សាល មីស៊ែល៖ អឺរ៉ុបជាដៃគូគួរឲ្យទុកចិត្តសម្រាប់អាស៊ីក្នុងការស្តារបរិស្ថាននិងសេដ្ឋកិច្ចក្រោយកូវិដ តែសសរស្តម្ភអឺរ៉ុប មិនរំលងរឿងសិទ្ធមនុស្ស!

កម្ពុជា-សិទ្ធិមនុស្ស
26/11/2021 – 06:37
ដោយ៖ ហេង ឧត្តម
RFI

លោក សាល មីស៊ែល (Charles Michel) ជាប្រធានក្រុមប្រឹក្សាអឺរ៉ុប © សហការី


ថ្ងៃ​ម្សិលមិញនេះ លោក សាល មីស៊ែល (Charles Michel) ជាប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប បាន​ថ្លែង​ ​សរសើរ​កម្ពុជា ​ដែល​បាន​ធ្វើ​ជា​ប្រធាន​ផ្លាស់វេន ​រៀបចំ​ពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)។ ក្នុង​ពិធិបើកកិច្ចប្រជុំ​ ​ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា”, ​ លោក សាល មីស៊ែល (Charles Michel) បាន​បញ្ជាក់​ពី​ភាព​ត្រូវ​ការ​គ្នាទៅវិញទៅមក រវាង​អាស៊ី​និងអឺរ៉ុប​ ដើម្បី​ចូលរួម​ដោះស្រាយ​និង​ស្តារ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ក្រោយ​រងគ្រោះពី​វិបត្តិ​កូវីដ​១៩។ លោកប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប ក៏​បានសង្កត់​ធ្ងន់​ពី​ភាព​ជាដៃគូ​នៃ​ទ្វីប​ទាំងពីរ ដើម្បីចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការគ្រប់គ្រង​ប្រព័ន្ធ​ជីវៈ​ចម្រុះ។ មិនតែប៉ុណ្ណោះ ក្នុងនាម​ជា​សមាជិក​សហភាព​អឺរ៉ុប លោកក៏បាន​គូស​ចាំប្រាប់អង្គប្រជុំ​ ពី​ជំហរសហភាព​​អឺរ៉ុប ​គឺនៅតែប្រកាន់​យ៉ាងមុត​មាំ​ពី​ការគោលការ​ណ៍​​គោរព​សេរីភាព​ សិទ្ធិ​មនុស្ស និង​គោរព​លទ្ធិប្រជាធិបេត្យ។


សូមស្តាប់ប្រសាសន៍របស់លោក សាល មីស៊ែល (Charles Michel) ដែលប្រែសម្រួលដោយ ហេង ឧត្តម ៖


សូម​ជ្រាបថា កិច្ច​ប្រជុំ​​​កំពូលអាស៊ី-អឺរ៉ុប បង្កើត​ឡើង​នៅឆ្នាំ ១៩៩៦ ដើម្បី​បង្កើន​វេទិកា​កិច្ច​សន្ទនា​​ និងកិច្ច​សហប្រតិបត្តិ​ការ ព្រមទាំង​រឹតចំណង​ទាក់ទង​នៃ​ទ្វីបទាំងពីរ។ កិច្ចប្រជុំ​កំពូល​នេះ ធ្វើឡើង​ពីរ​ឆ្នាំម្តង​ គឺ​ ម្តងនៅ​ទឹកដីអឺរ៉ុប ម្តងនៅ​ដីអាស៊ី ដែល​ ឆ្នាំនេះ កម្ពុជា បាន​ឱកាស​ធ្វើជា​ប្រធាន​ផ្លាស់វេនដឹកនាំកិច្ចប្រជុំ​៕

What Next?

Recent Articles