ជនសង្ស័យដែលសម្លាប់សកម្មជនអតីតបក្សប្រឆាំងត្រូវបានចាប់ខ្លួន តែមនុស្សមួយចំនួនដាក់ការមន្ទិល

កម្ពុជា-នយោបាយ
24/11/2021 – 06:55
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ជនសង្ស័យឈ្មោះ សៀង ឆរ័ត្ន ហៅធំ ត្រូវបានសមត្ថកិច្ចខណ្ឌជ្រោយចង្វាចាប់វាយខ្នោះទៅក្រោយ © សហការី


ជនសង្ស័យម្នាក់​ត្រូវបាន​ចាប់​ខ្លួន​បញ្ជូនទៅ​កាន់​តុលាការ​ដែល​ប្រឈម​នឹងការជាប់ទោសជាង១០ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់ថា ជាអ្នកកាប់​សម្លាប់ លោក ស៊ិន ខុន ជាអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ។ ការ​វែកមុខ​ជន​សង្ស័យ​នេះ​គឺបាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ ក្រោយ​ឃាតកម្ម​កើត​ឡើង​ តែ​មនុស្ស​មួយចំនួន​ដាក់​ការ​មន្ទិលថា ជនសង្ស័យ​ អាចជា «ឃាតករ​សិប្បនិមិត្ត»

ជនសង្ស័យឈ្មោះ សៀង ឆរ័ត្ន ហៅធំ ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​ជ្រោយ​ចង្វា​ចាប់វាយ​ខ្នោះទៅក្រោយ​​នៅថ្ងៃទី២២​វិច្ឆិកា​ ពោលតែ២ថ្ងៃប៉ុណ្ណោះ ​ក្រោយ​ពេល​ឃាតកម្ម​កើត​ឡើង​ ទៅលើ​លោក ស៊ិន ខុន ជាអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ។

​បុរសមាឌធំក្រអាញ អាយុ ២៩ឆ្នាំ ដែល​បាន​ចាប់​ខ្លួនរូបនេះគឺ ជា​ជាង​សំណង់ ទីលំនៅ​ភូមិ១ សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ។ បើតាម​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួនបាន​កាប់​សម្លាប់​ជនរងគ្រោះ ដោយ​ផ្ដើម​ចេញ​ពី​គំនុំ ពីព្រោះតែ​ខឹង​ជន​រង​គ្រោះ​ផឹក​ស្រា​ស្រវឹង​ទៅ​ឡូឡា​នៅ​កន្លែង​ប្អូន​របស់​ខ្លួន​ជួសជុល​ម៉ូតូ។

​ក្រោយ​ចាប់​ខ្លួន ​ជនសង្ស័យ​រូប​នេះ ត្រូវបានបញ្ជូន​ទៅ​កាន់​តុលាការ ដែល​ប្រឈមមុខ​នឹង​ការកាត់ទោសដាក់​ពន្ធនាគារពី ១០ ទៅ ១៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញពិរុទ្ធភាព។

ទោះជាយ៉ាងណាមន្ត្រី​បក្ស​ប្រឆាំងនៅក្រៅ​ប្រទេស បានដាក់​ការ​មន្ទិលថា ជនសង្ស័យ​ អាចជា «ឃាតករ​សិប្បនិមិត្ត» ខណៈ​ដែល​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្សជំរុញឲ្យ​តុលាការ​ចាំបាច់​ត្រូវតែ​លាតត្រដាង​ការ​ពិត ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​របស់​មហាជន។

គួរឲ្យដឹងថា ​លោក ស៊ិន ខុន អាយុ ៣១ឆ្នាំ គឺអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវ​បាន​ជន​មួយ​ក្រុម ព្រួត​កាប់​ត្រូវ​ជា​ច្រើន​កាំបិត​នៅ​លើ​ដងខ្លួន បណ្ដាល​ឱ្យ​ដាច់​ជើង​មួយ​ចំហៀង​ត្រឹម​ភ្លៅ ​កាលពី​វេលា​ម៉ោង ១យប់ ឈាន​ចូល​ថ្ងៃ​ទី២១ ខែវិច្ឆិកា នៅ​​ក្បែរ​វត្ត​ចាស់ ក្នុងខណ្ឌ​ជ្រោយចង្វា។ សកម្មជនរូបនេះ​ក៏ធ្លាប់ត្រូវបានគេ​វាយ​ឲ្យ​របួស​ធ្ងន់ធ្ងរ​​លើ​រូប​រាងកាយផងដែរ មុនពេលមានឃាតកម្មកើតឡើង៕

What Next?

Recent Articles

One Response to "ជនសង្ស័យដែលសម្លាប់សកម្មជនអតីតបក្សប្រឆាំងត្រូវបានចាប់ខ្លួន តែមនុស្សមួយចំនួនដាក់ការមន្ទិល"

  1. Anonymous says:

    no do not believe that evil trick they so good at manipulate this kind of situation. as I used to say the killer are still at large . I mean they used to slaughter so many human since POL POT regime and they murder after and this day they can not stop it .

Leave a Reply

Submit Comment