សកម្មជន​ថា ​លោក ​ហ៊ុន សែន​ ដើរ​​បញ្ច្រាស់​​ទិសអាស៊ាន​ព្រោះ​ចង់​​​​​ធ្វើ​​​​​​​ប្រជាភិថុតិ​​ឲ្យ​​​​​​អន្តរជាតិ​​​​ទទួល​ស្គាល់​​របប​​សឹក​មីយ៉ាន់ម៉ា

ដោយ មួង ណារ៉េត
2022-01-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​ថា ​លោក ​ហ៊ុន សែន​ ដើរ​​បញ្ច្រាស់​​ទិសអាស៊ាន​ព្រោះ​ចង់​​​​​ធ្វើ​​​​​​​ប្រជាភិថុតិ​​ឲ្យ​​​​​​អន្តរជាតិ​​​​ទទួល​ស្គាល់​​របប​​សឹក​មីយ៉ាន់ម៉ា

(ស្តាំ) លោក ហ៊ុន សែន និង​លោក មិកាមិ ម៉ាសាហ៉ីរ៉ូ (Masahiro Mikami) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​នៅក្នុង​ពិធី​​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​​កំណាត់​​ផ្លូវជាតិ​​លេខ​៥ ខេត្ត​បាត់ដំបង-សិរីសោភ័ណ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក SMP


សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ​​អះអាង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​​កំពុង​​ដើរ​បញ្ច្រាស់​ទិសដៅ​អាស៊ាន ​ដើម្បី​​​ធ្វើ​​​​​​​​​នយោបាយ​ប្រជាភិថុតិ​ឲ្យ​​​​​អន្តរជាតិ​​​ទទួល​​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​​របប​​សឹក​​​​​នៅ​ភូមា ឬ​ មីយ៉ាន់ម៉ា (Myanmar)​។ អ្នក​ឃ្លាំមើល​ថា លោក​ ហ៊ុន សែន មិន​ត្រឹម​តែ​មិន​អាច​​បញ្ចុះ​បញ្ចូល​អន្តរជាតិ​​បាន​​ទេ ថែមទាំង​រង​ការ​អាម៉ាស់​សម្រាប់​ខ្លួន​ឯង​បន្ថែម​ទៀត​។​​​

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ប្រឆាំង​ និង​អ្នក​ឃ្លាំ​មើល​បែប​នេះ ធ្វើឡើង​​ចំ​ពេល​ដែល​លោក​ ហ៊ុន សែន ​កំពុង​​​ព្យាយាម​បញ្ចុះ​បញ្ចូល​ជា​ថ្មី​ទៀត​ ដោយម្តងនេះឲ្យ​ប្រទេស​​ជប៉ុន​ ផ្ដល់​​ការ​គាំទ្រដល់ជំហរឯកតោភាគីរបស់លោកក្នុងរឿងភូមានេះ។

ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ប្រចាំ​​ប្រទេស​ជប៉ុនលោក ហៃ វណ្ណា​​ មើល​ឃើញ​​ថា ​​លោក​ ហ៊ុន សែន កំពុង​​រង​ភាព​អាម៉ាស់​ខ្លាំង ក្រោយ​ពេល​លោក​​បរាជ័យ​​ទាំង​ស្រុង ​ក្នុង​​ការ​ធ្វើ​សកម្មភាព​ងាក​​​​ទៅ​គាំទ្រ​មេដឹកនាំ​​ផ្ដាច់​ការ​​​ភូមា​ ដោយ​ដើរ​​បញ្ច្រាស់​ទិសដៅ​​របស់​អាស៊ាន និង​សហគមន៍​អន្តរជាតិ​​។

លោក​ ហៃ វណ្ណា បន្ត​ថា​ ការ​សន្យា​បទ​ឈប់​បាញ់​​ ឬ​ការ​​​សន្យា​ទៅ​ជួប​ចរចា​គ្រប់​ភាគី​ពាក់ព័ន្ធ​នោះ គ្រាន់​តែ​ជា​នយោបាយ​ប្រជាភិថុតិ​​​​​ជួយ​​ការពារ​របប​សឹក​ភូមា​ប៉ុណ្ណោះ​​ ព្រោះ​ថា​ជាក់​ស្ដែង​​​​លោក ហ៊ុន សែន​ ​បាន​ចរចា​​តែ​ជាមួយ​ភាគី​មេដឹកនាំ​របប​សឹក​ភូមា​តែ​មួយ​គត់​ ខណៈ លោក ហ៊ុន សែន។ ប៉ុន្តែ​លោក​មិន​បាន​ធ្វើការ​ជាមួយ​​​ភាគី​ពាក់ព័ន្ធ​​ផ្សេង​ទៀត​ឡើយ​៖ «អ្វី​ដែល​លោក ហ៊ុន សែន​ បាន​និយាយ​ហ្នឹង​វា​បំផ្លើស​ទាំង​អស់​ មិន​មាន​អ្វី​ជា​ការ​ពិត​ទេ ហើយ​យើង​មើល​ឃើញ​ថា​​ របប​ផ្ដាច់​ការ​ដែល​ដឹកនាំ​ដោយ​ មីង អ៊ុងលាំង ហ្នឹង​ ​វា​មិន​ព្រម​ធ្វើ​អ្វី​ទៅ​តាម​ការ​ចង់​បាន​របស់​សមាជិក​​អាស៊ាន ដែល​គេ​បាន​​សម្រេច​៥​ចំណុច​ហ្នឹង​ទេ។ អ៊ីចឹងគ្មាន​ចំណុច​មួយ​ណា​ ដែល​ត្រូវ​បាន​អនុវត្ត​បាន​ទេ»។

លោក ហ៊ុន សែន ​ថ្លែង​ក្នុង​ពិធី​​សម្ពោធ​​ឲ្យ​ប្រើប្រាស់​កំណាត់​​​ផ្លូវ​ជាតិ​លេខ​៥ ​ពី​ខេត្ត​បាត់​ដំបង ទៅ​ក្រុង​សិរីសោភ័ណ្ឌ​​ខេត្ត​បន្ទាយ​មានជ័យ នៅ​ថ្ងៃ​ទី​១០ មករា ដោយ​​លើកសរសើរអំពី​​ទស្សនៈ​កិច្ច​របស់​លោក​​ទៅ​​ប្រទេស​ភូមា​​​ថា​ ទទួល​បាន​​លទ្ធ​ផល​ជាច្រើនចំណុច។

លោក ហ៊ុន សែន ក៏​បាន​ណែនាំ​រដ្ឋ​មន្ត្រី​ការ​បរទេស ​ដែល​ជា​​ប្រសិត​ពិសេស​​អាស៊ាន​ គឺ​លោក ប្រាក់ សុខុន ​​ឲ្យ​ប្រឹងប្រែង​រក​កិច្ចការ​សម្រប​​សម្រួល​ជាមួយ​អាស៊ាន ដើម្បី​អនុវត្ត​បទ​ឈប់​បាញ់​នៅ​ភូមា។ លោក ក៏​បាន​ស្នើសុំ​ប្រទេស​ជប៉ុន ​ផ្តល់​ការ​គាំទ្រ​ផ្នែក​សម្ភារៈ និង​បច្ចេកទេស​ សម្រាប់​ប្រតិបត្តិការ​ផ្តល់​ជំនួយ​មនុស្សធម៌​នៅ​ប្រទេសនេះ​ផង​ដែរ​​​។ តែ​យ៉ាង​ណា​លោក ហ៊ុន សែន អះអាង​ថា​ វិបត្តិ​នៅ​ភូមា នឹង​មិន​អាច​​បិទ​បញ្ចប់​ត្រឹម​ពេល​កម្ពុជា ​ធ្វើ​​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ទេ​ «យើង​ឈាន​ទៅ​​ និយាយ​ទៅ​ដល់​បញ្ហា​បញ្ឈប់​រាល់​អំពើ​ហិង្សា បន្ថែម​ទៅ​ដោយ​ពាក្យ​ឈប់​បាញ់​ ព្រោះ​​មាន​ការ​បាញ់​គ្នា។ អ៊ីចឹង​ទេ​ ដើម្បី​ឲ្យ​មាន​ការ​ជឿ​ទុក​ចិត្ត​​សម្រាប់​ភាគី​ទាំង​អស់ អាស៊ាន​គប្បី​ដើរ​តួនាទី​​ ហើយ​តួនាទី​នេះ ដែល​​ពី​មុន​​នេះ គេ​មិន​អាច​រក​បាន។ ប៉ុន្តែ​ឥឡូវ​អាស៊ាន​អាច​រក​បាន​ហើយ ​ដែល​អាស៊ាន​មាន​តួនាទី ​ចូល​​ទៅ​ធ្វើការ​សម្រប​សម្រួល​នៃ​ភាគី​ដែល​មាន​ជម្លោះ​ឲ្យ​មាន​ការ​ឈប់​បាញ់​»។

​​នៅ​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​ដ៏​ចម្រូង​ចម្រាស់​​​ជាមួយ​មេដឹកនាំ​រដ្ឋ​ប្រហារ​ភូមា​​លោក​ មីន អង​​លាំង (Min Aung Hlaing) កាល​ពី​ថ្ងៃ​ទី​០៧ និង​០៨​ មករា ​​លោក ហ៊ុន សែន ​មិន​បាន​ទៅ​​​ជួប​ភាគី​ពាក់ព័ន្ធ​ផ្សេង​ ក្រៅពី​​ការ​និយាយ​គ្នា​​អំពី​​​កិច្ច​ព្រមព្រៀង​​បទ​ឈប់​បាញ់​រយៈ​ពេល​១​ឆ្នាំ និង​ភាគី​ក្រុម​មេដឹកនាំ​រដ្ឋប្រហារ​នៃ​​របប​សឹក​​ភូមា ការ​​សន្យា​ឲ្យ​ប្រសិត​ពិសេស​​អាស៊ាន​ជួប​​​សន្ទនា​ភាគី​ពាក់ព័ន្ធ​ ការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌ និង​ការ​រាប់​អាន​គ្នា​ជា​បងប្អូន​ធម៌​រវាង លោក ហ៊ុន សែន និង លោក មីង​ អ៊ុងលាំង​​។

ប៉ុន្តែបទឈប់​បាញ់​នេះ មិន​អាច​​ទៅ​រួច​​ទេ​។ ​ក្រោយ​​មេដឹកនាំ​របប​សឹក​ភូមា​​​​សន្យា​​បទ​ឈប់​បាញ់​​ជាមួយ​លោក ហ៊ុន សែន បាន​​ត្រឹម​មួយ​ថ្ងៃ​​ គឺ​នៅ​ថ្ងៃ​ទី​​​០៨​ ខែ មករា​ របប​សឹក​ភូមា បាន​ប្រើ​ឧទ្ធម្ភាគចក្រ​បាញ់​គ្រាប់​​មីស៊ីល​ទៅ​លើក្រុង​ឡយ​ក​​(Loikaw)​ រដ្ឋ​កាយ៉ា​​(Kayah)​ ដោយ​​បញ្ជាក់​​​ហេតុផល​​ថា​ មាន​កងទ័ព​របស់​​​ជនជាតិ​ភាគ​តិច​​​ការ៉ែន​ ​​(KNDF)​ កំពុង​លាក់​ខ្លួន​នៅ​ទីនោះ។ ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​នេះ កើត​ឡើង​តាំង​ពី​ម៉ោង​២​រសៀល​ ដល់​ម៉ោង​៧​យប់​ថ្ងៃ​ទី​៩ ខែ​មករា ដែល​ទង្វើ​នេះ​ផ្ទុយ​ពី​សេចក្តីថ្លែង​ការណ៍​រួម​រវាង​លោក ហ៊ុន សែន និង​លោក មីន អង​លាំង។

​អ្នក​ឃ្លាំមើល ​មិន​រំពឹង​ថា ដំណើរ​បញ្ច្រាស់​ទិស​​​របស់​លោក​ ហ៊ុន សែន ​​អាច​​ដោះ​ស្រាយ​វិបត្តិ​ផ្ទៃ​ក្នុង​​នៅ​ភូមា​​​បាន​ឡើយ​។ ​តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​​កម្ពុជាលោក ម៉ែន ណាត ​យល់​​​​ថា លោក ហ៊ុន សែន ​មិន​ទាន់​​អាច​​​ដោះ​ស្រាយ​វិបត្តិ​ផ្ទៃ​ក្នុង​​នៅ​​កម្ពុជា​បាន​ផង កុំ​ថា​ឡើយ​​​មាន​សមត្ថភាព ដល់​​ទៅ​ដោះស្រាយ​វិបត្តិ​ជម្លោះ​ផ្ទៃ​ក្នុង​នៅ​ប្រទេស​​ភូមា​​នោះ​។ លោកបន្ត​ថា ចេតនា​របស់​លោក ហ៊ុន សែន គឺ​គ្រាន់​តែ​ចង់​បញ្ចុះ​បញ្ចូល​ឲ្យ​អាស៊ាន និង​សហគមន៍​អន្តរជាតិ សម្រប​ខ្លួន​ទៅ​​ទទួល​ស្គាល់​របប​សឹក​​ភូមា​ប៉ុណ្ណោះ​។ តែ​យ៉ាង​ណា លោក​ថា ផែនការ​នេះ ​នឹង​មិន​បាន​សម្រេច​ទេ​«លទ្ធផល​គាត់ គឺ​សូន្យ​។ វា​ផ្ទុយ​ស្រឡះ​​ពី​យន្តការ​របស់​អាស៊ាន​ ត្រូវ​ដោះស្រាយ​បញ្ហា​ភូមា ហើយ​គាត់​ប្រើប្រាស់​យន្តការ​អាស៊ាន​ហ្នឹង វា​នាំ​ឲ្យ​ប្រទេស​ទាំង​អស់​នៅ​ក្នុង​នៅ​ក្នុង​អាស៊ាន​ហ្នឹង គឺ​វា​បែកបាក់​​ខ្វែង​គំនិត​គ្នា​ ហើយ​ពិបាក​ដោះ​ជាង​បញ្ហា​ភូមា​ទៀត ចម្រូង​ចម្រះ ហើយ​លោក​ ហ៊ុន សែន គ្មាន​ធ្វើ​អ្វី​បាន​ទេ។ គាត់​យក​បញ្ហា​អាស៊ាន​នេះ និយាយ​​ឲ្យ​ខ្លី​ទៅ​គឺ គាត់​ទៅ​នេះ គាត់​អត់​មាន​ស្ដាប់​នរណា​ទាំង​អស់ ក្នុង​ប្រទេស​ចំណោម​អាស៊ាន​ហ្នឹង»។

អាស៊ាន​បាន​ដាក់​លក្ខខណ្ឌ​គោលការណ៍​​ ៥ចំណុច​​ ឲ្យ​របប​សឹក​ភូមា​អនុវត្ត​ គឺ​ទី១៖​ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើ​ហិង្សា ហើយ​គ្រប់​ភាគី​ត្រូវ​បង្កើន​ការ​អត់ធ្មត់។ ទី២៖ ចាប់​ផ្ដើម​​សន្ទនា​​គ្នា​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​​ដោយ​សន្តិវិធី។ ទី៣៖ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន នឹង​សម្រួល​ដល់​​​ដំណើរ​ការ​រៀបចំ​កិច្ច​សន្ទនា ដោយ​មាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន។​​ ទី​៤៖ អាស៊ាន​ត្រូវ​ផ្តល់​ជំនួយ​មនុស្សធម៌ និង​ទី៥ ​​ប្រេសិត​ពិសេស និង​គណៈប្រតិភូ​នឹង​ធ្វើ​ទស្សនកិច្ច​​ នៅ​ប្រទេស​ភូមា ​ដើម្បី​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។

ទោះ​ជា​យ៉ាងណា មេ​ដឹក​នាំ​រដ្ឋប្រហារ​យោធា​ភូមា លោក​មីន អង​​លាំង​ ​មិន​អនុវត្ត​តាម​នោះ​ទេ។ ចាប់​តាំង​ពី​ខែ​កុម្ភៈ​​ឆ្នាំ​២០២១ ​ដល់​ដើម​ខែ​មករា ឆ្នាំ​២០២២ ​មាន​ពលរដ្ឋ​ភូមា​ជាង ​មួយ​​ពាន់​​​បួន​រយ​ (១.៤០០)​ នាក់​​ត្រូវ​បាន​គេ​សម្លាប់​ ក្នុង​នោះ​រួម​ទាំង​កុមារ​យ៉ាង​ហោច​ណាស់​​១០០​នាក់​ផង​ដែរ និង​មានមនុស្ស​យ៉ាង​ហោចណាស់ជាង​ ៣០ នាក់ត្រូវ​ពួកយោធាដុតសម្លាប់ទាំងរស់។​ ក្រៅពី​នេះ​​មាន​​មនុស្ស​ជាង មួយ​​ម៉ឺន​មួយ​ពាន់​​​ (១១.៣០០)​នាក់​ ត្រូវ​បាន​ចាប់ខ្លួន។ មនុស្ស​ជាច្រើន​រត់​ចោល​ផ្ទះ​សម្បែង ដោយសារ​ការ​​​បាញ់​ប្រហារ​​ពី​កង​កម្លាំង​សន្តិសុខ និង​យោធា​ក្រោម​បញ្ជាការ​របស់​​មេយោ​រដ្ឋ​ប្រហារ​លោក​មីន អ៊ុង​លាំង​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ កំពុង​ដាក់​ពាក្យ​ប្ដឹង​​​​លោក មីន អ៊ុងលាំង ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ហើយ​ទទូច​​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​(ICC) ​នៅ​​ទី​ក្រុង​ឡាអេ (Hague) ឱ្យ​បើក​ការ​ស៊ើបអង្កេត​​ជា​បន្ទាន់​។ អង្គការ​ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ក៏កំពុងធ្វើយុទ្ធនាការ ទាមទារឲ្យតុលាការ​អន្តរជាតិនេះ កាត់ទោសមេរដ្ឋប្រហារយោធានេះ ពីបទប្រល័យពូជសាសន៍ជនជាតិរ៉ូហ៊ីងយ៉ាផងដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សកម្មជន​ថា ​លោក ​ហ៊ុន សែន​ ដើរ​​បញ្ច្រាស់​​ទិសអាស៊ាន​ព្រោះ​ចង់​​​​​ធ្វើ​​​​​​​ប្រជាភិថុតិ​​ឲ្យ​​​​​​អន្តរជាតិ​​​​ទទួល​ស្គាល់​​របប​​សឹក​មីយ៉ាន់ម៉ា"

  1. Anonymous says:

    ORSLEAK ….CHHEAM SREK SBEKHOV you can not get away from it Mr

Leave a Reply

Submit Comment