អ្នកវិភាគ​​ជំរុញឱ្យ​កម្ពុជា​ត្រៀមខ្លួន​បន្ថែមទៀត​​ក្នុង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប

ដោយ សុជីវី
2021-11-24
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកវិភាគ​​ជំរុញឱ្យ​កម្ពុជា​ត្រៀមខ្លួន​បន្ថែមទៀត​​ក្នុង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ នៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុក SMP


អ្នកវិភាគ​សេដ្ឋកិច្ច​ជំរុញឱ្យ​រដ្ឋាភិបាលកម្ពុជា​ត្រៀមខ្លួន​បន្ថែមទៀត​ក្នុង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប។ កម្ពុជា​ដែល​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំកំពូល​អាស៊ី-អឺរ៉ុប លើកទី១៣ បាន​រៀបចំ​វេទិកា​សេដ្ឋកិច្ច និងធុរកិច្ច​អាស៊ី-អឺរ៉ុប លើកដំបូង​នៅព្រឹក​ថ្ងៃទី២៤ ខែវិច្ឆិកា តាមប្រព័ន្ធ​វីដេអូ។ វេទិកានេះ​មាន​ការចូលរួមពី​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល អ្នកបង្កើត​គោលនយោបាយ វិនិយោគិន ធុរជន បញ្ញាវន្ត និងអ្នកពាក់ព័ន្ធ​មកពី​បណ្តាប្រទេស​នៅអាស៊ី និងអឺរ៉ុប។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅ​ក្នុងពិធី​នោះថា ​កិច្ចសហការ​អាស៊ី-អ៊ឺរ៉ុប បាន​ចូលរួម​យ៉ាង​សំខាន់ ក្នុងការ​ពង្រឹង​ទំនាក់ទំនងគ្នា​ទៅវិញ​ទៅ​មក​នៃប្រជាជន និង​សេដ្ឋកិច្ច ដើម្បី​ការ​អភិវឌ្ឍន៍​រួម។ លោកបញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ខិតខំ​រៀបចំ​ដាក់ឱ្យ​អនុវត្ត​គោលនយោបាយ​ច្បាស់​លាស់ ដើម្បី​​ទាក់ទាញ​វិនិយោគ​បរទេស​បន្ថែម​ទៀត តាម​រយៈ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​កែលម្អប្រព័ន្ធ​ដឹក​ជញ្ជូន​ទាំង​ផ្នែក​ទន់ និង​រឹង លើក​កម្ពស់​សម្រួល​ពាណិជ្ជកម្ម ការអភិវឌ្ឍ​ធនធាន​មនុស្ស រៀបចំ​បច្ចេកវិទ្យាព័ត៌មាន និង ឌីជីថល និងការ​អភិវឌ្ឍន៍វិស័យហិរញ្ញាវត្ថុ។

ទោះ​ជា​យ៉ាងណា​អ្នកវិភាគ​សេដ្ឋកិច្ច លោក ចាន់ សុផល យល់ថា ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប កន្លងមក ​កម្ពុជា​ក៏ទទួល​បាន​ផលចំណេញ​ដែរ ដូចជា​វិនិយោគ​បរទេស​នៅកម្ពុជា និង​ការ​នាំចេញ​ផលិតផល​ទៅសហគមន៍​អឺរ៉ុបជាដើម៖ «បើ​និយាយ​ទៅតាម​ទ្រឹស្ដី​នៃការអភិវឌ្ឍ​សេដ្ឋកិច្ច គឺ​គេតោង​តែ​ចង់បាន​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាងគ្នា​និងគ្នា ការវិនិយោគ​ឆ្លង​ប្រទេស​អ៊ីចឹងទៅ អ៊ីចឹង​គេច្រើនតែ​សំដៅ​ចង់​ថា​បាន​ប្រយោជន៍​រៀងៗ​ខ្លួន»

ទោះ​យ៉ាង​ណា លោក​មើលឃើញ​ថា កម្ពុជា​ជា​ប្រទេសតូច​ដែល​សហគមន៍​អឺរ៉ុប​មិនរំពឹងថា​នឹង​ទទួល​បាន​ទីផ្សារធំ​នោះឡើយ ហើយ​សហភាព​អឺរ៉ុប​ក៏បាន​កាត់បន្ថយ​ប្រព័ន្ធ​អនុគ្រោះពន្ធ​(EBA)​២០ ភាគ​រយ​ផងដែរ។ ដូច្នេះលោក​ថា កម្ពុជា​ចាំបាច់​ត្រូវតែ​គិតគូរ​ឡើងវិញ ហើយក៏​ត្រៀមខ្លួន​បន្ថែមទៀត​ក្នុងរបត់​ពិភពលោក​ថ្មី​ ពិសេស​ក្នុង​កិច្ចសហប្រតិបត្តិការ​អាស៊ី-អឺរ៉ុប ដូចជា កសាង​ហេដ្ឋារចនា​សម្ព័ន្ធ ទំនុក​បម្រុង​ថាមពល​អគ្គិសនី​ឱ្យគ្រប់គ្រាន់​ មានគុណភាពល្អ និងតម្លៃ​ធូរថ្លៃ រៀបចំ​ប្រព័ន្ធ​ឌីជីថល​ឬ​បច្ចេក​វិទ្យា​ស្វ័យប្រវត្តិ​ឱ្យ​កាន់តែ​សម្បូរបែប។ ជាពិសេស លោក​បន្ត​ថា កម្ពុជា​ត្រូវ​រក្សា​ការពារ​ធនធាន​ធម្មជាតិ​ឱ្យ​ល្អ​ដើម្បី​ជា​អំណោយផល​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ឱ្យកាន់តែ​មាន​គុណភាព​ដើម្បី​ប្រកួតប្រជែង​សេដ្ឋកិច្ច​ជាមួយ​ប្រទេសផ្សេងៗ ព្រមទាំង​រៀបចំ​ឱ្យមាន​ស្ថិរភាព​សន្តិសុខ​សង្គម​ពិតប្រាកដ ដើម្បី​ឱ្យមាន​ភាពកក់ក្ដៅ និងសុវត្ថិភាព​ខ្ពស់​ចំពោះ​ការវិនិយោគ​សេដ្ឋកិច្ចរបស់​បរទេស​នៅ​ទឹកដី​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អ្នកវិភាគ​​ជំរុញឱ្យ​កម្ពុជា​ត្រៀមខ្លួន​បន្ថែមទៀត​​ក្នុង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប"

  1. Anonymous says:

    I’m really sick and tied to see this ugly evil monster face . please help me by not to post this guy face in so many Articles

Leave a Reply

Submit Comment