ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​សម្រេច​ប្ដឹង​ទៅ​តុលាការ​កំពូល​ករណី​ក្រសួង​មហាផ្ទៃ​បដិសេធ​ចុះ​បញ្ជី​គណបក្ស​នេះ

ដោយ យន់ សាមៀន
2021-11-27
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​សម្រេច​ប្ដឹង​ទៅ​តុលាការ​កំពូល​ករណី​ក្រសួង​មហាផ្ទៃ​បដិសេធ​ចុះ​បញ្ជី​គណបក្ស​នេះ

ស្ថាបនិក​គណបក្ស​បេះដូងជាតិ លោក សៀម ភ្លុក។ Photo Provided


ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​សម្រេច​ប្ដឹង​ទៅ​តុលាការ​កំពូល​នៅ​ថ្ងៃទី​២៦ វិច្ឆិកា នេះ​ករណី​ក្រសួង​មហាផ្ទៃ​មិន​យល់​ព្រម​ចុះបញ្ជី​ផ្លូវការ​ឲ្យ​គណបក្ស​នេះ​ធ្វើ​សកម្មភាព​នយោបាយ​។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ព្រមាន​ថា បើ​ក្រសួង​ប្ដឹង​បក​វិញ​គឺ​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ នឹង​ត្រូវ​ជាប់គុក។

គណបក្ស​បេះដូង​ជាតិ លើកឡើង​ថា ការ​ម្រេច​ប្ដឹង​ទៅ​តុលាការ​កំពូល នេះ​គឺជា​ការ​ស្វែងរក​យុត្តិធម៌​តាម​ច្បាប់ ព្រោះ​គណបក្ស​យល់​ថា ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​ដែល​មិន​ចុះបញ្ជី​ឲ្យ​នោះ មិន​បាន​ឈរ​លើ​អង្គហេតុ និង​អង្គច្បាប់។

ស្ថាបនិក​គណបក្ស​បេះដូងជាតិ លោក សៀម ភ្លុក បញ្ជាក់​ក្នុង​ពាក្យបណ្ដឹង​នោះ​ថា គណបក្ស​បេះដូង​ជាតិ​បាន​ដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​កាលពី​ថ្ងៃទី​៩ កក្កដា ទៅ​ក្រសួងមហាផ្ទៃ ហើយ​ក្រសួង​បាន​ទាមទារ​ឲ្យ​កែសម្រួល​លក្ខន្តិកៈ​ចំនួន​៣​លើក ហើយ​គណបក្ស​នេះ​តែង​ធ្វើតាម​ការណែនាំ ប៉ុន្តែ​ក្រសួង​មិន​បាន​ជូនដំណឹង​ពី​ស្នាម​មេដៃ​នោះ​ទេ​។ គណបក្ស​នេះ​បន្ត​ថា ទីបំផុត​ក្រសួង​បដិសេធ​ចុះ​បញ្ជី​ឲ្យ​គណបក្ស​បេះដូង​ជាតិ ដោយ​សំអាង​ហេតុ​ថា មាន​ការ​ផ្ដិតមេដៃ​ជំនួស ក្លែងបន្លំ​អត្តសញ្ញាណ​បុគ្គល ការ​ផ្ដិតមេដៃ​ធ្វើ​ឲ្យ​ខូចគុណភាព​ដើម្បី​បង្កើន​បរិមាណ​ចំនួន​អ្នកគាំទ្រ និង​លក្ខន្តិកៈ​គណបក្ស​ផ្ទុយ​នឹង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

ពាក្យបណ្ដឹង​នោះ​បញ្ជាក់​ទៀត​ថា ការ​ប្ដឹង​នេះ គឺ​ដើម្បី​សុំ​ឲ្យ​តុលាការ​កំពូល​ចេញ​សាលដីកា​បង្គាប់​ទៅ​ក្រសួង​មហាផ្ទៃ​ចុះបញ្ជី​ជូន​គណបក្ស​បេះដូង​ជាតិ។

លោក សៀម ភ្លុក ប្រាប់​វិទ្យុ​អាស៊ីសេរី​ក្រោយ​ដាក់​ពាក្យ​បណ្ដឹង​ថា ការ​សម្រេច​ប្ដឹង​នេះ​គឺ​គណបក្ស​បេះដូង​ជាតិ​បំពេញ​កាតព្វកិច្ច​ខ្លួន​តាម​នីតិវិធី។ លោក​បន្ត​ថា បើ​តុលាការ​ពិនិត្យ ពិចារណា​តាម​អង្គហេតុ​និង​អង្គច្បាប់ លោក​មាន​សង្ឃឹម​ជានិច្ច ប៉ុន្តែ​បើ​តុលាការ​ពិនិត្យ​ពិចារណា​តាម​ឥទ្ធិពល​នយោបាយ លោក​មាន​សង្ឃឹម​តិចតួច​ណាស់​។ ទោះ​បី​យ៉ាងណា លោក​នៅតែ​ជឿជាក់​ថា តុលាការ​និង​អ្នក​នយោបាយ​ពាក់ព័ន្ធ​នឹង​ពិចារណា​អនុញ្ញាត​ឱ្យ​គណបក្ស​បេះដូង​បាន​ចុះបញ្ជី​តាម​សំណើ​ដោយ​តម្កល់​ប្រយោជន៍​ជាតិ​ជាធំ។

ការ​សម្រេច​រក​យុត្តិធម៌​តាមផ្លូវ​តុលាការ​របស់​គណបក្ស​បេះដូង​ជាតិ​ពេលនេះ​ក្រោយពេល​ក្រសួង​មហាផ្ទៃ​សម្រេច​មិន​ចុះបញ្ជី​ឱ្យ​គណបក្ស​បេះដូង​ជាតិ ដោយ​ចោទ​ប្រកាន់​ថា គណបក្ស​បាន​បន្លំ​ស្នាម​មេដៃ​អ្នកគាំទ្រ​និង​ស្នាម​មេដៃ​ខ្លះ​ខូច​គុណភាព កាលពី​ទី​៨ វិច្ឆិកា​កន្លងទៅ។

ជុំវិញ​ការ​ករណី​នេះ វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ បានទេ នៅ​ថ្ងៃ​២៦ ខែវិច្ឆិកា។

ទោះ​យ៉ាងណា លោក ខៀវ សុភ័គ ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​(រស្មី​កម្ពុជា​ដោយ​ព្រមាន​លោក សៀម ភ្លុក ថា បើ​ក្រសួង​ប្ដឹង​វិញ ប្រយ័ត្ន​ជាប់គុក​។ អ្នកនាំពាក្យ​ដដែល​បន្ត​ចោទ​ប្រកាន់​ថា គណបក្ស​បេះដូង​ជាតិ មាន​ជាប់​ពាក់ព័ន្ធ​ក្លែងបន្លំ​ស្នាម​មេដៃ ដែល​ដាក់​មក​ក្រសួងមហាផ្ទៃ ស្នើសុំ​បញ្ជី គណបក្ស។

ជុំវិញ​ការ​ព្រមាន​បែបនេះ​របស់​មន្ត្រី​ជាន់ខ្ពស់ ក្រសួង​មហាផ្ទៃ​នេះ លោក សៀម ភ្លុក យល់​ថា នេះ​ជា​ការ​គំរាមកំហែង​បំភិតបំភ័យ​ស្មារតី​អ្នកនយោបាយ​ដែល​មាន​ទស្សនៈ​នយោបាយ​ផ្សេងគ្នា​។ លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​គិត​ផលប្រយោជន៍​ជាតិ​និង​កិត្តិយស​មុខមាត់​ប្រទេស​លើ​ឆាក​អន្តរជាតិ​សំខាន់​ជាង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​នយោបាយ​តូចតាច​ដូចជា​រូបលោក​។​

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ​បណ្ឌិត សេង សារី យល់​ថា ការសម្រេច​ប្ដឹង​ទៅ​តុលាការ​របស់​គណបក្ស​បេះដូង​ជា​សិទ្ធិ​របស់​គណបក្ស​ដែល​ចែង​ក្នុង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​។ ទោះ​យ៉ាងណា លោក សេង សារី សង្កេត​ឃើញ​ថា កន្លងមក​បើ​ភាគី​រដ្ឋាភិបាល​សម្រេច​បែប​ណា តុលាការ​ក៏​សម្រេច​ឬ​កាត់ក្ដី​មិន​ខុសពី​រដ្ឋាភិបាល​បាន​សម្រេច​នោះ​ដែរ៖ «អំណាចនីតិប្រតិបត្តិ​ជាមួយ​អំណាច​តុលាការ​មិនសូវ​ជា​ប្រទាំង​ប្រទើស​គ្នា​ទៅ​ជាមួយគ្នា​យ៉ាង​រលូន​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក​អ៊ីចឹង​ទោះបី​គណបក្ស​បេះដូង​ជាតិ​ប្ដឹង​ទៅ​តុលាការ​កំពូល​ក៏ដោយ​ខ្ញុំ​គិតថា មិន​ទទួល​បាន​ផ្លែផ្កា​ពី​តុលាការ​ទេ»

បណ្ឌិត សេង សារី កត់​សម្គាល់​ឃើញ​ថា ការ​មិន​ចុះបញ្ជី​ឲ្យ​គណបក្ស​បេះដូង​ជាតិ​គឺ​បញ្ហា​ស្នាម​មេដៃ ដូច្នេះ​លោក​យល់​ថា ការ​សម្រេច​ថា ស្នាម​ដៃ​នោះ​មាន​បញ្ហា​គួរតែ​ជា​ការ​សម្រេច​របស់​តុលាការ មិនមែន​ត្រឹម​ការសម្រេច​របស់​ក្រសួងមហាផ្ទៃ​អាច​យក​ជា​ការ​បាន​នោះ​ទេ​។ លោក​បន្ត​ទៀត​ថា ក្រសួង​មហាផ្ទៃ​គួរ​អនុញ្ញាត​គណបក្ស​បេះដូង​ជាតិ​រក​ស្នាម​មេដៃ​អ្នកគាំទ្រ​ថ្មី​មក​ជំនួស​ស្នាម​មេដៃ ដែល​ក្រសួង​ចោទ​ថា មាន​បញ្ហា​នោះ ដែល​នេះ​ក៏​ជា​ដំណោះស្រាយ​ល្អ​ដែរ។

ស្រប​ពេល​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២ កាន់តែ​ខិត​ជិត​មកដល់​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ធានា​ឱ្យ​បាន​នូវ​លក្ខខណ្ឌ​អប្បបរមា​ចំនួន ៦​ចំណុច ដើម្បី​ឱ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​។ ចំនុច​ទាំងនោះ មាន​ជាអាទិ៍ បង្កើត​បរិយាកាស​នយោបាយ​សេរី ធានា​សិទ្ធិ​នយោបាយ និង​សិទ្ធិ​បោះឆ្នោត កែសម្រួល​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..ធានា​ឯករាជ្យ​នៃ​អំណាច​តុលាការ និង​កងកម្លាំង​ប្រដាប់​អាវុធ ព្រមទាំង​ធានា​ការ​អនុវត្ត​តួនាទី​ដោយ​សេរី​របស់​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles