សត្វ​កណ្តុរ​ដែល​ទទួល​បាន​ពាន​រង្វាន់​ក្នុង​ការ​ស្វែង​រក​មីន​កប់​ក្នុង​ដី ​បាន​ស្លាប់​កាល​ពី​ចុង​សប្តាហ៍

ដោយ ម៉ៅ សុធានី
2022-01-11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សត្វ​កណ្តុរ​ដែល​ទទួល​បាន​ពាន​រង្វាន់​ក្នុង​ការ​ស្វែង​រក​មីន​កប់​ក្នុង​ដី ​បាន​ស្លាប់​កាល​ពី​ចុង​សប្តាហ៍

សត្វកណ្តុរ​ហិត​មីន ឈ្មោះ ម៉ាហ្គាវ៉ា (Magawa) ដែលទទួល​បាន​ពាន​រង្វាន់​មេដាយ​មាស ក្នុង​ការ​ស្វែងរក​មីន​បង្កប់​ក្នុង​ដី បាន​ស្លាប់ (ងាប់) ក្នុង​អាយុ​៨​ឆ្នាំ កាលពី​ចុង​សប្តាហ៍​ កន្លង​មក​នេះ។ រូប៖ អង្គការ APOPO


សត្វកណ្តុរ​ហិត​មីន ឈ្មោះ ម៉ាហ្គាវ៉ា (Magawa) ដែលទទួល​បាន​ពាន​រង្វាន់​មេដាយ​មាស ក្នុង​ការ​ស្វែងរក​មីន​បង្កប់​ក្នុង​ដី បានងាប់ ក្នុង​អាយុ ​៨​ឆ្នាំ កាលពី​ចុង​សប្តាហ៍​កន្លង​មក​នេះ។

សេចក្តីថ្លែងការណ៍​របស់​អង្គការ​ស្ម័គ្រចិត្ត​ដោះមីន អាប៉ូឡូ (APOPO) កាល​ពី​ថ្ងៃទី១១​ ខែមករា ឲ្យដឹង​ថា៖ «ពួក​យើង​មាន​ការ​សោកស្តាយ​ជា​ខ្លាំង ចំពោះ​ការ​បាត់បង់​ និង​ការងារ​ដ៏​វិសេសវិសាល​របស់​សត្វកណ្តុរ​ហិតមីន ម៉ាហ្គាវ៉ា​នេះ»

សេចក្តីថ្លែងការណ៍​បន្តថា ម៉ាហ្គាវ៉ា នៅប៉ុន្មាន​ថ្ងៃមុន​ស្លាប់ ហាក់​នៅ​ស្ងាត់ស្ងៀម​ ដេក​ច្រើន និង​មិន​សូវ​ស៊ី​ចំណី​នោះ​ឡើយ សូម្បី​អាហារ​ដែល​វាចូលចិត្ត​បំផុត មាន​ដូច​ជា ចេក​ និង​សណ្តែក​ដី​ជាដើម។

កណ្ដុរ​ហិត​មីន​ ដែល​ទទួល​មេដាយ​មាស​ពី​ប្រទេស​អង់គ្លេស​បាន​ដាក់​ឱ្យ​ចូល​និវត្តន៍​ កាលពីខែមិថុនា ឆ្នាំ២០២១ បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម​ដោះ​មីន​នៅ​ក្នុង​ខេត្ត​សៀមរាប និង​ខេត្ត​ព្រះវិហារ​ អស់​រយៈពេល​ជាង ៥ឆ្នាំ ​ក្នុងទំហ៊ំដី ប្រមាណជាង ២២ហិកតារ​ ឬ​ស្មើ​តារាង​បាល់ទាត់ ចំនួន ៤២តារាង។


ការស្លាប់ ម៉ាហ្គាវ៉ានេះ កើតឡើង​ក្រោយ​ពេល អ្នកជំនាញ​ដោះមីន​៣នាក់ បាន​ស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះ​មីនតោន​នៅ​ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែមករា។

អ្នក​ទាំង​បី​នាក់នោះ គឺជា​អ្នកជំនាញ​កម្ទេច​គ្រឿងផ្ទុះ​របស់​អង្គការ​ដោះមីន​កម្ពុជា ហៅ​កាត់​ថា ​CSDH (Cambodian Self Help Demining) ឬ​អង្គការ អាគីរ៉ា។ ក្នុង​នោះ​រួម​មាន ប្រធាន​ក្រុម​ដោះមីន​តោន លោក ស៊ុន វង់ អាយុ ២៩ឆ្នាំ អនុប្រធានក្រុម លោក ម៉ា ស៊ីម៉េត​ អាយុ ៣២ឆ្នាំ និង​លោក ម៉ន ចក់ អាយុ ៣២ឆ្នាំ។

របាយការណ៍​របស់ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ (CMAC) ឱ្យ​ដឹង​ថា​ ចន្លោះ​ពីឆ្នាំ​១៩៩៣-១៩៩៨ គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន​សម្លាប់ និង​ធ្វើឱ្យ​រងរបួស​ប្រជាជន​កម្ពុជា ​ប្រមាណ​ជាង ៤.០០០ពាន់​​នាក់​ ក្នុង ​១ឆ្នាំៗ​ ដែល​នេះអាចចាត់ទុក​ថា ​​ជា​ឃាតក​លេខ​១ ​នៅ​កម្ពុជា។ ចំនួនអ្នកស្លាប់ ​បាន​ថយ​ចុះ​បន្តបន្ទាប់​ ដោយសារ​ការងារ​បោសសម្អាត​មីន។ ក្នុង​នោះ​មក​ដល់​ឆ្នាំ​២០១៩ ចំនួន​ជនរងគ្រោះ​ធ្លាក់ចុះមកនៅ​​តិច​ជាង​ ១០០​នាក់ ក្នុង​ ១​ឆ្នាំ។

កម្ពុជា​បាន​ដាក់​គោលដៅ​បោស​សម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​ឱ្យ​អស់ ​នៅ​ត្រឹម​ឆ្នាំ២០២៥​ ខាង​មុខ ដែល​នឹង​ត្រូវការថវិកា​ប្រមាណ​ជាង​ ៤០៦លាន​​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment