UPDATED៖ ពលរដ្ឋ​តវ៉ា​នៅ​មុខ​សាលាខេត្ត​កោះកុង ខណៈ​តុលាការ​កោះហៅ​តំណាង​ពួកគេ​៩នាក់​ចូល​បំភ្លឺ​នៅថ្ងៃនេះ

តុលាការ និងច្បាប់បញ្ហា​វិវាទដីធ្លីព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ២៤ វិច្ឆិកា ២០២១ | ម៉ោង ២១:៣៥
VOD

ពលរដ្ឋរាប់រយនាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុនលោក ហេង ហ៊ុយ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខេត្តកោះកុង ដើម្បី​ទាមទារ​ឱ្យមានដំ​ណោះស្រាយ​រឿង​វិវាទ​​ដីធ្លី ខណៈ​តុលាការ​​​ក៏​​បានកោះ​ហៅ​តំណាង​​ពលរដ្ឋ៩​នាក់ឱ្យចូលបំភ្លឺ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ពលរដ្ឋរាប់រយនាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុនលោក ហេង ហ៊ុយ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខេត្តកោះកុង ដើម្បី​ទាមទារ​ឱ្យមានដំ​ណោះស្រាយ​រឿង​វិវាទ​​ដីធ្លី ខណៈ​តុលាការ​​​ក៏​​បានកោះ​ហៅ​តំណាង​​ពលរដ្ឋ៩​នាក់ឱ្យចូលបំភ្លឺ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ (CCFC Cambodia)

ពលរដ្ឋរាប់រយនាក់មកពី​៧សហគមន៍​ក្នុង​ស្រុកចំនួន៣​នៃខេត្តកោះកុង បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខេត្តកោះកុង នៅព្រឹកថ្ងៃពុធនេះ ដើម្បី​ទាមទារ​ឱ្យមានដំ​ណោះស្រាយ​រឿង​វិវាទ​​ដីធ្លី ខណៈ​តុលាការ​​​ក៏​​បានកោះ​ហៅ​តំណាង​​ពលរដ្ឋ៩​នាក់ឱ្យចូលបំភ្លឺនៅថ្ងៃនេះ។

មន្ត្រីសម្របសម្រួលសហគមន៍នៅសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាប្រចាំខេត្តកោះកុង និងកំពង់ស្ពឺ លោក ញ៉ិល ភាព ដែលឃ្លាំមើលករណីនេះ ប្រាប់ វីអូឌី ​ថាប្រជាពលរដ្ឋប្រមាណ៧០០នាក់ មកពីសហគមន៍ចំនួន៧ ស្ថិតក្នុងស្រុកស្រែអំបិល ស្រុកបទុមសាគរ និងស្រុកថ្មបាំង ខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ឧកញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ ជាមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់​នៅខេត្តនេះ​ បានប្រមូលផ្ដុំគ្នាឈរលើកបដានៅមុខសាលាខេត្ត និងសាលាដំបូងខេត្តកោះកុង ដើម្បីតាមដានញត្តិ​និងដាក់​ញត្តិជាថ្មីទៅកាន់សាលាខេត្តឱ្យជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីរបស់ពួកគេ។

លោក ឈឹម សាផាន ដែលអះអាងថាជាតំណាងពលរដ្ឋ និងបានចូលរួមតវ៉ាផងដែរនោះ បានឱ្យដឹង​ថា ក្រុម​របស់លោក​មានពលរដ្ឋ​ចំនួន​៩៧២គ្រួសារ និង​មាន​ផ្ទៃដី​សរុប​៤ ៥២៥ហិកតា មកពីស្រុកបទុមសាគរ ស្រុកស្រែអំបិល និងស្រុកថ្មបាំង ត្រូវបានក្រុមហ៊ុន «កោះកុងស៊ូហ្គើ» និង «កោះកុងផ្លេន​ថេសិន» របស់​លោកឧកញ៉ា​ លី យ៉ុងផាត់ សមាជិកព្រឹទ្ធ​សភា ​​ឈូសឆាយ​រំលោភយកអស់តាំងពីឆ្នាំ២០០៦ ខណៈដីនោះអ្នកភូមិបានកាន់កាប់និង​ចូល​អាស្រ័យផលតាំង​ពីឆ្នាំ១៩៩៧។

តំណាងពលរដ្ឋរូបនេះបន្តថា ករណីក្រុមហ៊ុនឈូសឆាយដំណាំនិងយកដីធ្លីពលរដ្ឋ​នេះ គឺ​មិនដោះស្រាយសំណង​ជូនពួកគេឡើយ ហើយអ្នកភូមិបានតវ៉ាជាច្រើនឆ្នាំ និង​បានរកកិច្ចអន្តរាគមន៍​ពីអាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​ស្ថាប័ន​ថ្នាក់​ជាតិ​ជាច្រើន​កន្លែង​ដែរ ប៉ុន្តែ​រហូតដល់ពេល​នេះមិនទាន់ទទួលបានដំណោះស្រាយឡើយ។

លោកបន្ថែមថា៖ «លោកជំទាវ [អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង]​​ បានសន្យាថា ក្នុងរយៈពេល១ខែទៀត កុំឱ្យពួកខ្ញុំឡើងទៅភ្នំពេញ។ គាត់ថា រឿងរបស់ពួកខ្ញុំនេះធំពេក គាត់អត់មានលទ្ធភាពដោះស្រាយទេ ប៉ុន្តែសន្យាពាំនាំបញ្ហារបស់ពួកខ្ញុំនេះទៅជជែកជាមួយសម្ដេច ដើម្បីដោះស្រាយបន្ត។ ហើយពួកខ្ញុំថា​ ប្រសិនបើផុតរយៈពេលមួយខែទៀត អត់មានចម្លើយ​ណាមួយសម្រាប់ពួកខ្ញុំទេ ពួកខ្ញុំនឹងនាំគ្នាឡើងទៅផ្ទះសម្ដេចហើយ»

លោក ប៉ាង អ៊ិន អះអាងជា​តំណាង​ពលរដ្ឋមួយក្រុមទៀត និយាយថា ពលរដ្ឋចំនួន១៩៧គ្រួសារ នៅ​ស្រុកស្រែ​អំបិល រង​ភាព​អយុត្តិធម៌ជាខ្លាំង ដោយសារលោក ហេង ហ៊ុយ ជាមន្ត្រីនគរបាល​ជាន់ខ្ពស់​ម្នាក់​នៅ​ខេត្តកោះកុង រំលោភយកដីធ្លីអស់ហើយ និង​បាន​ប្ដឹង​ពលរដ្ឋទៅតុលាការថែមទៀត ដោយក្នុងនោះក៏មាន​ភរិយារបស់​លោក​ផងដែរដែលបានជាប់បណ្ដឹងនៅតុលាការ។

លោក ប៉ាង អ៊ិន បាន​អំពាវនា​វ​ដល់​អាជ្ញាធរពាក់ព័ន្ធជួយ​​ដោះស្រាយបញ្ហា​​ដីធ្លីនេះ​​ជូនពលរដ្ឋ​ និង​ស្នើដ​ល់តុលាការ​ទម្លាក់​ចោលការចោទប្រកាន់លើតំណាងពលរដ្ឋ៩នាក់ដែល​ឡើង​​​សវនាការនៅថ្ងៃនេះផងដែរ។

លោកបន្ថែមថា៖ «សូមអំពាវនាវដល់អាជ្ញាធរនិងតុលាការទម្លាក់ចោលការចោទប្រកាន់លើប្រពន្ធខ្ញុំនិង​ពលរដ្ឋរងគ្រោះដីធ្លី​ផ្សេងទៀត​ ពីព្រោះ​អយុត្តិធម៌សម្រាប់ពួកខ្ញុំ​ណាស់ បាត់បង់ដីហើយត្រូវបានគេប្ដឹងទៅតុលាការថែមទៀតបែបនេះ»

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង និងអ្នកនាំពាក្យសាលាខេត្ត លោក សុខ សុទ្ធី បានទេ ជុំ​វិញ​ការតវ៉ារបស់ក្រុមប្រជាពលរដ្ឋនេះ។

ប៉ុន្តែបើតាមតំណាងពលរដ្ឋដែលបានទៅជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំខេត្តទាំងពីរ​នេះ គឺថ្នាក់ដឹកនាំខេត្តទាំងពីររូបបានទ​ទួលសំណើនិងសន្យាជួយដោះស្រាយបញ្ហាជូនពលរដ្ឋ។

មន្ត្រី​សម្របសម្រួលសហគមន៍នៅសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាប្រចាំខេត្តកោះកុង និងកំពង់ស្ពឺ លោក ញ៉ិល ភាព មានប្រសាសន៍ថា ការផ្ទុះការតវ៉ារបស់អ្នកភូមិនេះ ដោយសារតែអាជ្ញាធរពាក់ព័ន្ធពុំមានឆន្ទៈ​ក្នុងការដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ ខណៈ​ពលរដ្ឋមួយចំនួនបានជាប់បណ្ដឹងនៅតុលាការយ៉ាងអយុត្តិ​ធម៌ ដោយសារបញ្ហាជម្លោះដីធ្លីរបស់ខ្លួនឯង។

លោកបន្ថែមថា៖ «ថ្មីៗនេះ យើងឃើញអាជ្ញាធរខេត្តកោះកុងបានកាត់ដីជាង១២ម៉ឺនហិកតា ដើម្បីដោះស្រាយ ឬក៏ផ្ដល់ជាដីសម្បទានសង្គម​កិច្ច​ជូន​ពលរដ្ឋ ប៉ុន្តែការពិត ការកាត់ដីហ្នឹងគឺដីភាគច្រើនបានទៅលើបុគ្គលគ្រួសារ​បក្ខពួកក្រុមអ្នកដឹកនាំតាំងពីថ្នាក់មូលដ្ឋាន​ដល់ថ្នាក់​ជាតិ​ហ្នឹង ដែល​ប្រជាពលរដ្ឋរងគ្រោះពិតប្រាកដហ្នឹងមិនសូវទទួលបានការដោះស្រាយទេ។ មិនដោះស្រាយហើយ​ ប្ដឹងពលរដ្ឋជាច្រើនដាក់មកតុលាការថែមទៀត»

តំណាង​ពលរដ្ឋ៩នាក់ នៅសហគមន៍១៩៧ រួមមាន អ្នកស្រី អិប តឹង, អ្នកស្រី ដេត ហួរ, អ្នកស្រី កើត នៅ, អ្នកស្រី អ៊ិន ធូ, លោក គង់ មែន និងតំណាងពលរដ្ឋផ្សេងទៀត ត្រូវចូលសវនាការនៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ដើម្បីឆ្លើយបំភ្លឺក្រោមបទចោទ «បរិហារកេរ្តិ៍ និងញុះញង់​ឱ្យប្រ​ព្រឹត្តអំពើ​បង្ក​ឱ្យមានភាពវឹកវរធ្ងន់​ធ្ងរដល់សន្តិសុខសង្គម» ទៅតាមបណ្ដឹងរបស់លោក ហេង ហ៊ុយ ប្រធានក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍។

បើតាមក្រុមប្រជាពលរដ្ឋ គិតមកដល់ម៉ោងជិត៦ល្ងាចនេះ តុលាការ​បាន​ធ្វើការ​សាកសួរ​ទៅលើ​តំណាង​ចំនួន៧នាក់​ហើយ ក្នុងចំណោម៩នាក់ និងបាន​ឱ្យ​តំណាងពលរដ្ឋទាំងនោះត្រលប់ទៅផ្ទះវិញ រង់ចាំការ​កោះហៅ​ទៅ​សាក​​សួរបន្ថែមនៅថ្ងៃក្រោយទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "UPDATED៖ ពលរដ្ឋ​តវ៉ា​នៅ​មុខ​សាលាខេត្ត​កោះកុង ខណៈ​តុលាការ​កោះហៅ​តំណាង​ពួកគេ​៩នាក់​ចូល​បំភ្លឺ​នៅថ្ងៃនេះ"

  1. Anonymous says:

    you do not need to holding that pitchers they mean nothing to you . HUN SEN is a KBOTH CHEATH man who destroy this country till the end and the king is useless for his people who else can you depending for.

Leave a Reply

Submit Comment