សកម្មជន​ចលនា​មាតា​ធម្មជាតិ ទទួល​បាន​ពាន​រង្វាន់​អ្នកការពារ​បរិស្ថាន​ជួរមុខ​ប្រចាំតំបន់​អាស៊ី​ប៉ាស៊ីហ្វិក

ទំនាក់ទំនងអន្តរជាតិបរិស្ថានព័ត៌មានជាតិសិទ្ធិមនុស្ស
កញ្ញា ខាន់ លក្ខិណា | ២៥ វិច្ឆិកា ២០២១ | ម៉ោង ១៧:០០
VOD

សកម្មជនមាតាធម្មជាតិ ឈរនៅមុខមណ្ឌលអប់រំកែប្រែទី២ ក្រោយពេលតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន យប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

សកម្មជនមាតាធម្មជាតិ ឈរនៅមុខមណ្ឌលអប់រំកែប្រែទី២ ក្រោយពេលតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន យប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ (គួយ ឡង់ឌី)


សកម្មជនចលនាមាតាធម្មជាតិកម្ពុជា (Mother Nature Cambodia) ដែលទើបត្រូវបានដោះលែងចេញពីពន្ធនាគារ និងកំពុងជាប់បណ្ដឹងនៅតុលាការ ទទួលបានពានរង្វាន់ជួរមុខលើសកម្មភាពការពារបរិស្ថានប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២១។

​ពានរង្វាន់ដែលសកម្មជនចលនាមាតាធម្មជាតិទទួលបានពី​អង្គការ​អន្តរជាតិ​ហ្រ្វាន់ឡាញ​ ​ឌីហ្វិនឌឺ (Frontline​ ​Defenders) កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ​ចំពោះ​ភាព​ក្លាហាន​និង​ការ​ហ៊ាន​ប្រថុយ​គ្រោះថ្នាក់​ ​ដើម្បី​ការពារ​បរិស្ថាន​​និង​ធនធានធម្មជាតិ​នៅប្រទេស​កម្ពុជា​។​

​លើសពីនេះ ពានរង្វាន់​​ដែលសកម្មជនចលនាមាតាធម្មជាតិទទួលបាន វាក៏ជាការលើកទឹកចិត្តពួកគាត់​និង​យុវជន​ដទៃ​ឱ្យបន្ត​សកម្មភាពការពារ​បរិស្ថាន​និង​ធនធានធម្មជាតិ​​កាន់តែ​ខ្លាំងជាងមុនបន្ថែមទៀត​ បើទោះបី​ជាបានដឹងហើយថា​ ការងារ​នេះមានគ្រោះថ្នាក់​ខ្លាំង​ដល់​ខ្លួន​យ៉ាងណាក៏ដោយ​។

អង្គការអន្តរជាតិ​ ​Frontline​ ​Defenders៖ «អង្គការមាតាធម្មជាតិកម្ពុជា បានធ្វើការតស៊ូមតិនិងយុទ្ធនាការក្នុងស្រុកនិងក្រៅស្រុក ដើម្បីអភិរក្ស ផ្សព្វផ្សាយ និងការពារធម្មជាតិរបស់កម្ពុជា។ ជាផ្នែកនៃការងាររបស់ពួកគេ បានធ្វើការត្រួតពិនិត្យនិងបញ្ហាប្រឈមក្នុងការពារបរិស្ថានដោយការរំលោភបំពាន និងក៏លើកកម្ពស់ការយល់ដឹង អប់រំ និងផ្ដល់អំណាចដល់មនុស្សតាមរយៈការផ្ដល់ឱ្យពួកគេ»។

កាលពីខែមិថុនា ឆ្នាំ២០២១ យុវជនចលនាមាតាធម្មជាតិ កញ្ញា ស៊ុន រដ្ឋា, លោក លី ចន្ទ្រដារ៉ាវុធ និងលោក ឈីវ លីម៉េង ត្រូវបានចាប់ខ្លួននៅខណ្ឌដូនពេញ រាជធានីភ្នំពេញ អំឡុងពេលដែលពួកគេចុះថតទឹកស្អុយដែលបង្ហូរចូលទន្លេក្បែរព្រះបរមរាជវាំង ខណៈសកម្មជនបរិស្ថានម្នាក់ទៀត លោក យឹម លាងហ៊ី ត្រូវបានចាប់ខ្លួននៅខេត្តកណ្ដាល បន្ទាប់ពីត្រូវបានស្នើសុំឱ្យទៅសួរសុខទុក្ខនគរបាលមូលដ្ឋានរបស់គាត់។

​ការទទួលបានពានរង្វាន់របស់ក្រុមយុវជនចលនាមាតាធម្មជាតិនៃប្រទេសកម្ពុជា ធ្វើឡើងក្នុងចំណោម​ក្រុមសកម្ម​ជន​បរិស្ថាន​​និង​សិទ្ធិមនុស្ស​មកពី​​ចំនួន​៦ប្រទេស​ រួមមាន ​កម្ពុជា, ​ប៉ាឡេស្ទីន​​ (Palestine)​​, ​សេរ៉ាឡេអូន ​​(Sierra​ ​Leone​),​ ​បេឡា​រូស ​​(​Belarus​),​ ​ព័រទុយហ្កាល់ ​(Portugal​)​ និង​​ប្រេស៊ីល ​(Brazil​)។

សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ស៊ុន រដ្ឋា ប្រាប់នៅថ្ងៃនេះថា អង្គការអន្តរជាតិផ្ដល់ពានរង្វាន់ដល់ពួកគាត់ទៅលើសកម្មភាពនិងលទ្ធផលដែលចលនាមាតាធម្មជាតិធ្វើកន្លងមក ​ពាក់ព័ន្ធនឹងការការពារសិទ្ធិមនុស្ស ការពារធនធានធម្មជាតិនិងបរិស្ថាន រួមទាំងការតស៊ូមតិលើផលប៉ះពាល់នៃការបំផ្លាញធនធានធម្មជាតិដែលកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា។

​កញ្ញាបន្តថា ចំពោះពានរង្វាន់ដែលទទួលបាននេះ គឺមានពានមួយ និងថវិកាចំនួន៥០០០អឺរ៉ូ ឬស្មើនឹងជាង៥០០០ដុល្លារ ​​ដោយថវិកានេះពួកគាត់នឹងយកទៅធ្វើការងារទាក់ទងនឹងបរិស្ថានបន្តទៀត ​​។

កញ្ញា ស៊ុន រដ្ឋា បន្តទៀតថា ការផ្ដល់ពានរង្វាន់ដល់ពួកគាត់នេះ ជាការបង្ហាញឱ្យឃើញកាន់តែច្បាស់ទៅរដ្ឋាភិបាលកម្ពុជាថា សកម្មជនទាំង៦នាក់ដែលកំពុងជាប់ចោទពីបទ «រួមគំនិតក្បត់»​ មិនបានប្រព្រឹត្តបទល្មើសដូចតុលាការកម្ពុជាចោទប្រកាន់ឡើយ។ ជាមួយគ្នានេះ កញ្ញាស្នើទៅរដ្ឋាភិបាល និងតុលាការឱ្យទម្លាក់ចោលបទចោទប្រកាន់ទាំងស្រុង ដើម្បីឱ្យពួកគាត់បានចូលរួមការពារធនធានធម្មជាតិនិងបរិស្ថានដែលជាទ្រព្យនិងផលប្រយោជន៍របស់ប្រទេសជាតិ។

កញ្ញាថា៖ «ជាមួយនឹងការសប្បាយចិត្តដែលទទួលបានពានហ្នឹង ក៏មានការអន់ចិត្តដែរ ​ខណៈពួកយើងបានទទួលពាន​សម្រាប់អាស៊ីប៉ាស៊ីហ្វិក ​បែរជានៅក្នុងប្រទេសជាប់ចោទពីបទ “រួមគំនិតក្បត់” ​ទៅវិញ។ ពួកខ្ញុំគួរតែទទួលបានពានពីរដ្ឋាភិបាលកម្ពុជា ​​ដែលគាត់គួរតែឱ្យពាន ការសរសើរ និងលើកទឹកចិត្ត​ដល់ពួកខ្ញុំ ក្នុងការការពារបរិស្ថាន ​តែបែរជាអ្នកខ្លះជាប់ពន្ធនាគារ១ឆ្នាំជាង អ្នកខ្លះជាប់៥ខែ ហើយនៅជាប់បទចោទមួយទៀតដែលមិនទាន់ដាច់ស្រេច។ អ៊ីចឹងទៅ អារម្មណ៍សប្បាយ​ជាមួយនឹងការអន់ចិត្តដែរ ​ដែលយើងអត់ទទួលបានភាពកក់ក្ដៅពីតុលាការនិងរដ្ឋាភិបាលក្នុងប្រទេស ​​មិនបានផ្ដល់តម្លៃការងារពួកខ្ញុំ ហើយចោទពួកយើងរួមគំនិតក្បត់ទៅវិញ»។

ចំណែកអ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​ លោក​ វិទិត​ ​មុនតា​ប៊ន ​(​Vitit​ ​Muntarbhorn​) ​បានសរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​លោកនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ថា​ការ​ការពារ​បរិស្ថាន​ជា​តម្រូវ​ការ​ដ៏​ចាំបាច់​បំផុត​មួយ​​នៅ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ននេះ​ ​ដែល​ត្រូវ​បាន​ទទួលស្គាល់​កាលពី​ខែមុន​។ លោក​បន្ត​ថា​ ការ​ការពារ​បរិស្ថាន​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​ការ​អំពាវនាវ​ឱ្យ​មាន​សន្តិភាព​ ​សិទ្ធិមនុស្ស​ ​ប្រជាធិបតេយ្យ​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាពផងដែរ​។​

អ្នករាយការណ៍​ពិសេស​​រូបនេះបានសម្ដែងការត្រេកអរចំពោះសកម្មជនចលនាមាតាធម្មជាតិ ដែលការ​ទទួល​បាន​ពានរង្វាន់ជួរមុខពី​អង្គការ​អន្តរជាតិ​ ​Frontline​ ​Defenders ព្រមទាំងបានអំពាវនាវឱ្យរដ្ឋាភិបាលនិងតុលាការទម្លាក់ការចោទប្រកាន់ទាំងស្រុងប្រឆាំងនឹងពួកគេ ដោយថា ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ សកម្មភាពសន្តិភាពមិនគួរត្រូវបានដាក់ទោសទណ្ឌឡើយ។

លោក​ វិទិត​ ​មុនតា​ប៊ន ​(​Vitit​ ​Muntarbhorn​)៖ «ខ្ញុំសូមអបអរសាទរដល់អង្គការមាតាធម្មជាតិកម្ពុជា ចំពោះការទទួលស្គាល់ជាសកលដ៏សំខាន់នេះ នៃការងាររបស់ពួកគេ រួមជាមួយនឹងអ្នកការពារសិទ្ធិមនុស្សដ៏គួរឱ្យចាប់អារម្មណ៍មកពីប្រទេសចំនួនប្រាំផ្សេងទៀតដែលមានឈ្មោះជាអ្នកឈ្នះពានរង្វាន់ប្រចាំឆ្នាំ២០២១»។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ចាត់ទុកការផ្ដល់និងទទួលពានរង្វាន់របស់សកម្មជនមាតាធម្មជាតិ នាពេលថ្មីៗនេះថា មិនបានបម្រើផលប្រយោជន៍ប្រទេសកម្ពុជានោះទេ។

លោកថា៖ «បាទ! នេះជាផលប្រយោជន៍របស់អ្នកផ្ដល់ពានរង្វាន់នោះ ហើយការផ្ដល់ពានរង្វាន់នោះអត់មានអីពាក់ព័ន្ធនឹងរឿងកម្ពុជាដែលជាប្រជាជាតិពិតប្រជាធិបតេយ្យនោះទេ វាអត់មានតម្លៃអីមកលើកម្ពុជា»។

ទោះបីជាយ៉ាងនេះក្ដី នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព សាទរចំពោះការទទួលបានពានរង្វាន់របស់សកម្មជនបរិស្ថាន ប៉ុន្តែសមា្រប់កម្ពុជាមិនបានលើកទឹកចិត្តហើយ បែរជាចោទប្រកាន់និងចា​ប់ខ្លួនពួកគាត់ដាក់ពន្ធនាគារទៅវិញ។  

លោកស្រីបន្តថា ការអនុវត្ត​របស់កម្ពុជា​បានដើរផ្ទុយពីរដ្ឋធម្មនុញ្ញនិងកតិកាសញ្ញាអន្តរជាតិ ដែលរដ្ឋាភិបាលមានកាតព្វកិច្ចការពារនិងធានាតុល្យភាពទាំងអស់នេះ រួមទាំងច្បាប់ស្ដីពីការការពារបរិស្ថានដែលបានលើកកម្ពស់ឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ​។

លោកស្រី៖ «ប៉ុន្តែផ្ទុយទៅវិញ យើងឃើញការអនុវត្ត​ទូទៅ ហាក់ដូចសកម្មជន​ដែលមានការខ្វាយខ្វល់​អំពីធនធានធម្មជាតិ​​​ ការចេញមុខការពារបរិស្ថាន បែរជារងនូវ​​ការយាយីទៅតាមរូប​ភាពគ្រប់សកម្មភាពផ្សេងទៅវិញ។ ច្បាប់មួយចំនួនដែលដាក់ចេញក្រោយៗ មានការទប់ស្កាត់​ទៅដល់សកម្មជន សហគម​ន៍ ក្នុងការចូលឃ្លាំមើលព្រៃ​ តួយ៉ាងដូចជាព្រៃឡង់ជាដើម។ ទាំងអស់នេះ ខ្ញុំយល់ថា រដ្ឋាភិបាលលោកគួរតែពិចារណាគិតគូរឡើងវិញក្នុងការធានាថា ច្បាប់របស់យើងមានភាព​ស៊ីសង្វាក់គ្នា ហើយនិង​ការធានា​​ដល់កិច្ចចូលរួមរបស់ប្រជាពលរដ្ឋ»។

លោកស្រី ចក់ សុភាព បន្តថា កន្លងមក អង្គការសង្គមស៊ីវិលនិងសហគមន៍អន្តរជាតិតែងតែគាំទ្រនិងផ្ដល់តម្លៃចំពោះសកម្មភាពរបស់ពួកគាត់ដែលខិតខំការពារធនធានធម្មជាតិនិងបរិស្ថានក្នុងប្រទេសកម្ពុជា។

ក្នុងចំណោមសកម្មជនមាតាធម្មជាតិទាំង៦នាក់ ក្នុងនោះ លោក ថុន រដ្ឋា, កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងជាប់ពន្ធនាគារជាង១ឆ្នាំ ​ក្រោមបទប្រកាន់ «​ញុះញង់​បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ អ្នកទាំង៣ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់លើពួកគេមួយករណីទៀត គឺបទ «រួមគំនិតក្បត់»

ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចចាប់ឃុំខ្លួនយុវជនបរិស្ថានមាតាធម្មជាតិ៣រូបផ្សេងទៀត ក្នុងនោះមានកញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និងលោក លី ចន្ទ្រដារ៉ាវុធ ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ» ហើយពួកគេត្រូវបានតុលាការ​ឃុំនៅពន្ធនាគារអស់រយៈពេល៥ខែ។

យ៉ាងណាក៏ដោយ សកម្មជនបរិស្ថានទាំងនោះត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ ការដោះលែងនេះ ខណៈអ្នកខ្លះបានអនុវត្តទោសចប់តាមការកំណត់របស់តុលាការ ហើយអ្នកខ្លះទៀតត្រូវបានដោះលែងនៅក្រៅឃុំបណ្ដោះអាសន្ន ដោយទោសនៅសល់ត្រូវព្យួរសាកល្បងប៉ុណ្ណោះ។

កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកជំនាញ​ផ្នែកសិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ (UN) ចំនួន៣​រូប បានអំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ជាបន្ទាន់​នូវការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការកាត់​ទោស​លើ​អ្នកហ៊ាន​ក្រោក​ឈរ ដើម្បី​សិទ្ធិមនុស្សនិង​សេរីភាព​បញ្ចេញ​មតិនៅ​កម្ពុជា។

អង្គការ​អន្តរជាតិ​​​ ហ្រ្វាន់ឡាញ​ ​ឌីហ្វិនឌឺ​ (​Frontline​ ​Defenders) ​​មាន​មូលដ្ឋាន​នៅ​ប្រទេស​​អៀរ​ឡង់ (​Ireland​)​។​ ​អង្គការ​អន្តរជាតិមួយនេះត្រូវ​បាន​បង្កើត​ឡើង​អំឡុង​ឆ្នាំ​​២០០៥​ ​ដើម្បី​ទទួលស្គាល់​កិច្ចការ​របស់​សកម្មជន​បរិស្ថាន​ ​សង្គម​ ​និង​សិទ្ធិមនុស្ស​ ​ដែល​ក្លាហាន​​ហ៊ាន​ចូលរួម​សកម្មភាព​លើក​កម្ពស់ ​និង​ការពារ​បរិស្ថាន​ ​ធនធានធម្មជាតិ​ ​និង​សិទ្ធិមនុស្ស​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment