ជនជាតិដើមភាគតិច ចោទអាជ្ញាធរ​មូលដ្ឋាននៅ​ខេត្តមណ្ឌលគិរីថាគប់គិតគ្នាធ្វើបណ្ណកម្មសិទ្ធិលើដីព្រៃពួកគេ

បញ្ហា​វិវាទដីធ្លីព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ២៥ វិច្ឆិកា ២០២១ | ម៉ោង ២១:០០
VOD

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ជនជាតិដើមភាគតិចពូនងប្រមាណជាង៣០នាក់ ប្រមូលផ្ដុំគ្នាតវ៉ាលើដីកំពុងមានជម្លោះ នៅចំណុចភ្នំពឺងអូររ៉ាតូង ស្ថិតក្នុងភូមិពូត្រែង ឃុំដាក់ដាំ ដោយចោទអាជ្ញាធរថា បានគប់គិតគ្នាធ្វើបណ្ណកម្មសិទ្ធិលើដីពួកគេទៅឱ្យឧកញ៉ាឈ្មោះ ម៉ម វណ្ណឌី។

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ជនជាតិដើមភាគតិចពូនងប្រមាណជាង៣០នាក់ ប្រមូលផ្ដុំគ្នាតវ៉ាលើដីកំពុងមានជម្លោះ នៅចំណុចភ្នំពឺងអូររ៉ាតូង ស្ថិតក្នុងភូមិពូត្រែង ឃុំដាក់ដាំ ដោយចោទអាជ្ញាធរថា បានគប់គិតគ្នាធ្វើបណ្ណកម្មសិទ្ធិលើដីពួកគេទៅឱ្យឧកញ៉ាឈ្មោះ ម៉ម វណ្ណឌី។ (ផ្ដល់ឱ្យ)


ជនជាតិដើមភាគតិចជាច្រើនគ្រួសា​រ​ នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចោទអាជ្ញាធរមូលដ្ឋានក្នុង​​ខេត្ត​នេះ​ថា គប់​គិត​គ្នា​ធ្វើបណ្ណកម្មសិទ្ធិលើដីព្រៃបម្រុងរបស់ពួកគេ​ ហើយ​​លក់ទៅឱ្យអ្នកផ្សេង។

ជនជាតិដើមភាគតិចពូនងប្រមាណជាង៣០នាក់ ដែល​អះអាង​ថាតំណាងឱ្យជិត៦០គ្រួសារ​ នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ បានប្រមូលផ្ដុំគ្នាតវ៉ាលើដីកំពុង​មានជម្លោះ នៅចំណុចភ្នំពឺង​អូររ៉ា​តូង ស្ថិតក្នុងភូមិពូត្រែង ឃុំដាក់​ដាំ ដោយចោទអាជ្ញាធរ​ថា បានគប់គិតគ្នាធ្វើបណ្ណកម្មសិទ្ធិលើដីពួកគេ និងទាមទារឱ្យអាជ្ញាធរផ្ដល់ដីនោះមកឱ្យពួកគេវិញ។

លោក ស្វាយ ភេន ដែលអះអាងថាជាជនជាតិដើមភាគតិចពូនង និងជាតំណាងពលរដ្ឋ បានប្រាប់ វីអូឌី ថាកាលពី​ខែឧសភា ឆ្នាំ២០២១​នេះ អាជ្ញាធរខេត្ត​មណ្ឌលគិរីបាន​គប់គិតគ្នាលួចធ្វើបណ្ណកម្មសិទ្ធិលើដីទំហំជាង៨០ហិកតារបស់ជនជាតិដើមភាគតិចពូនង លក់ទៅឱ្យឧកញ៉ា ម៉ម វណ្ណឌី។

តំណាង​ពលរដ្ឋរូបនេះឱ្យដឹងថា ដីដែលអាជ្ញាធរលួចធ្វើបណ្ណកម្មសិទ្ធិនោះជាដីព្រៃសម្រាប់កប់សព ដីព្រៃអារក្ស​អ្នក​តា និង​ដីព្រៃបម្រុង​ទុក​សម្រាប់​ប្រើប្រាស់​ផ្សេងៗ ដែល​មាន​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិចប្រមាណ៦០​គ្រួសារ​​អាស្រ័យ​ផល។

លោកបន្ថែមថា៖ «ដីពួកខ្ញុំនៅកណ្ដាលព្រៃ ហេតុអីបានជាមានប្លង់រឹងអ៊ីចឹង?​ ហើយទំនាស់របស់​ពួក​យើងនេះ ​គឺ​ជាមួយ​ឧកញ៉ា ម៉ម វណ្ណឌី និងអភិបាលស្រុកអូររាំង លោក សៀក មុន្នី ដែលគាត់បានចេញប្លង់រឹង​នៅកណ្ដាល​ព្រៃ។ អ៊ីចឹង​ពួកខ្ញុំកើតទុក្ខ​មិនសុខចិត្ត បាន​នាំគ្នាតវ៉ា ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយ»

សមាជិកជនជាតិដើមភាគតិចពូនងម្នាក់ទៀត លោក ប្លែ រ៉ាច់ និយាយ​ថា ​ដី​ព្រៃឈើនេះ គ្មានជនជាតិដើមណាម្នាក់បានលក់ដូរទៅឱ្យបុគ្គលណាម្នាក់ឡើយ។ លោក​បន្តថា ប្រសិន​ដី​ព្រៃនេះត្រូវបាត់បង់ នឹងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់​ពួក​គាត់និង​កូន​ចៅជំនាន់​ក្រោយ ខណៈនោះជនជាតិដើមភាគតិចបានអាស្រ័យផលនិងកាន់កាប់ជាបន្តបន្ទាប់តាំងពីដូនតា​មក​។

លោកបន្ថែមថា៖ «យើងបាត់បង់ព្រៃកន្លែងចាស់ទុំ​យើង​បានសែនព្រៀនតាំងពីមុនៗ​មក​ បាត់បង់ដីខ្មោច ដី​តំណម យើងគ្មានដីសម្រាប់ធ្វើចម្ការវិលជុំទៀត ហើយកូនចៅយើងជំនាន់ក្រោយគ្មានដីធ្លីសម្រាប់នៅ។ គេមកក្រោយ មិនដឹងអីផង គេអាចធ្វើប្លង់បាន អ៊ីចឹង​បានយើងទាមទារ​យក​ដី​យើង​ម​ក​វិញ​ហ្នឹង»

អភិបាលស្រុកអូររាំង លោក សៀក មុន្នី បានច្រានចោល​ការ​ចោទប្រកាន់ពីសំណាក់​ពលរដ្ឋ ដោយ​លោក​​មាន​​ប្រសាសន៍​ថា លោកមិ​នជាប់ពាក់ព័ន្ធជាមួយនឹងការចេញបណ្ណកម្មសិទ្ធិដីធ្លីឱ្យទៅឧកញ៉ា ម៉ម វណ្ណឌី នោះទេ​។ ប៉ុន្តែយ៉ាងណា លោកថា ដីដែលឧកញ៉ាស្នើសុំធ្វើបណ្ណកម្មសិទ្ធិ អាចជាដីដែលឧកញ៉ារូបនោះបានទទួលទិញពីប្រជាពលរដ្ឋ តាំងពីមុនលោកចូលកាន់តំណែង​ជាអភិបាលស្រុកម្ល៉េះ។

លោកបន្ថែមថា៖ «ធាតុពិត រឿងហ្នឹង ខ្ញុំអត់ដឹងផង! រឿងប្លង់ហ្នឹង បែបគេធ្វើតាំងពីមុនខ្ញុំកាន់​ជា​អភិបាលស្រុក​ម្ល៉េះ។ មិនមែនជាជំនាន់ខ្ញុំនេះទេ។ គាត់ចេះតែចោទទៅ ប្រជាពលរដ្ឋពិបាកណាស់ពេលខ្លះ គាត់វក់វីៗមួយរយៈចុងក្រោយនេះ។ តែដែលឧកញ៉ាបានប្លង់នោះ​ ជាដីដែលគាត់ទិញជាធម្មតា​ពីប្រជាពលរដ្ឋហើ​យ ទើបគាត់មានសិទ្ធិទៅធ្វើបណ្ណកាន់កាប់បាន»

កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់​​ និង​សុរិយោដីខេត្ត​មណ្ឌលគិរី លោក ម៉ៅ ចំរើន បាន​ចេញ​វិញ្ញាប​នបត្រសម្គាល់ម្ចាស់អចលនវត្ថុលើដីទំហំ៨០៤ ៥៣២ម៉ែត្រ​ការ៉េ ស្ថិតនៅភូមិពូត្រែង ឃុំដាក់​ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ទៅឱ្យបុគ្គល​ឈ្មោះ ម៉ម វណ្ណឌី ជាប្តី និង​ឈ្មោះ ទៀង ផល្លា ជាប្រពន្ធ។

វីអូឌី មិនអាចសុំការបញ្ជាក់​ពី​លោក ម៉ៅ ចំរើន និងលោក ម៉ម វណ្ណឌី បានទេ ពាក់ព័ន្ធករណីនេះ។

អ្នកប្រឹក្សាយោបល់បណ្ដាញជនជាតិដើមភាគតិច​នៅខេត្តមណ្ឌលគិរី លោក គ្រឿង តុលា មាន​ប្រសាសន៍កាលពីថ្ងៃទី២៣ ខែវិច្ឆិ​កា​​នេះ​ថា នៅខេត្តមណ្ឌលគិរី មានរឿងអាជ្ញាធរគប់គិតគ្នា​លួច​ធ្វើ​បណ្ណ​កម្ម​សិទ្ធិរំលោភ​យក​ដី​ធ្លី​ជន​ជាតិ​ដើម​ភាគតិចជាច្រើនករណី ខណៈជនជាតិដើមភាគតិចមិនសូវមានចំណេះដឹង​ផ្នែកច្បាប់ និងការចុះបញ្ជីដីធ្លីរបស់ពួកគេនៅមានចំនួនតិចតួចនៅឡើយនោះ។

ករណីនេះ លោក​បាន​ស្នើដល់ក្រសួងស្ថាប័ន​​ពាក់ព័ន្ធ ជាពិសេសអាជ្ញាធរថ្នាក់ជាតិត្រូវចុះស្រាវ​ជ្រាវ​ចំពោះភាព​មិនប្រក្រតី​ទាំងអស់នេះ និងមានវិធានការចំពោះមន្ត្រីពាក់ព័ន្ធទៅតាមផ្លូវច្បាប់។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់អភិបាលខេត្តមណ្ឌលគិរីថ្មី កាលពីខែតុលា ឆ្នាំ២០២១ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បានទទួលស្គាល់ថា ពិតជាមាន​ការប្រើអំណាចរំលោភយកដីរបស់​ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរដ្ឋនៅខេត្តភាគឦសានមួយនេះប្រាកដមែន។

រដ្ឋមន្ត្រីរូបនេះបានបង្ហាញការសោក​ស្ដាយចំពោះមន្ដ្រីមួយចំនួនដែលលោកថា ​​បានប្រើអំណាចរបស់ខ្លួនទៅរំលោភយកដីធ្លីប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិរបស់រដ្ឋនៅខេត្តមណ្ឌលគិរី មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ ហើយលោកចាត់ទុកករណីនេះថាជាភាពលោភលន់របស់មន្ត្រីទាំងនោះ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment