តុលាការ​ខេត្ត​កោះកុង​ផ្អាក​សវនាការ​និង​បន្ត​ជម្រះក្ដី​ពេល​ក្រោយ​ ករណី​តំណាង​ពលរដ្ឋ​៩​នាក់មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា​ ហេង ហ៊ុយ

ដោយ សុជីវី
2021-11-25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តុលាការ​ខេត្ត​កោះកុង​ផ្អាក​សវនាការ​និង​បន្ត​ជម្រះក្ដី​ពេល​ក្រោយ​ ករណី​តំណាង​ពលរដ្ឋ​៩​នាក់មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា​ ហេង ហ៊ុយ

ប្រជាពលរដ្ឋ​រាប់សិប​នាក់​មក​ពី ៧ សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្តកោះកុង បានលើកគ្នា​មក​តវ៉ា​នៅមុខ​តុលាការ​ខេត្ត ខណៈតុលាការ​បាន​កោះហៅតំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ ៩​ នាក់ ​​ចូល​​​សវនាការ​កាល​ពី​​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ រូប៖ គេ​ផ្ដល់​ឱ្យ


តុលាការ​ខត្ត​កោះកុង​ សម្រេច​ផ្អាក​សវនាការ​ជំនុំជម្រះ​ក្ដី​ ចំពោះ​តំណាង​ប្រជាពលរដ្ឋ​ជម្លោះ​ដីធ្លី​ ៩ ​នាក់ ទាក់​ទង​នឹង​បណ្ដឹង​បរិហារ​កេរ្តិ៍​របស់​ឧកញ៉ា ហេង ហ៊ុយ និង​​ជាប់​ចោទ​ពីបទ​ញុះញង់​ ក្រោយ​ពី​ចៅក្រម​និង​តំណាង​អយ្យការ ​ប្រើ​ពេល​អស់​ជា​ច្រើន​ម៉ោង សាក​សួរ​បាន​​មនុស្ស​ ៧ ​នាក់​ ហើយ​នៅ​សល់ ​២ ​នាក់​ទៀត ត្រូវ​សួរ​នៅ​ពេល​ក្រោយ​ទៀត។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​តាម​រឿង​នេះ ស្នើ​សុំ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ក្រុម​ប្រជាពលរដ្ឋ​ ព្រោះ​ថា ​រឿង​រ៉ាវ​ទាំង​នេះ គឺ​ផ្ដើម​ចេញ​ពី​ជម្លោះ​ដីធ្លី​។

តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ ៩​ នាក់ ​នាំ​គ្នា​ចូល​រួម​សវនាការនៅ​សាលា​ដំបូង​ខេត្ត​កោះ​កុង កាល​ពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ម្សិលមិញ ទាក់ទង​នឹង​បណ្ដឹង​របស់​ឧកញ៉ា ហេង ហ៊ុយ ប្រធាន​ក្រុមហ៊ុន​ ហេង​ អភិវឌ្ឍន៍ ដែល​ចោទ​ពួកគាត់​ថា​ បរិហារ​កេរ្តិ៍​លោក​ជា​សាធារណៈ និង​ញុះញង់។ បណ្ដឹង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី ​អ្នក​ភូមិ​ឲ្យ​ចេញ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​។

តំណាង​ពលរដ្ឋ​ម្នាក់​ដែល​បាន​ឆ្លើយ​បំភ្លឺ​មុខ​តុលាការលោកស្រី ដេត ហួ ឲ្យ​ដឹង​ថា រាល់​ការ​សួរ​ពី​ចៅ​ក្រម​ជំនុំជម្រះ និង​តំណាង​អយ្យការ​អស់​រយៈពេល​ជាង ​៤ ​ម៉ោង​កន្លះ​នោះ សំនួរ​ភាគ​ច្រើន​ គឺ​ផ្ដោត​លើ​សកម្មភាព​របស់​ពួកគាត់​ ដែល​បាន​ដើរ​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី ​ពី​អាជ្ញាធរ​ខេត្ត​កោះកុង ក្រសួង​មហា​ផ្ទៃ​ ក្រសួង​ដែន​ដី ទាក់​ទង​នឹង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ ហេង ហ៊ុយ កាល​ពី​ពេល​កន្លង​មក។

លោកស្រី​បន្ត​ថា ចំពោះ​ការ​​ចោទប្រកាន់​ពួកគាត់​ពី​បទ​បរិហារ​កេរ្តិ៍​លោក​ ហេង​ ហ៊ុយ វិញ​នោះ គឺ​ជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​បាន​ទេ ព្រោះ​ថា ​បើ​គ្មាន​ក្រុមហ៊ុន​ ហេង ហ៊ុយ ចូល​ទៅ​រំលោភ​យក​ដីស្រែ​របស់​ពួកគាត់ ពួក​គាត់​ក៏​មិន​លើក​យក​ឈ្មោះ​លោក ហេង ហ៊ុយ​ ដាក់​ក្នុង​​ញត្តិ​ ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ពី​ក្រសួង​ពាក់ព័ន្ធ​នោះ​ដែរ។

លោក​ស្រី ចាត់​ទុក​សវនាការ​នេះ ថា​ជា​ដាក់​គំនាប​ និង​បំបាក់​ស្មារតី​ពលរដ្ឋ​ឲ្យ​ឈប់​ចេញ​តវ៉ា​រក​ដំណោះស្រាយ​រឿង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​តទៅទៀត​។ លោកស្រី​ស្នើ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​មក​លើ​តំណាង​ពលរដ្ឋ​ទាំង​អស់ ព្រោះ​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ​៖ «ខ្ញុំ​សូម​ឲ្យ​តុលាការ​កាត់​ក្ដី​ឲ្យ​យុត្តិធម៌។ ហើយ​ខ្ញុំ​សូម​ឲ្យ​តុលាការ​កាត់​ក្ដី​ជឿ​ជាក់​លើ​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​រស់​នៅ​លើ​ទឹក​ខ្លួន​ឯង​ ដូច​ជា​ភូមិ​តានី​ អ៊ីចឹង​!។ ប្រជាពលរដ្ឋ​យើង​អត់​មាន​បាន​គៀង​គរ​ដឹក​នាំ​ប្រជាពលរដ្ឋ​ណា មក​តវ៉ា​នោះ​ទេ។ ក្នុង​នាម​ខ្ញុំ​ សូម​សំណូមពរ​ឲ្យ​តុលាការ​ ព្រះរាជអាជ្ញា និង​ចៅក្រម​កុំ​ព្យាយាម​ចោទ​ប្រកាន់​មក​លើ​រូប​នាង​ខ្ញុំ​។ សូម​ឲ្យ​ជឿ​ពាក់​សម្ដី​នាង​ខ្ញុំ និង​ជឿ​ពាក្យ​សម្ដី​ប្រជាពលរដ្ឋ​ដែល​គាត់​កំពុង​តែ​បាត់​បង់​ដី​ពិត​ប្រាកដ»


ក្នុង​អំឡុង​ពេល​តុលាការ​ខេត្ត​កោះកុង​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី នៅ​ឯ​ខាង​មុខ​តុលាការ​នោះ​វិញ មាន​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ ដែល​មក​ពី​សហគមន៍​មាន​ជម្លោះ​​​ដី​ធ្លី​ចំនួន ​៧​ សហគមន៍ ​នាំ​គ្នា​ឈរ​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ចំពោះ​ពលរដ្ឋ​ទាំង ​៩ ​នាក់។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កោះកុងលោក វ៉ៃ ភីរម្យ និង​អ្នកនាំពាក្យ​តុលាការ​ខេត្ត​កោះកុង​លោក ស៊ូ សុវណ្ណារ៉ា បាន​ទេ​ នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា​ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ តែ​ពុំ​មាន​អ្នក​ទទួល​។

ទាក់​ទង​នឹង​រឿង​នេះ អ្នក​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង លោក ហ៊ួរ អ៊ីន មាន​ប្រសាសន៍​ថា រាល់​បណ្ដឹង​ចោទ​ប្រកាន់​លើ​តំណាង​ប្រជាពលរដ្ឋ​ឡើង​តុលាការ​នេះ គឺ​ផ្ដើម​ចេញ​ពី​ជម្លោះ​ដីធ្លី ដែល​ភាគី​ក្រុមហ៊ុន​ ហេង ហ៊ុយ គឺ​មិន​សប្បាយ​ចិត្ត​នឹង​សកម្មភាព​របស់​អ្នក​ភូមិ​ ដែល​​តែង​តែ​ចេញ​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ​ជា​ច្រើន​ឆ្នាំ​មក​នេះ​។ លោក​យល់​ថា​ តុលាការ​គួរ​ពិចារណា​និង​ពិនិត្យ​មើល​សំណុំ​រឿង​ប្រឆាំង​នឹង​ពលរដ្ឋ​នេះ​ឡើង​វិញ ដោយ​ឈរ​លើ​គោលការណ៍​យុត្តិធម៌ ដើម្បី​បញ្ចៀស​​កុំ​ឲ្យ​ការ​រិះគន់​ពី​សាធារណជន​៖ «ការ​ដាក់​ពាក្យ​បណ្ដឹង​នេះ គឺ​កើត​ចេញ​ពី​ការ​តវ៉ា​ទាមទារ​ដោះស្រាយ​រឿង​ដីធ្លី​។ វា​មិន​មែន​ជា​ករណី​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​អី​ទេ។ វា​បង្ហាញ​ពី​ការ​ប្រើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទាមទារ​ ក្នុង​ការ​តវ៉ា​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ។ បើ​កាល​ណា​ តុលាការ​មាន​ចំណាត់​ការ​ដាក់​ទោស​ទៅ​លើ​តំណាង​ពលរដ្ឋ​ទាំង​៩​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា​ តុលាការ​ស្ថិត​នៅ​ខាង​អ្នក​មាន​ អ្នក​មាន​អំណាច​ហើយ។ អ៊ីចឹងដើម្បី​កុំ​ឲ្យ​មាន​ការ​រិះគន់​ពី​មហាជន តុលាការ​គួរ​តែ​ទម្លាក់​ចោលការ​ចោទ​ប្រកាន់​ទៅ​លើ​ប្រជាពលរដ្ឋ​ទាំង​៩​នាក់​ហ្នឹង»។

កាល​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១៩ ក្រសួង​រៀបចំ​ដែន​ដី អះអាង​ថា ពលរដ្ឋ​១៩៧គ្រួសារ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​ដី​សម្បទាន​ដាំ​ដំណាំ​អំពៅ​ផលិត​ស្ករ​ស​នាំចេញ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កោះកុង​ទេ។ ក្រសួងក៏​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ក្រុម​ប្រជា​ពលរដ្ឋ​ជិត​២០០​រយ​គ្រួសារ ប្រសិន​បើ​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​ តវ៉ា​រក​ដំណោះ​ស្រាយ​នៅ​មុខ​ក្រសួង​ជា​ថ្មី​ទៀត​។

ទន្ទឹម​គ្នា​នោះ រដ្ឋបាល​ខេត្ត​កោះកុង ក៏​បាន​ចេញ​លិខិត​មួយ បដិសេធ​សំណើ​ពលរដ្ឋ​ដែល​សុំ​កាត់​ឆ្វៀល​ដី​ទំហំ ៤២១​ ហិកតា ចេញ​ពី​គម្រោង​របស់​ក្រុមហ៊ុន ហេង ហ៊ុយ អេ​ហ្គ្រី​ខាល់​ឈ័រ គ្រុប (Heng Huy Agriculture Group)​ ស្ថិត​នៅ​ក្នុង​ឃុំ​ជី​ខ​លើ​ ស្រុក​ស្រែ​អំបិល។ អាជ្ញាធរ​ខេត្ត​កោះកុង អះអាង​ថា ទី​តាំង​ដែល​ពលរដ្ឋ​ស្នើ​សុំ​កាត់​ឆ្វៀល​នោះ គឺ​ស្ថិត​លើ​ដី​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​រួច​ហើយ​ របស់​ក្រុមហ៊ុន ហេង ហ៊ុយ។ អាជ្ញាធរ​បញ្ជាក់​ថា ការ​ដោះស្រាយ​គឺ​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ។

រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន ​ហេង ហ៊ុយ​ អភិវឌ្ឍន៍ ជាង ​៤​ពាន់​ហិកតា ដើម្បី​វិនិយោគ​ដំណាំ​ស្ករ​អំពៅ​ កាល​ពី​ឆ្នាំ​២០០៧។ នៅ​ឆ្នាំ​២០១០ ពលរដ្ឋ​ចោទ ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ថា​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​លំនៅ​ប្រជាពលរដ្ឋ និង​គំរាម​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ណា​ដែល​ហ៊ាន​តវ៉ា​ចំពោះ​ការ​ឈូស​ឆាយ​វាទ​យក​ដី​របស់​ក្រុមហ៊ុន។

ពលរដ្ឋ​អះអាង​ថា ពួកគាត់​បាន​ចូល​កាន់​កាប់ និង​អាស្រ័យ​ផល​លើ​ដីធ្លី​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ ដោយ​មាន​ប័ណ្ណ​កាន់​កាប់​ដីធ្លី​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន។ ពលរដ្ឋ​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ​២ ​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ បាន​ឈប់​ដាំ​ដំណាំ​អំពៅ​ ចំណែក​រោងចក្រ​ផលិត​ចេញ​ស្ករ​ស​ ក៏​មិន​ឃើញ​មាន​សកម្មភាព​មមាញឹក​ទៀត​នោះ​ដែរ។

តំណាង​ពលរដ្ឋ​ទាំង​៩​នាក់ ស្នើ​សុំ​តុលាការ​ខេត្ត​កោះកុង​ទម្លាក់​ចោល​បទ​ប្រឆាំង​នឹង​ពួក​គាត់ និង​ស្នើ​សុំ​រដ្ឋាភិបាល​ដាក់​ចេញ​គោលនយោបាយ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​មួយ​នេះ ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ យុត្តិធម៌ និង​មនុស្សធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment