“ការ​សន្យា​ពី​ភាគី​រដ្ឋប្រហារ​យោធា​របស់​លោក មីន អ៊ុងលាំង មិន​អាច​បញ្ចប់​ជម្លោះ​នៅ​ភូមា​ទេ”

ដោយ ខែ សុណង
2022-01-08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

"ការ​សន្យា​ពី​ភាគី​រដ្ឋប្រហារ​យោធា​របស់​លោក មីន អ៊ុងលាំង មិន​អាច​បញ្ចប់​ជម្លោះ​នៅ​ភូមា​ទេ"

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រូប​ហ្វេសប៊ុក​លោក ហ៊ុន សែន


អ្នកជំនាញ​កិច្ចការ​នយោបាយ និង​បក្ស​ប្រឆាំង​ថា ការ​សន្យា​ពី​ភាគី​រដ្ឋប្រហារ​យោធា​របស់​លោក មីន អ៊ុងលាំង មិន​ទាន់​អាច​ដោះស្រាយ និង​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​ភូមា​ស្របតាម​ការ​ចង់​បាន​ពី​គ្រប់​ភាគី​នោះ​ទេ​។ ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​មេដឹកនាំ​យោធា​ភូមា​បាន​សន្យា​ជាមួយ​លោក ហ៊ុន សែន កាល​ពី​ថ្ងៃទី​៧ ខែ​មករា ថា ពួកគេ​នឹង​គោរព​គោលការណ៍​ឯកភាព​ប្រាំ​ចំណុច​របស់​អាស៊ាន​ដោយ​អនុញ្ញាត​ឱ្យ​ប្រេសិត​ពិសេស​ចូល​ទៅ​ជជែក​ចរចា​ជាមួយ​ភាគី​ជម្លោះ​ទាំងអស់។

អ្នកជំនាញ​កិច្ចការ​នយោបាយ និង​បក្ស​ប្រឆាំង​មិន​ទាន់​ជឿជាក់​ថា រដ្ឋាភិបាល​យោធា​របស់​លោក មីន អ៊ុងលាំង អាច​ងាក​មក​រក​ដំណោះស្រាយ និង​បញ្ចប់​ជម្លោះ​នយោបាយ ដើម្បី​ឱ្យ​ប្រទេស​ភូមា​វិល​មក​ដើរ​តាមផ្លូវ​ប្រជាធិបតេយ្យ​វិញ​បាន​នៅ​ឡើយ​ទេ ទោះជា​មានការ​សន្យា​លើ​ចំនុច​មួយចំនួន​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដោយ។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា អ្វី​ដែល​សំខាន់​ថា​តើ​មេដឹកនាំ​យោធា​ភូមា​នឹង​អនុវត្ត​តាម​ការ​កិច្ចសន្យា​របស់​ខ្លួន​ឬ​យ៉ាងណា ព្រោះ​កន្លងមក​ពួកគេ​មិន​អនុវត្ត​តាម​គោលការណ៍​ឯកភាព ៥​ចំណុច​របស់​អាស៊ាន​នោះ​ទេ ខណៈ​ពលរដ្ឋ​ភូមា និង​សហគមន៍​អន្តរជាតិ​បន្ត​ថ្កោលទោស​និង​មិន​ទទួលស្គាល់​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​រដ្ឋប្រហារ​នោះ​ឡើយ ។ លោក ឯម សុវណ្ណារ៉ា យល់ថា ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​ដែល​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​អាច​ជឿ​ទុក​ចិត្ត​បាន លុះត្រាតែ​រដ្ឋាភិបាល​កម្ពុជា​មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​ចរចា​រវាង​ភាគី​រដ្ឋាភិបាលយោធា​និង​រដ្ឋាភិបាល​ស្រមោល​របស់​ក្រុម​អ្នកស្រី អ៊ុង សានសូជី (Aung San Suu Kyi) ជាមុន​សិន៖ «ដំណើរការ​នយោបាយ​ដែល​ចេញ​ហ្នឹង​ជា​នយោបាយ​អូស​ក្រឡា អូ​ល​ពេលវេលា​ដែល​សម្រេច​ម្តង​មួយ​ជំ​ហ៊ានៗ មិន​ផ្តល់​ផល​វិជ្ជមាន​ទាំងស្រុង​ដល់​ភូមា​នោះ​ទេ វា​ទាមទារ​ឱ្យ​មាន​ការ​ខិតខំ រិះរក ឬ​ការ​ប្ដេជ្ញាចិត្ត​ដើម្បី​ឱ្យ​មាន​ការចរចា​ឱ្យ​បាន​លឿន ខ្ញុំ​គិតថា​វា​អាច​កាត់បន្ថយ​រង​ការ​រិះគន់​ពី​អន្តរជាតិ​បាន»

ស្រដៀង​គ្នា​នេះ​ដែរ អ្នកស្រាវជ្រាវ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក វណ្ណ ប៊ុនណា មើលឃើញ​ថា​ដំណើរការ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​លទ្ធផល​វិជ្ជមាន​មួយ ដើម្បី​បើកផ្លូវ​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ភូមា​។ ប៉ុន្តែ​លោក​ថា​កម្ពុជា​ត្រូវធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​មេដឹកនាំ​យោធា​ភូមា​អនុវត្ត​តាម​គោលការណ៍​ប្រាំ​ចំណុច​របស់​រដ្ឋ​សមាជិក​អាស៊ាន​ឱ្យ​បាន​ត្រឹមត្រូវ ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​ក្នុងនាម​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​ត្រូវតែ​ស្វែងរក​មធ្យោបាយ​ណាមួយ​ជួប​ជាមួយ​ភាគី​ទាំងអស់​ជាពិសេស​ភាគី​អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ទើប​អាច​បញ្ចប់​ជម្លោះ​នៅ​មីយ៉ាន់ម៉ា​បាន​ជោគជ័យ៖ «ឈាន​ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង​លុះត្រាតែ​ជួប​មេទ័ព​ភូមា​ហ្នឹង​ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង​បាន ប៉ុន្តែ​ចង់​មិន​ចង់​ដំណើរ​ទស្សនកិច្ច​របស់​កម្ពុជា​ហ្នឹង វា​ផ្តល់​មន្ទិលសង្ស័យ​ច្រើន ឬក៏​វា​ផ្តល់​រូបភាព​វិជ្ជមាន​ផង​ដែរ​សម្រាប់​ពួក​យោធា តែ​អ្វី​ដែល​កម្ពុជា​គួរ​ធ្វើ​បន្ត​ទៀត​គឺ​ធ្វើ​យ៉ាងណា​កុំឱ្យ​ពួក​យោធា​ហ្នឹង​មិន​អនុវត្ត​នូវ​អ្វី​ជា​សេចក្តី​សម្រេច​របស់​ខ្លួន ហើយ​មួយទៀត​ព្យាយាម​ដោះស្រាយ​បញ្ហា​ហ្នឹង​ជាមួយ​ភាគ​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​មានការ​ឯកភាព​បណ្តា​ប្រទេស​អាស៊ាន»

លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួយ​មួយ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា លោក មីន អ៊ុងលាំង (Min Aung Hlaing) កាលពី​ថ្ងៃ​ទី៧ ខែ​មករា ដោយ​ក្នុង​ជំនួប​នោះ​មេដឹកនាំ​រដ្ឋប្រហារ​ភូមា​ប្តេជ្ញា​ចិត្ត​យល់ព្រម​អនុវត្ត​តាម​គោលការណ៍​៥​ចំណុច​របស់​អាស៊ាន ក្នុង​នោះ រួមមាន​ការ​ពន្យារ​ពេល​ឈប់​បាញ់​គ្នា​ជាមួយ​អង្គការ​ប្រដាប់​អាវុធ​ជនជាតិភាគតិច រហូត​ដល់​ចុងឆ្នាំ​២០២២ និង​អនុញ្ញាត​ឲ្យ​មាន​ការ​ជួបពិភាក្សា​គ្នា ជាមួយ​ក្រុម​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ប្រទេស​ភូមា។ ទន្ទឹម​នឹង​នេះ​មេដឹកនាំ​យោធា​ស្វាគមន៍​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន ដែល​ត្រូវ​បានតែងតាំង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់​ម៉ា និង​បាន​សន្យា​ផ្ដល់​ការ​គាំទ្រ​ដល់​ប្រេសិត​ពិសេស​នេះ ដើម្បី​បំពេញ​តួនាទី​របស់​ខ្លួន​ចំពោះ​គោលការណ៍​កុងសង់ស៊ីស ៥​ចំណុច ដែល​បាន​ដាក់ចេញ ក្នុង​ជំនួប​កំពូល​ពិសេស​កាល​ពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២១។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​វិល​មក​ដល់​កម្ពុជា​វិញ​ហើយ​នៅ​ថ្ងៃទី៨ ខែ​មករា​។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ប្រាក់ សុខុន បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដោយ​បញ្ជាក់​ថា មេដឹកនាំ​យោធា​ភូមា​បាន​គាំទ្រ និង​អនុញ្ញាត​ឱ្យ​ប្រេសិត​ពិសេស​អាច​បំពេញ​តួនាទី​ក្នុង​អាណត្តិ​របស់​ខ្លួន​ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​របស់​ប្រទេស​សមាជិក​អាស៊ាន​ដោយ​អាច​ជួប​ជាមួយ​ភាគី​ទាំងអស់​។ លោក ប្រាក់ សុខុន រំពឹង​ថា លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ឈាន​ដល់​ការ​ជជែក និង​ចរចា​ជាមួយ​ភាគី​ទាំងអស់​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា៖ «ប្រសាសន៍​របស់​សម្តេច​សង្កត់ធ្ងន់​នៅ​ពេល​នោះ​គឺថា​សន្តិភាព​ពេញលេញ និង​ការ​បង្រួបបង្រួម​ជាតិ​មិន​អាច​សម្រេច​បាន​ទេ ប្រសិនជា​គ្មាន​ការ​ចូលរួម ការ​គាំទ្រ ការ​ឯកភាព​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ហេតុនេះ​ហើយ​ទើប​មានការ​ធានា​អះអាង​ពី​ឧត្តមសេនីយ៍ មីន អ៊ុងលាំង ថា​លោក​គាំទ្រ និង​ធ្វើ​យ៉ាង​មិច​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​ទៅ​មីយ៉ាន់ម៉ា​បាន​ទៅ​ជួប​ពី​គ្រប់​ភាគ​ពាក់ព័ន្ធ​ទាំងអស់»

ជុំវិញ​រឿង​នេះ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ំ សំអាន ថ្លែង​ថា​លោក​មិន​ជឿ​ថា​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ដែល​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​របស់​អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) មាន​ចេតនា​ពិតប្រាកដ​ក្នុង​ការ​គោរព​តាម​គោលការណ៍​ឯកភាព​ប្រាំ​ចំណុច​របស់​ប្រទេស​អាស៊ាន​នោះ​ឡើយ​។ លោក​យល់​ថា មេដឹកនាំ​ផ្ដាច់ការ​យោធា​ភូមា នឹង​រក​វិធី​ក្រាញ​អំណាច​ដូច​លោក ហ៊ុន សែន ដែរ៖ «លោក ហ៊ុន សែន ត្រូវតែ​ស្តាប់​យោបល់​ប្រជាពលរដ្ឋ​ភូមា​ភាគច្រើន​ពួកគេ​ចង់បាន​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស​ពិតប្រាកដ​នៅ​ប្រទេស​ភូមា​ហ្នឹង ត្រូវ​ស្តាប់​ឆន្ទៈ​ប្រជាពលរដ្ឋ​ភូមា​គេ​ចង់បាន​អី។ លោក ហ៊ុន សែន ទៅ​ជួប​មេដឹកនាំ​ផ្តាច់​ការដែល​គ្មាន​នរណា​ចង់​ជួប ដែល​គ្មាន​នរណា​ចង់​និយាយ​រក ចង់​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​ហ្នឹង គាត់​ចង់​ផ្តល់​ភាព​ស្រប​ច្បាប់​ឱ្យ​មេដឹកនាំ​ផ្ដាច់ការ​នៅ​ភូមា​ហ្នឹង»

ចាប់​តាំង​ពី​ខែ​កុម្ភៈ​រហូត​ដល់​ដើម​ខែ​មករា ឆ្នាំ​២០២២ យ៉ាងហោចណាស់​មាន​ពលរដ្ឋ​ភូមា​ជាង ១​ពាន់​៤​រយ​នាក់ (១.៤០០) ក្នុង​នោះ​រួម​ទាំង​កុមារ​យ៉ាងហោចណាស់​១០០​នាក់​ផង​ដែរ​ត្រូវ​បាន​គេ​សម្លាប់ ហើយ​មនុស្ស​ជាង ១​ម៉ឺន ១​ពាន់​នាក់​ទៀត (១១.៣០០) ត្រូវ​បាន​ចាប់ខ្លួន និង​រត់ចោល​ផ្ទះ​សម្បែង ដោយសារ​ការ​វាយ​ប្រហារ​ក្នុង​ថ្លុកឈាម​របស់​កង​កម្លាំង​សន្តិសុខ និង​យោធា​ក្រោម​បញ្ជាការ​របស់​លោក មីន អ៊ុងលាំង។ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​ប្រទេស​ភូមា​បាន​ប្ដឹង​មេដឹកនាំ​រដ្ឋប្រហារ​ខុសច្បាប់​រូប​នេះ​ពី​បទ «​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​» និង​ទទូច​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅ​ទី​ក្រុង​ឡាអេ (Hague) ឱ្យ​បើក​ការស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​មួយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "“ការ​សន្យា​ពី​ភាគី​រដ្ឋប្រហារ​យោធា​របស់​លោក មីន អ៊ុងលាំង មិន​អាច​បញ្ចប់​ជម្លោះ​នៅ​ភូមា​ទេ”"

  1. Anonymous says:

    the win and win policy of this ugly evil monster is only good in Cambodia the reason why??? >>it was VIETCONG policy to murder all Cambodian to take over the country and this ugly evil monster was being a slave to help VOETCONG to kill his own people util this day Cambodian are still scare and do not wanted to fight back . I knew MYANMAR people they are so brave they wanted freedom not like the freedom in Cambodia. after all HUN SEN went to MYANMAR is a shame for Cambodian . what in the world if HUN SEN himself is the thief how can he go and tell some one not to still . I knew HUN SEN just trying to please china because this ugly evil monster can not live without CHINA help

  2. Anonymous says:

    OH….WOW ..congratulation HUN SEN you are now becoming brothers with MING OUNGLANG now . YES now you have brother witch is every thing the same military JUNTA and a dictator killer

Leave a Reply

Submit Comment