កម្មករ​ជិត​៥០០នាក់​ផ្ទុះ​ការតវ៉ា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​អត្ថ​ប្រយោជន៍​និង​បញ្ឈប់​ការ​រើសអើង​សហជីព

ការងារព័ត៌មានជាតិ
លោក ពក ខឺយ | ២៥ វិច្ឆិកា ២០២១ | ម៉ោង ១០:០៥
VOD

ចរាចរតាមដងផ្លូវនៅមុខក្រសួងការងារ នៅក្នុងក្រុងភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

ចរាចរតាមដងផ្លូវនៅមុខក្រសួងការងារ នៅក្នុងក្រុងភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ


កម្មករ-កម្មការិនីជិត៥០០នាក់បម្រើការងារនៅរោងចក្រកាត់ដេរ «ស៊ីនហាវស៊ុន» នៅភូមិ​ទ្រា​៤ សង្កាត់ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ បាន​ផ្ទុះការ​តវ៉ានៅថ្ងៃពុធម្សិលមិញនេះ ដើម្បី​ទាម​ទារឱ្យ​​ក្រុមហ៊ុនផ្ដល់អត្ថប្រយោជន៍ការងារមួយ​ចំនួន និង​ស្នើ​ឱ្យ​បញ្ឈប់​ការរើសអើងលើសហជីព។

អ្នកស្រី ស៊ីន ស្រីប៉ាក ដែលអះអាងថា​ជា​តំណាងកម្មករជិត៥០០នាក់ នៅរោង​ចក្រ​កាត់ដេរ​ ស៊ីន​ ហាវស៊ុន បានឱ្យដឹង​ថា​ ការដែលកម្មករ​នាំគ្នា​​តវ៉ា ដើម្បីទាមទារ​​ឱ្យភាគីរោង​ចក្រដោះស្រាយ​អត្ថប្រយោជន៍​ការងារមួយចំនួនដូចជា ទូរទាត់​លុយ​​​ដំណាច់​ឆ្នាំ លុយ​​​អតីត​ភាព​ការងារ លុយ​​ស្ត្រីមាន​ផ្ទៃពោះ ព្រមទាំងត្រូវ​អនុញ្ញាតឱ្យ​​​​មាន​សហជីពនៅក្នុង​រោង​ចក្រ​នេះ​ឡើង​វិញ ដើម្បីកុំឱ្យមានការរំលោភបំពានសិទ្ធិ​ការ​ងារ​ទៅលើពួកគេ។

អ្នកស្រីបានអះអាងថា កន្លងមក កម្មករ-កម្មការិនីក្នុងរោងកចក្រ​នេះបានរៀ​បចំ​ឱ្យមាន​សហជីព និងតំណាងកម្មកររួច​ម្ដង​មក​ហើយ ប៉ុន្តែខាង​ក្រុមហ៊ុន​បាន​បញ្ឈប់តំណាង​ទាំង​នោះពី​ការងារ ដែលធ្វើឱ្យកម្មករ​ជួប​ការ​​លំបាកកាន់តែខ្លាំងក្នុងការ​បំពេញ​ការងារ។

អ្នកស្រី ស៊ីន ស្រីប៉ាក និយាយថា៖ «ព្រោះពួកខ្ញុំហ្នឹងចង់ឱ្យ​​រោងចក្រនេះមានសហជីព ដើម្បីកុំឱ្យ​​មានការគាបសង្កត់កម្មករ។ ពេលពួកខ្ញុំធ្វើអ៊ីចឹងទៅ គាត់បានបញ្ឈប់តំណាងពួកខ្ញុំចេញ។ ដូច្នេះពួកខ្ញុំអត់សុខចិត្ត ចេញមកតវ៉ាលុយដំណាច់​ឆ្នាំ ៥ភាគរយ លុយអតីតភាព […] ខាងរោងចក្រគេគាបសង្កត់ពួក​ខ្ញុំជាយូរមកហើយ ជិត២ឆ្នាំហើយ»។

កម្មការិនីម្នាក់ទៀត អ្នកស្រី ប៊ុត រ៉ាត់ បានឱ្យដឹងថា កម្មករដែលបម្រើការងារនៅទីនេះមិនទទួលបានការ​ចិត្តទុកដាក់​ពីថៅកែនោះទេ​ ជាពិសេស​ពេល​កម្មករ​មាន​បញ្ហាណាមួយ​ ដូចជា គ្រោះថ្នាក់​ការងារ ឬឈឺថ្កាត់ ត្រូវទៅ​ពេទ្យ ឬអ្នកមានផ្ទៃពោះ ក៏មិនត្រូវបានអនុញ្ញាត​ឱ្យសម្រាកដែរ​ រួមទាំង​បានកាត់​លុយ​ពួកគេថែមទៀតផង។

អ្នកស្រីបន្តដោយអំពាវនាវ​ថា៖ «សូមឱ្យ​​ថ្នាក់លើជួយពួកខ្ញុំផង ព្រោះអីពួកខ្ញុំទាំងប៉ុន្មាននាក់នេះវេទនាជាយូរមកហើយ មិនទទួលបានលុយ [ការយកចិត្តទុកដាក់] ដូច្នេះពួកខ្ញុំទ្រាំលែង​បានហើយ ងើបតវ៉ាខ្លះទៅ»។

បើតាមក្រុមកម្មករ ការផ្ទុះការតវ៉ានេះបានធ្វើឡើងក្រោយ​ពីភាគីខាងរោងចក្របាន​បញ្ឈប់​លែងឱ្យ​មានសហជីពឬតំណាងកម្មករ​នៅក្នុង​រោង​ចក្រ​របស់​ខ្លួន កាលពីសប្ដាហ៍មុន។

វីអូឌី មិនអាចសុំការបំភ្លឺពីតំណាង​រោង​ចក្រក្រុមហ៊ុន ស៊ីនហាវស៊ុន បាននៅឡើយទេគិតដល់ពេលនេះ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានឆ្លើយតាមប្រព័ន្ធតេឡេក្រាមថា ក្រសួង និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញ​ កំពុ​ង​សម្រប​សម្រួល​​ដោះស្រាយករណីនេះទៅតាម​ច្បាប់​ស្ដីពីការងារ។

លោកថា៖ «មន្ត្រីកំពុងអង្កេតនិងធ្វើអធិការកិច្ច យើងមិនអាចធ្វើបុរវិនិច្ឆយថាអ្នកណាខុសឬត្រូវនោះទេ។ គ្រប់ភាគីត្រូវអនុវត្តតាមនីតិវិធីដោះស្រាយវិវាទការងារ។ ក្នុងករណីមិនសះជា គឺយើងអាចរុញទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ឬតុលាការ​ជាបន្ត។»

ចំណែកលោក អំ សំអាត អនុប្រធាន​អង្គការ​​ការពារ​សិទ្ធិមនុស្ស​​​លីកាដូ បានលើកឡើងថា កម្ពុជា មាន​ច្បាប់រួចមកហើយ ដើម្បីគាំពារដល់កម្មករដែលកំពុងតែបម្រើការងារ ហើយ​បើសិនជាក្រុម​ហ៊ុន​ណាមួយ​មានការរំលោភ​សិទ្ធិកម្មករ ខាង​ក្រសួងការងារត្រូវតែដោះស្រាយតាមផ្លូវច្បាប់។

លោកថា៖ «តាមការពិត យើងមានច្បាប់រួចទៅហើយ! អ្វីដែលសំខាន់ ក្រសួងអនុវត្តតាមច្បាប់មានប្រសិទ្ធភាពទេ? ក្នុងការដោះស្រាយជូនកម្មករ ហើយក្រសួងត្រូវឈរលើគោលការណ៍មួយ គឺគោលការណ៍យុត្តិធម៌។ បើសិនកម្មកររងនូវអយុត្តិធម៌ ក្រសួងត្រូវតែរកដំណោះស្រាយ ជួយសម្រួលដល់កម្មករជាចាំបាច់»៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment