កញ្ញា ឈឹម ស៊ីថរ មិន​ខ្លាច​ជាប់​គុក​ដោយសារ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​គោរព​សិទ្ធិ​សហជីព

ដោយ ខែ សុណង
2022-01-08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កញ្ញា ឈឹម ស៊ីថរ មិន​ខ្លាច​ជាប់​គុក​ដោយសារ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​គោរព​សិទ្ធិ​សហជីព

ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គា វើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ។ Photo Courtesy


ស្ថានទូតអាមេរិក សង្គមស៊ីវិល និងសហជីពប្រតិកម្មចំពោះការចាប់កញ្ញា ឈឹម ស៊ីថរ និងកូដករ


ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គា វើលដ៍ (Naga World) ជា​ស្ត្រី​វ័យក្មេង​កញ្ញា ឈឹម ស៊ីថរ ហ៊ាន​លះបង់​សេរីភាព​របស់​ខ្លួន ជាប់​ពន្ធនាគារ​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​វិវាទ​ការងារ គោរព​សិទ្ធិ​សហជីព និង​មាន​យុត្តិធម៌​នៅ​កន្លែងធ្វើការ។ នាង​មាន​ទឹកចិត្ត​មោះមុត ហ៊ាន​ដឹកនាំ​កូដ​ករ​ទាមទារ​ដំណោះស្រាយ​ការងារ រហូត​ដល់​អាជ្ញាធរ​ចាប់ខ្លួន​ពី​បទ​ញុះញង់ បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម និង​ជា​ក្រុម​មនុស្ស​បដិវត្តន៍​ពណ៌​ប្រឆាំង​រដ្ឋាភិបាល។

​តើក​ញ្ញា ឈឹម ស៊ីថរ ជា​នរណានាង​បាន​ធ្វើ​អ្វីខ្លះ​?

កញ្ញា ឈឹម ស៊ីថរ កាន់​ក្បាល​មេក្រូ ស្រែក​ក្នុង​ចំណោម​អ្នក​តវ៉ា ទៅ​កាន់​ក្រុមហ៊ុន​ណាហ្គា វើលដ៍ ឲ្យ​ចេញ​មក​ដោះស្រាយ​វិវាទ​ការងារ​ឲ្យ​ពួកគេ។

រូបរាង​តូច​ល្អិត សម្បុរ​ស កញ្ញា ឈឹម ស៊ីថរ ជា​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World)​។ នាង​បាន​តាំងចិត្ត​រួមសុខទុក្ខ​ទាមទារ​ដំណោះស្រាយ​ការងារ​ជាមួយ​កូដករ​រាប់​ពាន់​នាក់ ទៅ​បង្ហាញមុខ​នៅ​កន្លែង​ធ្វើ​កូដកម្ម គ្រា​ដែល​ថ្នាក់​ដឹកនាំ​សហជីព និង​សហការី​ជាច្រើន​នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ បើ​ទោះ​បី​ជា​នាង​ដឹង​មុន​ថា អាជ្ញាធរ​ប្រកាស​ស្វែង​រក​មុខ​និង​ចាប់​ខ្លួន​ក្ដី។

ទៅ​បំផុត​ទៅ កាល​ពី​ថ្ងៃទី៤ មករា នាង​ត្រូវ​បាន​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ជាច្រើន មាន​មាឌធំៗ ឡោមព័ទ្ធ​ចាប់ខ្លួន​ភ្លាមៗ នៅ​ពេល​នាង​ចុះ​ពី​រថយន្ត ដើរចូល​ទៅ​ក្នុង​ហ្វូង​កូដករ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គា វើលដ៍ ដោះស្រាយ​វិវាទ​ការងារ យក​ថ្នាក់ដឹកនាំ​សហជីព​រួម​ទាំង​បុគ្គលិក​ចំនួន ៣៦៥​នាក់ ចូល​ធ្វើ​ការ​វិញ និង​បញ្ឈប់​ការ​រើសអើង​សហជីព។

មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​សម្រាប់ កញ្ញា ឈឹម ស៊ីថរ ពេក​ទេ ព្រោះ​នាង​បាន​សន្និដ្ឋាន​រួចហើយ​ថា នឹង​មាន​ថ្ងៃនេះ គឺ​នាង​នឹង​ជាប់ពន្ធនាគារ​។ ស៊ីថរ បាន​ត្រៀមខ្លួន​រួចជាស្រេច​។ នាង​កាត់​សក់​ខ្លី ឈរ​ថតរូប​កាន់​បដា​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ចាប់ខ្លួន ដោយ​សរសេរ​ថា ខ្ញុំ​ជាប់គុក​ដោយសារ​ទាមទារ​ឲ្យ​ណាហ្គា វើលដ៍ គោរព​សិទ្ធិ​សហជីព។

ព្រោះតែ​ភាព​អង់អាច​ក្លាហាន​របស់ កញ្ញា ឈឹម ស៊ីថរ នេះ​ហើយ ធ្វើ​ឲ្យ​សាធារណជន អ្នក​ធ្វើ​ការងារ​សង្គម អ្នកធ្វើការ​ក្នុង​វិស័យ​ការងារ អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ផង យល់​ថា នេះ​ជា​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​នៃ​ការជួបប្រជុំ​សម្ដែង​មតិ​ដោយ​សន្តិវិធី និង​ធានា​ដោយ​ច្បាប់ មិនមែន​ជា​បទល្មើស​នោះ​ទេ។

ចាប់តាំងពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃទី​៤ មករា ឆ្នាំ​២០២២ សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បាន​ចាប់ខ្លួន​កូដករ សកម្មជន​សហជីព និង​ថ្នាក់ដឹកនាំ​សហជីព​សរុប​ចំនួន ២៩​នាក់ ក្នុង​នោះ​មាន​អ្នក​រត់​ម៉ូតូ​កង់​បី និង​ស្ត្រី​មាន​ផ្ទៃពោះ​ផង​។ ក្រោយមក​សមត្ថកិច្ច​បា​ន​ដោះលែង​មនុស្ស ២០​នាក់​វិញ ឲ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ចូលរួម​តវ៉ា និង​ខ្លះ​ដាក់​ឲ្យ​ស្ថិត​ការ​ត្រួតពិនិត្យ​របស់​តុលាការ​។​

​ប៉ុន្តែ​កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​សហជីព ៧​នាក់​ទៀត ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ចោទប្រកាន់​ពួកគេ​ពី​បទ​ញុះញង់​។ មុន​ពេល​ចាប់ខ្លួន អាជ្ញាធរ​បាន​ប្រកាស​ថា ពួកគេ​គឺជា​មេខ្លោង​កូដកម្ម​ខុសច្បាប់ និង​បាន​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​អង្គការ​ក្រៅរដ្ឋាភិបាល ដើម្បី​ធ្វើ​សកម្មភាព​ខុសច្បាប់​។ ឯ​មន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ បាន​ចោទ​ថា កូដកម្ម​នេះ​ធ្វើឡើង​ដោយ​ប្រើប្រាស់​អនីតិជន ពិសេស​ស្ត្រី​មានកូន​ខ្ចី ឬ​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​ចូលរួម​ការ​តវ៉ា​អ្វីមួយ ជាតាក់ទិច​មួយ ដែល​មាន​សរសេរ​នៅក្នុង​ក្បួន​របស់​អ្នក​រៀបចំ​ចលនា​បដិវត្ត​ពណ៌​នៅ​ប្រទេស​ណាមួយ ហើយ​អ្នក​រៀបចំ​ផែនការ​តែងតែ​បន់ស្រន់​ឱ្យ​មាន​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ណាមួយ​កើត​ឡើងលើ​អនីតិជន ឬ​លើ​ស្ត្រី ដើម្បី​ទាក់ទាញ​សមានចិត្ត និង​បញ្ឆេះ​កំហឹង​មហាជន​។

បញ្ហា​នេះ នាំ​ឱ្យ​សហគមន៍​ជាតិ​អន្តរជាតិ ថ្កោលទោស​អាជ្ញាធរ​កម្ពុជា ថា​បាន​រំលោភសិទ្ធិ​មនុស្ស និង​រំលោភ​សិទ្ធ​ការងារ​ធ្ងន់ធ្ងរ ដែល​បញ្ហា​គឺ​ផ្ដើម​ចេញពី​ជម្លោះ​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា វើលដ៍ និង​ក្រុម​កម្មករនិយោជិត មិន​ត្រូវ​បាន​លើក​មក​ដោះស្រាយ​។ ប៉ុន្តែ​មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស​រដ្ឋាភិបាល ចាត់ទុក​វិធានការ​របស់​អាជ្ញាធរ ថា ជា​ការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ។

ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) លោក រ៉ុង ឈុន យល់​ថា ការ​ដែល​ក្រសួង​ការងារ​អំពាវនាវ​ឲ្យ​បុគ្គលិក​ណាហ្គាវើលដ៍ ទៅ​ដោះស្រាយ​វិវាទ ក្រោយ​ចាប់ខ្លួន​កញ្ញា ឈឹម ស៊ីថរ និង​មេដឹកនាំ​សហជីព​នោះ គឺជា​រឿង​មិន​សម​ហេតុផល ខណៈ​ពួកគេ​ធ្វើតាម​នីតិវិធី​ជាង ៨​ខែ​តែ​គ្មាន​ដំណោះស្រាយ​៖ «អ្វី​ដែល​ទើបតែ​ចេញ​លិខិត​កោះ​អញ្ជើញ​តំណាង​ទៅ​ចរចា ឥឡូវនេះ​តំណាង​របស់​ពួកគាត់​ជាប់​ពន្ធនាគារ​ហើយ អ៊ីចឹង​មានតែ​ត្រូវ​ដោះលែង​ពួកគាត់ ហៅ​ពួកគាត់​ទៅ​ចរចា​ជជែក​គ្នា​ទៅ រក​ដំណោះស្រាយ​ទៅ​ទើប​ជា​ការ​ល្អ​ប្រសើរ»

​កញ្ញា ស៊ីថរ មាន​ស្រុកកំណើត​នៅ​ស្រុក​ពាមជរ ខេត្ត​ព្រៃវែង ហើយ​បាន​មក​ធំធាត់​ក្នុង​ក្រុងភ្នំពេញ នៅពេល​ឪពុកម្ដាយ ដែល​ជា​អ្នក​រក​ស៊ី​បាន​ផ្លាស់​ទីលំនៅ​ចេញពី​ខេត្តព្រៃវែង​។ ស៊ីថរ​ធ្លាប់​ជា​សិស្ស​ក្នុង​ថ្នាក់​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ។ នាង​បាន​អាហារូបករណ៍​ផ្នែក​សេដ្ឋកិច្ច និង​ព័ត៌មានវិទ្យា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។ នាង​ចេះ​ភាសា​អង់គ្លេស និង​ចិន យ៉ាង​ស្ទាត់ជំនាញ និង​ចេះ​ភាសា​ថៃ​អាច​ទំនាក់ទំនង​បាន។

កញ្ញា ឈឹម ស៊ីថរ បាន​ប្រឡូក​ការងារ​សហជីព​ដោយ​ចាប់ផ្ដើម​ពី​សមាជិក​ធម្មតា​នៅក្នុង​ឆ្នាំ​២០០៧ គឺ​នៅ​មួយឆ្នាំ​ក្រោយពេល​នាង​បាន​ចូល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។

ស៊ីថរ ធ្លាប់​ផ្ដល់​សម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ថា នាង​ឈឺចាប់​នៅ​ពេល​ដែល​នាង​ឃើញ​សហជីព​ជំនាន់​មុន​នាង​នៅ​ក្រុមហ៊ុន​នេះ ត្រូវ​បញ្ឈប់​ពី​ការងារ​ទាំង​គ្មាន​កំហុស នៅ​ពេល​ពួកគេ​ទាមទារ​លក្ខខណ្ឌ​ការងារ និង​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​បុគ្គលិក​។ ដោយមាន​ចិត្ត​ចង់​ជួយ​បុគ្គលិក​គ្នាឯង និង​សង្កេតឃើញ​ភាព​អយុត្តិធម៌​នេះ ទើប​ជំរុញ​ទឹកចិត្ត​ឱ្យ​នាង​ប្រឹងប្រែង​ក្នុង​តួនាទី​សហជីព​នេះ​រហូត​មក។

ភាព​អយុត្តិធម៌​នេះ បាន​ធ្លាក់​ដល់​កញ្ញា ឈឹម ស៊ីថរ មែន​។ កាល​ពី​យប់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៩ កន្លង​ទៅ ក្រុមហ៊ុន​ណាហ្គាវើលដ៏ បាន​សម្រេច​ព្យួរការងារ​កញ្ញា ឈឹម ស៊ីថរ ដែល​កាលណោះ​នាង​បាន​តាម​សួរនាំ​ហេតុផល​រឿង​សន្តិសុខ​ក្រុមហ៊ុន​ឆែក​កាបូប​បុគ្គលិក​ម្នាក់ ហើយ​បានឃើញ និង​ដកហូត​អាវយឺត ដែល​មាន​សរសេរ​ថា «​ក្រុមហ៊ុន​រីកចម្រើន​បុគ្គលិក​ត្រូវការ​ប្រាក់ខែ​រស់នៅ​សមរម្យ​»​។ ក្រុមហ៊ុន​ចោទ​ថា កញ្ញា​ជា​មេខ្លោង​នាំ​បុគ្គលិក​ពាក់អាវ​យឺត​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល។

ក្រោយ​ក្រសួង​ការងារ​ផ្សះផ្សា​ជាមួយ​តំណាង​ក្រុមហ៊ុន និង​តំណាង​សហជីព ក្រុមហ៊ុន​នេះ​មិន​បាន​ទទួល​យក កញ្ញា ឈឹម ស៊ីថរ ចូល​ធ្វើ​ការ​វិញ​ឡើយ​។​

ក្រៅ​ពី​នេះ កញ្ញា ឈឹម ស៊ីថរ ក៏​ធ្លាប់​ជាប់​បណ្ដឹង​រដ្ឋប្បវេណី​មួយ​នៅ​តុលាការ ដោយ​ក្រុមហ៊ុន​ប្ដឹង​ទាមទារ​សំណង​ចំនួន ១​លាន ៧​សែន​ដុល្លារ ដោយសារតែ​ការដឹកនាំ​ធ្វើ​កូដកម្ម​នៅក្នុង​ឆ្នាំ​២០១៣ ក្នុង​យុទ្ធនាការ​ទាមទារ​លក្ខខណ្ឌ​ការងារ ជាពិសេស គឺ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​។​

ប៉ុណ្ណេះ​ហើយ ស៊ីថរ មិនបាន​រាថយ​ទេ!

​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ថ្លែង​ថា អ្នកស្រី​ស្ញប់ស្ញែង​ចំពោះ​ឆន្ទៈ និង​ការ​លះបង់​សេរីភាព​របស់​កញ្ញា ឈឹម ស៊ីថរ នៅ​ពេល​នេះ​។ អ្នកស្រី អ៊ូ ទេពផល្លីន ដែល​ជា​ដៃគូ​ការងារ ជា​រៀមច្បង និង​ជា​មិត្ត​ភ័ក្ដិ​ជិតដិត​ជាមួយ​កញ្ញា ឈឹម ស៊ីថរ សង្កេត​ឃើញ​ថា ស៊ីថរ គឺជា​មនុស្ស​មាន​ទឹក​ចិត្ត​មុត​ស្រួច ម៉ឺង​មាត់ និង​មាន​​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់ ហើយ​ឈឺឆ្អាល​បញ្ហា​សង្គម មិនដែល​ត្អូញត្អែរ ធ្វើការ​ងារ​ដោយ​ស្ម័គ្រចិត្ត​គ្មាន​ប្រាក់ខែ​ឡើយ៖ «គាត់​យល់ថា​ការងារ​សហជីព​មួយ​គត់ ជា​ការ​ងារ​ដែល​បាន​ធ្វើ​បុណ្យ​ជាមួយ​មនុស្ស​រស់ ទាមទារ​អត្ថប្រយោជន៍​ពី​ថៅកែ​អីហ្នឹង បាន​ប្រយោជន៍​ពី​កម្មករ​និយោជិក​ហើយ​មនុស្ស​ទាំងអស់​ហ្នឹង​គឺ សម​ទទួល​បាន​អ្វី​ដែល​ពួកគាត់​ប្រឹងប្រែង​។ ទៅណា​ក៏ដោយ​ស៊ីថរ អត់​ដែល​បំភ្លេច​ចោល​និយាយ​រឿង​សង្គម​ទេ ទោះជា​ឥឡូវ​យើង​គិត​ថា ជា​ពេល​ឈប់​សម្រាក​យើង​អត់​ចង់​និយាយ​រឿង​ណា​ដែល​ធ្វើ​ឲ្យ​តានតឹង​អារម្មណ៍ និង​ផ្លូវចិត្ត​ទេ ប៉ុន្តែ​ស៊ីថរ នៅតែ​និយាយ​រហូត។ ទៅ​ដល់​ខេត្ត​ណា កន្លែង​ណា តែង​មើលឃើញ​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​ទូទៅ​ដោយសារតែ​អយុត្តិធម៌​សង្គម ធ្វើ​ឲ្យ​ក្មេងៗ​បាត់បង់​ការ​សិក្សា ធ្វើ​ឲ្យ​មនុស្ស​គេង​នៅ​តាម​ផ្លូវ និង​អយុត្តិធម៌​សង្គម ដោយសារតែ​ប្រជាពលរដ្ឋ​គ្មាន​អំណាច ហើយ​យក​រស់​រៀងៗ​ខ្លួន អ៊ីចឹង​បាន​គាត់​យល់​ឃើញ​ថា ការ​ធ្វើ​ការងារ​សហជីព​នេះ ជា​រឿង​មួយ​ដែល​យើង​ទាំងអស់​គ្នា​គួរ​ដណ្ដើម​គ្នា​ធ្វើ»

រីឯ​បងប្រុស​កញ្ញា ឈឹម ស៊ីថរ គឺ​លោក ឈឹម យៀក អះអាង​ថា លោក​ជា​អ្នកផ្គត់ផ្គង់​ឲ្យ​ស៊ីថរ បាន​រៀនសូត្រ​រហូត​មក ក្នុងចំណោម​សមាជិក​ក្នុង​គ្រួសារ​ស៊ីថរ បាន​រៀនសូត្រ​ខ្ពង់ខ្ពស់ ហើយ​នាង​មាន​ភាព​អំណត់​ជាងគេ​។ លោក​ថា ស៊ីថរ អាយុ​៣៧ ឆ្នាំ​ហើយ នាង​មិនដែល​នឹកភ្នក​ចង់បាន​រក​គូស្រករ​ឡើយ នាង​ស្រលាញ់​តែ​ការងារ​សង្គម​រហូត​ដល់​ជាប់​ពន្ធនាគារ​។ ប៉ុន្តែ​លោក​មាន​មោទនភាព​ចំពោះ​ប្អូនស្រី ដែល​ជា​មនុស្ស​ស្រលាញ់​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​៖ «ខ្ញុំ​សប្បាយចិត្ត​មួយ​ដែល​គាត់​ហ៊ាន​លះបង់​សម្រាប់​ក្រុមការងារ​របស់​គាត់ គាត់​ស្រលាញ់​បុគ្គលិក​របស់​គាត់ ក្រុមការងារ​របស់​គាត់ ដែល​គាត់​ខំតស៊ូ​មតិ ដើម្បី​ឆ្នាំងបាយ​ក្រុមហ៊ុន​របស់​គាត់​ទេ​។ ខ្ញុំ​មាន​មោទនភាព​ដែរ ដែល​ប្អូន​តស៊ូ​សម្រាប់​ការងារ​របស់​គាត់ ហើយ​បង្វែរ​គាត់​ទៅជា​រឿង​ផ្សេង​ខ្ញុំ​អត់​សូវ​សប្បាយចិត្ត​ទេ»

ណាហ្គា វើលដ៍ ជា​ក្រុមហ៊ុន ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​លំដាប់​ពិភពលោក ដែល​រក​ប្រាក់​ចំណេញ​បាន​ច្រើន​បំផុត​។ ក្រុមហ៊ុន​នេះ មាន​មណ្ឌល​កម្សាន្ត សណ្ឋាគារ និង​កាស៊ីណូ ឬ​បន​ល្បែង ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​រកស៊ី​រយៈពេល ៧០​ឆ្នាំ​នៅ​កម្ពុជា។ នៅក្នុង​សារ​ឆ្លើយឆ្លង​ជា​អក្សរ​តាម​ទូរស័ព្ទ ដែល​បែកធ្លាយ​កាលពី​ឆ្នាំ​២០១៧ បង្ហាញថា ម្ចាស់​កាស៊ីណូ​ណាហ្គា មាន​ទំនាក់ទំនង​ជាមួយ​ភរិយា និង​កូនលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កូនលោក សុខ អាន និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​។ កូនៗ លោក ហ៊ុន សែន ទាំង ៤​នាក់ ដែល​សារ​បែកធ្លាយ​បង្ហាញ​ថា មាន​ទំនាក់ទំនង​ជាមួយ​ថៅកែ ណាហ្គា រួមមាន​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី និង​អ្នកស្រី ហ៊ុន ម៉ាណា។

​នៅក្នុង​ប្រវត្តិ​នៃ​ការ​ទាមទារ​របស់​សហជីព​នៅ​ក្រុមហ៊ុន​ដ៏​មាន​ឥទ្ធិពល​នេះ ថ្នាក់​ដឹកនាំ​សហជីព​តែង​ត្រូវ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​ការ​ព្យួរ​ការងារ ជាប់​បណ្ដឹង​តុលាការ និង​ចុងក្រោយ​គឺ​បណ្ដេញ​ចេញពី​ការងារ។

ករណី​នេះ ស៊ីថរ ធ្លាប់​បាន​អះអាង​ថា នាង​បាន​ត្រៀមខ្លួន​ទុកជាមុន​រួចហើយ​ថា នាង​នឹង​ជួប​រឿងរ៉ាវ​ទាំងនេះ នៅ​ពេល​ដែល​សេរីភាព​សហជីព​នៅ​កម្ពុជា មិន​ត្រូវ​បាន​ធានា​ឱ្យ​ពេញ​លេញ​នៅឡើយ។

កញ្ញា​បន្ត​ថា ក្នុង​នាម​សហជីព ការពារ​ប្រយោជន៍​បុគ្គលិក​នាង​មិន​រាថយ​ឡើយ គឺ​ថែមទាំង​ចង់​បង្ហាញ ទៅ​មនុស្ស​ជំនាន់​ក្រោយ​ថា ត្រូវ​រឹងមាំ​ប្រឈមមុខ​នឹង​បញ្ហា ដែល​កើតឡើង​នៅក្នុង​តួនាទី​ជា​អ្នកដឹកនាំ ដើម្បី​ការពារ​យុត្តិធម៌​។ នាង​ថា មានតែ​អ្នក​ដែល​រង​ភាព​អយុត្តិធម៌​ទេ​ដែល​យល់​ច្បាស់​។ កញ្ញា ស៊ីថរ តែង​បណ្ដុះ​គំនិត ឲ្យ​សមាជិក​សហជីព​ចេះ​ឈឺឆ្អាល និង​រួមគ្នា​ការពារ​សិទ្ធិ និង​ប្រឆាំង​ភាព​អយុត្តិធម៌ កុំ​ចាំតែ​ដល់​ភាព​រងគ្រោះ​ធ្លាក់​មកដល់​ខ្លួន​ទើប​ងើបឡើង​គឺ​យឺត​ពេល​ទៅ​ហើយ​៖ «យើង​រស់នៅ​ក្បែរ​គាត់​ដែរ តើ​នៅ​ពេល​ដែល​ភ្លើង​ឆេះ​ផ្ទះ​ក្រុមការងារ​យើង​អស់ហើយ បន្ទាប់មក​ឆេះ​ផ្ទះ​នរណា​គេ​ផ្ទះ​យើង​ហ្នឹងឯង​។ ដូច្នេះហើយ​យើង​ត្រូវ​ការពារ​សិទ្ធិ ការពារ​ប្រយោជន៍​និង​ការពារ​រក​យុត្តិធម៌​ឲ្យ​ពួក​យើង​ទាំងអស់គ្នា​ហ្នឹងឯង»

កញ្ញា​ឈឹម ស៊ីថរ បាន​ផ្ដល់​សម្ភាសន៍​មុន​ពេល​អាជ្ញាធរ​ចាប់ខ្លួន​ថា ដើម្បី​បញ្ឈប់​ការ​តវ៉ា​ពេលនេះ លុះត្រាតែ​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព ទម្លាក់​ចោល​រាល់​ការចោទប្រកាន់​លើ​ពួកគេ ឈប់​រើសអើង​សហជីព ហើយ​ភាគី​ក្រុមហ៊ុន​ត្រូវ​ចូល​តុ​ចរចា​ជាមួយ​សហជីព​ប្រកបដោយ​ភាពស្មោះត្រង់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


“អ្នកស្រី អ៊ូ ទេពផល្លីន ថ្កោលទោសការចាប់ខ្លួន និងលាបពណ៌មេដឹកនាំសហជីព​”


What Next?

Recent Articles

One Response to "កញ្ញា ឈឹម ស៊ីថរ មិន​ខ្លាច​ជាប់​គុក​ដោយសារ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​គោរព​សិទ្ធិ​សហជីព"

  1. Anonymous says:

    this is HUN SEN policy if he wanted to kill he say that dog is sick . I’m so images to see while Cambodia is having too many problem HUN SEN going to MAYMAR to give advice for peace and freedom in that country. HAS…..it is so funny to me HUN SEN ass is so stinky and he going to tell MING OUNGLANG to clean their ass . my question is who will clean who if both of them are full of shit

Leave a Reply

Submit Comment