសារ​ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន (Union) ក្នុង​ឃុំ​តានូន ស្រុក​បុទុមសាគរ លោក សម ធី ថ្លែង​ថា ពលរដ្ឋ​បាន​ស្វែង​រក​ដំណោះស្រាយ​ជា​ច្រើន​ដង​មក​ហើយ ពី​អាជ្ញាធរ​និង​ក្រសួង​ដែនដី ប៉ុន្តែ​មក​ដល់​ពេល​នេះ ពួកគាត់​គ្មាន​ទទួល​បាន​ដំណោះស្រាយ​ណាមួយ​ទេ។

លោក​បន្ត​ថា ការ​ផ្ដល់​គោលនយោបាយ​ដីធ្លី​ជូន​ពលរដ្ឋ​កន្លង​មក​នោះ គឺ​មិន​មាន​តម្លាភាព និង​យុត្តិធម៌​ចំពោះ​អ្នក​ដែល​មាន​ទំហំ​ដី​ច្រើន​ហិកតារ​នោះ​ទេ។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ចុះ​ពិនិត្យ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ដល់​កន្លែង​មាន​ទំនាស់​ជាក់​ស្ដែង និង​ផ្ដល់​សំណង​សមរម្យ៖ «បើ​គាត់​ធ្វើ​អភិបាល​ខេត្ត​ហើយ​ ដោះ​ស្រាយ​រឿង​ហ្នឹង​មិន​ចេញ​ទេ។ ដូច​ពាក្យ​សម្ដេច​គាត់​និយាយ​អ៊ីចឹង អា​ហ្នឹង​ដោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​។ សូម​យក​ពាក្យ​សម្ដេច​មក​ប្រើ​ផង។ ហើយ​ខ្ញុំ​សំណូមពរ​ សូម​សម្ដេច​ជួយ​មើល​អភិបាល​ខេត្ត​កោះកុង​ផង ឲ្យ​គាត់​ដោះស្រាយ​សូម​ដូច​អភិបាល​ខេត្ត​កំពត​ ដែល​គាត់​ដោះស្រាយ​កន្លង​មក​នេះ ប្រកប​ដោយ​យុត្តិធម៌ លើក​កន្លែង​ពី​ខេត្ត​យក​ទៅ​ភូមិ​ឃុំ ដើម្បី​រក​ដំណោះស្រាយ​ ដូច​អភិបាល​ខេត្ត​កំពត​ហ្នឹង។ អា​ហ្នឹងត្រឹមត្រូវ យុត្តិធម៌​ស​ថា​ស ខ្មៅ​ថា​ខ្មៅ»។

ទន្ទឹម​គ្នា​នេះ តំណាង​សហគមន៍​ម្នាក់​ទៀត​ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ឧកញ៉ា លី យ៉ុងផាត់ ក្នុង​ស្រុក​បុទុមសាគរ លោក ឈឹម សាផាន ឲ្យ​ដឹង​ថា រយៈ​ពេល ៤ឆ្នាំ​ចុង​ក្រោយ​នេះ ទាំង​អាជ្ញាធរ​និង​ក្រសួង​ដែនដី តែង​ចេញ​លិខិត​បដិសេធ​មិន​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ៨៤៣គ្រួសារ​នោះ​ទេ។

លោក​បន្ត​ថា ការ​នាំ​គ្នា​មក​សាលា​ខេត្ត​លើក​នេះ គឺ​ដើម្បី​បញ្ជាក់​ប្រាប់​អភិបាល​ខេត្ត​កោះកុង ថា ពួក​គាត់​ពិត​ជា​ពលរដ្ឋ​ដែល​ធ្លាប់​អាស្រ័យ​ផល​លើ​ដី​មាន​ទំនាស់​នោះ​ពិត​ប្រាកដ​មែន ចាប់​តាំង​ឆ្នាំ១៩៧៩ មក។ លោក​ស្នើ​សុំ​អាជ្ញាធរ​កាត់​ឆ្វៀល​ដីធ្លី​ពី​ក្រុមហ៊ុន​ប្រគល់​ឲ្យ​ពលរដ្ឋ​វិញ ​ក្នុង​មួយ​គ្រួសារ​ ទទួល​បាន​ដី​២​ហិកតារ រួម​នឹង​ប្រាក់​សំណង ៥ពាន់​ដុល្លារ ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​ជាង ១៥ឆ្នាំ​នេះ៖ «យើង​យក​ញត្តិ​មក​ច្រាន​ចោល​សេចក្ដី​សម្រេច ស..ណ របស់​សាលា​ខេត្ត​កោះកុង​ថា​អត់​ដោះ​ដី​ជូន។ លទ្ធផល​ដែល​បាន​ជួប​លោក​ជំទាវ​ផ្ទាល់ និង​លោក​ សុខ​ សុធី បាន​ជជែក​គ្នា​យ៉ាង​ផុលផុស អាច​ទទួល​យក​បាន។ អ៊ីចឹងសំណូមពរ​របស់​ខ្ញុំ​ដែល​ចង់​បាន​ទី១ ឈប់​ឲ្យ​គាត់​ច្រាន​ចោល ហើយ​គាត់​នឹង​ពាំនាំ​ពាក្យ​សម្ដី​ដែល​ខ្ញុំ​និយាយ​សំណូមពរ​ទៅ​គាត់​ ពន្លឿន​ការ​ដោះស្រាយ​ដីធ្លី​ជូន​ពួក​ខ្ញុំ​ ហើយ​នឹង​ចុះ​ដល់​ទីតាំង​មាន​បញ្ហា ទំនាស់​ជាមួយ​ក្រុម​ហ៊ុន​កោះកុង ស៊ូហ្គើ (Koh Kong Sugar) និង​ក្រុមហ៊ុន​កោះកុង ផ្លែនថេសិន (Koh Kong Plantation) របស់​លោក​ឧកញ៉ា​ លី យ៉ុងផាត់»

ចំណែក​ តំណាង​សហគមន៍​ដីធ្លី​ក្រុម ១៧៥គ្រួសារ នៅ​ស្រុក​ស្រែ​អំបិល លោក​ស្រី ផាវ ញ៉ើង ស្នើ​សុំ​អភិបាល​ខេត្ត​ ពន្លឿន​ការ​ដោះស្រាយ​និង​បញ្ឈប់​ការ​កោះ​ហៅ​ពលរដ្ឋ​ចូល​បំភ្លឺ​នៅ​តុលាការ ដោយ​ចោទ​ថា​ញុះញង់ និង​បរិហារ​កេរ្តិ៍​តទៅ​ទៀត ព្រោះ​ថា​រឿង​រ៉ាវ​ទាំង​នេះ គឺ​ផ្ដើម​ចេញ​ពី​ជម្លោះ​ដីធ្លី។ លោកស្រី​ ស្នើ​ឲ្យ​មាន​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​នេះ​ឲ្យ​បាន​ឆាប់ និង​ទម្លាក់​ចោល​ការ​ប្រកាន់​មក​លើ​តំណាង​ពលរដ្ឋ៖ «ខ្ញុំ​យល់​ឃើញ​ថា មាន​តែ​មួយ​គត់​ គឺ​លោក​ជំទាវ​ត្រូវ​តែ​ខិត​ខំប្រឹង​ប្រែង​ឲ្យ​បាន​លឿន​បំផុត​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ ដើម្បី​ចៀស​វាង​ការ​ចោទ​ប្រកាន់ ព្រោះ​បើ​ពួកគាត់​អត់​បាត់​បង់​ដី​ មិន​មែន​គាត់​មក​ទេ ដោយ​សារ​ពួក​យើង​ អ្នក​ខ្លះ​អត់​ដី​មែន អត់​មាន​អី​នៅ​ទេ។ តែ​អ្នក​ខ្លះ​បាត់​ដី​ហើយ បាត់​បង់​ទៅ​ទៀ។ អ្វី​ដែល​យើង​ចង់​បាន​ គឺ​ចង់​ឃើញ​លោក​ជំទាវ​កុំ​សន្យា​ខ្យល់។ សូម​ឲ្យ​លោក​ជំទាវ​មេត្តា​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្រាវជ្រាវ​និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដី​នេះ ដើម្បី​បញ្ចប់​បញ្ហា​អំពី​ការ​ឡើង​តុលាការ​ហ្នឹង​ត​ទៅ​ទៀត»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អភិបាល​ខេត្ត​កោះកុង​ អ្នកស្រី មិថុនា ភូថង និង​រដ្ឋលេខាធិការ​ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី​នៃ​ក្រសួង​ដែនដី លោក ទេព ធន បាន​ទេ​ នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា​ ដោយ​ហៅ​ទូរស័ព្ទ​ តែ​ពុំ​មាន​អ្នក​ទទួល។

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​តំណាង​ពលរដ្ឋ​ ឲ្យ​ដឹង​ថា អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង សុំ​ពេល​ពិនិត្យ​មើល​វិវាទ​ដីធ្លី​របស់​ពួកគាត់ ហើយ​នឹង​បញ្ជូន​បន្ត​ទៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​ ធ្វើ​ការ​សម្រេច។ ពលរដ្ឋ​ថា ពួកគាត់​មាន​ក្ដី​សង្ឃឹម​តិច​តួច​ ក្រោយ​ពី​អភិបាល​រូប​នោះ បញ្ជាក់​ថា ខាង​ថ្នាក់​ជាតិ​គឺ​ជា​អ្នក​ដោះស្រាយ​សម្រេច​ជូន​ប្រជាពលរដ្ឋ​ ចំណែក​ខាង​ថ្នាក់​ខេត្ត គឺ​អ្នក​អនុវត្ត​ទៅតាម​ការ​សម្រេច​នោះ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិមនុស្ស​​លីកាដូ ប្រចាំ​កោះកុង លោក ហួរ អ៊ីន មាន​ប្រសាសន៍​ថា ​វិវាទ​ដីធ្លី​នៅ​ក្នុង​សហគមន៍​ទាំង​នោះ គឺ​អូស​បន្លាយ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ពលរដ្ឋ​តែង​តែ​ចេញ​ស្វែង​រក​អន្តរាគមន៍​ជា​ច្រើន​លើក ​ពី​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ​ ដើម្បី​សម្រប​សម្រួល​ដោះស្រាយ​បញ្ចប់។

លោក​សង្ឃឹម​ថា តាម​រយៈ​ការ​ជួប​មុខ​គ្នា​រវាង​ក្រុម​តំណាង​សហគមន៍​ដីធ្លី​ និង​អភិបាល​ខេត្ត​កោះកុង​ នៅ​ពេល​នេះ​ នឹង​អាច​មាន​ដំណោះស្រាយ​សមរម្យ​ណាមួយ​ជូន​ប្រជាពលរដ្ឋ​ដែល​អាច​ទទួល​យក​បាន​នៅ​ពេល​ខាង​មុខ៖ «ប្រជាពលរដ្ឋ​ដែល​នៅ​មុខ​សាលា​ខេត្ត​ហ្នឹង អ៊ីចឹង!​អាជ្ញាធរ​ខេត្ត​គួរ​តែ​ពន្លឿន​ក្នុង​ការ​ដោះស្រាយ​។ បង្ហាញ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ជឿ​ទុក​ចិត្ត ដើម្បី​កុំ​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​មក​ទៀត​ ព្រោះ​ថា​​អាជ្ញាធរ​តែង​តែ​មិន​ចង់​ឲ្យ​មាន​ការ​តវ៉ា។ អ៊ីចឹងដើម្បី​កុំ​ឲ្យ​មាន​ប្រជាពលរដ្ឋ​មាន​ការ​តវ៉ា​ អាជ្ញាធរ​គួរ​តែ​បង្ហាញ​អំពី​វិធានការ​នៃ​ការ​ដោះស្រាយ​ ក៏​ដូច​ជា​បង្ហាញ​ភាព​ស្មោះត្រង់​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ជឿ​ទុក​ចិត្ត»។

ក្រុម​ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ ប្រកាន់​ជំហរ​ថា ប្រសិន​បើ​ពុំ​មាន​ដំណោះស្រាយ​ណាមួយ​ដែល​អាច​ទទួល​យក​បាន​ ក្នុង​រយៈ​ពេល ១ខែ​ទៀត នោះ​ពួកគាត់​នឹង​នាំ​គ្នា​ទៅ​រក​ដំណោះស្រាយ​ពី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​ដែនដី នៅ​រាជ​ធានី​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ក្រុម​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ នាំ​គ្នា​ស្វែង​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ​ខត្ត​កោះកុង"

  1. Anonymous says:

    YES …I love you guy by not holding that ugly evil monster and his wife the reason they was the your enemy trying to kill you every day why you thing they can help you . rising up take your nation back

Leave a Reply

Submit Comment