សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​មាន​កំណែ​ទម្រង់​តុលាការ​និង​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​សកម្មជន​ដែល​ត្រូវ​បាន​ដោះ​លែង​

សិទ្ធិ​មនុស្ស
25 វិច្ឆិកា 2021
ហ៊ុល រស្មី
វីអូអេខ្មែរ

ក្រុមសកម្មជន​ដែល​ទើប​តែចេញ​ពីពន្ធនាគារ​​ ធ្វើ​សន្និសីទ​ព័ត៌មាន​តាមផ្លូវ​ នៅ​ស្ថានីយ​ប្រេង​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​អង្គារ​ ទី​២៣ ខែវិច្ឆិកា​ ឆ្នាំ​ ២០២១។ (ហ៊ុល រស្មី/វីអូអេ) Photo: VOA Khmer


ភ្នំពេញ —  ចំណាត់​ការ​របស់​តុលាការ​ដែល​បាន​ដោះ​លែង​សកម្មជន​សង្គម​និង​នយោបាយ​ជិត​៣០​នាក់​នា​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​នៅបង្ក​ការ​រកាំ​ចិត្ត​ដល់​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដោយ​សារ​តែ​ភាគ​ច្រើន​នៃ​សកម្មជន​ទាំង​នោះ​ត្រូវ​បានដាក់​ឲ្យ​ស្ថិត​ក្រោម​ការត្រួត​ពិនិត្យ​របស់​តុលាការខណៈ​ទោស​ជាប់​ពន្ធនាគារ​របស់​ពួកគេ​ត្រូវ​ព្យួរ។​

កាល​ពី​ថ្ងៃ​ពុធ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ជាង​៦០​បាន​ថ្លែង​រួម​គ្នា​សាទរការ​ដោះលែង​សកម្មជន​ទាំង​នោះ​ក៏ប៉ុន្តែ​ពួកគេ​បន្ត​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​នោះ​ស្ថាប័ន​តុលាការ​ពិចារណា​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​ដែល​បាន​ធ្វើឡើង​កន្លងមក។​ពួកគេ​និយាយ​ថា​ការ​រក្សា​បទ​ចោទប្រកាន់និង​ការ​ដាក់​ឲ្យ​សកម្មជន​ទាំងនោះ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​នោះ​នឹង​មិន​អនុញ្ញាត​ឲ្យពួកគេ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​របស់​ពួកគេ​បាន​ពេញលេញ​ទេ។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ស្តីពី​ «កំណែ​ទម្រង់​ជាប្រព័ន្ធ​គួរ​ត្រូវ​បាន​ធ្វើឡើង​លើស​ពី​ការ​ដោះ​លែង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ដោយ​មាន​លក្ខខណ្ឌ»​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​នោះ​មាន​អង្គការ​លីកាដូ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​និង​សហគមន៍​ដែល​យាយី​ដោយ​វិវាទ​ដីធ្លី​បាន​លើក​ឡើង​ថាការ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​ច្រើន​ជាង​២៧​នាក់​ត្រូវ​បាន​ទទួល​ស្វាគមន៍​ព្រោះ​ពួកគេ​បាន​ជួប​ជុំ​គ្រួសារ​វិញ។​

សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃទី​២៤​ខែ​វិច្ឆិកា​ បន្ត​ថា​ប៉ុន្តែ​ភាគច្រើន​នៃ​សកម្មជន​ទាំង​នោះ​នៅ​បន្ត​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ​ឬ​នៅ​បន្ត​ស្ថិត​ក្រោម​ការត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ជាមួយ​លក្ខខណ្ឌ​ដ៏តឹងរ៉ឹង​ជាច្រើន​ដោយ​គ្រាន់​តែ​អ្នក​ទាំងនោះ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រជុំ​និង​ការជួប​ជុំ​ដោយ​អហិង្សា​តែ​ប៉ុណ្ណោះ។​


ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ថ្លែង​ក្នុង​ន័យដើម​ថា៖ ​«ដោយ​សកម្មជន​ជាច្រើន​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ឬត្រូវ​បាន​តុលាការ​ព្យួរ​ទោស​សាកល្បង​រយៈ​ពីរ​ឬបី​ឆ្នាំ​នោះ​អ្នក​ទាំង​នោះ​មិន​អាច​បំពេញ​ការងារ​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​ឬ​បរិស្ថាន​ការ​និយាយ​អំពី​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ឬ​ចូលរួម​ក្នុង​សកម្ម​ភាព​នយោបាយ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាចការ​ចាប់​ខ្លួនបាន​នោះ​ទេ»

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បន្ថែម​ថា៖​ «ការដោះ​លែង​នេះ​ពុំបាន​ស​បញ្ជាក់​ការណ៍​ពិត​ដែល​សកម្មជន​ទាំង​នោះ​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​មិនត្រឹម​ត្រូវ​នោះ​ទេ​និង​ការណ៍​ពិត​ដែល​ថា​សកម្មជន​ជាច្រើន​នាក់​ត្រូវបាន​ចាប់​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក​នៅ​ក្នុង​ពន្ធនាគារ​ដ៏​ចង្អៀត​ណែន​ដោយ​ម្នាក់ក្នុង​ចំណោម​ពួក​គេបាន​និយាយ​ថា​កន្លែង​នោះ​ជា​ឋាន​នរក»។​

ក្រុម​អង្គការ​សង្គមស៊ីវិល​សង្កត់​ធ្ងន់​ថា​ប្រព័ន្ធ​តុលា​ការ​ដែល​លម្អៀង​ផ្នែក​នយោបាយ​និង​ច្បាប់​បង្កើត​ឡើង​ថ្មីៗ​ដែល​មាន​លក្ខណៈ​គាប​សង្កត់​ក្នុង​នោះ​មាន​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​ចុងក្រោយ​និង​អនុក្រឹត្យ​ស្តីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​បាន​ធ្វើឲ្យ​សិទ្ធិ​សេរីភាព​ជាមូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​បន្ត​ស្ថិត​ក្នុង​ស្ថាន​ភាព​គំរាម​កំហែង។​ការណ៍​នេះ​តម្រូវ​ឲ្យអាជ្ញាធរ​ពិចារណា​ចាត់​វិធាន​ការ​ជាប្រព័ន្ធ​ដើម្បី​ស្តា​លទ្ធិ​ប្រជា​ធិបតេយ្យ​លម្ហ​សេរីភាព​សិទ្ធិ​មនុស្ស​ជាមូលដ្ឋានរបស់​ពលរដ្ឋ​ក្នុង​ប្រទេស​ឡើង​វិញ​មុនការ​បោះឆ្នោត​ខាង​មុខ។​

លោក អំ សំអាត
លោក អំ សំអាត

នាយករង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក ​អំ​ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​បើគ្មាន​ការ​កែ​ទម្រង់​ការ​តាក់​តែង​ច្បាប់​និង​រៀបចំ​ឲ្យ​ស្ថាប័នតុលាការ​មាន​ឯករាជ្យ​ភាព​ជា​ប្រព័ន្ធ​នោះ​ទេ​ការ​អនុវត្ត​សិទ្ធិ​ជាមូលដ្ឋាន​របស់​ពលរដ្ឋ​នឹង​នៅតែ​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​និង​ការ​យក​ទៅ​ផ្តន្ទាទោស​ដូច​អ្វី​ដែល​បាន​កើតឡើង​កន្លង​មក​នោះ។​

លោក​ថ្លែង​ថា៖​ «បើសិន​ការ​កំណែ​ទម្រង់​នេះ​កើត​ឡើង​មាន​អាហ្នឹង​វា​មាន​ការ​បើក​នូវ​លម្ហ​និង​សេរីភាព​ពេញ​លេញ​បាន​ន័យ​ថា ​សេរីភាព​ជាមូល​ដ្ឋាន​សិទ្ធិ​ជា​មូលដ្ឋាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​សេរីភាព​ក្នុង​ការ​ចូល​រួម​ដែល​សកម្ម​ក្នុង​ជីវ​ភាព​នយោបាយ​សេដ្ឋកិច្ច​ សង្គម​និង​វប្បធម៌​របស់​ប្រជា​ពលរដ្ឋ»។​

កាល​ពី​ថ្ងៃអង្គារ​ក្រុម​សកម្មជន​សង្គម​នយោ​បាយ​និង​បរិស្ថាន​បាន​គ្រោង​រៀបចំ​សន្និសីទ​កាសែត​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​ក្នុង​ខណ្ឌ​ចម្ការ​មន​ដើម្បី​បញ្ជាក់​ជំហរ​របស់​ពួក​គេ​ក្នុង​ការ​បន្ត​ចូលរួម​ជំរុញ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ទោះ​បី​ពួក​គេ​ត្រូវ​បាន​ដោះលែងដោយ​ទោស​ត្រូវ​ព្យួរ​និង​សិទ្ធិ​សេរីភាព​ត្រូវ​បាន​កំហិត​ដោយ​សារ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យរបស់​តុលាការ។ ប៉ុន្តែ​ផែនការ​ជួបជុំ​ក្នុង​ហាង​កាហ្វេនោះ​ត្រូវ​បាន​រំខាន​ដោយ​អាជ្ញាធរ​ខណ្ឌចម្ការ​មន​ដែល​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​រៀបចំ​សន្និសីទ​ព័ត៌មាន​បាន​ទេ។​

ទោះយ៉ាងណាក្រុម​សកម្មជន​បាន​មក​ធ្វើ​សន្និសីទ​កាសែត​នៅ​ក្នុង​បរិវេណ​ស្ថានីយ​ប្រេង​សាំង​ទល់មុខ​នឹង​ហាង​កាហ្វេ​នោះ។​

លោក​ លី ចាន់ដារ៉ាវុធ​ សកម្មជនការពារ​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​មួយរូបក្នុង​ចំណោម​៦​រូប​ដែល​ត្រូវ​បាន​ដោះលែង​តែ​ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​របស់​តុលាការ​មួយ​ចំនួនដូចជា​មិន​អាច​ចេញ​ក្រៅ​ប្រទេស​បាន​នោះបាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​វិធានការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ជា​ទម្រង់​នៃ​ការ​ដាក់​បន្ទាត់​កំហិត​សិទ្ធិ​សេរី​ភាព​របស់​លោក។​

សកម្មជន​ការពារ​បរិស្ថាន​ចលនាមាតា​ធម្មជាតិ​ លោក លី ចាន់ដារ៉ាវុត​ ដែល​ទើប​តែចេញ​ពី​ពន្ធនាគារ និយាយ​ជាមួយ​អ្នកកាសែត​ក្នុង​សន្និសីទ​ព័ត៌មាន​តាមផ្លូវ​ ​ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​អង្គារ​ ទី​២៣ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២១។ (ហ៊ុល រស្មី/វីអូអេ )
សកម្មជន​ការពារ​បរិស្ថាន​ចលនាមាតា​ធម្មជាតិ​ លោក លី ចាន់ដារ៉ាវុត​ ដែល​ទើប​តែចេញ​ពី​ពន្ធនាគារ និយាយ​ជាមួយ​អ្នកកាសែត​ក្នុង​សន្និសីទ​ព័ត៌មាន​តាមផ្លូវ​ ​ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​អង្គារ​ ទី​២៣ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២១។ (ហ៊ុល រស្មី/វីអូអេ )

លោក​និយាយ​ថា៖ «ការណ៍​ដែល​យើង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​នេះ​វាហាក់​ដូចជា​គូស​បន្ទាត់​មួយ​ឲ្យ​យើង​ដើរ​ហើយ​យើង​នឹង​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​ណាមួយ។​ប៉ុន្តែ​យើង​នឹង​នៅ​តែ​បន្ត ធ្វើ​ការ​ងារ​ការ​ពារ​បរិស្ថាន​ដដែល។​ហើយ​ខ្ញុំ​សុំ​បញ្ជាក់​ថា​ការងារ​ពួក​យើង​គឺ​ដើម្បី​ការពារ​បរិស្ថាន​យើង​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​ដោយ​មាន​និរន្តរភាព​ដើម្បី​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ដែល​បំពាន​ទៅ​លើ​បរិស្ថាន​មិនមែន​ជា​ការ​ក្បត់​ជាតិ​ណា​មួយ​ទេ។​ដូច្នេះ​ខ្ញុំសូម​ស្នើ​ថា​គេ​គួរ​តែ​ទម្លាក់​បទ​ចោទ​ប្រកាន់​មក​កាន់​ពួក​យើង​ទៅ​ព្រោះថា​ បទរួម​គំនិត​ក្បត់​ហ្នឹងវាគឺជា​ការ​ចោទ​ប្រកាន់​មួយ​ដ៏​ហួសហេតុ»។​

ក្រុម​អង្គការ​សង្គមស៊ីវិលដែល​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​កាលពី​ថ្ងៃ​ពុធ​ឱ្យ​ដឹង​ថា នៅ​មាន​មនុស្សជាង​៦០​នាក់​ផ្សេង​ទៀត​ដែល​រួមមាន​អ្នក​សារព័ត៌មាន​សកម្ម​ជន​នយោបាយ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​និង​សកម្មជន​ដីធ្លី​ជាង​១០​នាក់​ទៀត​កំពុង​តែ​ជាប់​ក្នុង​ពន្ធនាគារ​ដោយ​សារ​ការងារ​និង​ភាព​សកម្ម​របស់​ពួកគេ។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​ជាង​៦០​នោះ​បាន​លើក​ឡើង​ទៀត​ថា​ «ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​និង​បទ​រួម​គំនិត​ក្បត់​នៅ​តែ​ត្រូវ​បាន​គេ​ប្រើប្រាស់​ទៅ​លើ​ជន​ណា​ដែល​ហ៊ាន​និយាយ​តវ៉ា​ឬ​រិះគន់​ទៅ​លើ​អាជ្ញាធរ​រដ្ឋ​ហើយ​ភាព​ញឹក​ញាប់​នៃ​ការ​ប្រើប្រាស់​វិធីសាស្ត្រ​ខាង​លើ​និង​ការ​កើន​ឡើង​នៃ​ការ​ត្រួត​ពិនិត្យ​ចាប់​ពិរុទ្ធ​ខ្លួន​ឯង​គឺ​ជា​ការ​គំរាម​កំហែង​មួយ​ដែល​កំពុង​កើន​ឡើង»។​

ពួក​គេ​ទទូច​សុំ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​អាជ្ញាធរដោះ​លែង​អ្នក​ទោស​នយោបាយ​និង​សកម្មជន​ទាំង​អស់ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​សារ​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ពួកគេ​ហើយ​សុំ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​សកម្ម​ជន​ទាំង​នោះ។

លោក ជិន ម៉ាលីន
លោក ជិន ម៉ាលីន

រដ្ឋលេខាធិការ​និង​ជាអ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន​ ថ្លែង​ថា​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ធ្វើ​សកម្ម​ភាព​ផ្ទុយ​ពី​សង្គម​ស៊ីវិល​នៅ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដោយ​សារ​តែ​ចង់​បន្ត​សកម្មភាព​តាម​បែប​អនាធិបតេយ្យ​និង​ដើរ​តាម​របៀបវារៈ​នយោបាយ​នៃ​ម្ចាស់​ជំនួយ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា៖​ «ខ្ញុំ​មើល​សង្គម​ស៊ីវិល​យើង​ដូច​ខុស​ប្លែកពី​សង្គម​ស៊ីវិល​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ដទៃទៀត​ចង់​បាន​តែ​សិទ្ធិ​សេរីភាព​ ក៏ប៉ុន្តែ​អត់​ចង់​មាន​ការ​ទទួល​ខុស​ត្រូវ​បាន​ន័យ​ថា​ចង់​ធ្វើ​សកម្ម​ភាព​ដោយ​មិន​មាន​ច្បាប់​តាម​បែប​អនាធិបតេយ្យ​ហើយ​ដែល​គាត់​អាច​ធ្វើ​បាន​តាម​របៀប​នយោបាយ​របស់​ម្ចាស់​ជំនួយ​គាត់»។​

លោក​បន្ថែម​ថា៖ ​«ក៏​ប៉ុន្តែ​ក្នុង​នាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ​ដែល​ប្រកាន់​ប្រជាធិបតេយ្យ​នីតិរដ្ឋយើង​មិន​អាច​ឲ្យ​ពួកគាត់​ចេះ​តែ​ធ្វើ​អី​តាម​ចិត្ត​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​ជាតិផល​ប្រយោជន៍​របស់​សង្គម​បាន​ទេ​ត្រូវ​តែ​មាន​ច្បាប់​ដើម្បី​ធ្វើ​ការ​គ្រប់​គ្រង​សណ្តាប់​ធ្នាប់​សាធារណៈនិង​ផល​ប្រយោជន៍​របស់​សង្គម។​ហើយ​បើ​សិន​ជា​ពួកគាត់​មិន​មានចេតនា​អី​អាក្រក់​ទេ​ដូច​ជា​មិន​ចាំបាច់​ភ័យ​នឹង​ច្បាប់​ទាំង​អស់​ហ្នឹង​ទេ។​ក្រែង​លោ​គាត់​មាន​ចេតនា​អី​មិន​ល្អ​ពីក្រោយ​ហ្នឹង​បានជា​គាត់​ភ័យ​ខ្លាច​ក្នុង​ការ​រៀបចំច្បាប់​ទាំង​អស់​ហ្នឹង»។​

ដោយ​ឡែក​ក្នុង​ការ​ថ្លែង​អបអរ​ចលនា​មាតា​ធម្មជាតិ​នៅ​កម្ពុជា​ដែលទទួល​បាន​រង្វាន់​អ្នក​ការពារ​ជួរ​មុខ​ប្រចាំ​ឆ្នាំ​ពីអង្គការ ​Front Line Defenders​ ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក វិទិត ម៉ុន​តារបន ​(Vitit Muntarbhorn)​ បាន​លើក​ឡើង​ថា​ ការ​ការពារ​បរិស្ថាន​គឺ​ជា​តម្រូវការ​ដ៏​ចាំបាច់​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ។​


លោក​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖​ «ដូចនេះ​យើង​ខ្ញុំ​សូម​អបអរ​ដល់​មាតា​ធម្មជាតិ​និង​សូម​អំពាវនាវ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ពួក​គេ»

What Next?

Recent Articles

Leave a Reply

Submit Comment