កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​បាន​ចាប់​ផ្ដើម ខណៈ​អង្គការ​សិទ្ធិមនុស្ស​អំពាវនាវ​ឱ្យ​អឺរ៉ុប​ដាក់​សម្ពាធ​លើ​កម្ពុជា

ទំនាក់ទំនងអន្តរជាតិនយោបាយព័ត៌មានជាតិ
លោក សេង ថៃ | ២៥ វិច្ឆិកា ២០២១ | ម៉ោង ១៨:៣៦
VOD

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប ចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM-13) លើកទី១៣ ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម” នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)


កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឬ (ASEM13) បានចាប់ផ្ដើមហើយ​នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកានេះ តាមរយៈប្រព័ន្ធវីដេអូ ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) នេះ បានថ្លែងស្វាគមន៍បណ្ដាមេដឹកនាំអាស៊ីនិងអឺរ៉ុបប្រមាណជា៥១ប្រទេស។

ក្នុង​នោះ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីគោលបំណងសំខាន់ៗ​ចំនួន៦នៃ​កិច្ចប្រជុំនេះ ដែលក្នុងនោះ​រួមមាន ការធ្វើឱ្យកាន់តែស៊ីជម្រៅនៃការតភ្ជាប់អន្តរតំបន់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពបរិយាប័ន្ន និងកំណើនរួមគ្នា, ការលើកស្ទួយភាពជាដៃគូរអន្តរតំបន់ ដើម្បីអភិបាលកិច្ចសកល, ការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគី ផ្អែកលើវិធានច្បាប់, ការទាញអត្ថប្រយោជន៍ពីនវានុវត្តន៍ ការតភ្ជាប់ឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០ , ការពង្រឹងភាពលេចធ្លោនិងភាពពាក់ព័ន្ធរបស់ ASEM និងការដោះស្រាយបញ្ហាពហុវិស័យនានា ដែលរួមមាន ការប្រែប្រួលអាកាសធាតុ ភាពក្រីក្រ ការលើកកម្ពស់សិទ្ធិអំណាចស្ត្រី ព្រមទាំងបញ្ហាប្រឈមឆ្លងដែនផ្សេងៗទៀត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង​ថា៖ «កិច្ចប្រជុំកំពូល ASEM នាថ្ងៃនេះ គឺជាឱកាសដ៏ទាន់ពេលមួយសម្រាប់ថ្នាក់ដឹកនាំ ASEM បញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់និងសកលដែលជាក្ដីបារម្ភរួមគ្នា»

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី​២៣ ខែ​វិច្ឆិកា បាន​លើកឡើង​ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅរាជធានី​ភ្នំពេញ រយៈ​ពេលពីរ​ថ្ងៃ គឺនៅថ្ងៃទី២៥ និងថ្ងៃទី​២៦​ ខែវិច្ឆិកា​នេះ នឹងផ្ដល់ឱកាសឱ្យថ្នាក់ដឹកនាំ ASEM ចែករំលែកអំពីទស្សនៈដោយត្រ​ង់​ទៅ​ត្រង់មក និងតាមបែបស្ថាបនាពាក់ព័ន្ធនឹងបញ្ហាសកលនិងតំបន់។

ប្រភពដដែលឱ្យដឹងថា ក្រោមការ​ដឹកនាំ​របស់​កម្ពុជា កិច្ច​ប្រជុំកំ​ពូល​អាស៊ី-អឺរ៉ុ​ប​លើក​ទី​១៣ (ASEM13)​ នេះ នឹងអនុម័តទៅ​លើឯកសារ​សំខាន់ៗ​ចំនួន​៣ រួម​មាន៖ ទី១ សេចក្ដីថ្លែងការណ៍​ប្រធាន​អង្គ​ប្រជុំ ASEM13, ទី២ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្ដីពីការស្ដារ​សង្គម-​សេដ្ឋកិច្ច​ឡើង​វិញ ក្រោយការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ-១៩ និងទី៣ ឯកសារសកម្មភាពអនាគត ស្ដីពីការតភ្ជាប់ ASEM។

នេះគឺជាលើកទីមួយហើយដែល​កម្ពុជាបានធ្វើជាម្ចាស់ផ្ទះប្តូរវេនពីរ​ឆ្នាំម្ដងនៃ​កិច្ច​ប្រជុំកំពូល​អាស៊ី-អឺរ៉ុប ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកនៅឆ្នាំ២០០៤មក។

គួរកត់សម្គាល់ថា​ នៅមុនពេលមួយថ្ងៃនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនេះ អង្គការឃ្លាំមើលសិទ្ធិ​មនុស្សអ​ន្តរ​ជាតិ (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ​ដោយ​អំពាវនាវ​​ឱ្យប្រទេសជាសមាជិកសហភាពអឺរ៉ុប​ថ្កោលទោស​​​រដ្ឋាភិបាល​​កម្ពុជានៅក្នុងកិច្ចប្រជុំនេះ ចំពោះ​អ្វីដែលអង្គការនេះថា ​​កម្ពុជា​​​បានរំលោភ​​សិទ្ធិម​នុស្ស​និង​រំលាយ​គណបក្សប្រឆាំង ហើយ​គ្រោងរៀបចំការបោះឆ្នោតមួយដែល​មិនមានគណបក្សប្រឆាំងចូលរួម។

បើតាមអង្គការ​សិទ្ធិមនុស្សអន្តរជាតិនេះ​ សហភាព​អឺរ៉ុបមិនគួរ​លើកយក​តែ​បញ្ហា​វិបត្តិ​នៅ​​ភូមា​​​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ​គួរ​ផ្ដោតលើ​បញ្ហា​រំលោភសិទ្ធិមនុស្ស​ជាប្រព័ន្ធដែល​កំពុង​កើតមានឡើង​នៅ​គ្រប់ទីកន្លែង​ទាំងអស់ រួមទាំងនៅ​កម្ពុជាផងដែរ។

តាមរយៈ​សេចក្ដីថ្លែងការណ៍កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ម្សិលមិញ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ​(Human​ Rights​ Watch)​​ បានលើកឡើងថា៖ «សហភាព​អឺរ៉ុប និង​រដ្ឋជាសមាជិក គួរលើក​យក​បញ្ហា​សិទ្ធិមនុស្សនិង​លទ្ធិប្រជាធិបតេយ្យ​ធ្វើជា​របៀបវារៈ​ស្នូល​នៅក្នុង​កិច្ចសន្ទនា​រវាង​សហភាពអឺរ៉ុប និង​តំបន់​អាស៊ីអាគ្នេយ៍ ដែលកម្ពុជា​ខ្លួនឯង​ធ្វើ​ជាម្ចាស់​ផ្ទះ»

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក​ស្រី ចក់ សុភាព គាំទ្រចំពោះការអំពាវនាវរបស់​អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ។ ប៉ុន្តែលោកស្រីថា ការប្តេជ្ញាចិត្តក្នុងការលើកស្ទួយ​សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ គួរត្រូវបានធ្វើឡើងគ្រប់ពេលវេលា មិនមែនតែក្នុង​ពេល​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឬ​កិច្ចប្រជុំអាស៊ាន​នោះទេ។

លោកស្រីថ្លែងថា៖ «ក្នុងកាលៈទេសៈនេះ និងអាស្រ័យលើស្ថានភាពសិទ្ធិមនុស្សនៅតែប្រឈម អ៊ីចឹងខ្ញុំជឿជាក់ថា សមាជិកនៃរដ្ឋមួយចំនួនដែលគាត់ប្រកាន់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងការធានាដល់ការគោរពសិទ្ធិមនុស្សជាស្នូលនេះ គេនឹងអាចបង្ហាញនូវចំណាប់អារម្មណ៍របស់ពួកគេ។ ហើយបើទោះបីជារបៀបវារៈផ្ដោតទៅលើសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែយើងដឹងហើយ ទំនាក់ទំនងពាណិជ្ជកម្មសេដ្ឋកិច្ចរវាងប្រទេសនិងប្រទេស និងតួយ៉ាងដូចជាពហុភាគីអីជាដើមហ្នឹង គឺគេមានការធានានូវគោលការណ៍នីតិរដ្ឋ មានការប្រកាន់នូវការគោរពសិទ្ធិមនុស្សជាស្នូលផងដែរ»។

សហភាពអឺរ៉ុប កាលពីខែសីហា ឆ្នាំ២០២០ បានសម្រេចកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ២០% ពីកម្ពុជា បន្ទាប់ពីកម្ពុជាបានរំលាយគណបក្សសង្គ្រោះជាតិ និងការចោទប្រកាន់ប្រធានអតីតគណបក្សប្រឆាំង លោក កឹម សុខា ជាដើម៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment