លីកាដូ៖ ការបៀតបៀន​តាម​ប្រព័ន្ធ​អនឡាញ​កំពុង​រុញច្រាន​មនុស្ស​ឱ្យ​ឈប់​ប្រើប្រាស់​បណ្ដាញសង្គម

ព័ត៌មានជាតិសិទ្ធិមនុស្សសេរីភាពបញ្ចេញមតិ
កញ្ញា ប៉ា សុខេង | ២៥ វិច្ឆិកា ២០២១ | ម៉ោង ១៦:២៦
VOD

(រូបតំណាង) នារីម្នាក់យកដៃទាំងសងខាងតោងចម្រឹងបង្អួច។ (ហ៊ុយ ឧស្សាហ៍)

(រូបតំណាង) នារីម្នាក់យកដៃទាំងសងខាងតោងចម្រឹងបង្អួច។ (ហ៊ុយ ឧស្សាហ៍)


អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ បានរកឃើញថា ការបៀតបៀនតាមប្រព័ន្ធអនឡាញជាផ្នែកមួយដ៏សំខាន់កំពុងជំរុញឱ្យមនុស្សជាច្រើនឈប់ទាំងស្រុងឬឈប់ដោយផ្នែកក្នុងការប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជាបន្តទៀត។

ការរកឃើញរបស់លីកាដូនេះ ធ្វើឡើងតាមរយៈការចេញផ្សាយជាសាធារណៈនូវរបាយការណ៍ថ្មីមួយរបស់ខ្លួនស្ដីពី «បច្ចុប្បន្នភាពស្ថានភាព៖ ការបៀតបៀនតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនៅកម្ពុជា»នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ។

លីកាដូ បានឱ្យនិយមន័យ «​ការបៀតបៀនតាមប្រព័ន្ធអនឡាញ» ថាជាសកម្មភាពទាំងឡាយដែលស្ដែងចេញ ឬនាំឱ្យមានការប៉ះពាល់ឬរងគ្រោះផ្នែ​ក​រូបរាងកាយ ផ្លូវចិត្ត ផ្លូវភេទ និងផ្នែកសង្គម ដែលត្រូវបានប្រព្រឹត្តដោយការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ដូចជា ប្រព័ន្ធផ្សព្វផ្សាយសង្គម ទូរសព្ទចល័តនិងទូរសព្ទឆ្លាតវៃ ឬការប្រើប្រាស់អ៊ីនធឺណិតបែបទូលំទូលាយផ្សេងទៀត។ 

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។
បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ (ហេង វិចិត្រ​)

របាយការណ៍ដែលមានកម្រាស់៥៣ទំព័រនេះ លីកាដូ អះអាងថា ក្រុមហ៊ុនហ្វេសប៊ុក រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមផ្សេងទៀត មិនអាចការពារអ្នកប្រើប្រាស់បានគ្រប់គ្រាន់ ហើយថែមទាំងរួមចំណែកធ្វើឱ្យមានការរំលោភបំពានសិទ្ធិមនុស្សលើប្រព័ន្ធអ៊ីនធឺណិតថែមទៀតផង។

របាយការណ៍ដដែលបន្តថា អាជ្ញាធររដ្ឋមួយចំនួនក៏ជាអ្នកប្រព្រឹត្តសកម្មភាពរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិតលើអ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជាផងដែរ ដោយភាគច្រើនតែងតែគំរាមកំហែង ចាប់និងឃុំខ្លួនសកម្មជនសិទ្ធិមនុស្សនិងអ្នកប្រើប្រាស់បណ្ដាញសង្គម ​គ្រាន់តែអ្នកទាំងនោះបញ្ចេញមតិរបស់ពួកគេលើបណ្ដាញសង្គមប៉ុណ្ណោះ។

ជាមួយគ្នានេះ លីកាដូ រកឃើញថា ការបៀតបៀតនតាមប្រព័ន្ធអនឡាញទាំងនោះកំពុងជំរុញឱ្យមនុស្សជាច្រើនឈប់ប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជាថែមទៀតផង។

របាយការណ៍​បញ្ជាក់​ថា៖ «៣៦% នៃអ្នកចូលរួមស្ទង់មតិ ដែលធ្លាប់ជួបបទពិសោធន៍នៃការបៀតបៀនតាមប្រព័ន្ធអនឡាញ បានកាត់បន្ថយការប្រើប្រាស់បណ្ដាញផ្សព្វផ្សាយសង្គម ឈប់ប្រើប្រាស់ទាំងស្រុង ឬលុបចោលគណនីរបស់ពួកគេ ក្រោយពីត្រូវបានធ្វើទុក្ខបុកម្នេញ ដោយក្នុងនោះ ស្ត្រីទំនងមានអត្រាឈប់ប្រើប្រាស់ច្រើនជាងបុរស។ ជាពិសេស យុវជនទំនងដកខ្លួនពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសារការបៀតបៀនតាមប្រព័ន្ធអនឡាញ។ ក្នុងចំណោមយុវជនចូលរួមស្ទង់មតិដែលរងបៀតបៀនតាមប្រព័ន្ធអនឡាញ ៥៣%នៃពួកគេបានរាយការណ៍ថាបានកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម»។

របាយការណ៍លីកាដូនេះបានស្ទង់មតិទៅលើពលរដ្ឋជាង៧០០​​នាក់ ហើយជាងមួយភាគបី (៣៨%) នៃអ្នកចូលរួមស្ទង់មតិ ធ្លាប់ទទួលការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត ជាពិសេសក្រុមអ្នកស្រឡាញ់ភេទដូចគ្នា យុវជន និងសកម្មជនសិទ្ធិមនុស្ស ជាក្រុមមនុស្សដែលទទួលការរំលោភបំពានខ្លាំងជាងគេ។ លើសពីនេះ ២០% នៃស្ត្រីដែលបានចូលរួមស្ទង់មតិ បាននិយាយថា អ្នកទាំងនោះធ្លាប់ទទួលរងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត។

របាយការណ៍ដដែលនេះត្រូវបានចេញផ្សាយនៅថ្ងៃទីមួយនៃ «យុទ្ធនាការ១៦ថ្ងៃនៃការបញ្ឈប់អំពើហិង្សាផ្អែកលើនិន្នាការភេទ» ដោយបង្ហាញថា ស្ត្រីតែងតែជាគោលដៅនៃអំពើរំលោភបំពាននិងរើសអើងដោយផ្អែកនិន្នាការភេទតាមប្រព័ន្ធអ៊ីនធឺណិត ហើយជាលទ្ធផល ភាគច្រើនតែងតែបង្ខំចិត្តនៅស្ងាត់ស្ងៀម។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស លោក អំ សំអាត បានលើកឡើងក្នុងរបាយការណ៍នោះថា បណ្ដាញទំនាក់ទំនងសង្គមគួរតែជាកន្លែងដែលមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នាក្នុងការបញ្ចេញគំនិត ទទួលបានព័ត៌មាន និងភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នា។ លោកបន្តថា ការបៀតបៀនតាមអនឡាញអាចធ្វើឱ្យប៉ះពាល់ដល់សង្គមនិងសិទ្ធិរបស់ពលរដ្ឋ ខណៈពួកគាត់​ភាគច្រើនបានប្រើប្រាស់បណ្ដាញសង្គម ដើម្បីសន្ទនា ប្រជុំ បញ្ចេញមតិ ជាដើម។

លោកថា បើមានការបៀតបៀនតាមរយៈអនឡាញនេះ នឹងធ្វើឱ្យពលរដ្ឋមានការភ័យខ្លាច មិនហ៊ានប្រើប្រាស់បណ្ដាញសង្គមបន្តទៀត ធ្វើឱ្យខាតបង់ដល់សង្គមនិងសិទ្ធិនៃការបញ្ចេញមតិរបស់ពលរដ្ឋ។

លោក អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដូ ថ្លែង​ក្នុង​វេ​ទិ​ការ​សិទ្ធិមនុស្ស ក្នុង​ថ្ងៃខួប​ទី៧២នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។
លោក អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដូ ថ្លែង​ក្នុង​វេ​ទិ​ការ​សិទ្ធិមនុស្ស ក្នុង​ថ្ងៃខួប​ទី៧២នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

លោក អំ សំអាត បន្ថែមថា៖ «បើយើងនិយាយអំពីការបញ្ចេញមតិរបស់ពលរដ្ឋតាមប្រព័ន្ធសារព័ត៌មាន វាមានតិចណាស់ ដែលហៅថា សារព័ត៌មានឯករាជ្យ ដែលពលរដ្ឋជឿទុកចិត្តក្នុងការបញ្ចេញមតិ ឬអាចប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញគំនិតរបស់ខ្លួនបាន។ អ៊ីចឹងប្រសិនបើពួកគាត់ឈប់ប្រើប្រព័ន្ធអនឡាញបណ្ដាញសង្គមទៀត អាហ្នឹងវាជារឿងមួយធ្ងន់ធ្ងរសម្រាប់សេរីភាពក្នុងការបញ្ចេញមតិ ក៏ដូចជាការចូលរួមក្នុងការកែលម្អនិងការអភិវឌ្ឍនៅសង្គមយើង»។

របាយការណ៍លីកាដូ និយាយទៀតថា ពលរដ្ឋ​ដែល​ធ្លាប់​ទទួលរង​កា​រំលោភបំពាន​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ ​បាន​លើកឡើង​ពី​ផល​​អវិជ្ជមាន​ជាច្រើន​ ​ដូចជា ​ការ​បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ ​មាន​បញ្ហា​ជាច្រើន​ជាមួយ​មិត្តភក្តិ​ឬ​សហគមន៍​ ​អំពើ​ហិង្សា​រូបរាងកាយ​ ​ការ​មានគំនិត​ចង់​សម្លាប់​ខ្លួន​ ​និង​ផលវិបាក​ផ្សេងៗ​ទៀត​។​ ​លើសពីនេះ ជាង​មួយ​ភាគ​ប្រាំ​នៃ​ពលរដ្ឋ​ដែល​ធ្លាប់​ទទួលរង​ការ​រំលោភបំពាន​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ ​មាន​អារម្មណ៍​ភ័យខ្លាច​អំពី​សុវត្ថិភាព​រូបរាងកាយ​របស់​ខ្លួន​ ​ឬ​សុវត្ថិភាព​អ្នក​ដែល​ស្និទ្ធ​នឹង​ខ្លួនជាដើម​។​

យុវជនមួយរូបថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព ធ្លាប់បានសរសេរ​រិះគន់ពីប្រតិបត្តិការពន្លត់អគ្គិភ័យក្នុងខមិន (comment) អំឡុងពេលទស្សនាការផ្សាយផ្ទាល់របស់សារព័ត៌មានមួយ។ លោកថា នៅថ្ងៃជាមួយគ្នានោះ លោកត្រូវបានជនមិនស្គាល់អត្តសញ្ញាណទូរសព្ទមកដោយអះអាងថាជាសមត្ថកិច្ច ហើយសួររកទីតាំងដែលលោកស្នាក់នៅ។

លោកបន្តថា ២ថ្ងៃក្រោយមក ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះឈ្មោះគណនីហ្វេសប៊ុករបស់លោកជាសាធារណៈ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចបានហៅលោកឱ្យចូលខ្លួនទៅបំភ្លឺជុំវិញការបញ្ចេញមតិរបស់លោក ក្នុងនោះ សមត្ថកិច្ចបញ្ជាក់ថា បើមិនចូលខ្លួន នឹងអនុវត្តទៅតាមច្បាប់។

កាលនោះ លោកប្រាប់ វីអូឌី យ៉ាងដូច្នេះថា៖ «ពេលដែលគេផុស [គណនីខ្ញុំជាសាធារណៈ] ខ្ញុំក៏ឆ្ងល់ដែរ នេះជាមតិរបស់មហាជនទូទៅ មានសិទ្ធិបញ្ចេញមតិ ឬក៏ការរិះគន់ដើម្បីស្ថាបនាអីផ្សេងៗអ៊ីចឹង។ អ៊ីចឹងខ្ញុំឆ្ងល់ដែរ ហេតុអីគាត់យកជាគណនីនិងរូបរបស់ខ្ញុំផ្ទាល់ផុសលើបណ្ដាញសង្គមជាសាធារណៈ? ខ្ញុំក៏មានចម្ងល់ហ្នឹងដែរ ប៉ុន្តែម៉្យាងទៀត ដោយយើងខ្លាចប៉ះពាល់ដល់កិត្តិយសយើង ណាមួយនិយាយត្រង់ទៅវារាងភ័យដែរអ៊ីចឹង យើងអត់ដឹងថាវាធ្ងន់ធ្ងរខ្លាំងប៉ុនណាចំពោះការិយាល័យរបស់គេហ្នឹង»។

ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ លោក ជា ពៅ អះអាងប្រាប់ វីអូឌី នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា​ ថាការចាប់ខ្លួនឬកោះហៅបុគ្គលណាម្នាក់ លុះត្រាតែបុគ្គលនោះបានប្រព្រឹត្តខុសច្បាប់។ ដោយឡែក ចំពោះអ្នកដែលបញ្ចេញមតិដើម្បីជាប្រយោជន៍រួមដល់សង្គមជាតិ ដោយមិនរំលោភច្បាប់នោះ ​លោកថា ​ពុំមានការចាប់ខ្លួននោះទេ។

លោក ជា ពៅ ថ្លែង​ថា៖ «ក្រែងលោខាងណាផ្សេងអី ខ្ញុំអត់ មិនដឹងទេ! សមត្ថកិច្ចខ្ញុំអត់ដែលទេ! ធាតុពិត ខ្ញុំអត់ដែលប្រតិបត្តិការទៅចាប់អ្នកទាំងអស់ដែលនិយាយដើម្បីអភិវឌ្ឍន៍ទេ លើកលែងតែអ្នកទាំងអស់ហ្នឹងគឺគាត់និយាយខុសច្បាប់។ តែនិយាយខុសច្បាប់ អាហ្នឹង​គឺច្បាប់ចែងមក គេអនុវត្តច្បាប់ តែគឺយើងអត់ដែលទៅចាប់អ្នកដែលគេនិយាយត្រូវច្បាប់ទេ»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងកាលពីរសៀលថ្ងៃពុធ​ថា នៅកម្ពុជាមិនមាន​នរណា​ដែល​ត្រូវបានទទួលទោសឬជាប់ពន្ធនាគារដោយសារការអនុវត្តសិទ្ធិសេរីភាព​នៃការបញ្ចេញ​មតិតាម​ផ្លូវ​ច្បាប់នោះទេ។ លោកថា មានតែអ្នកជាប់ពន្ធនាគារ និងរងបទចោទប្រកាន់ពាក់ព័ន្ធការសម្ដែងមតិដោយបំពានច្បាប់ រំលោភបំពានសិទ្ធិសេរីភាពអ្នកដទៃ ប៉ះពាល់ដល់សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈតែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកកាសែត នៅសាលាយុត្តិធម៌ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកកាសែត នៅសាលាយុត្តិធម៌ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហេង វិចិត្រ)

លោកគូសបញ្ជាក់​ថា៖ «ការអនុវត្តច្បាប់ទៅលើអ្នកសម្ដែងមតិដែលបំពានច្បាប់ ប៉ះពាល់ទៅដល់សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសិទ្ធិសេរីភាពរបស់អ្នកដទៃហ្នឹង គឺមិនមែនជាការធ្វើទុក្ខបុកម្នេញដល់ការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទេ ពីព្រោះសកម្មភាពទាំងនោះគឺជាបទល្មើស មិនមែនជាការអនុវត្តសិទ្ធិសេរីភាពតាមផ្លូវច្បាប់នោះទេ»។

យ៉ាងណា ​លីកាដូផ្ដល់អនុសាសន៍ជាច្រើនក្នុងរបាយការណ៍របស់ខ្លួន ដោយជំរុញអាជ្ញាធរកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ព្រមទាំងដោះលែងឱ្យបានឆាប់រហ័សនិងដោយគ្មានលក្ខខណ្ឌនូវសកម្មជននិងអ្នកផ្សេងទៀតដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ដោយសារតែពួកគេប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិលើបណ្ដាញសង្គម។

លើសពីនេះ បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើស្រ្តីភេទ ដោយសារតែជម្រើស សម្លៀកបំពាក់ ឬការសម្ដែងមតិរបស់ពួកគេលើប្រព័ន្ធអនឡាញ ព្រមទាំងបញ្ឈប់ការតាមដានលើសលុបនិងគ្មានតម្លាភាពជាដើម។

បើតាមលីកាដូ ច្បាប់មួយចំនួនដែលទើប​អនុម័តបានផ្ដល់អំណាចដល់អាជ្ញាធររដ្ឋកាន់តែខ្លាំង ក្នុងការត្រួតពិនិត្យចាប់ពិរុទ្ធ និងរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត ។

ស្ថាប័នមួយនេះស្នើរដ្ឋាភិបាលនិរាករណ៍ ឬធ្វើវិសោធនកម្មមាត្រាច្បាប់មួយចំនួនដែលមានលក្ខណៈទូលំទូលាយនិងស្រពេចស្រពិល ព្រមទាំងទាមទារ​​អនុវត្តក្រមព្រហ្មទណ្ឌឱ្យស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ជាពិសេសមាត្រាពាក់ព័ន្ធ​បទបរិហារកេរ្តិ៍ ​បទជេរប្រមាថជាសាធារណៈ បទប្រមាថចំពោះអង្គព្រះមហាក្សត្រ បទរួមគំនិតក្បត់ និងបទញុះញង់ ជាដើម៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment