ពលរដ្ឋរស់នៅផ្ទះបណ្ដែតទឹកក្នុងភូមិបាក់ព្រា បន្តចំណាកស្រុកក្រោយទិន្នផលនេសាទធ្លាក់ចុះ ​

បទយកការណ៍
លោក ពក ខឺយ | ២៧ វិច្ឆិកា ២០២១ | ម៉ោង ១២:០៨
VOD

អ្នកស្រី សុខ ស្រីដា ផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធបញ្ហាដែលប្រជាពលរដ្ឋមួយចំនួនរស់នៅលើផ្ទះបណ្ដែតទឹកកំពុងប្រឈម ស្ថិតក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

អ្នកស្រី សុខ ស្រីដា ផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធបញ្ហាដែលប្រជាពលរដ្ឋមួយចំនួនរស់នៅលើផ្ទះបណ្ដែតទឹកកំពុងប្រឈម ស្ថិតក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ (សុខ ចន្ត្រាវុធ)


ប្រជាពលរដ្ឋមួយចំនួន​រស់នៅលើផ្ទះបណ្ដែតទឹកក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បាននាំគ្នាធ្វើចំណាកស្រុកជាបន្តបន្ទាប់ ក្រោយពីមុខរបរនេសាទត្រីរបស់ពួកគេបាន​ធ្លាក់ចុះខ្លាំង​ក្នុងរយៈពេលប្រមាណ៣ឆ្នាំចុងក្រោយនេះ។ ​

លោក ឌុល មៀន បានមករស់នៅលើផ្ទះបណ្ដែតទឹក ដោយ​ប្រកបមុខរបរជាអ្នកនេសាទអស់រយៈពេលជាង៣០ឆ្នាំមកហើយ នៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ។

លោក​បន្ត​​ថា ចាប់​តាំងពី​ទិន្នផលត្រីធ្លាក់ចុះខ្លាំង​មក លោកជួបការលំបាកជាខ្លាំង ត្បិតរកត្រីមិនសូវបាន ហើយ​ក៏មិនមានចំណូល​ផ្គត់ផ្គង់គ្រួសារដូចពីមុននោះដែរ។

លោកបានអះអាងថា​ ក្រោយពី​មុខរបរនេសាទមានការធ្លាក់ចុះប្រមាណ​៣ឆ្នាំមកនេះ លោកបានសម្រេចឱ្យកូនធ្វើចំណាកស្រុកទៅធ្វើការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ ចំនួន៣លើក​មកហើយ ដើម្បី​រក​ប្រាក់ចំណូល​សម្រាប់​ដោះ​ស្រាយ​ជីវភា​ពប្រចាំថ្ងៃ។

បុរសវ័យ៤៥ឆ្នាំរូបនេះបានសង្កត់ធ្ងន់ថា បញ្ហា​ខ្សត់ត្រីនេះបណ្ដាលមកពីការនេសាទត្រីខុសច្បាប់មានការកើនឡើងខ្លាំង ខណៈ​អាជ្ញាធរហាក់មិនយកចិត្តទុកដាក់​លើបទល្មើសនេសាទទាំងនោះទេ។ លោកបន្តថា បញ្ហាមួយទៀត ដោយសារ​រដូវវស្សាទឹកទន្លេមិនមាន​ច្រើនដូចមុន​​ គឺមានតែទឹកភ្លៀងខ្លះប៉ុណ្ណោះ​។

លោក ឌុល ​បានលើកឡើងថា៖ «វាខ្សត់ខ្សោយ និងទឹកវាតូចផង។ បើនិយាយទៅ វាខ្លាំងនឹងសាច់ដៃហ្នឹងហ្មង [ឧបករណ៍បទល្មើសនេសាទយកត្រីទាំងតូច​ទាំងធំ]​ បើបំបាត់អាសាច់ដៃហ្នឹងបាន ទោះទឹកតូចយ៉ាងណាក៏អាចនឹងមានត្រីសម្បូរដែរ។ នេះរបៀបថា​ហូបបាយហើយ​វាយឆ្នាំង​ហ្នឹង​ចោល អត់មានឆ្នាំងដាំបាយទៀត។ អានេះត្រីគេរកអ៊ីចឹងហ្អា៎! ដល់ពេលយើងយកត្រីទាំងមេទាំងកូនអស់ វាអត់មានទៀត»។

កំពុងតែអង្គុយនៅមុខផ្ទះបណ្ដែតទឹករបស់ខ្លួន អ្នកស្រី សុខ ស្រីដា បាននិយាយថា បញ្ហាខ្សត់ត្រីនៅទន្លេសាប​ធ្វើឱ្យ​​ប្រជាពលរដ្ឋជំពាក់បំណុលគេកាន់តែ​ច្រើន ត្បិតត្រូវខ្ចីប្រាក់គេយកមកទិញម្ហូបនិងអង្ករសម្រាប់​បរិភោគ​ប្រចាំ​ថ្ងៃ​។ អ្នកស្រីអះអាងថា​ កាលពី៥ឆ្នាំមុន ពលរដ្ឋនៅក្នុងភូមិបាក់ព្រា មិនមានអ្នកធ្វើចំណាកស្រុកនោះទេ ដោយពួកគេអាចរកចំណូលបានចន្លោះពី១០​​ទៅ២០ម៉ឺនរៀលក្នុងមួយថ្ងៃពីការនេសាទត្រី ប៉ុន្តែបច្ចុប្បន្ន អ្នកភូមិជាច្រើន រួមទាំងកូនអ្នកស្រីផង បានធ្វើចំណាកស្រុកទៅតំបន់ឆ្ងាយៗពីផ្ទះជាបន្តបន្ទាប់ ដោយនេសាទត្រីមិនបាន។  ​

អ្នកស្រីមានប្រសាសន៍ថា៖ «ឥលូវសម្បូរអ្នកចំណាកស្រុកច្រើន យើងរកត្រីអត់បានអ៊ីចឹងទៅ ដូចថាជួបការលំបាកក្នុងគ្រួសារ ក៏ចេះតែឱ្យ​កូនធ្វើចំណាកស្រុក។ ជួនកាលទៅអស់មួយគ្រួសារក៏មាន ដូចពួកខ្ញុំនេះក៏កំពុងតែរកឱ្យកូនធ្វើចំណាកស្រុកដែរ ទៅធ្វើការ រកអ៊ីអត់បាន។ រាល់ថ្ងៃរកតែ១ម៉ឺនរៀលសឹងតែមិនបានផងរាល់ថ្ងៃ បើសង្ឃឹមនៅលើត្រី អត់បានទេ។ រាល់ថ្ងៃដូចថាដើររើសខ្យងរើសអីទៅ ចេះតែបានខ្លះ ចិញ្ចឹមកូនចិញ្ចឹមចៅ បើសង្ឃឹមលើត្រី អត់មានទេ»។

សមាជិកក្រុមប្រឹក្សាឃុំព្រៃចាស់​ ស្រុកឯកភ្នំ លោក អ៊ុយ ណារ៉ុង មានប្រសាសន៍ថា ​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក​បាន​ចុះស្រង់​ស្ថិ​តិ​នៅ​មូល​ដ្ឋាន ដោយមើលឃើញមានភូមិខ្លះ ពលរដ្ឋបានធ្វើចំណាក​ស្រុក​​ច្រើន​រហូត​ដល់​ក្នុង​មួយ​ភូមិ​ជាង២០០នាក់។ ចំណែកភូមិបាក់ព្រាឯណោះវិ​ញ មានពលរដ្ឋ​ចំណាកស្រុកជាង១០០នាក់។ លោកយល់ឃើញថា ​ការចំណាកស្រុក​នឹងមានការកើនឡើងបន្ថែមទៀត ប្រសិនបើស្ថានភាពរស់នៅរបស់ពលរដ្ឋដូចប​ច្ចុប្បន្ន ពិសេស​​ផលត្រីបន្តធ្លាក់ចុះទៀតនោះ។ ​

លោក អ៊ុយ ណារ៉ុង ផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធបញ្ហាដែលប្រជាពលរដ្ឋមួយចំនួនរស់នៅលើផ្ទះបណ្ដែតទឹកកំពុងប្រឈម ស្ថិតក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ (
លោក អ៊ុយ ណារ៉ុង ផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធបញ្ហាដែលប្រជាពលរដ្ឋមួយចំនួនរស់នៅលើផ្ទះបណ្ដែតទឹកកំពុងប្រឈម ស្ថិតក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ (សុខ ចន្ត្រាវុធ)

លោកមានប្រសាសន៍ថា៖ «ការចំណាកស្រុកនេះអាចឈានដល់រយ ហើយផលលំបាករបស់ពួកគាត់ទៅទាំងគ្រួសារតែម្ដង។ អ៊ីចឹងអូសទាំងកូនដែលនៅរៀនទៅចំណាកទាំងឪពុកម្ដាយ។ រឿងសំខាន់ គឺផលនេសាទនេះឯង បញ្ហាជាចម្បងគឺសេដ្ឋកិច្ចដែលអូសទាញក្មេងពីសាលាហ្នឹងចេញពីការរៀនសូត្រ។ ក្ដីសង្ឃឹមរបស់យើងវិញ លុះត្រាណាតែប្រទេសបានធូរស្រាលរឿងជំងឺ [កូវីដ-១៩] វិញ។ ប៉ុន្តែបើត្រលប់ឬមិនត្រលប់នោះអាស្រ័យផលនេសាទ។ បើផលនេសាទរបស់គាត់នេះបានប្រសើរឡើងវិញ គាត់អាចវិលត្រលប់ បើមិនប្រសើរ អាចនឹងបន្តមានអ្នកចំណាកស្រុក»។

មន្ត្រីកម្មវិធីសិទ្ធិពលករចំណាកស្រុក នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស​ ហៅកាត់ សង់​ត្រាល់ លោក ឌីថេ ហូយ៉ា បានលើកឡើងថា បញ្ហាចំណាកស្រុករបស់ប្រជាពលរដ្ឋខ្មែរ​បានប្រែក្លាយជាវប្បធម៌ទៅហើយ ដោយសារតែជីវភាព។ លោកបានសង្កត់ធ្ងន់ថា ​ជាទូទៅ ពលរដ្ឋខ្មែរគ្រប់រូបគ្មានបុគ្គលណា​ចង់ធ្វើចំណាកស្រុកទៅរកការងារធ្វើឆ្ងាយពីផ្ទះនោះ​ទេ។

លោកបានស្នើថា៖ «ក្នុងកាលៈទេសៈនេះ ក្នុងនាមសង្គមស៊ីវិល បើសិនជាពួកគាត់ត្រូវធ្វើការចំណាកស្រុកហើយ ធ្វើម៉េចស្ថាប័នដែលពាក់ព័ន្ធមេត្តាយកចិត្តទុកដាក់ក្នុងការការពារសិទ្ធិរបស់ពួកគាត់ ឱ្យគាត់ទទួលបានសុវត្ថិភាពក្នុងការចំណាកស្រុក។ ពួកគាត់រស់នៅដោយសេចក្ដីថ្លៃថ្នូរ មានប្រាក់ចំណូលការរស់នៅសមរម្យនៅពេលដែលគាត់ត្រលប់មកវិញ  ត្រូវបានការគាំពារសង្គមពាក់ព័ន្ធសេវាកម្មរបស់រដ្ឋផ្សេងផងដែរ»។

លោកបន្ថែមថា ដើម្បីកាត់បន្ថយការចំណាកស្រុក រដ្ឋាភិបាលគប្បីយកចិត្តទុក​លើការបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ និងផ្ដល់ការងារដែលមានប្រាក់ចំណូលសមរម្យជូនពលរដ្ឋ។ ​

កាលពីថ្ងៃទី១៦ ខែកញ្ញា សង់ត្រាល់ បានចេញផ្សាយរបាយការណ៍​ស្រាវជ្រាវថ្មីមួយស្ដីពី «បញ្ហាប្រឈមរបស់ពលករចំណាកស្រុកខ្មែរ» អំឡុងផ្ទុះការរាល​ដាល​នៃ​មេរោគ​កូវីដ-១៩ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០​២១។

​របាយការណ៍កម្រាស់៤០ទំព័រនោះ អង្គការមួយនេះបានរកឃើញថា មានពលរដ្ឋខ្មែររាប់ពាន់នាក់បានចាញ់បោកមេខ្យល់ចំណាកស្រុកទៅ​ធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ ពិសេសប្រទេសថៃ ដើម្បីរកការងារធ្វើដោះស្រាយបញ្ហាជីវភាពនិងបំណុល ហើយក្នុងនោះមាន៧​៤​១នាក់ត្រូវបានអាជ្ញាធរថៃនិងកម្ពុជាចាប់ខ្លួន​ក្នុង​រយៈ​ពេល​៧ខែដើមឆ្នាំ២០​២​១​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles