HRW៖ សហភាពអឺរ៉ុបគួរតែស្តីបន្ទោសឲ្យខ្លាំងក្លា ករណីដែលកម្ពុជាមិនអើពើពីបញ្ហាសិទ្ធិមនុស្ស

កម្ពុជា-សិទ្ធិមនុស្ស
25/11/2021 – 07:02
ដោយ៖ អ៊ឹង ប៊ុនថន
RFI

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ​(Human​ Rights​ Watch) © Internet


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ​(Human​ Rights​ Watch)​​ អំពាវនាវ​​ដល់​​សហភាព​អឺរ៉ុប និង​រដ្ឋសមាជិក​នៃ​តំបន់នេះ ធ្វើ​ការ​ស្តី​បន្ទោសឲ្យ​ខ្លាំង​ក្លា​ទៅលើ​រដ្ឋាភិបាល​​កម្ពុជា ចំពោះអ្វីដែល​អង្គការនេះ​លើកឡើងថា ​កម្ពុជា​មិនព្រម​អើពើ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​ ស្របតាម​កាតព្វកិច្ច​របស់​ខ្លួន​ក្រោមច្បាប់​អន្តរជាតិ។ ការអំពាវនាវបែបនេះ កាលពីម្សិលមិញ គឺធ្វើឡើងតែ​នៅ១ថ្ងៃប៉ុណ្ណោះ មុនពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ដឹកនាំ​កិច្ចប្រជុំ​កំពូល អាស៊ី-អឺរ៉ុប ឬ (ASEM) លើកទី១៣ ចាប់ពី​ថ្ងៃទី២៥ ដល់​ថ្ងៃទី២៦ ខែវិច្ឆិកានេះ។

តាមរយៈ​សេចក្តី​ថ្លែងការណ៍នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ​(Human​ Rights​ Watch)​​ បាននិយាយថា សហភាព​អឺរ៉ុប និង​រដ្ឋសមាជិក គួរលើក​យក​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ធ្វើជា​របៀបវារៈ​ស្នូល​នៅក្នុង​កិច្ចសន្ទនា​រវាង​សហភាពអឺរ៉ុប និង​តំបន់​អាស៊ីអាគ្នេយ៍ ដែលកម្ពុជា​ខ្លួនឯង​ធ្វើ​ជាម្ចាស់​ផ្ទះ។

បើតាមអង្គការ​ដដែលនេះ​ សហភាព​អឺរ៉ុប​មិនគួរ​លើកយក​តែ​បញ្ហា​វិបត្តិ​នៅ​​ភូមា​​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ​គួរ​ផ្តោតលើ​បញ្ហា​រំលោភសិទ្ធិមនុស្ស​ជាប្រព័ន្ធ​ដែល​កំពុង​កើតមានឡើង​នៅ​គ្រប់ទីកន្លែង​ទាំងអស់ ពោលក្រុមមេដឹកនាំ​សហភាពអឺរ៉ុប និង​រដ្ឋសមាជិក ក៏​មិនគួរ​អនុញ្ញាត​ឱ្យ​កម្ពុជា​រួចខ្លួន​ពី​រឿងរ៉ាវ​រំលោភបំពាន​សិទ្ធិមនុស្ស​នោះឡើយ។

ករណី​រំលោភ​សិទ្ធិមនុស្សនៅកម្ពុជាដែល Human​ Rights​ Watch ធ្វើ​ការ​បរិហារ្ត៍​ រួម​មាន ៖​ការចាប់​ឃុំ​ខ្លួន​និងកាត់​ទោស​ក្មេង​ប្រុស កាក់ សុវណ្ណឆ័យ ជាកូនសកម្មជន​បក្សប្រឆាំង ដែលឳពុករបស់​គេ​កំពុង​ជាប់​ពន្ធនាគារ។ ការ​កាត់ទោសមេដឹនាំសហជីពឯករជ្យ និងសកម្មជនសង្គម រួមទាំង​ការ​បន្តឃុំ​ខ្លួន​សកម្មជន​​នយោបាយ​ជាង​៦០​នាក់​ទៀត។

ក៏ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បានប្រតិកម្មថា អ្វីដែល​អង្គការ​​មាន​និន្នាប្រឆាំងមួយនេះ​បានជំរុញទៅ​សហភាពអឺរ៉ុប ​គឺមិនអាចទៅរួចឡើយ ពីព្រោះគ្មាន​ឡើយ ក្នុង​របៀប​វារៈ​នៃកិច្ចប្រជុំ​កំពូលអាស៊ី-អឺរ៉ុប​ ដែល​កម្ពុជា​ជាម្ចាស់​ផ្ទះ។

ទោះជាយ៉ាងណា Human​ Rights​ Watch បាន​រំឮកឡើងវិញ​ពី​ការណ៍​ដែល​សហភាព​អឺរ៉ុប​បាន​ដកហូត​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ២០ភាគរយ ពី​កម្ពុជា ដោយសារ​តែ​រកឃើញ​ថា មាន​ការរំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជាប្រព័ន្ធ ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ចុងឆ្នាំ២០១៧៕

What Next?

Recent Articles

One Response to "HRW៖ សហភាពអឺរ៉ុបគួរតែស្តីបន្ទោសឲ្យខ្លាំងក្លា ករណីដែលកម្ពុជាមិនអើពើពីបញ្ហាសិទ្ធិមនុស្ស"

  1. Anonymous says:

    as I used to say if you are not trying to use regular human word this beast regime will never understanding you. diplomacy word wont never work for this kind of uneducated evil monster like HUN SEN . we Cambodian seem to lost confident in fighting for our freedom because for so long that international community let this kind of regime growing to be a monster