ការងារ, ព័ត៌មានជាតិ
លោក ពក ខឺយ | ២៥ វិច្ឆិកា ២០២១ | ម៉ោង ១០:០៥
VOD
ចរាចរតាមដងផ្លូវនៅមុខក្រសួងការងារ នៅក្នុងក្រុងភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ
កម្មករ-កម្មការិនីជិត៥០០នាក់បម្រើការងារនៅរោងចក្រកាត់ដេរ «ស៊ីនហាវស៊ុន» នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បានផ្ទុះការតវ៉ានៅថ្ងៃពុធម្សិលមិញនេះ ដើម្បីទាមទារឱ្យក្រុមហ៊ុនផ្ដល់អត្ថប្រយោជន៍ការងារមួយចំនួន និងស្នើឱ្យបញ្ឈប់ការរើសអើងលើសហជីព។
អ្នកស្រី ស៊ីន ស្រីប៉ាក ដែលអះអាងថាជាតំណាងកម្មករជិត៥០០នាក់ នៅរោងចក្រកាត់ដេរ ស៊ីន ហាវស៊ុន បានឱ្យដឹងថា ការដែលកម្មករនាំគ្នាតវ៉ា ដើម្បីទាមទារឱ្យភាគីរោងចក្រដោះស្រាយអត្ថប្រយោជន៍ការងារមួយចំនួនដូចជា ទូរទាត់លុយដំណាច់ឆ្នាំ លុយអតីតភាពការងារ លុយស្ត្រីមានផ្ទៃពោះ ព្រមទាំងត្រូវអនុញ្ញាតឱ្យមានសហជីពនៅក្នុងរោងចក្រនេះឡើងវិញ ដើម្បីកុំឱ្យមានការរំលោភបំពានសិទ្ធិការងារទៅលើពួកគេ។
អ្នកស្រីបានអះអាងថា កន្លងមក កម្មករ-កម្មការិនីក្នុងរោងកចក្រនេះបានរៀបចំឱ្យមានសហជីព និងតំណាងកម្មកររួចម្ដងមកហើយ ប៉ុន្តែខាងក្រុមហ៊ុនបានបញ្ឈប់តំណាងទាំងនោះពីការងារ ដែលធ្វើឱ្យកម្មករជួបការលំបាកកាន់តែខ្លាំងក្នុងការបំពេញការងារ។
អ្នកស្រី ស៊ីន ស្រីប៉ាក និយាយថា៖ «ព្រោះពួកខ្ញុំហ្នឹងចង់ឱ្យរោងចក្រនេះមានសហជីព ដើម្បីកុំឱ្យមានការគាបសង្កត់កម្មករ។ ពេលពួកខ្ញុំធ្វើអ៊ីចឹងទៅ គាត់បានបញ្ឈប់តំណាងពួកខ្ញុំចេញ។ ដូច្នេះពួកខ្ញុំអត់សុខចិត្ត ចេញមកតវ៉ាលុយដំណាច់ឆ្នាំ ៥ភាគរយ លុយអតីតភាព […] ខាងរោងចក្រគេគាបសង្កត់ពួកខ្ញុំជាយូរមកហើយ ជិត២ឆ្នាំហើយ»។
កម្មការិនីម្នាក់ទៀត អ្នកស្រី ប៊ុត រ៉ាត់ បានឱ្យដឹងថា កម្មករដែលបម្រើការងារនៅទីនេះមិនទទួលបានការចិត្តទុកដាក់ពីថៅកែនោះទេ ជាពិសេសពេលកម្មករមានបញ្ហាណាមួយ ដូចជា គ្រោះថ្នាក់ការងារ ឬឈឺថ្កាត់ ត្រូវទៅពេទ្យ ឬអ្នកមានផ្ទៃពោះ ក៏មិនត្រូវបានអនុញ្ញាតឱ្យសម្រាកដែរ រួមទាំងបានកាត់លុយពួកគេថែមទៀតផង។
អ្នកស្រីបន្តដោយអំពាវនាវថា៖ «សូមឱ្យថ្នាក់លើជួយពួកខ្ញុំផង ព្រោះអីពួកខ្ញុំទាំងប៉ុន្មាននាក់នេះវេទនាជាយូរមកហើយ មិនទទួលបានលុយ [ការយកចិត្តទុកដាក់] ដូច្នេះពួកខ្ញុំទ្រាំលែងបានហើយ ងើបតវ៉ាខ្លះទៅ»។
បើតាមក្រុមកម្មករ ការផ្ទុះការតវ៉ានេះបានធ្វើឡើងក្រោយពីភាគីខាងរោងចក្របានបញ្ឈប់លែងឱ្យមានសហជីពឬតំណាងកម្មករនៅក្នុងរោងចក្ររបស់ខ្លួន កាលពីសប្ដាហ៍មុន។
វីអូឌី មិនអាចសុំការបំភ្លឺពីតំណាងរោងចក្រក្រុមហ៊ុន ស៊ីនហាវស៊ុន បាននៅឡើយទេគិតដល់ពេលនេះ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានឆ្លើយតាមប្រព័ន្ធតេឡេក្រាមថា ក្រសួង និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញ កំពុងសម្របសម្រួលដោះស្រាយករណីនេះទៅតាមច្បាប់ស្ដីពីការងារ។
លោកថា៖ «មន្ត្រីកំពុងអង្កេតនិងធ្វើអធិការកិច្ច យើងមិនអាចធ្វើបុរវិនិច្ឆយថាអ្នកណាខុសឬត្រូវនោះទេ។ គ្រប់ភាគីត្រូវអនុវត្តតាមនីតិវិធីដោះស្រាយវិវាទការងារ។ ក្នុងករណីមិនសះជា គឺយើងអាចរុញទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ឬតុលាការជាបន្ត។»
ចំណែកលោក អំ សំអាត អនុប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា កម្ពុជា មានច្បាប់រួចមកហើយ ដើម្បីគាំពារដល់កម្មករដែលកំពុងតែបម្រើការងារ ហើយបើសិនជាក្រុមហ៊ុនណាមួយមានការរំលោភសិទ្ធិកម្មករ ខាងក្រសួងការងារត្រូវតែដោះស្រាយតាមផ្លូវច្បាប់។
លោកថា៖ «តាមការពិត យើងមានច្បាប់រួចទៅហើយ! អ្វីដែលសំខាន់ ក្រសួងអនុវត្តតាមច្បាប់មានប្រសិទ្ធភាពទេ? ក្នុងការដោះស្រាយជូនកម្មករ ហើយក្រសួងត្រូវឈរលើគោលការណ៍មួយ គឺគោលការណ៍យុត្តិធម៌។ បើសិនកម្មកររងនូវអយុត្តិធម៌ ក្រសួងត្រូវតែរកដំណោះស្រាយ ជួយសម្រួលដល់កម្មករជាចាំបាច់»៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។