អ្នកវិភាគ​ថា កម្ពុជា​នឹង​ជួប​​បញ្ហា​​កាន់​​តែ​​ធំ បើ​​បន្ត​លម្អៀង​​ខ្លាំង​​ទៅ​​រក​​ចិន

ដោយ យន់ សាមៀន
2021-11-24
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកវិភាគ​ថា កម្ពុជា​នឹង​ជួប​​បញ្ហា​​កាន់​​តែ​​ធំ បើ​​បន្ត​លម្អៀង​​ខ្លាំង​​ទៅ​​រក​​ចិន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ឆ្វេង) ចូលរួម​កិច្ចប្រជុំកំពូល​ពិសេស​អាស៊ាន​-​ចិន នៅ​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ រូបភាព៖ ហ្វេសប៊ុក​លោក ហ៊ន សែន


រដ្ឋាភិបាល​ចិន​កុម្មុយនីស្ត​កំពុង​ព្យាយាម​បំបិទ​មាត់​សហគមន៍​អន្តរជាតិ​មិន​ឱ្យ​និយាយ​រិះគន់​អំពី​ទំនាក់ទំនង​បែប​លម្អៀង​ខ្លាំង​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ជាមួយ​កងទ័ព​ចិន។ អ្នកវិភាគ​នយោបាយ​ថា ទង្វើ​បែប​នេះ​របស់​ចិន​អាច​នាំ​ឱ្យ​សហគមន៍​អន្តរជាតិ​មើលឃើញ​កាន់តែ​ច្បាស់​ពី​ទំនាក់ទំនង​ខុស​ធម្មតា​រវាង​កម្ពុជា និង​ចិន​។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​លើក​ឡើង​ថា បរិបទ​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា​មិនអាច​បង្ហាញ​ជំហរ​លម្អៀង​ខ្លាំង​ទៅ​រក​ប្រទេស​ចិន​ឡើយ ជាពិសេស​នៅ​លើ​វិស័យ​យោធា បើ​ពុំ​ដូច្នេះ​ទេ កម្ពុជា​អាច​មាន​បញ្ហា​កាន់តែ​ធំ​ជាមួយ​ក្រុម​ប្រទេស​លោក​ខាងលិច និង​សូម្បីតែ​ប្រទេស​សមាជិក​អាស៊ាន​ដូចគ្នា។

អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព (CICP) លោក វណ្ណ ប៊ុនណា មាន​ប្រសាសន៍​ថា កម្ពុជា​កំពុង​ដើរ​តួនាទី​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន ដូច្នេះ​ការ​លម្អៀង​ខ្លាំង​ទៅ​រក​ប្រទេស​ចិន​នឹង​ធ្វើ​ឱ្យ​ប្រទេស​មហាអំណាច និង​សមាជិក​អាស៊ាន​ដទៃទៀត​បាត់​ទំនុក​ចិត្ត​លើ​កម្ពុជា ចំពោះ​ការ​ដោះស្រាយ​បញ្ហា​តំបន់ ដូចជា វិបត្តិ​សិទ្ធិមនុស្ស​នៅ​មីយ៉ាន់ម៉ា (ភូមា) និង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូងជាដើម៖ «បើ​យើង​និយាយ​ពី​មហាអំណាច​ខាងក្រៅ ឧទាហរណ៍ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប គេ​ច្បាស់​ហើយ​ថា កម្ពុជា​ជា​ប្រទេស​រណប​របស់​ចិន​មួយ។ អ៊ីចឹង​ចង់ ឬ​មិន​ចង់ ដូច​ខ្ញុំ​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត កម្ពុជា​ខាត​ប្រយោជន៍ ខាត​តាំងពី​សេដ្ឋកិច្ច តាំងពី​នយោបាយ។ វា​អាច​មាន​ចំណេញ​ផលប្រយោជន៍​ហ្នឹង គឺ​ចំណេញ​ផលប្រយោជន៍​ទាក់ទង​លើ​មេដឹកនាំ តែ​បើ​ផល​ប្រយោជន៍​​ទាក់ទង​នឹង​ប្រជាជន​ទាំងមូល វា​មិន​បាន​ជា​ដុំ​កំភួន​ប៉ុន្មាន​នោះ​ទេ»

ស្រដៀង​គ្នា​នេះ អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជាលោក គៀន ពន្លក ថ្លែង​ថា របប​ក្រុង​ប៉េកាំង​បាន​បញ្ជូន​សារ​ម្ដង​ហើយ​ម្ដង​ទៀត​ទៅកាន់​សហគមន៍​​អន្តរជាតិ​ថា កម្ពុជា​មាន​ចិន​ជា​ខ្នង​បង្អែក ដើម្បី​កុំ​ឱ្យ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ចូល​ពាក់ព័ន្ធ​នឹង​បញ្ហា​កម្ពុជា។ លោក​យល់​ថា ការ​យក​ចិន​ជា​ខ្នង​បង្អែក​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាត​បង់​ប្រយោជន៍​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ហើយ​មន្ត្រី​រដ្ឋាភិបាល​ក៏​នឹង​ត្រូវ​រង​ទណ្ឌកម្ម​ជា​លក្ខណៈ​បុគ្គល​ជា​បន្តបន្ទាប់​ទៀត​ដែរ៖ «ពេលនេះ​អ្វី​ដែល​សំខាន់​សម្រាប់​ប្រទេស​ចិន គឺ​ការ​ប្រជែង​ឥទ្ធិពល​របស់​ប្រទេស​មហាអំណាច​លោក​សេរី។ អ៊ីចឹង​ហើយ​បើ​យើង​ធ្លាក់​ក្នុង​អន្លង់​មួយ​នៃ​ឥទ្ធិពល​​របស់​​ប្រទេស​ចិន នោះ​នឹង​អាច​ទាញ​ប្រទេស​កម្ពុជា​ប្រឈម​នឹង​សង្គ្រាម​ត្រជាក់​ថ្មី​ម្ដងទៀត ហើយនិង​អាច​ទាញ​ប្រទេស​កម្ពុជា​ឱ្យ​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​ស៊ីវិល​ម្ដងទៀត»

ប្រតិកម្ម​របស់​ក្រុម​អ្នក​សង្កេតការណ៍​ទាំងនេះ កើត​មាន​ឡើង​ក្រោយ​ពី​ទូត​ចិន​នៅ​ភ្នំពេញ​បាន​ហាម​ប្រទេស​ដទៃ​មិន​ឱ្យ​រិះគន់​ពី​ទំនាក់​កម្ពុជា-ចិន លើ​វិស័យ​យោធា។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជាលោក វ៉ាង វិនធាន (Wang Wentian) មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃទី២៣ ខែវិច្ឆិកា​ថា ប្រទេស​ចិន និង​កម្ពុជា ជាពិសេស​កងទ័ព​ប្រទេស​ទាំងពីរ ​បាន​ជួយ​គ្នា​ទៅវិញទៅមក​ចាប់តាំង​ពី​ការ​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ-១៩។ លោក​បញ្ជាក់​ថា ការ​ជួយ​គ្នា​នេះ មិន​ត្រឹមតែ​បង្កើត​បានជា​គំរូ​នៃ​កិច្ច​សហប្រតិបត្តិការ​កិច្ចការ​យោធា​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​សហគមន៍​វាសនា​រួម​រវាង​ចិន និង​កម្ពុជា​ផង​ដែរ។ លោក វ៉ាង វិនធាន ថ្លែង​ទៀត​ថា កិច្ច​សហប្រតិបត្តិការ​ដែល​ផ្ដល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​រវាង​ចិន និង​កម្ពុជា​នេះ មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ដទៃ​និយាយ​បង្ខូច​ផ្ដេសផ្ដាស​ឡើយ។ ឯកអគ្គរដ្ឋទូត​ចិន​រូប​នេះ​សង្កត់​ធ្ងន់​ថា ភាគី​ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ប្រើ​អំណាច ដែល​យក «សេរីភាព» «សិទ្ធិមនុស្ស» និង «ប្រជាធិបតេយ្យ» ធ្វើ​ជា​លេស​ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ។

លោក វ៉ាង វិនធាន បញ្ចេញ​សារ​បែបនេះ ក្រោយ​ពី​សហរដ្ឋអាមេរិក​ទើប​តែ​ដាក់​ទណ្ឌកម្ម​មន្ត្រី​យោធា​ផ្កាយ ៤ ពីរ​រូប​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន រួមមាន លោក ចៅ ភិរុណ អគ្គនាយក​សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួង​ការពារ​ជាតិ និង​លោក ទៀ វិញ មេបញ្ជាការ​កង​ទ័ព​ជើងទឹ ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ក្នុង​គម្រោង​អភិវឌ្ឍន៍​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ទី​ដែល​មាន​ការ​សង្ស័យ​អំពី​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា។

Cambodia and China Army Sign on COVID19 on_23_11_2021.jpg
ក្រសួងការពារជាតិ​កម្ពុជា-ចិន​ បានរៀបចំពិធី​ប្រគល់-ទទួលសម្ភារទប់ស្កាត់​វីរុសកូវីដ-១៩ ដែលជាអំណោយរបស់ក្រសួងការពារជាតិចិនជូនចំពោះក្រសួងការពារជាតិកម្ពុជាជំហានទី៤ កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ (រូប៖ ហ្វេសប៊ុកស្ថានទូតចិន)

ទន្ទឹម​នឹង​ការ​លើកឡើង​របស់​ឯកអគ្គរដ្ឋទូត​ចិន​នោះ​ដែរលោក ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក (Facebook) ថា កងទ័ព​កម្ពុជា​ និង​​ចិន មាន​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ទាំង​វិស័យ​ហ្វឹកហ្វឺន បណ្ដុះបណ្ដាល និង​ទំនាក់ទំនង​យោធា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​នៅ​ថ្ងៃ​នោះ​ដែរ​ថា ចិន​ជា​បង្អែក​ដ៏​រឹងមាំ​សម្រាប់​កម្ពុជា​លើ​ចំណុច​ជាច្រើន រួមមាន វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ប្រាក់​​កម្ចី និង​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធជាដើម។

Cambodia and China Army.jpg
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក្នុងពេលទស្សនកិច្ចនៅប្រទេសចិនកន្លងមក។ (រូបភាព៖ ហ្វេសប៊ុកលោក ទៀ បាញ់ បង្ហោះកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១)

ទោះជាយ៉ាងណា អ្នក​វិភាគ​នយោបាយ​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់​(Finland)​លោក គឹម សុខ​ ថ្លែង​​ថា​ ចិន​​កំ​ពុង​​យក​​កម្ពុជា​​ធ្វើ​ជា​ឧបករណ៍​បម្រើ​នយោបាយ​អនុត្តរភាព​របស់​ខ្លួន។ លោក​បញ្ជាក់​ថា បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន លោត​តាម​ខ្សែ​ញាក់​របស់​ចិន នោះ​ប្រជាជាតិ​ខ្មែរ​នឹង​ខាត​បង់​ប្រយោជន៍​ធំធេង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ​ការទូត និង​ជំនួយ​មនុស្ស​ធម៌៖ «កាលណា​លោក ហ៊ុន សែន ទាញ​កម្ពុជា​ឱ្យ​បម្រើ​ផល​ប្រយោជន៍​នយោបាយ​ចិន ម្ល៉ោះ​ហើយ​បណ្ដា​សម្ព័ន្ធមិត្ត​នៃ​លោក​សេរី គេ​មិន​ជួយ​កម្ពុជា​ទេ។ មិន​ជួយ​ហើយ នឹង​មាន​អរិភាព​ការទូត អរិភាព​សេដ្ឋកិច្ចពាណិជ្ជកម្ម រហូត​ទៅ​ដល់​នាំ​កម្ពុជា​ឱ្យ​មាន​វិបត្តិ អាច​ទៅ​ដល់​អសន្តិសុខ​ផង»

លោក គឹម សុខ ថ្លែង​ទៀត​ថា សារ​របស់​ឯកអគ្គរដ្ឋទូត​ចិនលោក វ៉ាង វិនធាន នា​ពេល​នេះ ហាក់​ធ្វើ​ឱ្យ​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង​ពី​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា ព្រោះ​ក្រុម​លោក ហ៊ុន សែន និង​របប​ក្រុង​ប៉េកាំង​កំពុង​ធ្វើ​នយោបាយ​បម្រើ​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក។

វិទ្យុ​អាស៊ី​សេរី​មិនអាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​លោក ឈុំ សុជាត ដើម្បី​ឆ្លើយ​តប​រឿង​​នេះ​​បាន​ទេ នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នកទទួល។

រដ្ឋាភិបាល​លោក ហ៊ុន សែន រង​ការ​ចោទ​ប្រកាន់​ថា បាន​លួច​ចុះ​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​ប្រទេស​ចិន​កុម្មុយនីស្ត ដើម្បី​អនុញ្ញាត​ឱ្យ​កង​ទ័ព​ចិន​បោះ​ទីតាំង​ឈរ​ជើង​នៅ​លើ​ទឹក​ដី​ខ្មែរ។ សារព័ត៌មាន​ល្បី​ឈ្មោះ​របស់​សហរដ្ឋ​អាមេរិក The Wall Street Journal បាន​រាយការណ៍​កាល​ពី​ខែកក្កដា ឆ្នាំ២០១៩ ថា កិច្ចព្រមព្រៀង​សម្ងាត់​នោះ​​បាន​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន​គ្រប់គ្រង​កំពង់ផែ​ទ័ពជើងទឹក​រាម​ផ្ដាច់​មុខ​រហូត​ដល់​ទៅ ៣០ឆ្នាំ ហើយ​កិច្ច​ព្រមព្រៀង​នេះ​អាច​បន្ត​បាន​រៀងរាល់ ១០ឆ្នាំ​ម្ដង។

ទោះជា​រដ្ឋាភិបាល​កម្ពុជា និង​ចិន​បាន​ចេញ​មុខ​បដិសេធ​ព័ត៌មាន​នេះ​ជាហូរហែ​ក្ដី ក៏​របាយការណ៍​ចុងក្រោយ​បង្ហាញ​ថា មាន​ការ​សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​នៅ​ទីនោះ ក្រោម​គម្រោង​ជំនួយ​របស់​ចិន។

សហរដ្ឋ​អាមេរិក​បាន​សម្ដែង​ក្ដី​បារម្ភ និង​ដាស់​តឿន​រដ្ឋាភិបាល​លោក ហ៊ុន សែន ម្ដង​ហើយ​ម្ដងទៀត​ថា វត្តមាន​កងទ័ព​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​នឹង​ប្រឆាំង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ព្រមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​តំបន់​ទាំង​មូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អ្នកវិភាគ​ថា កម្ពុជា​នឹង​ជួប​​បញ្ហា​​កាន់​​តែ​​ធំ បើ​​បន្ត​លម្អៀង​​ខ្លាំង​​ទៅ​​រក​​ចិន"

  1. Anonymous says:

    please let him go hell do not stop him . let see how this AH…CHESSTU can do