អង្គការ​លីកាដូ​រក​ឃើញ​​ថា​ អ្នកប្រើប្រាស់​​បណ្ដាញ​​សង្គម​​កំពុង​​រង​ការ​បៀតបៀន​​និង​​រំលោភ​​សិទ្ធិ​ដោយ​​គ្មាន​ការ​​ជួយ​​អន្តរាគមន៍​​ពី​​អាជ្ញាធរ​​និង​​ក្រុម​ហ៊ុន​

ដោយ ជី វិតា
2021-11-25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង



អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ស្នើ​អាជ្ញាធរ និងក្រុមហ៊ុនបណ្ដាញសង្គម​ឲ្យ​បង្កើន​ការ​ការពារ​សិទិ្ធ​អ្នក​ប្រើប្រាស់ ​នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​។​ សំណើ​នេះ​ក្រោយ​អង្គការ​លីកាដូ​ រក​ឃើញ​ថា​​ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នៅកម្ពុជាកំពុង​រង​ការបៀតបៀន​ និង​រំលោភ​សិទ្ធិ​ ប៉ុន្តែ​​គ្មាន​ការ​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​ និង​ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​ទាំង​នោះ​។​

អង្គការ​​ការពារ​សិទ្ធិ​មនុស្ស​​លីកាដូរក​ឃើញ​ថា ក្រុមហ៊ុន​ហ្វេសប៊ុក​(facebook) ដែលបច្ចុប្បន្ន​បាន​ប្តូរ​ឈ្មោះ​ជា​ក្រុមហ៊ុន​ ​មេ​តា(Meta)​ ​អាជ្ញាធរ​កម្ពុជា​ ​និង​ក្រុមហ៊ុន​បណ្តាញទំនាក់ទំនងសង្គម​ផ្សេងៗទៀត​ ​មិន​អាច​ការពារ​អ្នកប្រើប្រាស់​បាន​គ្រប់គ្រាន់​ ​ហើយ​ថែមទាំង​រួមចំណែក​ធ្វើ​ឱ្យ​មានការ​រំលោភបំពាន​សិទិ្ធ​មនុស្ស​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ទៀត​ផង​​។​

អង្គការ​ដដែល​បន្ត​ទៀត​ថា ហ្វេសប៊ុក​ បាន​ក្លាយ​ជា​កន្លែង​ដែល​អាច​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​រដ្ឋ​ធ្វើការ​ត្រួតពិនិត្យ​ ចាប់​ពិរុទ្ធ ​និង​រំលោភបំពាន​លើ​អ្នកប្រើប្រាស់​បាន​ ​និង​អនុញ្ញាត​ឱ្យ​បុគ្គល​ឯកជន​ធ្វើការ​រំលោភបំពាន​ផ្លូវ​ភេទ​ ​បង្ក​ការរើសអើង​ ​គំរាមកំហែង​ ​និង​ការ​រំលោភបំពាន​ផ្សេងៗ​មក​លើ​អ្នកប្រើប្រាស់​ផ្សេងទៀត​បានជា​ញឹកញាប់​​។ ការ​រក​ឃើញនេះ បានមក​ពី​ ​ការស្ទង់មតិ​​មួយ​ ​ដែលមានពលរដ្ឋ​ប្រមាណ​ជាង​ ​៧​០​០​ចូលរួម​​។ លទ្ធផលបង្ហាញថា​ ​ជាង​មួយភាគបី​ (​៣​៨​%) ​នៃ​អ្នកចូលរួម​ស្ទង់មតិ​ ​ធ្លាប់​ទទួលរង​ការបៀតបៀន​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​ជាពិសេស​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​យុវជន​ ​និង​សកម្មជន​សិទិ្ធ​មនុស្ស​ ​ជា​ក្រុម​មនុស្ស​ដែល​ទទួល​រង​​ការ​​រំលោភ​បំពាន​​ខ្លាំង​​ជាង​គេ​​។​ ​លើស​ពី​នេះ​ ​២​០​% ​នៃ​ស្ត្រី​ដែល​បាន​ចូលរួម​ស្ទង់មតិ​ ​បាន​និយាយ​ថា​ អ្នក​ទាំងនោះ​ធ្លាប់​ទទួលរង​ការបៀតបៀន​តាម​ប្រព័ន្ធ​អន​ឡា​ញ​​។

ក្រោយ​មាន​ការ​រក​ឃើញ​បែបនេះ​ ​អង្គការ​ ​លី​កា​ដូ ​បាន​ទាក់ទង​ទៅកាន់​ក្រុមហ៊ុន​ហ្វេសប៊ុក​ ​ដោយ​បាន​ផ្ញើ​នូវ​ការ​រក​ឃើញ​សំខាន់​ៗ​នៃ​របាយការណ៍​នេះ​ ​កាលពី​ខែ​តុលា​ ​និង​វិច្ឆិកា​ ​ឆ្នាំ​​២​០​២​១​ ​ហើយ​បាន​ស្នើសុំ​ការ​បំភ្លឺ​បន្ថែម​ទៅលើ​ការ​រក​ឃើញ​ ​និង​បញ្ហា​ទាំងនោះ​​។​  ទោះយ៉ាងណា អង្គការលីកាដូ ឲ្យដឹងថា ​ក្រោយ​ពី​ឆ្លើយតប​ដោយ​បញ្ជាក់​ថា​ ខ្លួន​បាន​ទទួល​សារ​របស់​អង្គការ​ ​លី​កា​ដូ ​ហើយ​ ​ក្រុមហ៊ុន​ហ្វេសប៊ុក​ ​មិនបាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​ដែល​ ​លី​កា​ដូ ​បាន​សួរ​ ​ឬ​បញ្ហា​ដែល​បាន​លើកឡើង​នោះ​ទេ​​។​

នាយិកា​អង្គការ​លី​កា​ដូ អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ លើកឡើង​ក្នុង​របាយការណ៍​នោះ​ថា​ ​«ហ្វេសប៊ុក​ ​មិន​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ពល​រដ្ឋកម្ពុជា​នោះ​ទេ»។​ ​អ្នកនាង​ស្នើ​ទៅ​ក្រុមហ៊ុន​នេះ​ ​ត្រូវតែ​ប្រកាន់​ជំហរ​ជា​សាធារណៈ​ជំទាស់​នឹង​ការ​ត្រួតពិនិត្យចាប់​ពិរុទ្ធ ​និង​ការ​រំលោភបំពាន​ពីសំណាក់​អាជ្ញាធរ​រដ្ឋ​ ​ហើយ​ប្រកាន់​ទំនួល​ខុសត្រូវ​ទៅ​លើ​​ការ​​រំលោភបំពាន​​ផ្សេងៗ​ទៀត​ដែល​បាន​សាយភាយ​ពាសពេញ​បណ្តាញ​សង្គម​របស់​ខ្លួន»​។​

វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង​ក្រុមហ៊ុន​ហ្វេសប៊ុក ដើម្បី​ឆ្លើយតប​ទៅនឹង​ការរកឃើញ​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​នេះ​បាន​នៅឡើយទេ។

របាយការណ៍​របស់​អង្គការ​លីកាដូ​ដដែល​បាន​លើកយក​ឧទាហរណ៍ជាក់ស្ដែង​អំពី​អ្នករងគ្រោះ ​នៃ​ការបៀតបៀន​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​​ក្នុងនោះ​រួមមាន៖ ​វីដេអូ​របស់​ ​សុផល​។ សុផល គឺជាឈ្មោះតំណាង (ឈ្មោះ​អ្នក​និពន្ធដាក់ឲ្យ) ​​របស់ក្មេងស្រី​ម្នាក់​ដែល​ត្រូវ​បាន​គេ​លួច​ថត​នៅ​ពេល​នាង​កំពុង​រួមភេទ​ ​ហើយវីដេអូនោះត្រូវ​បាន​​គេ​​ចែកចាយ​ជា​សាធារណៈ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​ដោយ​មិន​មានការ​យល់ព្រម​ពី​រូប​នាង​​។​ ​រឿងរ៉ាវ​ទី២​របស់​ ​ភាព​ ​ជានា​រី​ម្នាក់​អាយុ​ជាង​ ​៣​០​ឆ្នាំ​ ​ដែល​តែងតែ​ត្រូវ​បាន​គេ​គំរាមកំហែង​ឥតឈប់ឈរ​ពី​ក្រុមហ៊ុន​ផ្តល់​ប្រាក់​ក​ម្ចី​ឯកជន​មួយ​ ​ដែល​បង្គាប់​ឱ្យ​នាង​ផ្តល់​នូវ​រូបភាព​អាក្រាត​កាយ​របស់​នាង​ ​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ប្រាក់​ក​ម្ចី។​ ​រឿងរ៉ាវ​របស់​ ​ច​ន្នី ​ជានា​រី​ម្នាក់​អាយុ​ជាង​ ​២​០​ឆ្នាំ​ ​ទទួលរង​ការរើសអើង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ ​ក្រោយពេល​នាង​បាន​ចែករំលែក​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​របស់​នាង​ ​និង​មាន​រឿង​រ៉ាវ​​ជា​ច្រើន​ផ្សេង​ទៀត​។​

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ លោក ​​ជា វ៉ាន់ដេត និង​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ​ ស៊ីផាន​ ដើម្បីឆ្លើយតប​នឹង​របាយការណ៍​របស់​អង្គការ​លីកាដូនេះ បានទេ​នៅ​ថ្ងៃ​ទី​២៥​ ខែ​វិច្ឆិកា​។​

ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាលោក​ សុខ​ ឥសាន យល់ថា​ ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ទាំង​នោះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ។​ លោក​ថា ជន​ណា​ដែល​​ប្រើប្រាស់​បណ្ដាញ​សង្គម​​ល្មើស​ច្បាប់ ​ឬ​បៀតបៀន​រំលោភ​បំពាន​អ្នក​ដទៃ​ ជននោះនឹងត្រូវ​ប្រឈម​​មុខ​ចំពោះ​មុខ​​ច្បាប់​៖ «​បើសិន​ជា​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​មិន​ព្រម​អនុវត្ត​ច្បាប់​រំលោភ​​​​អត់​ការពារ​គឺ​ច្បាប់​ជា​អ្នក​ការពារ​​តុលាការ​ណា​​ទៅ​តុលាការ​ទៅ​គេ​មើល​ហើយ​ការ​រំលោភ​ច្បាប់​​ហ្នឹង​មាន​ពិរុទ្ធភាព​យ៉ាងម៉ិចៗ​គេ​កាត់​​សេចក្ដី​តាម​ណឹង​»។

ទោះជាយ៉ាងណា នាយក​រង​ទទួលបន្ទុកផ្នែក​ឃ្លាំមើល​សិទិ្ធ​មនុស្ស​នៃ​អង្គការ​លី​កា​ដូលោក​ អំ ​សំអាត​ ថ្លែងថា អាជ្ញាធរ​មាន​​មានកាតព្វកិច្ច​ការពារ​ពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម ហើយក្រុមហ៊ុនសាមីក៏​ត្រូវ​មាន​កាត្វកិច្ច​នេះដូចគ្នា៖ «អញ្ចឹង​បើសិន​ជា​អត់​មាន​ប្រព័ន្ធ​ការពារ​ណាមួយ​សម្រាប់​អ្នក​ប្រើប្រាស់​ទេ​ ហើយ​គាត់​អាច​នឹង​ឈប់​​ប្រើ​​​​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​ការ​ចូលរួម​ចំណែក​​ក្នុង​ការ​បញ្ចេញ​មតិ​​ដើម្បី​ស្ថាបនា​សង្គម​ជាតិ​យើង​​ការ​សន្ទនា​ផ្សេងៗ​ជា​លក្ខណៈ​ឯកជន​​ឬ​ក៏​ការ​ប្រជុំ​នោះ​បាទ»។

យោង​តាម​របាយការណ៍​អង្គការ​លីកាដូ​ ភាគច្រើន​លើសលុប​ (​៩​៥​%) ​នៃ​អ្នក​ដែល​ធ្លាប់​ទទួលរង​អំពើ​រំលោភបំពាន​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ ​​ជា​អ្នកប្រើប្រាស់​បណ្ដាញ​ហ្វេសប៊ុក​ (​បច្ចុប្បន្ន​បាន​ប្តូរ​ឈ្មោះ​ជា​ក្រុមហ៊ុន​ ​មេ​តា​)​។ ក្រៅពី​នេះ​ ក៏​មាន​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្សេង​ទៀត​ដូច​ជា​ ឆាត(Mesenger)​ តេឡេក្រាម​(Telegram)​​យូធ្យូប​(Youtube)​ ស៊្សូម​(Zoom)​ អ៊ីនស្តាក្រាម​(Instagram) ​ធីកថុក​(Tiktok) ​វតសន៍អាប់​(Whatspp)​ និង​​អ៊ីម៉ែល (Email)​ជាដើម។

អង្គការ​លីកាដូ​គូស​បញ្ជាក់​ថា ការបៀតបៀន​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ធំ​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​ដាក់​គោលដៅ។ អង្គការ​សិទ្ធិមនុស្ស​ដដែល​បន្ថែម​ថា វា​ដល់ពេលហើយ ដែល​ត្រូវ​ធានា​ថា​ពលរដ្ឋ​គ្រប់រូប​នៅ​ក្នុង​ប្រទេស​អាច​អនុវត្ត​សិទិ្ធ​មនុស្ស​របស់​ពួកគេ​យ៉ាង​ពេញលេញ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment