សាច់ញាតិ​ជនរងគ្រោះ​ដោយ​រំលោភ​សម្លាប់​នៅ​ខេត្តកំពង់ចាម ស្នើ​ឱ្យ​ស៊ើប​អង្កេត​រក​ជនល្មើស​បន្ថែម

តុលាការ និងច្បាប់ព័ត៌មានជាតិសន្តិសុខ
កញ្ញា ខាន់ លក្ខិណា | ២៦ វិច្ឆិកា ២០២១ | ម៉ោង ១៨:០១
VOD

កងរាជអាវុធហត្ថ និងមន្ត្រីសមត្ថកិច្ចមូលដ្ឋាន សម្រួលចរាចរណ៍និងរៀបចំសណ្ដាប់ធ្នាប់នៅមុខសាលាស្រុកចំការលើ ខេត្តកំពង់ចាម ខែកុម្ភៈ ឆ្នាំ២០២១។

កងរាជអាវុធហត្ថ និងមន្ត្រីសមត្ថកិច្ចមូលដ្ឋាន សម្រួលចរាចរណ៍និងរៀបចំសណ្ដាប់ធ្នាប់នៅមុខសាលាស្រុកចំការលើ ខេត្តកំពង់ចាម ខែកុម្ភៈ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ អធិការដ្ឋាននគរបាលស្រុកចំការលើ ខេត្តកំពង់ចាម)


សាច់ញាតិក្មេងស្រីដែលត្រូវបានជនល្មើសរំលោភសម្លាប់ នៅស្រុកចំការលើ ខេត្តកំពង់ចាម ស្នើទៅតុលាការនិង​សមត្ថកិច្ចឱ្យស៊ើបអង្កេតបន្ថែមទៀត ដោយថា ជនល្មើសដែលធ្វើអំពើឃោរឃៅលើក្មួយស្រីរបស់ខ្លួន មិនមែនមានតែម្នាក់នោះទេ។

ការស្នើនេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ាប់ កំសត់ ហៅ អាលាន ហើយ​​ត្រូវ​បាន​តុលាការសម្រេចចោទប្រកាន់និងឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម កាលពីថ្ងៃ​ម្សិលមិញ។

ម្តាយមីងរបស់ក្មេងស្រីរងគ្រោះ អ្នកស្រី រ៉ាន់ វាសនា ប្រាប់ វីអូឌី នៅថ្ងៃទី​២៦ ខែវិច្ឆិកា ​ថាគ្រួសាររបស់គាត់នៅមិនទាន់អស់ចិត្តនៅឡើយ បើទោះបីជាសមត្ថកិច្ចនិងតុលាការចាប់ខ្លួនបានជនល្មើសក៏ដោយ។

អ្នកស្រីថា មូលហេតុដែលមិនអស់ចិត្ត ដោយយល់ថា ជនល្មើសដែលប្រព្រឹត្តអំពើឃោរឃៅទៅលើក្មួយស្រី មិនអាចធ្វើរឿងនេះតែម្នាក់ឯងបាននោះទេ។ អ្នកស្រីថា ករណីនេះ អ្នកស្រីស្នើឱ្យសមត្ថកិច្ចនិងតុលាការបើកការស៊ើបអង្កេតនិងស្រាវជ្រាវរកជនល្មើសបន្ថែមទៀត។

អ្នកស្រីថា៖ «ខ្ញុំនៅតែគិតថា ប្រហែលជាមិនមែនមានជនល្មើសតែម្នាក់ទេ ខ្ញុំសំណូមពរឱ្យប៉ូលិសស៊ើបអង្កេតបន្ថែម ហើយយកជនល្មើសមកធ្វើត្រាប់អីអ៊ីចឹង ឱ្យធ្វើត្រាប់ទៅ ដើម្បីយើងនឹង[ដឹង]គាត់ធ្វើម៉េចៗ ​តើមានគ្នាប៉ុន្មាននាក់? ហើយបើគាត់ធ្វើម្នាក់ឯង វាធ្វើម៉េចអ៊ីចឹង?»

អធិការនគរបាលស្រុកចំការលើ លោក ប៉ែន ទៀងចំរើន ឱ្យដឹងថា សំណុំរឿងនេះ សមត្ថកិច្ចបានបញ្ជូនទៅតុលាការហើយ។ រីឯការស្នើឱ្យស៊ើបអង្កេតបន្ថែមនោះ គឺអាស្រ័យលើតុលាការ។

លោកថា៖ «សូមទៅតុលាការទៅ ព្រោះតុលាការបានបញ្ជាក់ចម្លើយជនល្មើស ព្រោះវាផុតពីដៃនគរបាលខ្ញុំហើយ សូមទាក់ទងទៅខាងតុលាការ។»

អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ចាម លោក ធី បរិញ្ញា មានប្រសាសន៍ថា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនសង្ស័យ ឈ្មោះ ម៉ាប់ កំសត់ នៅពន្ធនាគារបណ្ដោះអាសន្ន កាលពីថ្ងៃម្សិលមិញ ដោយចោទប្រកាន់ពីបទ «ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ» តាមមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ។ លោកបន្តថា ទោះបីជាជនជាប់ចោទបានសារភាពខ្លួនធ្វើអំពើនេះតែម្នាក់ឯងក៏ដោយ ប៉ុន្តែសមត្ថកិច្ចនិងតុលាការនៅតែធ្វើការស៊ើបអង្កេតសំណុំរឿងនេះ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត។

លោកថា៖ «យើងបានធ្វើការឃុំខ្លួននៅពន្ធនាគារ ដើម្បីធ្វើការ​បំពេញកិច្ចបន្តស៊ើបសួរបន្ថែមទៀតដែរ។ ខ្ញុំសូមជូនព័ត៌មានតែប៉ុណ្ណឹង»

នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូ លោក ​អំ សំអាត មានប្រសាសន៍ថា សំណុំរឿងនេះពិបាកធ្វើការសន្និដ្ឋានដែលជនល្មើសមានតែម្នាក់។ ​ករណីនេះ លោកទទូចឱ្យសមត្ថកិច្ចយកចិត្តទុកដាក់បន្ថែមទៀតក្នុងការស៊ើបអង្កេតស្វែងរកជនដែលពាក់ព័ន្ធ​ ដើម្បីយកមកដាក់ទោសតាមច្បាប់ ដោយថា សំណុំរឿងនេះនៅមានមន្ទិលសង្ស័យច្រើន។

លោកថា៖ «ទោះយ៉ាងណាក៏ដោយ ត្រូវឱ្យសមត្ថកិច្ចស៊ើបអង្កេតដោយតម្លាភាព​និងយុត្តិធម៌ និងបង្ហាញអំពីតម្លាភាព​ឱ្យក្រុមគ្រួសារអស់ចិត្ត ថាជនល្មើសពិតជាមានតែម្នាក់​។ ​បើសិនរកទៅឃើញ អ្នកពាក់ព័ន្ធផ្សេងទៀត អាហ្នឹងត្រូវ​ចាត់វិ​ធានការតាមផ្លូវច្បាប់ ដើម្បីស្វែងរកជនដែលពាក់ព័ន្ធមកអនុវត្តតាមច្បាប់ហើយ ដើម្បីកុំឱ្យអ្នក​ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តរួចខ្លួនពីសំណាញ់ច្បាប់ វាបង្កឱ្យមានផលលំបាកសម្រាប់សង្គមជាតិ»

​បើតាមមន្ត្រីសង្គមស៊ីវិលរូបនេះ ក្នុងមួយ​ឆ្នាំៗ អង្គការលីកាដូ ទទួលបានការពឹងពាក់ពីជនរងគ្រោះ មិនតិចជាង២០០​​ករណី​ទេ​ ពាក់ព័ន្ធការរំលោភសេពសន្ថវៈលើស្រ្តីនិងកុមារនៅ១៤ខេត្ត​-រាជធានី ដែលមានមន្ត្រីអង្គ​ការនេះធ្វើការ។ ប៉ុន្តែលោកថា នៅទូទាំងប្រទេសអាចមានច្រើនករណីទៀត៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles