សាលាឧទ្ធរណ៍​ឱ្យ​សកម្មជន​បក្សប្រឆាំង​ពីរ​នាក់​ជាប់​ពន្ធនាគារ​១ឆ្នាំ​ដូច​ការ​សម្រេច​តុលាការ​ថ្នាក់ក្រោម

តុលាការ និងច្បាប់នយោបាយព័ត៌មានជាតិសិទ្ធិមនុស្ស
កញ្ញា ខាន់ លក្ខិណា | ១១ មករា ២០២២ | ម៉ោង ១១:៤៦
VOD

អាជ្ញារដាក់កម្លាំងត្រួតពិនិត្យនៅទីតាំងក្បែរសាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីពេលកន្លងទៅ។

អាជ្ញារដាក់កម្លាំងត្រួតពិនិត្យនៅទីតាំងក្បែរសាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីពេលកន្លងទៅ។ (ជន ចាន់រ៉ែន)


សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានសម្រេចកាត់ឱ្យសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយពីរនាក់ជាប់ពន្ធនាគារចំនួន១ឆ្នាំ និងពិន័យប្រាក់៥០០ដុល្លារ ឬស្មើប្រមាណ២លានរៀល ដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយថា ការសម្រេចរបស់តុលាការថ្នាក់ក្រោមជារឿងត្រឹមត្រូវ។

ការសម្រេចនេះធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍បានបើកសវនាការសួរដេញដោលលើបណ្ដឹងសាទុក្ខ លោក ម៉ី សុផុន និងអ្នកស្រី ធន ច័ន្ទថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកាត់ទោសឱ្យអ្នកទាំងពីរជាប់ពន្ធនាគារចំនួន១ឆ្នាំ ក្រោមបទចោទប្រកាន់ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថថ្នាក់ដឹកនាំ»

ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក សេង ស៊ីវុត្ថា នៅថ្ងៃអង្គារនេះ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល និងទុកសិទ្ធិឱ្យប្ដឹងសាទុក្ខរយៈពេល១ខែ បើសិនជាលោក ម៉ី សុផុន និងអ្នកស្រី ធន ច័ន្ទថា មិនសុខចិត្តចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ពេលនេះ។

សកម្មជនបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយ លោក ម៉ី សុផុន និងអ្នកស្រី ធន ច័ន្ទថា ត្រូវបានកម្លាំងសមត្ថកិច្ចនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការសរសេរសារបង្ហោះលើបណ្ដាញសង្គម ក្រោមហេតុផលថា «បំភ្លៃការពិតលើការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលផលិតនៅប្រទេសចិន» ខណៈកម្ពុជាកំពុងរីករាលដាលជំងឺជាសកលមួយនេះ៕


សកម្មជនបក្សប្រឆាំងសាលាដំបូងរាជធានីភ្នំពេញសាលាឧទ្ធរណ៍រាជធានីភ្នំពេញអតីតគណបក្សសង្គ្រោះជាតិអតីតបក្សប្រឆាំង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។


What Next?

Recent Articles

Leave a Reply

Submit Comment