HRW អំពាវនាវ​ដល់​អឺរ៉ុប​ឱ្យ​ថ្កោលទោស​អំពើ​រំលោភសិទ្ធិមនុស្ស​នៅកម្ពុជា នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM) លើកទី១៣

ដោយ ម៉ៅ សុធានី
2021-11-24
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

HRW អំពាវនាវ​ដល់​អឺរ៉ុប​ឱ្យ​ថ្កោលទោស​អំពើ​រំលោភសិទ្ធិមនុស្ស​នៅកម្ពុជា នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM) លើកទី១៣

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលចូលរួមទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០២១។ រូប៖ HRW/AP


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ​(Human​ Rights​ Watch)​​អំពាវនាវ​​ដល់​​សហភាព​អឺរ៉ុប និង​រដ្ឋសមាជិក​នៃ​តំបន់នេះ ឱ្យ​ថ្កោលទោស​រដ្ឋាភិបាល​​កម្ពុជា​​ឱ្យបាន​ខ្លាំងក្លា​ចំពោះ​ការណ៍​ដែល​កម្ពុជា​មិនព្រម​អើពើ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​ស្របតាម​កាតព្វកិច្ច​របស់​ខ្លួន​ក្រោមច្បាប់​អន្តរជាតិ។ ការអំពាវនាវនេះ ធ្វើឡើង​នៅ១ថ្ងៃ មុនពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ដឹកនាំ​កិច្ចប្រជុំ​កំពូល អាស៊ី-អឺរ៉ុប ឬ (ASEM) លើកទី១៣ ចាប់ពី​ថ្ងៃទី២៥ ដល់​ថ្ងៃទី២៦ ខែវិច្ឆិកា តាមប្រព័ន្ធ​វីដេអូ។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ គូសបញ្ជាក់​ក្នុង​ សេចក្តីថ្លែងការណ៍​ ចេញ​ផ្សាយ​កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ថា សហភាព​អឺរ៉ុប និង​រដ្ឋសមាជិក គួរលើក​យក​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ធ្វើជា​របៀបវារៈ​ស្នូល​នៅក្នុង​កិច្ចសន្ទនា​រវាង​សហភាពអឺរ៉ុប និង​តំបន់​អាស៊ីអាគ្នេយ៍។ អង្គការ​នេះ​ផ្តល់អំណះអំណាង​ថា សហភាព​អឺរ៉ុប​មិនគួរ​លើកយក​តែ​បញ្ហា​វិបត្តិ​នៅ​មីយ៉ាន់ម៉ា ​(Myanmar)​​ ឬ​​ភូមា ​(Burma)​​ ប៉ុណ្ណោះទេ ក៏ប៉ុន្តែ​គួរ​ផ្តោតលើ​បញ្ហា​រំលោភសិទ្ធិមនុស្ស​ជាប្រព័ន្ធ​ដែល​កំពុង​កើតមានឡើង​នៅ​គ្រប់ទីកន្លែង​ទាំងអស់។ អង្គការ​នេះ សង្កត់ធ្ងន់​ថា ការផ្តោត​លើ​បញ្ហា​នៅ​ភូមា ​គឺជា​រឿង​ត្រឹមត្រូវ។ ក៏ប៉ុន្តែ​ទន្ទឹមនឹងនេះ ក្រុមមេដឹកនាំ​សហភាពអឺរ៉ុប និង​រដ្ឋសមាជិក ក៏​មិនគួរ​អនុញ្ញាត​ឱ្យ​កម្ពុជា​រួចខ្លួន​ពី​រឿងរ៉ាវ​រំលោភបំពាន​សិទ្ធិមនុស្ស​នោះទេ។ អង្គការ​នេះ បាន​រំឮកឡើងវិញ​ពី​ការណ៍​ដែល​សហភាព​អឺរ៉ុប​បាន​ដកហូត​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ២០ភាគរយ ពី​កម្ពុជា ដោយសារ​តែ​រកឃើញ​ថា មាន​ការរំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជាប្រព័ន្ធ ក្រោយ​ការរម្លាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ចុងឆ្នាំ២០១៧។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ពន្យល់ថា ការលើកឡើង​ពីបញ្ហា​នេះ​មក​ធ្វើជា​របៀបវារៈ មិនមែន​ជា​អ្វី​ដែល​លោក ហ៊ុន សែន ចង់ឃើញ​នោះទេ ក៏ប៉ុន្តែ ក្រោយពី​លោក​បាន​​ដឹកនាំ​បែប​ផ្តាច់ការ​អស់រយៈពេល​ជាង ៣៦ឆ្នាំ​មក ការថ្កោលទោស​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​នេះ គឺជា​អ្វី​ដែល​លោក ហ៊ុន សែន សមនឹង​ទទួលបាន។

វិទ្យុអាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជាលោក កុយ គួង ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​រឿងនេះ​បានទេ គិតត្រឹម​យប់​ថ្ងៃទី២៤ ខែវិច្ឆិកា។ លោក កុយ គួង ក៏​មិនឆ្លើយតប​នឹង​សំណួរ​របស់វិទ្យុអាស៊ីសេរី កាលពី​ថ្ងៃទី២៣ ខែវិច្ឆិកា តាម​បណ្តាញសង្គម តេឡេក្រាម (Telegram) ថាតើ​​ក្នុងនាម​ជា​ម្ចាស់ផ្ទះ កម្ពុជា​នឹង​អញ្ជើញ​មេដឹកនាំ​រដ្ឋប្រហារ​យោធា លោក មីន អ៊ុងហ្លាំង (Min Aung Hlaing) ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំកំពូល​នេះ ដែរឬទេ។ យ៉ាងណា​នៅក្នុង​កិច្ចប្រជុំអាស៊ាន​កន្លងមក ក្រុមមេដឹកនាំ​អាស៊ាន​បាន​សម្រេចចិត្ត​មិន​អនុញ្ញាត​ឱ្យ​មេដឹកនាំ​របបសឹក​យោធា លោក មីន អ៊ុងហ្លាំង ធ្វើជា​តំណាង​របស់​ប្រទេស​ភូមា ចូលរួម​នៅក្នុង​កិច្ចប្រជុំ​របស់​ខ្លួន​ជាបន្តបន្ទាប់។

សារព័ត៌មាន​ PBS ថៃ បាន​រាយការណ៍​ជា​ភាសាអង់គ្លេស​ដោយ​ពុំ​ដកស្រង់​ប្រភព​ថា កម្ពុជា​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល ASEM នេះ មិន​បាន​អញ្ជើញ​មេដឹកនាំ​រដ្ឋប្រហារ​យោធា លោក មីន អ៊ុងហ្លាំង ឱ្យ​ចូលរួម​នៅក្នុង​កិច្ចប្រជុំនេះទេ ដោយ​ផ្អែកតាម​សេចក្តីសម្រេច​របស់​អាស៊ាន​កាលពី​ថ្ងៃទី១៥ ខែតុលា ដែល​បាន​សម្រេច​អញ្ជើញ​មន្ត្រីជាន់ខ្ពស់​ភូមា​មិនមែន​ជាអ្នកនយោបាយ​ជំនួសវិញ។ សារព័ត៌មាន​ថៃ​ដដែលនេះ ចុះផ្សាយថា ផ្អែកតាម​សេចក្តីថ្លែងការណ៍​របស់​កម្ពុជា​ជាម្ចាស់ផ្ទះ​ដឹកនាំ​កិច្ចប្រជុំ​នេះ ដែល​ខ្លួនបាន​ទទួល ក្រុមមេដឹកនាំ ASEM សម្តែង​ក្តីបារម្ភ​យ៉ាងខ្លាំង​ជុំវិញ​ស្ថានការណ៍​នៅ​ប្រទេសភូមា។ ក្រុមមេដឹកនាំ​ទាំងនេះ​ក៏គូសបញ្ជាក់​ពី​ការគាំទ្រ​របស់​ពួកគេ​យ៉ាងខ្លាំង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន ក្នុងការព្យាយាម​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​នេះ។

គណៈកម្មការ​អឺរ៉ុបបញ្ជាក់​ជំហរ​យ៉ាងច្បាស់​ប្រាប់វិទ្យុអាស៊ីសេរី កាលពី​ខែកក្កដា ថា ការអនុញ្ញាត​ឱ្យ​កម្ពុជា​​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​​កិច្ចប្រជុំ​​កំពូល​​អាស៊ី-អឺរ៉ុប ឬ ASEM លើកទី១៣ តាម​អ៊ីនធឺណិត មិន​មែន​​មាន​ន័យ​ថា អឺរ៉ុប​ទទួលស្គាល់​ថា កម្ពុជា​បាន​ស្តា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​​ដែល​កំពុងតែ​ធ្លាក់ចុះ​ដុនដាប​នោះទេ។

កិច្ចប្រជុំ​កំពូលនេះ ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើក​កម្ពស់​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​អាស៊ី-អឺរ៉ុប ដើម្បី​លើកកម្ពស់​សន្តិភាព វិបុលភាព​សេដ្ឋកិច្ច និង​វឌ្ឍនភាព​សង្គម។ កិច្ចប្រជុំ​កំពូល​នេះ ប្រព្រឹត្ត​ទៅ​រៀងរាល់​ពីរឆ្នាំ​ម្តង ដោយ​ប្ដូរ​វេន​គ្នា​ធ្វើជា​ម្ចាស់ផ្ទះ ម្ដង​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ប្រទេស​ណាមួយ​ជា​រដ្ឋ​សមាជិក​នៅ​អឺរ៉ុប ហើយ​ម្តងទៀត​នៅ​អាស៊ី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "HRW អំពាវនាវ​ដល់​អឺរ៉ុប​ឱ្យ​ថ្កោលទោស​អំពើ​រំលោភសិទ្ធិមនុស្ស​នៅកម្ពុជា នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM) លើកទី១៣"

  1. Anonymous says:

    at first this hided communist person was hiding in democracy flag for more than thirty years . not just that this uneducated evil monster was a hided genocide leader from the 70th up to this day every one should see his evil act in open right now the reason why he is showing up because his time is over after he hiding for so many decade. HUN SEN’s time is over CHHEAM SREK SBEKHOV that all it is. some thing going up it have to come down Mr you can not get away from it