កម្ពុជា​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប

ដោយ សុជីវី
2021-11-25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កម្ពុជា​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប

ទិដ្ឋភាពនៃ​កិច្ច​ប្រជុំ​អាស៊ីអឺរ៉ុប (ASEM13) តាម​ប្រព័ន្ធងអានឡាញ រូប​ហ្វេសប៊ុក លោក ហ៊ុន សែន


កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ (ASEM13 ) លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប ថ្លែង​ក្នុង​ពេល​បើក​កិច្ចប្រជុំ​ថា ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ​នេះ ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​និង​ភាពជា​ដៃគូ​រវាង​អាស៊ី និង​អឺរ៉ុប កាន់​តែ​មាន​សារៈសំខាន់​បំផុត ដើម្បី​រក្សា​ពហុភាគី​យម​ដែល​រឹងមាំ និង​រួមចំណែក​ធានា​នូវ​សន្តិភាព ស្ថិរភាព វិបុលភាព និង​ការ​អភិវឌ្ឍ​របស់​ពិភពលោក។

កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ មាន​មេដឹកនាំ​កំពូលៗ​នៃ​ប្រទេស​តំបន់​អាស៊ី​និង​អឺរ៉ុប​ចំនួន​៥១​រូប​ចូលរួម ប៉ុន្តែ​មិន​ឃើញ​មាន​វត្តមាន​មេដឹកនាំ​រដ្ឋប្រហារ​យោធា​របស់​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា​(Myanmar) លោក មីន អុងឡាំង (Min Aung Hlaing) នោះ​ទេ​។ មូលបទ​សម្រាប់​ការ​ជជែក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ គឺ​ផ្តោត​លើ​”​ការ​ពង្រឹង​ពហុភាគី​និយម ដើម្បី​កំណើន​រួមគ្នា។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បើក​កិច្ចប្រជុំ​ថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​នេះ​គឺជា​ឱកាស​ដ៏​ទាន់​ពេល​មួយ​សម្រាប់​ថ្នាក់​ដឹកនាំ​ប្រទេស​អាស៊ី និង​អឺរ៉ុប បញ្ជាក់​ជា​ថ្មី​អំពី​សារសំខាន់​នៃ​ភាពជា​ដៃគូ និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​តំបន់​និង​សកល​ដែល​ជា​ក្តី​បារម្ភ​រួមគ្នា។

ជាមួយ​គ្នា​នេះ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប និង​ជា​អ្នកសម្របសម្រួល​ប្រចាំ​តំបន់​អឺរ៉ុប លោក ឆាឡេស មិឆែល (Charles Michel) ថ្លែង​សន្ទរកថា តាមរយៈ​អ្នកបកប្រែ​ថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ នេះ​គឺជា​ឱកាសល្អ​បំផុត ដើម្បី​ពិនិត្យ​អ្វី​ដែល​សម្រេច​បាន និង​កំណត់​ទិសដៅ​ទៅ​អនាគត។ លោក​បន្ត​ថា កិច្ចប្រជុំ​នេះ គឺជា​វេទិកា​តែមួយគត់​សម្រាប់​ការសន្ទនា​នយោបាយ​សម្រាប់​ទាំងអស់គ្នា និង​ជា​កន្លែង​បង្កើត​ពហុភាគី​និយម និង​ស្តារ​ជា​សកល​ឡើងវិញ ក្រោយ​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩។

ដូចគ្នានេះ​ដែរ ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី អឺស៊ុឡា វូនឌឺឡែន (Ursula von der Leyen) សង្ឃឹមថា កិច្ចប្រជុំ​នេះ នឹង​ជួយ​កសាង​ឡើងវិញ​នូវ​ពិភពលោក​មួយ​ដែល​មាន​សមភាព​កាន់តែ​ធំ​ជាង​មុន និង​ពង្រឹង​ពហុភាគី​និយម​។ អ្នកស្រី​បញ្ជាក់​ហេតុ​ថា អាស៊ី និង​អឺរ៉ុប មាន​ចំណងទាក់ទង​គ្នា​យ៉ាង​ជិត​ស្និត និង​ទម្ងន់​យ៉ាង​ខ្លាំង​នៅក្នុង​ពិភពលោក ព្រោះថា ទំហំ​ពាណិជ្ជកម្ម​រវាង​តំបន់​ទាំងនេះ គឺ​ធំ​ជាង​តំបន់​ផ្សេងៗ​នៅលើ​ពិភពលោក ហើយ​អឺរ៉ុប គឺជា​អ្នក​វិនិយោគ​ដ៏​ធំ​នៅ​តំបន់​អាស៊ី។ «»

បន្ទាប់ពី​ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​ហើយ ក្រុម​មេដឹកនាំ​ទាំងនេះ ក៏​បន្ត​ប្រជុំ​បិទទ្វារ ដោយ​មិន​មាន​ការ​ផ្សព្វផ្សាយ​ផ្ទាល់​ជា​សាធារណៈ​នោះ​ទេ​។ ក្រសួង​ការបរទេស​ក​ម្ពុ​ជា​ក៏​មិនទាន់​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​ខ្លឹមសារ​លម្អិត​នៃ​កិច្ចប្រជុំ​នេះ​ដែរ ខណៈ​កិច្ចប្រជុំ​នឹង​ត្រូវ​ធ្វើ​មួយថ្ងៃ​ទៀត គឺ​ថ្ងៃទី ២៦​វិច្ឆិកា។

ទាក់ទង​នឹង​កិច្ចប្រជុំ​នេះ អ្នកវិភាគ​នយោបាយ លោក គឹម សុខ ថ្លែង​ថា ថ្វី​ដ្បិតតែ​លោក ហ៊ុន សែន លើកឡើង ពី​ការ​ពង្រឹង​ពហុភាគី​និយម​ក្តី ក៏​មេដឹកនាំ​រូប​រដ្ឋាភិបាល​ឯក​បក្ស​រូប​នេះ មិន​បាន​លើកឡើង​អំពី​លក្ខខណ្ឌ​អ្វីខ្លះ​នោះ​ទេ ។ លោក​យល់ថា ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​និង​កិច្ច​សហ​ប្រប​ត្តិ​ការ​រវាង​អាស៊ី​និង​អឺរ៉ុប នោះ គឺ​សហភាព​អឺរ៉ុប ប្រាកដ​ទាមទារ​ឲ្យ​កម្ពុជា ស្តារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ឡើងវិញ ព្រមទាំង​លើកឡើង​អំពី​សន្តិសុខ​ក្នុង​តំបន់ ជាពិសេស​ទាក់ទង​នឹង​ការសង្ស័យ​រឿង​មូលដ្ឋានទ័ព​ចិន​នៅ​កម្ពុជា។ «»

នៅមុន​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ(Human Rights Watch)​បាន​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប និង​រដ្ឋ​សមាជិក​នៃ​តំបន់​នេះ ឱ្យ​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ឱ្យបាន​ខ្លាំងក្លា​ចំពោះ​ការណ៍​ដែល​កម្ពុជា​មិន​ព្រម​អើពើ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​ស្របតាម​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​ច្បាប់​អន្តរជាតិ។

អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) គូសបញ្ជាក់​ថា សហភាព​អឺរ៉ុប និង​រដ្ឋ​សមាជិក គួរ​លើក​យក​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ធ្វើជា​របៀបវារៈ​ស្នូល​នៅក្នុង​កិច្ច​សន្ទនា​រវាង​សហភាព​អឺរ៉ុប និង​តំបន់​អាស៊ីអាគ្នេយ៍​។ អង្គការ​នេះ បាន​រំឮក​ឡើងវិញ​ពី​ការណ៍​ដែល​សហភាព​អឺរ៉ុប​បាន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​ភាគរយ​ពី​កម្ពុជា ដោយសារតែ​រក​ឃើញ​ថា មានការ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ ក្រោយ​ការរម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុងឆ្នាំ​២០១៧។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ពន្យល់​ថា ការ​លើកឡើង​ពី​បញ្ហា​នេះ​មក​ធ្វើជា​របៀបវារៈ មិនមែន​ជា​អ្វី​ដែល​លោក ហ៊ុន សែន ចង់​ឃើញ​នោះ​ទេ ក៏ប៉ុន្តែ ក្រោយពី​លោក​បាន​ដឹកនាំ​បែប​ផ្ដាច់ការ​អស់​រយៈពេល​ជាង ៣៦​ឆ្នាំ​មក ការ​ថ្កោលទោស​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​នេះ គឺជា​អ្វី​ដែល​លោក ហ៊ុន សែន សម​នឹង​ទទួល​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "កម្ពុជា​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប"

  1. Anonymous says:

    congratulation LOUK PATHEAN it is OK if you just read the book but please do not speak direct without some one tell you what to say.

Leave a Reply

Submit Comment