ក្រុម​យុវជន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​សិន ចាំ​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា

ដោយ ជាតិ ចំណាន
2022-01-05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​យុវជន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​សិន ចាំ​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា

(ឆ្វេង) បុគ្គលិក កម្មករ​ នៃ​ក្រុមហ៊ុន​ណាហ្កាវើលដ៍ (NagaWorld) តវ៉ាក្នុង​វិវាទ​ការងារ (កណ្ដាល) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង (ស្ដាំ) ពលរដ្ឋភូមាតវ៉ាទស្សនកិច្ចលោក ហ៊ុន សែន ទៅ​ភូមា។ រូប៖ (ឆ្វេង) ពលរដ្ឋផ្ដល់ឱ្យ (កណ្ដាល) ហ្វេសប៊ុកលោក ហ៊ុន សែន និង (ស្ដាំ) ​​គេហទំព័រវិទ្យុអាស៊ីសេរីភាសាភូមា


ក្រុម​យុវជន​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ជា​មុន​ចាំ​ទៅ ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា។ ការ​ស្នើ​នេះ ដោយសារ​តែ​សកម្មជន​បក្ស​ប្រឆាំង ក្រុម​សហជីព និង​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​នាក់​រង​ការ​គំរាម​កំហែង និង​ចុះ​បង្ក្រាប​ជា​បន្ត​បន្ទាប់​ពីសំណាក់​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ក្រុម​យុវជន​ដែល​ឈឺឆ្អាល​បញ្ហា​សង្គម រិះគន់​ថា កម្ពុជា​កំពុងតែ​ញាំញី​ទៅ​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស ​ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​តែ​លើកស្ទួយ​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឱ្យ​បាន​ជ្រះ​ស្រឡះ​សិន​ចាំ​ជួយ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​ភូមា (Burma)។

យុវជន​តាមដាន​ស្ថានការណ៍​នយោបាយ លោក គៀន ពន្លក ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី៥ មករាថា ដំណើរ​ទស្សនកិច្ច​ទៅ​ភូមា​របស់​លោក ហ៊ុន សែន នឹង​មិន​ទទួល​បាន​ផ្លែផ្កា​ទេ ព្រោះ​ពលរដ្ឋ​ភូមា​ផ្ទុះ​កំហឹង​ជាបន្តបន្ទាប់​ ហើយ​សមាគម​អាស៊ាន និង​សហគមន៍​អន្តរជាតិ​ក៏បាន​ថ្កោលទោស និង​ដាក់​ទណ្ឌកម្ម​​លើ​មេដឹកនាំ​របប​សឹក​ភូមា លោក មីន អ៊ុងលាំង (Min Aung Hlaing)៖ «ថ្មីៗ នេះ គឺ​មាន​ការ​ចាប់​ថ្នាក់ដឹកនាំ​សហជីព​ណាហ្កាវើលដ៍​ហ្នឹង​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​អន្តរជាតិ​ហ្នឹង​វាយ​តម្លៃ​ថា ប្រទេស​កម្ពុជា​កំពុង​តែ​ធ្លាក់​ចុះ​ការ​គោរព​របប​ប្រជាធិបតេយ្យ ហើយ​​និង​​ការ​គោរព​ទៅលើ​សិទ្ធិមនុស្ស។ អ៊ីចឹង ទោះបី​ជា​គាត់​ប្ដេជ្ញា​ចិត្ត​យ៉ាងណាក៏ដោយ ខ្ញុំ​យល់​ថា ប្រទេស​លោក​សេរី​ធំៗ ដូចជា​សហរដ្ឋ​អាមេរិក ហើយនិង​សហភាព​អឺរ៉ុប ហើយ​និង​​ប្រទេស​​ដែល​​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​​ផ្សេងៗ​ ទៀត ដែល​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​ភូមា​គឺ​មិន​សប្បាយចិត្ត»

ប្រតិកម្ម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​ជាថ្មី​នៅ​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ជូន​កីឡាការិនី​នៅ​ថ្ងៃ​ទី៥ មករាថា លោក​នៅ​តែ​ប្រកាន់​ជំហរ​ទៅ​ទស្សនកិច្ច​ប្រទេស​ភូមា​ដដែល បើ​ទោះ​បី​មាន​ការ​រិះគន់ ពី​​ក្រុម​អ្នក​មាន​មតិ​ផ្ទុយ​ក៏​ដោយ៖ «សភាពការណ៍​នៅ​មីយ៉ាន់ម៉ា​ វា​មិន​សាមញ្ញ។ ដូច្នេះ យើង​ក៏​ត្រូវ​តែ​ប្រើ​វិធាន​ការ​មិន​សាមញ្ញ​ដែរ។ ខ្ញុំ​ចង់​និយាយ​អ៊ីចឹង។ ម្សិលមិញ​ខ្ញុំ​ក៏​បាន​ប្រាប់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី។ អ៊ីចឹង​បាន​ខ្ញុំ​ត្រូវ​ធ្វើដំណើរ​ទៅ​ផ្ទាល់ រួច​បន្ត​ពី​ហ្នឹង​ទៅ គឺ​បេសកជន​ពិសេស​នឹង​បន្ត​ធ្វើ​ការ​ជាមួយគ្នា ពិគ្រោះ​ជាមួយគ្នា យ៉ាងម៉េច​អី​យ៉ាង​ម៉េច»

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក ហ៊ុន សែន ហាក់​បន្ទន់​ឥរិយាបថ​បន្តិច ជុំវិញ​បញ្ហា​ដំណើរ​ទស្សនកិច្ច​ដ៏​ចម្រូងចម្រាស​របស់​លោក​ទៅ​ប្រទេស​ភូមា​នេះ ក្រោយ​ពី​រង​នូវ​ការ​រិះគន់​ខ្លាំង​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ជាពិសេស ពលរដ្ឋ​ភូមា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដែល​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ។ លោក​បញ្ជាក់​សា​ជា​ថ្មី​ថា លោក​ទៅ​ភូមា​នេះ ដោយ​ពុំ​ដាក់​លក្ខខណ្ឌ​ជា​មុន និង​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​មិន​ចាក​ឆ្ងាយ​ពី​កិច្ច​ព្រមព្រៀង​កុងសង់ស៊ីស ៥ចំណុចដែល​សមាជិក​អាស៊ាន​បាន​ឯកភាព​គ្នា​នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ខែមេសា ឆ្នាំ២០២១ នោះ​ទេ។ លោក ហ៊ុន សែន បង្ហើប​ថា លោក​អាច​ពន្យារ​ពេល​នៅ​ភូមា ប្រសិន​បើ​ចាំបាច់​ដើម្បី​ស្វែងរក​លទ្ធផល​ផ្លែផ្កា​ណា​មួយ។ ក៏ប៉ុន្តែ លោក ហ៊ុន សែន ពុំ​បញ្ជាក់​ទេ​ថា តើ​លោក​នឹង​ព្យាយាម​សុំ​ជួប​មេ​ដឹក​នាំ​ភូមា​ស្រប​ច្បាប់ ដែល​ត្រូវ​របប​សឹក​ចាប់​ឃុំ​ខ្លួន និង​កាត់​ទោស គឺ​អ្នកស្រី អ៊ុង សានស៊ូជី នោះ​ទេ។ លោក ហ៊ុន សែន អំពាវនាវ​កុំ​ឱ្យ​ធ្វើ​ការ​សន្និដ្ឋាន​ជា​មុន នៅ​មុន​ដំណើរ​ទស្សនកិច្ច​នេះ។

ក្រសួង​ការ​បរទេស​កម្ពុជា បញ្ជាក់​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី៥ ខែមករា​ថា ដំណើរ​ទស្សនកិច្ច​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី៨ ខែមករា​នេះ លោក ហ៊ុន សែន មាន​ជំនួប​ទ្វេភាគី​ជាមួយ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា លោក មីន អ៊ុងលាំង។ ជំនួប​នេះ នឹង​ពិភាក្សា​ផ្លាស់ប្ដូរ​ទស្សនៈ​អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី ពហុភាគី និង​ការ​វិវត្ត​ថ្មីៗ ក្នុង​តំបន់​អាស៊ាន។

កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មាន​ករណី​ផ្ទុះ​គ្រាប់បែក​កែច្នៃ​ចំនួន ២គ្រាប់ នៅ​ក្បែរ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ភូមា ប៉ុន្តែ​ពុំ​បង្ក​ឱ្យ​ខូចខាត ឬ​របួស​ស្នាម​ដល់​មន្ត្រី​ការទូត​កម្ពុជា​នោះ​ទេ។ ដោយ​ឡែក ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត ២០០ស្ថាប័ន បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា​កាល​ពី​ថ្ងៃ​ទី៤ ខែមករា ម្សិលមិញ ថ្កោលទោស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​គាំទ្រ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ បាន​លើក​ឡើង​ថា លោក ហ៊ុន សែន គាំទ្រ​របប​សឹក​មីយ៉ាន់ម៉ា ឬ​ភូមា គឺ​ជា​ការ​គាំទ្រ​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​អំពើ​ប្រល័យ​ពូជសាសន៍​ផង​ដែរ។

យុវជន​បរិស្ថាន លោក លីចាន់ដារ៉ាវុធ យល់​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​ផ្ទៃក្នុង​ប្រទេស ដោយ​លើក​ស្ទួយ​សិទ្ធិមនុស្ស អនុញ្ញាត​ឱ្យ​មាន​ការ​ចូលរួម​បោះ​ឆ្នោត​ពី​បក្ស​ប្រឆាំង និង​ការ​ដោះ​លែង​សកម្មជន នយោបាយ និង​ក្រុម​សហជីព​ជាដើម។ ជាង ១០ថ្ងៃ​មក​នេះ តំណាង​សហជីព​កញ្ញា ឈឹម ស៊ីថរ និង​កូដករ​ក្រុមហ៊ុន​ណាហ្កាវើលដ៍ (NagaWorld) ជាង ២០នាក់​ទៀត ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ខ្លួន​ បន្ទាប់ពី​ពួកគេ​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ជាបន្តបន្ទាប់​ដើម្បី​ឱ្យ​ក្រុមហ៊ុន​របស់​ខ្លួន​ដោះ​ស្រាយ​វិវាទ​ការងារ និង​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះ​លែង​កូដករ​មួយ​ចំនួន ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៣១ ខែធ្នូ។ ទោះ​យ៉ាង​ណា​ក្ដី អាជ្ញាធរ​មិនបាន​ដោះស្រាយ​បញ្ហា​ទេ តែ​បែរជា​នាំ​ខ្លួន​ពួក​គេ​ឡើង​តុលាការ និង​ឃុំខ្លួន​ទៅ​វិញ៖ «ការ​ទៅ​ជួប​មេដឹកនាំ​យោធា​ខុសច្បាប់​ហ្នឹង វា​បង្ហាញ​ពី​រូបភាព​មិន​ល្អ​មួយ ហាក់​ដូច​ជា​យើង​កំពុង​តែ​គាំទ្រ​របប​យោធា​នៅ​ភូមា ដែល​ទម្លាក់​មេ​ដឹក​នាំ​ជាប់ឆ្នោត​ចេញ​ពី​តំណែង​ហ្នឹង ហើយ​ជា​របប​ផ្ដាច់ការ។ យើង​ឃើញ​ថា យើង​គួរតែ​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់​ចំពោះ​ការ​ទៅ​ធ្វើ​ទស្សនកិច្ច​ហ្នឹង»។

ស្រដៀង​គ្នា​នេះ ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង យល់​ថា បើ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ពិតជា​ត្រូវ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ភូមា​ដោយ​ខាន​មិន​បាន គួរតែ​រក​វិធី​យ៉ាងណា​ធ្វើ​ឱ្យ​មាន​ការ​បញ្ចប់​អំពើ​ហិង្សា​នៅ​ភូមា និង​ចាំបាច់​ត្រូវ​មាន​វត្តមាន​អ្នកស្រី អង់ សានស៊ូជី នៅ​ក្នុង​កិច្ចចរចា​នោះ ដោយ​មិន​ត្រូវ​ជួប​តែ​ភាគី​មេដឹកនាំ​ផ្ដាច់ការ​លោក មីន អ៊ុនលាំង ប៉ុណ្ណោះ​ទេ៖ «បើសិនជា​យើង​ចង់​ដើរ​តួនាទី​ក្នុង​ការ​សម្របសម្រួល​បញ្ចប់​ជម្លោះ​នយោបាយ​ ឬក៏​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស វា​ទាល់​តែ​យើង​មាន​ចំណុច​ខ្លាំង​ទៅលើ​រឿង​នេះ​គ្រប់គ្រាន់​ដែរ ទើប​អាច​មាន​គំរូភាព ហើយ​អាច​ថា មាន​ទឹកមាត់​ប្រៃ​នៅ​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​បាទ»

សមាគម​អាស៊ាន​បាន​សម្រេច​មិន​អនុញ្ញាត​ឱ្យ​មេ​ដឹក​នាំ​របប​សឹក​ភូមា​ចូលរួម​កិច្ច​ប្រជុំ​កំពូល​របស់​ខ្លួន​ជា​បន្ត​បន្ទាប់ ក្រោយ​មេដឹកនាំ​រដ្ឋប្រហារ លោក មីន អ៊ុងលាំង មិន​ព្រម​បញ្ឈប់​អំពើ​ហិង្សា​បន្ទាប់ពី​លោក​បាន​ដឹក​នាំ​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ពី​គណបក្ស​ឈ្នះ​ឆ្នោត​របស់​អ្នកស្រី អ៊ុង សានស៊ូជី កាលពី​ខែកុម្ភៈ ឆ្នាំ២០២១។ ចាប់​តាំង​ពី​ខែកុម្ភៈ ឆ្នាំ២០២១ ​រហូត​ដល់​ដើម​ខែ​មករា ឆ្នាំ២០២២ នេះ យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ភូមា​ជាង ១ពាន់ ៣រយ​នាក់ (១.៣៩៨) ក្នុង​នោះ​រួម​ទាំង​កុមារ​ផង ត្រូវ​បាន​គេ​សម្លាប់ នៅ​ក្នុង​ហេតុការណ៍​បង្ក្រាប​របស់​ពួក​យោធា​លើ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ ហើយ​មនុស្ស​ប្រមាណ ១ម៉ឺន​នាក់​ទៀត (១១.៩៥៦) ត្រូវ​បាន​ចាប់​ខ្លួន។ អំពើ​ហិង្សា​លើ​ពលរដ្ឋ​ភូមា​នេះ នាំ​ឱ្យ​សហគមន៍​អន្តរជាតិ ជាពិសេស សហរដ្ឋ​អាមេរិក​ថ្កោលទោស និង​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​ទៅលើ​មេ​ដឹក​នាំ​របប​សឹក លោក មីន អ៊ុងលាំង ហើយ​បុរស​ខ្លាំង​នៃ​ប្រទេស​ភូមា​រូប​នេះ ក៏​កំពុង​ប្រឈម​ទៅ​នឹង​បណ្ដឹង​ពាក់ព័ន្ធ​នឹង​បទ «ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ» នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

2 Responses to "ក្រុម​យុវជន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​សិន ចាំ​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា"

  1. Anonymous says:

    being a good GOD for a broken nation that always fear to the leader who used to murder them like slaughter animal HUN SEN is not hesitated to life up himself to be world GOD . I’m sorry Mr you can not be any k one GOD the reason is >>you are so ugly, uneducated, rough, dumper than animal my question is do you think every one are that dump like you also . I tell you what those people they are not saying any thing yet please wait when the time come they will kick your ass and you will own nothing but only going hell sadly . your time is over AH KBOTHCHEA … HUN NAL Cambodian will take back what is their nation in 2023 .

  2. Anonymous says:

    YES .. the Cambodian youth want you to clean your ass first be for you ask MYANMA to clean their ass . I knew MING OUNGLANG is smarter than this ugly evil monster I do not think he do not need HUN SEN to tell him how to kill. I think all MING OUNGLANG want is to recognize him ass MYANMA leader in world community that all .

Leave a Reply

Submit Comment