រដ្ឋសភា​ជ្រើសតាំង​លោក ជាម យៀប ជា​អនុប្រធាន​ទី​១ និង​​អនុម័ត​​ច្បាប់​​ថវិកា​​ជាតិ​​ឆ្នាំ២០២២

ដោយ សុជីវី
2021-11-25
RFA

រដ្ឋសភា​ជ្រើសតាំង​លោក ជាម យៀប ជា​អនុប្រធាន​ទី​១ និង​​អនុម័ត​​ច្បាប់​​ថវិកា​​ជាតិ​​ឆ្នាំ២០២២

លោក ជាម យៀប អង្គុយកៅអី​អនុប្រធាន​ទី១​នៃ​រដ្ឋសភា បន្ទាប់​ពី​រដ្ឋសភា​បាន​បោះឆ្នោត​ជ្រើសតាំង​កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ រូប៖ រដ្ឋសភាជាតិ។


រដ្ឋសភា​​គណបក្ស​ប្រជាជន​កម្ពុជា​បាន​​សម្រេច​​ជ្រើសតាំងលោក ជាម យៀប ជា​អនុប្រធាន​ទី១ នៃ​រដ្ឋសភា​ជា​ផ្លូវការ​ហើយ នៅ​ព្រឹក​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១​​នេះ។ លោក ជាម យៀប ដែល​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង ចូល​កាន់​តំណែង​នេះ​ជំនួស​លោក ងួន ញ៉ិល ដែល​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃទី ៥ ខែវិច្ឆិកា​កន្លង​ទៅ។

ជាមួយ​គ្នា​នេះ រដ្ឋសភា​ឯក​បក្ស​បាន​ជ្រើសតាំង​លោក ឈាង វុន ឱ្យ​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា ជំនួស​លោក ជាម យៀប។ រីឯ​តំណែង​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​វិញ រដ្ឋសភា​បាន​ជ្រើសតាំង​លោក សួស យ៉ារ៉ា ឱ្យ​ធ្វើ​ជា​ប្រធាន​ជំនួស​លោក ឈាង វុន។

ក្រៅពី​ការ​ប្ដូរ​ផ្លាស់​តួនាទី​គ្នា​នេះ​របស់​សមាជិក​សភា​គណបក្ស​កាន់អំណាច​នេះ​ហើយ រដ្ឋសភា​ដដែល​បាន​សម្រេច​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២២ ឬ​ហៅ​ដោយ​ខ្លី​ថា ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០២២។

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែង​ថា លោក​មិន​ចាំ​គម្រោង​ចំណូល និង​ចំណាយ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០២២ នោះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា មិន​មាន​អ្វី​កែប្រែ​លើ​ខ្លឹមសារ​ដែល​រដ្ឋាភិបាល​បាន​បញ្ជូន​មក​នោះ​ឡើយ។

រដ្ឋាភិបាល​លោក ហ៊ុន សែន គ្រោង​ចំណាយ​ថវិកា​ជាតិ​ប្រមាណ ៨ពាន់ ៥រយ​លាន​ដុល្លារ (៨.៥ ពាន់លានដុល្លារ) ខណៈ​ចំណូល​ដែល​គ្រោង​ប្រមូល​បាន​មាន​ជាង ៦ពាន់ ៣រយ​លាន​ដុល្លារ (៦.៣ ពាន់លានដុល្លារ) សម្រាប់​ឆ្នាំ ២០២២។ ដើម្បី​បង្គ្រប់​ការ​ចំណាយ រដ្ឋាភិបាល​គ្រោង​ខ្ចី​ប្រាក់​បន្ថែម​ទៀត​ពី​ដៃគូ​អភិវឌ្ឍន៍​ជាង ២ពាន់ ២រយ​លាន​ដុល្លារ (២.២៦ ពាន់លានដុល្លារ) និង​បោះផ្សាយ​លក់​មូលបត្រ​រដ្ឋ​ជា​លើក​ដំបូង​ចំនួន ៣រយ​លាន(៣០០) ដុល្លារ។ នេះ​បើ​តាម​សេចក្ដីព្រាង​ច្បាប់​ដែល​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​កាល​ពី​ថ្ងៃទី ២២តុលា កន្លង​ទៅ មុន​ពេល​បញ្ជូន​មក​រដ្ឋសភា។

អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល ប្រើប្រាស់​ថវិកា​ជាតិ​នេះ​ឱ្យ​ចំ​ទិសដៅ មាន​ប្រសិទ្ធភាព និង​ចៀស​ផុត​ពី​អំពើ​ពុករលួយ ព្រោះ​ថវិកា​នេះ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​ស្ដារ​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា ដែល​ប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment