កម្មករ​​ណាហ្គាវើលដ៍​ បន្ត​ទាមទារ​​ឲ្យ​ដោះលែង​​តំណាង​​សហជីព​​ ៨​​នាក់ ដើម្បី​ចរចា​​ដោះស្រាយ​​ជាមួយ​​ក្រសួង​​និង​​​ក្រុមហ៊ុន

ដោយ សន ចាន់រដ្ឋា
2022-01-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កម្មករ​​ណាហ្គាវើលដ៍​ បន្ត​ទាមទារ​​ឲ្យ​ដោះលែង​​តំណាង​​សហជីព​​ ៨​​នាក់ ដើម្បី​ចរចា​​ដោះស្រាយ​​ជាមួយ​​ក្រសួង​​និង​​​ក្រុមហ៊ុន

ក្រុម​កម្មករ​ណាហ្គាវើលដ៍​ប្រមាណ​​២០​​នាក់ ដាក់​លិខិត​ឆ្លើយ​បំភ្លឺ​នៅ​ក្រសួង​​ការងារ និង​ទាមទារ​ឱ្យដោះលែង​តំណាង​ពួកគេ ៨ នាក់ មុនការជួបចរចា នៅមុខក្រសួងការងារ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ រូប៖ គេផ្ដល់ឱ្យ


ក្រុម​កម្មករ​ណាហ្គាវើលដ៍​ប្រមាណ​​ ២០​​នាក់ ដាក់​លិខិត​ឆ្លើយ​បំភ្លឺ​នៅ​ក្រសួង​​ការងារ ទាក់​ទង​​សារ​​អំពាវនាវ​​របស់​​ក្រសួង​កាល​ពី​ពេល​ថ្មី​ៗ​ នេះ ឲ្យ​ពួកគាត់​ទៅ​ផ្ទៀងផ្ទាត់​​ប្រាក់​​សំណង​​ឡើង​​វិញ ក្រោយ​ពី​រក​​ឃើញ​​ថា ក្រុមហ៊ុន​​បាន​​ទូទាត់​​ប្រាក់​​មិន​​ត្រឹម​ត្រូវ តាម​ច្បាប់​ស្ដី​ពី​​ការងារ។ សង្គម​ស៊ីវិល​យល់ថា ដំណោះស្រាយ​​ដែល​​ផ្ដល់​ដោយ​​ក្រសួង​​ការងារ​នេះ គឺ​មិន​អាច​បិទ​បញ្ចប់​វិវាទ​ការងារ​នេះ​បាន​ទេ ខណៈ​ដែល​កម្មករ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តំណាង​ពួកគាត់​ ហើយ​ក្រុមហ៊ុន​ត្រូវ​ទទួល​ស្គាល់​វត្តមាន​សហជីព​នៅ​កន្លែង​ធ្វើការ​ឡើង​វិញ។

ក្រុម​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World) លើក​ឡើង​​ថា​ ការ​ជួប​ចរចា​ដោះស្រាយ​ការងារ​នៅ​ក្រសួង​ការងារ​​អាច​ធ្វើ​ទៅ​បាន លុះ​ត្រា​តែ​តុលាការ​​ដោះលែង​​តំណាង​សហជីព ​៨នាក់ ​ដែល​កំពុង​ជាប់​ឃុំ​ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​សិន​ ព្រោះ​កម្មករ​ជាង​ ៣រយ​នាក់​ ដែល​ត្រូវ​ក្រុមហ៊ុន​កាត់​ឈ្មោះ​នោះ បាន​ប្រគល់​​សិទ្ធិ​ជូន​សហជីព​ជា​អ្នក​ដោះស្រាយ។

បុគ្គលិក​ម្នាក់​ធ្វើ​ការ ៨​ឆ្នាំ ​ផ្នែក​ចែក​បៀរ​ ដែល​មាន​ឈ្មោះ​កាត់​ពី​ក្រុមហ៊ុន គឺកញ្ញា ម៉ែន សុធីវឌ្ឍនៈ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី​១០ ខែមករាថា តំណាង​ពួកគាត់​​បាន​ទាមទារ​ឲ្យ​ក្រសួង​បង្ហាញ​រូបមន្ត​គណនា​ប្រាក់​សំណង​ឲ្យ​ត្រឹមត្រូវ​តាម​ច្បាប់ ប៉ុន្តែ​ក្រសួង​មិនព្រម ក្នុង​ពេល​ចរចា​អស់​៣​លើក​ជាមួយ​​ក្រុមហ៊ុន​​នៅ​​ក្រសួង​ការ​ងារ មុន​ពេល​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​។ កញ្ញា​បន្ត​ទៀត​ថា ក្រោយ​មាន​ការ​ចាប់​ឃុំ​តំណាង​សហជីព​ ៨នាក់​​ដាក់​ពន្ធនាគារ បែរ​ជា​ក្រសួង​ការងារ​ប្រកាស​ថា ការ​ទូទាត់​ប្រាក់​សំណង​ដោយ​ក្រុមហ៊ុន​កន្លង​មក​នោះ គឺ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ទៅ​វិញ។ 

កញ្ញា​បញ្ជាក់​ថា ការ​ផ្ដល់​ដំណោះស្រាយ​បែប​នេះ គឺ​មិន​អាច​ធ្វើ​ឲ្យ​កម្មករ​រំសាយ​ការ​ធ្វើ​កូដកម្ម​បាន​ទេ ខណៈ​តំណាង​ពួក​គាត់​ដែល​ចរចា​រឿង​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​ដោះលែង​នៅ​ឡើយ។ បុគ្គលិក​វ័យ​ ៣០​ឆ្នាំ​ រូប​នេះយល់​ថា ​នេះ​គឺ​បង្ហាញ​ឲ្យ​ឃើញ​ចេតនា​​របស់​ក្រុមហ៊ុន​ ដែល​ចង់​រំលាយ​សហជីព​ចេញ​ពី​កន្លែង​ធ្វើការ​យ៉ាង​ពិត​ប្រាកដ៖ «ពួក​ខ្ញុំ​យល់​ថា វា​ដូច​ជា​អស់​សំណើច​ពេក​ហើយ នៅ​ពេល​តំណាង​ពួក​ខ្ញុំ​នៅគាត់​អត់​ព្យាយាម​ចរចា​ទេ។ រហូត​ដល់​ចាប់​ខ្លួន​ទៅ​បាត់​ហើយ បាន​គាត់​គិត​ថា ក្រុមហ៊ុន​ទូទាត់​អត់​ត្រូវ​បាន​លក្ខខណ្ឌ​ការងារ​ ឲ្យ​ចូល​តុ​ចរចា។ ពួក​ខ្ញុំ​ត្រូវ​បាត់​បង់​តំណាង​​ដូច​យើង​និយាយ​មិញ​ថា បាត់​បង់​ម្ដាយ​ពី​ផ្ទះ​ហើយ​យើង​ទៅ​ទូទាត់​អី​គេ​វិញ។​ ជំហរ​ពួក​យើង​គឺ​នៅ​ដដែល​។ គឺ​យើង​អត់​មាន​តំណាង​ថ្មី​ទេ។ ឲ្យ​គាត់​ដោះលែង​តំណាង​យើង​៨​រូប​ ចូល​តុ​ចរចា​ពី​បញ្ហា​របស់​ពួក​យើង ដើម្បី​បញ្ចប់​វិវាទ​ហ្នឹង»។


ទន្ទឹម​គ្នា​នឹង​ក្រុម​កម្មករ​ធ្វើ​សន្និសីទ​កាសែត​និង​ដាក់​ញត្តិ​ជូន​ក្រសួង​ការងារ​នោះ តំណាង​ក្រសួង​ការងារ​ដែល​ទទួល​បន្ទុក​ដោះស្រាយ​កូដកម្ម បាតុកម្ម គ្រប់​មុខ​សញ្ញាលោក អ៊ូ រតនា ចេញ​មក​ជួប​ក្រុម​កម្មករ​ណាហ្គាវើលដ៍ ដោយ​ព្យាយាម​អញ្ជើញ​ពួកគេ​ចូល​ទៅ​ពិភាក្សា​គ្នា​នៅ​ក្នុង​ក្រសួង ប៉ុន្តែ​ពួកគាត់​បដិសេធ ដោយសារ​តំណាង​ពួកគាត់​កំពុង​ជាប់ឃុំ៖ «យើង​ដោះស្រាយ​ជាមួយ​គ្នា ​យើង​ចូល​តុ​ជាមួយ​គ្នា។ ការ​ដោះស្រាយ​ គឺ​ការ​អង្គុយ​ជួប​ជុំ​មុខ​គ្នា មិន​មែន​នៅ​អ៊ីចឹង​ទេចាស៎ ពូ!​ទាល់​​តែ​​មាន​តំណាង​ខ្ញុំ​៨​រូប​ បាន​អាច​ចូល​តុចរចា​បាន។ បើ​មិន​មាន​អ្នក​ទាំង​ ៨​រូប​នេះ គឺ​មិន​អាច​ចូល​តុ​ចរចា​បាន​ដាច់​ខាត»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​រឿង​នេះ ពី​លោក អ៊ូ រតនា បាន​ទេ នៅ​ថ្ងៃ​ទី​១០ មករា ដោយ​ហៅ​ទូរស័ព្ទ​ចូល​ តែ​លោក​ប្រាប់​ជាប់​រវល់​ប្រជុំ។

ទាក់ទង​នឹង​រឿង​នេះ អ្នក​គ្រប់​គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​សិទ្ធិ​មនុស្ស និង​ការងារលោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា ប្រសិន​បើ​ក្រសួង​ការ​ងារ​​ដោះស្រាយ​រឿង​ប្រាក់​សំណង​ត្រឹម​ត្រូវ ​ឲ្យ​កម្មករ​និយោជិត​ជាង​ ៧០​នាក់​ដែល​ស្ម័គ្រ​ចិត្ត​ទទួល​យក​ ក្នុង​ពេល​ចរចា​ជាមួយ​​​តំណាង​សហជីព​កាល​ពី​កន្លង​មក​ ហើយ​​បន្ត​​សម្រប​សម្រួល​ជាមួយ​ក្រុមហ៊ុនឲ្យ​កម្មករ​សល់​ជិត​៣រយ​នាក់​ឲ្យ​ធ្វើ​ការ​វិញ ប្រហែល​ជា​វិវាទ​នេះ​​ត្រូវ​បាន​បញ្ចប់​អស់​ហើយ​។ ប៉ុន្តែ​រឿង​នេះ បែរ​ជា​ត្រូវ​អូស​បន្លាយ​​ពេល​​វេលា រហូត​ដល់​មាន​ការ​ចាប់​ឃុំ​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព ដែល​នាំ​ឲ្យ​បញ្ហា​នេះ​កាន់​តែ​ស្មុគស្មាញ។

លោក​យល់​ថា គន្លឹះ​ដែល​អាច​បញ្ចប់​វិវាទ​នេះ ក្រសួង​ការងារ​បញ្ជាក់​ជំហរ​ច្បាស់លាស់​ប្រាប់​ទៅ​ក្រុម​កម្មករ​និយោជិត​ដែល​ធ្វើ​ការ​តវ៉ា ថា​ក្រសួង​នឹង​សម្រប​សម្រួល​វិវាទ​​នេះ ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទទួល​ថ្នាក់​ដឹកនាំ និង​ប្រតិភូ​សហជីព​ចូល​ធ្វើ​ការងារ​វិញ៖ «ខ្ញុំ​មើល​ឃើញ​ថា​ ក្រសួង​ការងារ​ គាត់​នៅ​តែ​មាន​ចេតនា​បំភ័ន្ត​ឲ្យ​មាន​ការ​យល់​ច្រឡំ​នូវ​កម្មវត្ថុ​នៃ​ការ​ទាមទារ​របស់​បុគ្គលិក​កម្មករ​និយោជិត​ ដោយ​ញែក​នូវ​ចំណុច​ដែល​គាត់​ទាមទារ​ហ្នឹង ផ្សេង​ដោយ​ឡែក​ៗ​ ពី​គ្នា​ ដោយ​មិន​គិត​ជា​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន​ណាហ្គា​នេះ។ រឿង​ហ្នឹង វា​នៅ​តែ​ដោះ​មិន​ចេញ​អ៊ីចឹង។ ​ក្រសួង​ការងារ គាត់​ត្រូវ​ឲ្យ​បាន​ច្បាស់។ គាត់​ត្រូវ​ឆ្លើយ​តប​រៀប​ម៉េច ទៅ​ហ្នឹង​ការ​ទាមទារ​របស់​សហជីព ក្នុង​ទទួល​យក​ថ្នាក់​ដឹកនាំ​សហជីព​របស់​គាត់​ចូល​ធ្វើ​ការងារ​វិញ។ អា​ហ្នឹង​ ជា​ចំណុច​គន្លឹះ ប៉ុន្តែ​ក្រសួង​អត់​ឆ្លើយ​តប​ទេ។ គឺ​ឆ្លើយ​តប​រឿង​ការ​គណនា​ឲ្យ​បាន​ត្រឹមត្រូវ។ អ៊ីចឹងខ្ញុំ​គិត​ថា វា​នៅ​តែ​ជាប់​គាំង​អ៊ីចឹង​ ហើយ​បញ្ញា​ហ្នឹង​មិន​អាច​ដោះស្រាយ​បាន​ទេ»

គិត​មកដល់​ពេល​នេះ អស់​រយៈពេល​ ២៣​ថ្ងៃ​ហើយ ដែល​ក្រុម​កម្មករ​កាស៊ីណូ​ណាហ្គាវើលដ៍ នៅ​បន្ត​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី។ ពួកគាត់​អះអាង​ថា នឹង​បន្ត​ការ​តវ៉ា​នេះ​ រហូត​ដល់​មាន​ការ​ដោះលែង​តំណាង​ពួកគេ​ត្រឡប់​មក​វិញ ហើយ​ក្រុមហ៊ុន​ត្រូវ​ទទួល​យក​កម្មករ​ជាង​៣​រយ​នាក់​ចូល​ធ្វើ​ការ​វិញ​។ ស្រប​គ្នា​នេះ កម្មករ​ណាហ្គាវើលដ៍​​ដែល​មិន​មាន​ឈ្មោះ​កាត់​ចេញ​ពី​ក្រុមហ៊ុន នាំ​គ្នា​ធ្វើ​យុទ្ធនាការ​បង្ហោះ​ប័ណ្ណ​ការងារ​របស់​ពួកគេ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​ អម​ដោយ​សារ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​តំណាង​សហជីព ​​៨​នាក់​ត្រឡប់​មក​វិញ ដើម្បី​វិល​ចូល​តុ​ចរចា​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

««« ចប់! »»»

What Next?

Recent Articles

Leave a Reply

Submit Comment