សកម្មជន​សិទ្ធិ​មនុស្ស​បង្ហាញ​មន្ទិល​ចំពោះ​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ក្នុង​ឃាតកម្ម​សម្លាប់​សកម្មជន​គណបក្ស​ជំទាស់

កម្ពុជា
24 វិច្ឆិកា 2021
ហ៊ុល រស្មី
វីអូអេខ្មែរ

រូបថតថតពីវីដេអូផ្សាយតាមទំព័រហ្វេសប៊ុកកងរាជអាវុធហត្ថរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បង្ហាញជនសង្ស័យដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីឃាតកម្មលើអតីតសកម្មជនគណបក្សសង្គ្រោះជាតិលោក ស៊ិន ខុន ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ (ហ្វេសប៊ុក/កងរាជអាវុធហត្ថរាជធានីភ្នំពេញ)
រូបថតថតពីវីដេអូផ្សាយតាមទំព័រហ្វេសប៊ុកកងរាជអាវុធហត្ថរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បង្ហាញជនសង្ស័យដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីឃាតកម្មលើអតីតសកម្មជនគណបក្សសង្គ្រោះជាតិលោក ស៊ិន ខុន ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ (ហ្វេសប៊ុក/កងរាជអាវុធហត្ថរាជធានីភ្នំពេញ)

ភ្នំពេញ — អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​ជនដៃ​ដល់​ដែល​សង្ស័យ​ថា​ សម្លាប់​សកម្ម​ជន​គណបក្ស​ជំទាស់​មួយ​រូប​ នៅ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​ កាលពី​ពេល​ថ្មីៗ​នេះ ​ ក៏​ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​អត្ត​សញ្ញាណ​របស់​ជន​សង្ស័យ​នៅ​ឡើយ។​

សកម្មជន​មួយ​ចំនួន​បាន​ដាក់​ការ​សង្ស័យ​ថា​ អ្នក​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ​ទំនង​មិនមែន​ជា​ឃាតក​ពិត​ប្រាកដ​ និង​ថា​ករណី​ឃាតកម្ម​លើ​សកម្មជន​គណបក្ស​ជំទាស់​លោក ​ស៊ិន ខុន​ កាល​ពី​ថ្ងៃ​អាទិត្យ ​ជា​រឿង​នយោបាយ។​

បើ​តាម​សេចក្តី​រាយ​ការណ៍​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ រាជធានី​ភ្នំពេញ​ ​ ការ​ស្លាប់​របស់​លោក​ស៊ិន ខុន​ ផ្តើម​ចេញ​ពី​ទំនាស់​ពាក្យ​សម្តី​រវាង​ប្អូន​ជន​សង្ស័យ​ដែល​ជា​ជន​ដៃ​ដល់ ​និង​លោក​ ស៊ិន ខុន​ ដែល​ស្នាក់​នៅ​វត្ត​ចាស់ ​ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ ​ខណ្ឌ​ជ្រោយ​ចង្វារ។​


ទំព័រ​ហ្វេសប៊ុក​របស់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ បាន​លើក​ឡើង​ក្នុង​ន័យ​ដើម​ថា៖​ «តាម​ការ​រៀប​រាប់​របស់​ជន​ដៃ​ដល់​បាន​ឲ្យ​ដឹង​ថា​ការ​សម្លាប់​ជន​រងគ្រោះ​នេះ ​គឺ​ខ្លួន​ក៏​មិន​បាន​តាំង​ចិត្ត​ផ្តាច់​ជីវិត​ជន​រងគ្រោះ​នោះ​ដែរ​ គឺ​គិត​ត្រឹម​តែ​ព្រមាន​ប៉ុណ្ណោះ​ព្រោះ​ជន​រង​គ្រោះ​គឺ​ជា​អ្នក​ស្នាក់​នៅ​ក្នុង​វត្ត​ចាស់ ​ហើយ​ខ្លួន​មាន​ប្អូន​ប្រកប​របរ​ប៉ះកង់​ម៉ូតូ​នៅ​មុខ​វត្ត​ចាស់​ ឧស្សាហ៍​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​ជន​រង​គ្រោះ​ ពោល​គឺ​ពេល​ដែល​ជន​រង​គ្រោះ​ចូល​វត្ត​ពេល​យប់ ​តែង​តែ​ត្រូវ​បាន​គេ​បិទ​ទ្វារ​វត្ត​ចាក់​សោ​ចោល​ ហើយ​ជន​រង​គ្រោះ​តែង​រក​រឿង​ប្អូន​របស់​ខ្លួន ​ដោយ​ចោទ​ប្អូន​ខ្លួន​ថា​ ជា​អ្នក​កិប​សោ​ទ្វារ»។​

ជន​ដៃ​ដល់​បញ្ជាក់​ទៀត​ថា ​ក្នុង​យប់​កើត​ហេតុ​ គឺ​នៅ​ថ្ងៃទី​២១​ ខែ​វិច្ឆិកា​ឆ្នាំ​២០២១ ប្អូន​ប្រុស​ខ្លួន​នៅ​បន្ត​មាន​ទំនាស់​ពាក្យ​សម្តី​មិន​ឈប់​ លោក​ក៏​ចេញ​ទៅ​យក​កាំបិត​ផ្គាក់​ពី​ផ្ទះ​មិត្ត​ភក្តិ​មក​កាប់​ជន​រង​គ្រោះ​នៅ​ត្រង់​ស្មា​ ដោយ​គ្មាន​ចេតនា​ឲ្យ​ស្លាប់​ទេ​ ហើយ​បាន​តាម​កាប់​ជន​រង​គ្រោះ​បន្ត​ឲ្យ​ត្រូវ​ជើង​ តែ​បាន​ភ្លាត់​ទៅ​ត្រូវ​ត្រង់​ភ្លៅ​របស់​ជន​រង​គ្រោះ​ នៅ​ពេល​ជន​រង​គ្រោះ​រត់។ ​ ជន​ដៃ​ដល់​ឲ្យ​ដឹង​ទៀត​ថា​ ខ្លួន​បាន​បោះ​កាំបិត​ផ្គាក់​នោះ​ចោល​ពេល​ជន​រងគ្រោះ​ដួល។​ នេះ​បើ​តាម​បញ្ជាការដ្ឋាន​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ។​

យ៉ាង​ណា​ក៏ដោយ​ នៅ​ឯ​សន្និសីទ​ព័ត៌មាន​ក្នុង​បរិវេណ​ស្ថានីយ​ប្រេង​មួយ​កន្លែង​ក្នុង​ខណ្ឌ​ចម្ការ​មន​ កាល​ពី​ថ្ងៃ​អង្គារ​ មេ​ដឹកនាំ​សហភាព​សហជីព​កម្ពុជា​លោក​ រ៉ុង ឈុន​ មិន​ធ្វើ​ការ​សន្និដ្ឋាន​ថា​ ជន​ដៃ​ដល់​ជា​ឃាតក​ពិត​ប្រាកដ​ទេ ​ប៉ុន្តែ​លោក​ជឿ​ថា​ ករណី​ឃាត​កម្ម​លោក ​ស៊ិន ខុន​ ជា​រឿង​នយោបាយ​ច្រើន​ជាង​រឿង​ទំនាស់​បុគ្គល។ ​

លោក​ប្រាប់​អ្នក​កាសែត​ថា៖​ «ករណី​ថា​ ចាប់​បាន​ឃាតក​ហ្នឹង​ ខ្ញុំ​ពេល​នេះ​ ខ្ញុំ​មិន​ទាន់​ធ្វើការ​វាយ​តម្លៃ​ថា​ ឃាតក​ហ្នឹង​ពិត​ ឬ​មិន​ពិត​ទេប៉ុន្តែ​បើ​យើង​យោង​កន្លង​មក​នោះ​ តែង​តែ​ជា​ឃាតក​សិប្បនិម្មិត»។​

លោក​បន្ថែម​ថា៖ ​«បើ​យើង​ពិនិត្យ​មើល​ទៅ​យុវជន​ស៊ិន ខុន​គាត់​ជា​យុវជន​មួយ​ដ៏​សកម្ម។​ ខ្ញុំ​គ្រាន់​តែ​សន្និដ្ឋាន​ជា​បឋម​ ខ្ញុំ​គិត​ថា​រឿង​នេះ​ ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ពីព្រោះ​បើ​យើង​ធ្វើ​ការ​អង្កេត​ពី​អត្តចរិត​ ឫកពា​របស់​គាត់​គាត់​មិនមែន​ជា​មនុស្ស​កាច​សាហាវ​មិន​មែន​ជា​មនុស្ស​ខិល​ខូច​មិន​មែន​ជា​មនុស្ស​ប្រើ​គ្រឿង​ញៀន​អ៊ីចឹង​ គាត់​ជា​អ្នក​សិក្សា»។​

មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន និយាយ​ជាមួយ​អ្នកកាសែត​នៅ​ខណ្ឌ​ចម្ការមន រាជធានី​ភ្នំពេញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)
មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន និយាយ​ជាមួយ​អ្នកកាសែត​នៅ​ខណ្ឌ​ចម្ការមន រាជធានី​ភ្នំពេញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

លោក​ រ៉ុង ឈុន ​ដែល​ទើប​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ក្នុង​សំណុំ​រឿង​រិះគន់​ការ​បោះបង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​កត់​សម្គាល់​ថា​ មាន​ករណី​ឃាតកម្ម​លើ​សកម្មជន​មួយ​ចំនួន​ផ្សេង​ទៀត​ ដូច​ជា​អ្នក​ការពារ​ព្រៃឈើ​លោក​ ឈុត វុទ្ធី​ មេដឹក​នាំ​សហជីព​ លោក​ ជា វិជ្ជា​ និង​អ្នក​វិភាគ​នយោបាយ​លោក ​កែម ឡី​ដែល​រហូត​មក​ដល់​ពេល​នេះ ​រដ្ឋាភិបាល​មិន​អាច​រក​ឃាតក​ពិត​ និង​អ្នក​ទទួល​ខុស​ត្រូវ​ក្រោយ​ឃាតកម្ម​ទាំង​អស់​នោះ​មក​ផ្តន្ទាទោស​បាន​នៅ​ឡើយ​ទេ។​

សកម្មជន​មួយ​រូប​របស់​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ អ្នកស្រី ​ឈឿន ដារ៉ាវី​ យល់​ថា ​គ្រួសារ​របស់​លោក ​ស៊ិន ខុន​ មិន​ទាន់​បាន​ទទួល​យុត្តិធម៌​ទេ​ ព្រោះ​អ្នកស្រី​នៅ​មាន​ចម្ងល់​ថា ជន​សង្ស័យ​ជា​ឃាតក​ពិត​ប្រាកដ​សម្លាប់​លោក​ ស៊ិន ខុន ឬ​យ៉ាង​ណា។​

«ខ្ញុំ​សោក​ស្តាយ​គាត់​ជា​ខ្លាំង​ ហើយ​នៅ​ពេល​ដែល​ឃើញ​វត្តមាន​គាត់​ត្រូវបាន​គេ​សម្លាប់​ ហើយ​មក​ដល់​ពេល​នេះ​ ភាព​យុត្តិធម៌​យើង​មិន​ទាន់​ឃើញ​ជាក់​ស្តែង​ទេ។​ឃើញ​តែ​ការ​បង្ហាញ​ពួក​ដែល​ក្លែង​ក្លាយ​ច្រើន​ជាង។ ​ តែ​ឃាតក​ពិត​យើង​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ​មិន​ខុស​ពី​លោក ​កែម ឡី​ នោះ​ទេ»។​

សកម្ម​ជន​រូប​នោះ​ថា​ ករណី​ឃាតកម្ម​ចុង​ក្រោយ​លើ​អតីត​សកម្ម​ជន​គណបក្ស​ជំទាស់​លោក​ ស៊ិន ខុន​ មាន​ចរិត​ជា​ការ​គំរាម​កំហែង​បំបាក់​ស្មារតី​សកម្មជន​ផ្សេង​ទៀត​ ក្នុង​ការ​ចូលរួម​សកម្មភាព​សង្គម​ និង​នយោបាយ។​

លោក ​ស៊ិន ខុន ​អាយុ​៣១​ឆ្នាំ ​ដែល​ជា​អតីត​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សង្កាត់​ជ្រោយ​ចង្វារ​ ត្រូវ​បាន​គេ​រក​ឃើញ​ថា ​ស្លាប់​នៅ​យប់​ថ្ងៃ​អាទិត្យ​រំលង​អធ្រាត្រ ​ថ្ងៃ​ទី​២១ ​ខែ​វិច្ឆិកា ​នៅ​ម្តុំ​វត្ត​ចាស់ ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ​ ដោយ​ជន​មិន​ស្គាល់​មុខ​កាប់​ជា​ច្រើន​កាំបិត។ ​នេះ​បើ​តាម​សាច់ញាតិ​របស់​សកម្មជន​រូប​នោះ។​

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​លោក​អេង ហ៊ី ​ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធ​ថា​ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ តែ​លោក​មិន​អាច​បញ្ជាក់​ឈ្មោះ​របស់​ជន​សង្ស័យ​ឡើយ។​

«អាហ្នឹង​សុំ​សួរ​ទៅ​ខាង​អយ្យការ ព្រោះ​បាន​ប្រគល់​ជូន​ហើយ​ អយ្យការ​ជា​អ្នក​ដឹកនាំ​ហើយ»។​

អ្នក​នាំពាក្យ​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក ​ប្លង់ សុផល​បញ្ជាក់​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ឆ្លើយ​ឆ្លង​តេឡេ​ក្រាម​នៅ​វេលា​ម៉ោង​ពីរ​រសៀល​ថ្ងៃ​ពុធ​ថា​ អយ្យការ​អម​សាលា​ដំបូង​មិន​ទាន់​ទទួល​បាន​សំណុំ​រឿង​ខាង​លើ​នៅ​ឡើយ​ទេ។​

ហ្វេសប៊ុក​កង​រាជ​អាវុធហត្ថ​និយាយ​ថា​ មាន​ការ​ «ប្រឹង​ទាញ​យក​ករណី​ឃាតកម្ម​នេះ ​ទៅ​ជា​រឿង​នយោបាយ​ ដោយ​សារ​ពួកគេ​គិត​ខុស​ថា​ ជន​រង​គ្រោះ​គឺ​ជា​សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​រំលាយ ​ហើយ​ក៏​ព្យាយាម​ភ្ជាប់​ការ​ស្លាប់​នេះ ​ទម្លាក់​កំហុស​លើ​គណបក្ស​ប្រជាជន​កម្ពុជា»។​

រូបឯកសារ៖ លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សអង្គការលីកាដូ ថ្លែងជាមួយអ្នកកាសែតនៅក្រៅតុលាការក្រុងភ្នំពេញ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សអង្គការលីកាដូ ថ្លែងជាមួយអ្នកកាសែតនៅក្រៅតុលាការក្រុងភ្នំពេញ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ លោក​ អំ សំអាត​ លើក​ឡើង​ថា​ សំណុំ​រឿង​ឃាតកម្ម​លើ​លោក ​ស៊ិន ខុន​កំពុង​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ ហើយ​ថា​អាជ្ញាធរ​ពាក់​ព័ន្ធ​ត្រូវ​បើក​ការស៊ើប​អង្កេត​មួយ​ប្រកប​ដោយ​តម្លាភាព​ ដែល​បញ្ចៀស​ការ​រិះគន់​ថា​ ឃាត​កម្ម​នេះ​ មាន​ជាប់​ហេតុផល​នយោបាយ។​ លោក​ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធ​នេះ​ថា៖​ «យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ហ្នឹង​ នៅ​តែ​ទទូច​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​តម្លាភាព​ និង​យុត្តិធម៌​ ហើយ​ស្វែង​រក​អ្នក​ដែល​ពាក់​ព័ន្ធ​ក្នុង​ករណី​ធ្វើ​ឃាតនេះ​ ឬ​ក៏​ករណី​ឃាតកម្ម​នេះ​ យក​ទៅ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ ដើម្បី​ចៀស​វាង​នៃ​ការ​រិះគន់​ថា ​ ករណី​ឃាត​កម្ម​នេះ​ វា​អាច​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ ដោយ​សារ​តែ​លោក​ ស៊ិន ខុន ​គឺ​ជា​អតីត​សកម្ម​ជន​យ៉ាង​សកម្ម​របស់​គណបក្ស​ប្រឆាំង​ផង​នោះ»។​

បង​ស្រី​របស់​លោក ​ស៊ិន ខុន​ អ្នកស្រី ​ស៊ិន យ៉ុន ​អាយុ​៤២​ឆ្នាំ ​ប្រាប់​វីអូអេ​ពី​ខេត្ត​តាកែវ​នៅ​ថ្ងៃ​ពុធ​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ចាត់​ការ​តាម​នីតិវិធី​ ទៅ​លើ​ជន​បង្ក​ដែល​សម្លាប់​ប្អូន​ប្រុស​របស់​អ្នកស្រី។ អ្នកស្រី​ថា​លោក​ស៊ិន ខុន ​មិន​មែន​ជា​បុគ្គល​ចូល​ចិត្ត​បង្ក​ជម្លោះ​ឡើយ។​

«បើ​នៅ​ផ្ទះ​វា​វិញ​ មិន​ដែល​សម្តី​តូច​សម្តី​ធំ​ទេ​ ក្មួយ។​ ​អី​ក៏​អត់​ដែល​វាយ​ដែរ​ អត់​ដែល​ប៉ះទេ​ អត់​ជេរ​ទេ​ក្មួយ។ មាន​តែ​ណែនាំ​ក្មួយ​ឲ្យ​ល្អ​ធ្វើ​អី​ចេះ​មួយ​ ធ្វើ​អី​ចេះ​មួយ»។​

បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​ ជន​សង្ស័យ​ដែល​សម្លាប់​លោក​ ស៊ិន ខុន​ បាន​រត់​គេច​ទៅ​លាក់​ខ្លួន​នៅ​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​ព្រៃវែង​ ក្រោយ​ដឹង​ថា​ លោក ​ស៊ិន ខុន​ បាន​ស្លាប់។ ​ សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា​ ជន​សង្ស័យ​ដដែល​នេះ​ក៏​ធ្លាប់​ជាប់​ក្នុង​ពន្ធនាគារ​មួយ​ឆ្នាំ​ពី​បទ​លួច​ផង​ដែរ​កាល​ពី​ឆ្នាំ​២០១៩៕​

What Next?

Recent Articles

2 Responses to "សកម្មជន​សិទ្ធិ​មនុស្ស​បង្ហាញ​មន្ទិល​ចំពោះ​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ក្នុង​ឃាតកម្ម​សម្លាប់​សកម្មជន​គណបក្ស​ជំទាស់"

  1. target says:

    ទោះបីឃាតកនេះពិតឬមិនពិតអ្វីៗថិតនៅក្រោយរបបតិរច្ឆាននេះទាំងអស់ជាអ្នកបញ្ជារ។

  2. Anonymous says:

    I 100% though to SAMDACH AKEAK SENA MOHA BATHDAI PENCHO ..HUN NAL call HUN SEN next name CHHOUP SAMLAP is order to kill

Leave a Reply

Submit Comment