វិភាគ៖ តើ​សារព្រមាន​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​នឹង​ជះ​ឥទ្ធិពល​ដល់​ការបោះឆ្នោត​ឬទេ?

បទវិភាគ
លោក ញឹម សុខន | ២៥ វិច្ឆិកា ២០២១ |ម៉ោង ០៩:៤៩
VOD

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅខេត្តកំពង់ចាម ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅខេត្តកំពង់ចាម ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)


មេដឹកនាំបក្សកាន់អំ​ណា​​ច នៅសប្ដាហ៍នេះ បានផ្ញើសារបែបគំរាម​ជាថ្មីទៀតសំដៅដ​ល់ការទប់ស្កាត់​កា​រ​​​វិល​ត្រលប់​មក​ប្រឡូក​ក្នុង​ឆាកនយោបាយវិញរ​បស់អ្នកនយោបាយ​ជំទាស់​មួយ​ក្រុម ស្រ​​បពេលប្រទេស​​លោកសេ​រីបន្តជំរុញឱ្យបើកលំហប្រជាធិបតេយ្យឡើងវិញមុនការបោះឆ្នោតមកដល់។

ក្នុង ពិធី​សម្ពោធស្ពានមួយនៅខេត្តកំពង់ចាម នៅថ្ងៃអង្គារ​​ម្សិលមិញ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងថា៖ «អ៊ីចឹងបាន​លើក​នេះ​អត់​ទេ សូមបញ្ជាក់ជូនឱ្យហើយ តម្លៃណាក៏ដោយ ហ៊ុន សែន មិនឱនក្បាល ទទួល​យកការគាប​សង្កត់​ណាមួ​យដែលនាំទៅដល់បាត់ស្ថិរភាពនិងសន្តិភាពរបស់ប្រទេសទេ […] អ៊ីចឹង​ទុក​​ឱ្យ​ខ្ញុំលេងជាមួយពួកអាជ្រុលនិយម»។

សារគំរាមនេះមិនមែនជារឿងថ្មីទេ ប៉ុន្តែជាការកត់សម្គាល់ ហាក់បានវាយបកទៅនឹង​អតីតមេដឹកនាំបក្សប្រឆាំង​ដែលជាដៃគូប្រកួត​ដ៏មានសក្ដានុពលមួយក្រុម​ដែល​​​​កំពុងនិរទេសខ្លួននៅឯក្រៅប្រទេស។

ជ្រុងមួយនៃសាររបស់មេដឹកនាំបក្សកាន់អំណាច​នេះផងដែរ ក៏ស្របគ្នាទៅនឹងការដាក់ទណ្ឌកម្ម​ទៅលើ​​មន្ត្រី​ជាន់ខ្ពស់យោធាកម្ពុជា២​រូ​ប​បន្ថែមទៀត រួមមាន លោក ចៅ ភិរុណ​ និង​លោក​ ទៀ វិញ​ ពីសំណាក់សហរដ្ឋអាមេរិក ដែលការនេះ​ធ្វើឱ្យមន្ត្រីយោធា​ជាន់ខ្ពស់៤នាក់ហើយត្រូវជាប់ទណ្ឌកម្មរបស់​សហរដ្ឋ​អាមេរិក ក្នុងនោះមានទាំងមេបញ្ជាការកងអង្គរក្សរបស់​នាយករដ្ឋមន្ត្រីកម្ពុជា​ផងដែរ។

ក្រោយមានការរំលាយអតីតគណបក្សប្រឆាំង​ចេញពីឆាកនយោបាយជាង៤ឆ្នាំមកនេះ អាមេរិកត្រូវបានគេមើលឃើញ​ថាបាននាំមុ​ខគេបន្ទាប់ពីសហភាពអឺរ៉ុប ក្នុងការជំរុញមេដឹកនាំកម្ពុជាឱ្យវិលទៅរកគន្លងប្រជា​ធិបតេយ្យវិញ ទោះបីមេដឹកនាំកម្ពុជាធ្លាប់អះអាង​ថាការផាត់ចេញនោះជាវិធានការ​ច្បាប់​ក៏ដោយ។

ប្រទេស​មហាអំណាចលោកសេរីមួយ​នេះក៏ធ្លាប់បានជំរុញ​ទៅមេដឹកនាំកម្ពុជាឱ្យបើកលំហសេរីភាព​សង្គម​​ស៊ីវិល អ្នក​នយោបាយ​ប្រឆាំង រួម​ទាំង​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មុនការបោះឆ្នោតមកដល់ផងដែរ។

គិតត្រឹមសប្ដាហ៍​នេះ មាន​​គណបក្ស​នយោបាយ​ជាង​៤០ហើយបាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតការបោះឆ្នោតឆ្នាំ២០២២និង២០២៣ ក្នុងនោះមានគណបក្សចំនួន​៦ដែល​បានបង្កើត​ឡើងដោយអតីតមន្ត្រីគណបក្សប្រឆាំង។

សំណួរត្រង់ថា តើសារព្រមានរបស់មេដឹកនាំបក្សកាន់អំណាចនឹងជះឥទ្ធិពលដល់ការបោះឆ្នោតនៅពេល​ខាង​មុខ​​ដែរឬទេ?

អ្នកសម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូមតិនៅអង្គការឃ្លាំមើលការបោះឆ្នោត (ខុមហ្វ្រែល) លោក កន សាវាង្ស យល់​ថា សាររបស់មេដឹកនាំបក្សកាន់អំណាច​នេះអាចជះ​ឥទ្ធិពលដល់​យុជន​ជំនាន់​ក្រោយ​ផង និង​បង្ក​ការភ័យ​ខ្លាចដល់​អ្នក​ចូលរួមការបោះឆ្នោតផងដែរ ពិសេសអ្នកដែលមាននិន្នាការមិនគាំទ្ររដ្ឋាភិបាល។

លោកថា៖ «ភ័យខ្លាចទី១ បេះដូងដែលទទួលរងគ្រោះដែលភិតភ័យតាំង​ពីឆ្នាំ២០១៨មកហ្នឹង ត្រូវការ​ស្អំ ត្រូវ​ការ​លួង​លោម ប៉ុន្តែការបន្ថែមពាក្យពេចន៍រហូតដល់ការកម្ទេច រហូតដល់ការប្រើហិង្សានេះ វាមិនមែនជាផលល្អទេ ធ្វើឱ្យពួកគាត់មានការភ័យ ធ្វើឱ្យពួកគាត់អស់ជំនឿ»។

លោកបន្តថា​ ក្នុងសង្គមប្រជាធិបតេយ្យ រដ្ឋាភិបាលដើរតួសំខាន់ក្នុងការធានាឱ្យមានប្រព័ន្ធបោះឆ្នោ​តមួយដំណើរការទៅដោយតម្លាភាព ​គ្មានការបំភិតបំភ័យផ្នែកនយោបាយ ដើម្បីប​ញ្ចៀ​ស​ជម្លោះកើតឡើងក្រោយការបោះឆ្នោត។

លោក សាវាង្ស មើលឃើញថា បើស្ថានការណ៍​នយោបាយ​មិន​ត្រូវ​បាន​កែល​ម្អ​ទេ កម្ពុជា​អាចនឹ​ង​រង​នូវ​ការស្ដីបន្ទោសពីសហគមន៍ជាតិនិងអន្តរជាតិបន្ថែមទៀត ដូចការបោះឆ្នោតជាតិឆ្នាំ២០១៨ ដែលការណ៍នេះ លោកថា វានឹងធ្វើឱ្យកម្ពុជាបន្តខាតបង់។

ប្រធានមជ្ឈមណ្ឌល​សម្ព័ន្ធភាពការងារ​ និងសិទ្ធិមនុស្ស លោក​ មឿន តុលា យល់ឃើញថា វិធានការ​បិទ​ខ្ទប់សិទ្ធិ​ធ្វើនយោបាយ ជា​ការអនុវត្តផ្ទុយទៅនឹង​ស្មារតីនៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និងធម្មនុញ្ញកម្ពុជា។

លោក​មើល​ឃើញ​ថា ជ្រុងមួយ​ដែល​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ២០ភាគរយ និង​ភាព​មិនច្បាស់​លាស់​នៃការផ្ដល់ឱ្យប្រព័ន្ធអនុគ្រោះ GSP របស់សហរដ្ឋអាមេរិក វាកើតឡើងពីកា​រដែលមេដឹកនាំបក្ស​កាន់​អំណាចមិនគោរព​គោ​លការណ៍សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។

លោកគូសបញ្ជាក់ថា សារនយោបាយរបស់មេដឹកនាំបក្សកាន់អំណាច​នាប៉ុន្មានថ្ងៃ​នេះ នឹង​ជំរុញ​ឱ្យ​មាន​ការភ័យ​ខ្លាចទៅលើការគំរាមកំហែងផ្នែកនយោបាយនៅថ្ងៃបោះឆ្នោតខាងមុខ ព្រោះសារនេះបានកើតឡើង ខណៈ​អំពើហិង្សាច្រើនករណីកើតទៅលើអតីតសកម្មជន​បក្សប្រឆាំង ហើយ​​អាជ្ញាធរ​មិន​ទាន់បាន​នាំ​ជនដៃដល់​មកផ្តន្ទាទោសនៅឡើយ។

លោកថា៖ «ជាការពិតមែនហើយ បើសិនជាសាររបស់មេដឹកនាំចេញទៅ វាអាចធ្វើឱ្យស្ថានភាពវាកា​ន់តែ​​​តានតឹងថែមទៀតទៅលើបរិយាកាសនយោបាយ សម្រាប់ការបោះឆ្នោតខាងមុខហ្នឹង»។

អតីត​តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​ និងជាស្ថាបនិកគណបក្សកែទម្រង់​កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន យល់​​ថា បើ​កម្លាំង​អ្នក​មាន​និន្នាការ​ប្រឆាំង​កាន់​តែ​ខ្លាំង ការគាបសង្កាត់តាមបែបអំពើហិង្សាអាចនឹង​កើនឡើង​ដែរ ហើយ​ពេលនោះ​ការព្រួយបារម្ភក៏មានកាន់តែ​​ច្រើនដែរ។ ប៉ុន្តែលោកថា ដោយ​សារ​ពេល​នេះកម្លាំង​អ្នក​ប្រឆាំងនៅ​បែក​គ្នានៅ​ឡើយ ទំនង​ជាកា​រ​គំរាមកំហែងនៅមិនធំដុំទេ។

លោកថា៖ «ខ្ញុំមើលឃើញជាទូទៅ មន្ត្រីនៅក្រោមឱវាទច្រើនតែធ្វើលើស ទម្រាំតែមានសារបែបហ្នឹងទៀ​ត ​មន្ត្រីរឹតតែបានចិត្តហើយ ភាគច្រើនធ្វើលើសអ្វីដែលការផ្ញើសាររបស់មេដឹកនាំទៅទៀត»។

យ៉ាងណា លោកចង់ឃើញទាំងមេដឹកនាំនិង​អាជ្ញាធរមិន​គួរចាត់ទុក​ខ្មែរគ្នាឯង​ជាសត្រូវនោះទេ បើទោះជាមាន​និន្នាការខុសគ្នាក៏ដោយ ដោយហេតុថា អ្នកនយោបាយគួរយកគំរូ​តាម​ប្រទេសប្រជា​ធិប​តេយ្យមួយចំនួន​ដែល​​គេ​ប្រកួតគ្នាពីការតម្កល់​ប្រយោជន៍ជាតិនិង​ប្រយោជន៍សេដ្ឋកិច្ចជាធំ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "វិភាគ៖ តើ​សារព្រមាន​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​នឹង​ជះ​ឥទ្ធិពល​ដល់​ការបោះឆ្នោត​ឬទេ?"

  1. Anonymous says:

    take this evil man out Cambodian if not you will never have time to stay in your home town and your nation is over

Leave a Reply

Submit Comment