ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​ថ្មី មាន​ជាង ៤២ម៉ឺន​នាក់

ដោយ ខែ សុណង
2021-11-27
RFA

ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​ថ្មី មាន​ជាង ៤២ម៉ឺន​នាក់

(រូបឯកសារ) ពលរដ្ឋរកមើលឈ្មោះរបស់ពួក​គាត់​ក្នុង​បញ្ជី​ឈ្មោះអ្នកបោះឆ្នោត គ.ជ.ប កាល​ពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧។ រូប៖ Sorn Chanratha/RFA


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ឲ្យ​ដឹង​ថា ពលរដ្ឋ​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី មាន​ចំនួន​ជាង ៤២ម៉ឺននាក់ (៤២០.០៤៦) សម្រាប់​រយៈ​ពេល ៤៣ថ្ងៃ នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ២០២១ គិត​ត្រឹម​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប នៅ​ថ្ងៃ​ទី២៧ ខែវិច្ឆិកា ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ៤៣ថ្ងៃ​នេះ គ.ជ.ប ក៏​បាន​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​សរុប មាន​ចំនួន​ជាង ២០ម៉ឺន​នាក់ (២០១.៧១៥) អ្នក​ដែល​បាន​កែ​តម្រូវ​ទិន្នន័យ មាន​ជាង ១៧ម៉ឺននាក់ (១៧២.៧៣៣) និង​អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ មាន​ជាង ១៣ម៉ឺននាក់ (១៣២.២៤១) ។

គ.ជ.ប ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដែល​បច្ចុប្បន្ន​មាន​ទីតាំង​នៅ​តាម​សាលាឃុំ សង្កាត់ ក្នុង​បញ្ជី​បោះ​ឆ្នោត​ចុង​ក្រោយ។ ប្រសិន​បើ​មាន​កំហុស​ឆ្គង សាមី​ខ្លួន​ត្រូវ​ស្នើសុំ​កែ​តម្រូវ តាម​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែល​នឹង​ត្រូវ​ប្រើ​ក្នុង​ពេល​បោះ​ឆ្នោត។

គ.ជ.ប ប៉ាន់​ប្រមាណ​ថា អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​សម្រាប់​ឆ្នាំ២០២១ មាន​ចំនួន​ជាង ១លាន ៦សែន​នាក់ (១.៦៣៥.៩៩០) ក៏​ប៉ុន្តែ ពលរដ្ឋ​ដែល​គ្រប់​អាយុ និង​មាន​សិទ្ធិ​បោះ​ឆ្នោត បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន​ជាង ៤២ម៉ឺន​នាក់។ ចំណែក​ការិយាល័យ​បោះ​ឆ្នោត​វិញ​មាន​ចំនួន​ជាង ២ម៉ឺន ៣ពាន់​ការិយាល័យ (២៣.៦១១)។

ក្រុម​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ៗ គ្នា បើ​ទោះ​បី​ជា​មិន​ទាន់​មាន​គណបក្ស​នយោបាយ ដែល​ខ្លួន​ពេញ​ចិត្ត​ក៏​ដោយ ពីព្រោះ​ការ​ចុះ​ឈ្មោះ​នេះ នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី៣០ ខែវិច្ឆិកា​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles