លោក រ៉ុង ឈុន បង្ហាញ​ការ​ខកចិត្ត​ដែល​តុលាការ​បដិសេធ​សំណើ​សុំ​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេសថៃ

តុលាការ និងច្បាប់ព័ត៌មានជាតិសិទ្ធិមនុស្ស
កញ្ញា ខាន់ លក្ខិណា | ១១ មករា ២០២២ | ម៉ោង ១៧:១៤
VOD

លោក រ៉ុង ឈុន រួមនឹងអ្នកគាំទ្រមួយចំនួនបម្រុងរៀបចំសន្និសីទនៅហាងកាហ្វេមួយកន្លែងក្នុងក្រុងភ្នំពេញ ប៉ុន្តែមិនទទួលបានការអនុញ្ញាតឱ្យប្រព្រឹត្តកម្មវិធីនៅទីនោះឡើយ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក រ៉ុង ឈុន ផ្ដល់បទសម្ភាសន៍ខ្លីមួយនៅមុខហាងកាហ្វេមួយកន្លែងក្នុងក្រុងភ្នំពេញ ក្រោយមិនទទួលបានការអនុញ្ញាតឱ្យប្រព្រឹត្តកម្មវិធីនៅក្នុងទីតាំងហាងកាហ្វេ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)


អ្នកឃ្លាំមើលបញ្ហាសង្គមបង្ហាញការសោកស្ដាយ នៅពេលព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបដិសេធសំណើសុំទៅព្យាបាលជំងឺនៅមន្ទីរពេទ្យក្នុងប្រទេសថៃ។

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ មេធាវីការពារក្ដីឱ្យលោក រ៉ុង ឈុន បានដាក់សំណើទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំចេញទៅព្យាបាលជំងឺនៅប្រទេសថៃរយៈពេល២​សប្ដាហ៍ ដោយថា ការទៅព្យាបាលនេះ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ។

បើតាមសំណើដែលដាក់ទៅតុលាការបានបញ្ជាក់ថា លោកវេជ្ជបណ្ឌិត ឡោ វ៉ាត បានផ្ដល់អនុសាសន៍ឱ្យលោក រ៉ុង ឈុន ជួបជាមួយគ្រូពេទ្យឯកទេស ដើម្បីពិនិត្យព្យាបាលនិងតាមដានសុខភាព ជាពិសសជំងឺឡើងជាតិស្ករក្នុងឈាម (ទឹកនោមផ្អែម), ឡើងសម្ពាធឈាម, ក្រួសក្នុងថង់ប្រម៉ាត់ និងក្រួសក្នុងតម្រង់នោមខាងឆ្វេង។

យោងតាមសំណើមេធាវីការពារក្ដីឱ្យលោក រ៉ុង ឈុន៖ «ប្រភេទជំងឺរបស់ខ្ញុំធ្ងន់ធ្ងរ ហើយប្រវត្តិនៃការព្យាបាលរបស់ខ្ញុំបាទ គឺធ្លាប់ទៅព្យាបាលនៅប្រទេសថៃជាមួយគ្រូពេទ្យដែលមានបទពិសោធន៍និងឯកទេសខ្ពស់ ទើបមានសុវត្ថិភាព ដែលមិនប៉ះពាល់ដល់អាយុជីវិត ឬទៅព្យាបាលនៅបរទេសតាមវេជ្ជបញ្ជា។ ដោយសារសាលដីកាសាលាឧទ្ធរណ៍បានកំណត់ថា ទណ្ឌិតត្រូវតែមានការអនុញ្ញាតពីព្រះរាជអាជ្ញាមុនពេលធ្វើដំណើរទៅបរទេស ទើបខ្ញុំគោរពតាមសាលដីកានិងដាក់ពាក្យស្នើសុំមកឯកឧត្ដមព្រះរាជអាជ្ញាទៅសម្រាកព្យាបាលជំងឺខាងលើនេះ»។

ប៉ុន្តែសំណើរបស់លោក សំ សុគង់ ដែលជាមេធាវីការពារក្ដីឱ្យលោក រ៉ុង ឈុន នោះ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបដិសេធ។

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍នៅថ្ងៃអង្គារនេះថា មេធាវីការពាររបស់លោកបានដាក់សំណើទៅតុលាការកាលពីចុងខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីគ្រូពេទ្យអង្គការលីកាដូ បានចេញលិខិតបញ្ជាក់ពីការត្រួតពិនិត្យសុខភាព ដោយបានធ្វើការវិនិច្ឆយជំងឺប្រចាំកាយរបស់លោក។

លោកបន្តថា ជំងឺប្រចាំកាយរបស់លោកបច្ចុប្បន្នដែលត្រូវព្យាបាលនោះ រួមមាន ឡើងជាតិស្ករក្នុងឈាម (ទឹកនោមផ្អែម), ឡើងសម្ពាធឈាម, ក្រួសក្នុងថង់ប្រម៉ាត់ និងក្រួសក្នុងតម្រង់នោមខាងឆ្វេង ប៉ុន្តែលោកបង្ហាញការខកចិត្តជាខ្លាំងនៅពេលដែលតុលាការបដិសេធ​។

លោកថា៖ «អ្វីដែលតុលាការបដិសេធ យើងមានការសោកស្ដាយជុំវិញបញ្ហាហ្នឹង។ តុលាការមិនគួរចិត្តចង្អៀតចង្អល់ទេ ​ហើយដឹងជំហររបស់ខ្ញុំច្បាស់ហើយ ខ្ញុំមិនគេចវេះទៅណាទេ ​នៅតែសហការជាមួយតុលាការ។ ទោះបីជាយ៉ាងណា យើងនៅតែសហការជាមួយតុលាការក្នុងអំឡុងពេលក្រោមការត្រួតពិនិត្យរបស់តុលាការនេះ»។

លោក រ៉ុង ឈុន បន្តថា បច្ចុប្បន្នគាត់មិនទាន់ទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋឬឯកជនណាមួយនៅឡើយទេ។  ​

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ចំពោះអ្នកដែលកំពុងជាប់បម្រាម និងនីតិវិធីរបស់តុលាការនាពេលនេះ មិនអាចយកគោលការណ៍សិទ្ធិមកប្រើបានឡើយ។

លោកថា៖ «ករណីគាត់នេះមិនអាចអនុវត្តសិទ្ធិជាទូទៅ​ដូចពលរដ្ឋដទៃទៀតបានទេ។ ដូចខ្ញុំចាំបាន គាត់ត្រូវបានតុលាការសម្រេចផ្ដន្ទាទោស ហើយទោសមួយចំនួនត្រូវព្យួរ ហើយព្យួរនេះមានជាប់លក្ខខណ្ឌមួយចំនួនទៀត។ អ៊ីចឹងទាល់សួរតុលាការថាមូលហេតុអី ព្រោះតុលាការជាអ្នកសម្រេច»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ សុំមិនធ្វើអត្ថាធិប្បាយ ដោយលិខិតនេះ ព្រះរាជអាជ្ញាបានបញ្ជាក់រួចហើយ។

បើតាមព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានបដិសេធសំណើមេធាវីការពារក្ដីឱ្យលោក រ៉ុង ឈុន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលវីអូឌីទើបទទួលបាន ក្រោមហេតុផលថា លោក រ៉ុង ឈុន គួរទទួលយកការព្យាបាលនៅមន្ទីរពេទ្យរដ្ឋនៅកម្ពុជាឱ្យអស់លទ្ធភាពសិន​។ ព្រះរាជអាជ្ញាដដែលថា អយ្យការនឹងពិចារណាលើការសន្និដ្ឋាននិងការវាយតម្លៃពីមន្ទីរពេទ្យរដ្ឋតែប៉ុណ្ណោះ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បង្ហាញការសោកស្ដាយ ដោយចាត់ទុកការបដិសេធរបស់តុលាការថា ធ្វើឱ្យប៉ះពាល់សិទ្ធិក្នុងការទទួលបានសេវាព្យាបាលរបស់លោក រ៉ុង ឈុន ដោយថា បើតាមច្បាប់ គាត់មានសិទ្ធិក្នុងការជ្រើសរើសមន្ទីរពេទ្យក្នុងនិងក្រៅប្រទេសដែលជឿនិងទុកចិត្តលើការព្យាបាលជំងឺ បើសិនជាគាត់មានលទ្ធភាពនោះ។

លោកបន្តថា ប្រសិនជាកន្លងមក លោក រ៉ុង ឈុន ធ្លាប់ទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេស នោះគាត់ក៏ត្រូវទៅតាមដានបន្តដែរ។

លោកថា៖ «ទាក់ទងនឹងបញ្ហាផ្លូវច្បាប់ ខ្ញុំគិតថាមិនមានអីទាស់ខុសទេ ​ឱ្យតែគាត់គោរព​គោលការណ៍ឬក៏លក្ខខណ្ឌរបស់​តុលាការដែលបានដាក់សម្រាប់គាត់ពីមុនមក។ ហើយលក្ខខណ្ឌក៏គេអនុញ្ញាតថា បើចង់​ចេញក្រៅប្រទេស ត្រូវមានការសុំការអនុញ្ញាត​ ជាពិសេសទាក់ទងនឹងបញ្ហាសុខភាព​នេះ។ តុលាការគួរតែពិនិត្យនិងពិចារណាក្នុងការអនុញ្ញាតឱ្យគាត់ទទួលបានសេវាសុខភាព​ ព្រោះការទទួលបានសេវាសុខភាព យើងមិនអាចកំណត់ថាគាត់ត្រូវតែព្យាបាលខាងក្នុងឬខាងក្រៅទេ។ ​នេះជាការជ្រើសរើសរបស់សាម៉ីខ្លួនផ្ទាល់ ធ្វើម៉េចឱ្យតែគាត់អនុវត្តតាមផ្លូវច្បាប់បានហើយ»។

កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ តុលាការរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសលោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោម​​បទ​​ចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខស​​​ង្គម» ក្រោយ​​​​​​ពី​លោកបាន​រិះគន់លើ​បញ្ហាការបោះបង្គោល​ព្រំដែន​នៅខេត្តត្បូងឃ្មុំ ដែល​ពលរដ្ឋ​អះ​អាង​​ថា អាជ្ញាធរ​វៀតណាមបាន​រំលោភ​យកដីពួកគាត់​។

ក្រោយពីជាប់ពន្ធនាគារជាង១ឆ្នាំ​ សាលាឧទ្ធរណ៍បានសម្រេចដោះលែងលោកចេញពីពន្ធនាគារកាលពីថ្ងៃទី១២ ​ខែវិច្ឆិកា ឆ្នាំ២០២១ ដោយទោសនៅសល់ត្រូវព្យួរ។ ក្រៅពីព្យួរទោសនៅសល់ហើយ ប្រធានសហជីព និងជាអ្នកឃ្លាំមើលរឿងព្រំដែនកម្ពុជាផង លោក រ៉ុង ឈុន ក៏ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការរយៈពេល៣ឆ្នាំផងដែរ។

យ៉ាងណាក៏ដោយ ការចោទប្រកាន់និងឃុំខ្លួនលោក រ៉ុង ឈុន ព្រមទាំងសកម្មជននយោបាយនេះ ត្រូវបានអ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានអំពាវនាវចំៗឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ជាបន្ទាន់នូវការ​ប្រើប្រាស់ប្រព័ន្ធតុលាការ​​​កាត់​ទោស​លើអ្នកហ៊ាន​ក្រោក​ឈរដើម្បីសិទ្ធិមនុស្សនិងសេរីភាពបញ្ចេញមតិនៅកម្ពុជា​៕


រ៉ុង ឈុន


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "លោក រ៉ុង ឈុន បង្ហាញ​ការ​ខកចិត្ត​ដែល​តុលាការ​បដិសេធ​សំណើ​សុំ​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេសថៃ"

  1. so socheath says:

    គេដាក់អ្ហែងឲ្យស្ថិតនៅក្រោមច្បាប់ ដែលមានការត្រួតពិនឹត្យពីតុលាការ ។
    ម៉េចបានអ្ហែងភ្លើម្លេះ​ ហើយមកបន្ទោសច្បាប់ទៅវិញ អាតៃហោង ?

  2. so socheath says:

    អាមូស អាឈ្លូសបាត់ទៅណា ?
    លែងឃើញតាប៉ែអាចោលម្សៀត ?

Leave a Reply

Submit Comment