អ្នក​វិភាគ​ថា ​​​ការ​​​​​​​​​​​​​គាំទ្រ​របស់​ចិន​ក្នុង​​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា​ជាមួយ​របប​​​សឹក​មីយ៉ាន់ម៉ា​​មិន​មែន​ជា​រឿង​ល្អ​ទេ

ដោយ សុជីវី
2022-01-11
RFA

អ្នក​វិភាគ​ថា ​​​ការ​​​​​​​​​​​​​គាំទ្រ​របស់​ចិន​ក្នុង​​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា​ជាមួយ​របប​​​សឹក​មីយ៉ាន់ម៉ា​​មិន​មែន​ជា​រឿង​ល្អ​ទេ​​

លោក វ៉ាង វិនប៊ីន (Wang Wenbin) ​អ្នក​​នាំ​ពាក្យ​​ការបរទេស​​ចិន ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសចិនកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកស្ថានទូតចិន


មហា​អំណាច​កុម្មុយនីស្តចិន ​​ប្រកាស​​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​​​​​​ក្នុង​ការ​ដោះ​ស្រាយ​​វិបត្តិ​ផ្ទៃ​ក្នុង​ប្រទេស​​​​ភូមា ឬ​មីយ៉ាន់ម៉ា​​(Myanmar)​។ ក្រុម​​អ្នក​​ឃ្លាំមើលយល់​ថា​​ នេះ​​​មិន​មែន​ជា​រឿង​ល្អ​​សម្រាប់​កម្ពុជា​ទេ​​ ខណៈដែល​ពួកគេ​ព្រួយ​បារម្ភ​ថា ចិន​កំពុង​លើក​ទឹក​ចិត្ត និង​​រុញ​ច្រាន​​​​ឲ្យ​កម្ពុជា​​​​បំបែក​​​​សាមគ្គី​ភាព​របស់អាស៊ាន។

ចាប់​តាំង​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ត្រឡប់​ពី​ទស្សនៈ​កិច្ច​ប្រទេស​ភូមា​ មក​ដល់​ពេល​នេះ​មាន​តែ​​​ចិន​កុម្មុយនីស្តមួយ​គត់​ដែល​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ខ្លួន​​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​​ក្នុង​​សកម្មភាព​ឯកតោ​ភាគី​​ ដែល​បាន​ទៅ​ដោះស្រាយ​វិបត្តិ​នយោបាយ​​ផ្ទៃ​ក្នុង​​ប្រទេស​មីយ៉ាន់ម៉ា។​​​

​អ្នក​ស្រាវជ្រាវ​ផ្នែក​ភូមិសាស្ត្រ​នយោបាយលោក វណ្ណ ប៊ុនណា សង្កេត​ឃើញ​ថា ​ការ​ប្រកាស​គាំទ្រ​របស់​​ចិន​លើក​​នេះ នឹង​ធ្វើ​ឲ្យ​សហគមន៍​អាស៊ាន និង​​អន្តរជាតិ​ រិះគន់​កម្ពុជា​​ថែម​ទៀត ​ពី​រឿង​​ដំណើរ​ទស្សនៈ​កិច្ច​ទៅ​ទទួល​ស្គាល់​របប​សឹក​នៅ​ភូមា។

​លោក វណ្ណ ប៊ុនណា ​បន្ត​ថា ​កម្ពុជា​គួរ​ដើរ​តួនាទី​ត្រឹម​ជា​អ្នក​សម្រប​សម្រួល​ ដែល​បង្ករ​លក្ខណៈ​ឲ្យ​មាន​កិច្ច​ចរចា​​ពី​គ្រប់​ភាគី​នៅ​មីយ៉ាន់ម៉ា​បាន​ហើយ ដោយ​មិន​គួរ​ដើរ​ជា​អ្នក​ស្វែង​​រក​ដំ​ណោះស្រាយ​​ ឬ​ក៏​ជា​អ្នក​​ដាក់​លក្ខខណ្ឌ​ ចាប់​បង្ខំ​ឲ្យ​ភាគី​មីយ៉ាន់ម៉ា​​អនុវត្ត​នោះ​ទេ៖ «បញ្ហា​នៅ​ភូមា​ វា​ជា​បរិបទ​មួយ​​នៃ​ការ​ប្រកួត​ប្រជែង​​ភូមិ​សាស្ត្រ​នយោបាយ​រវាង​ចិន និង​សហរដ្ឋ​អាមេរិក​ផង​ដែរ។ អ៊ីចឹង​ទេ ក្នុង​ន័យ​ហ្នឹង ពួក​យោធា​​មីយ៉ាន់ម៉ា ចង់​ឬ​មិន​ចង់​ដើម្បី​គេច​ចេញ​​ពី​ទណ្ឌកម្ម​របស់​​ពួក​លោក​ខាង​លិច​ អ៊ីចឹង​យោធា​ព្យាយាម​ធ្វើ​​ឲ្យ​ខ្លួន​ហ្នឹង​ស្និទ្ធស្នាល​ជាមួយ​ចិន ក្នុង​ការ​គាំទ្រ​គោល​នយោបាយ​ខ្លួន។ អ៊ីចឹង​ទេ បើ​កម្ពុជា​ចូលរួម​ក្នុង​ដំណោះស្រាយ​នៃ​វិបត្តិ​នៅ​ភូមា​ហ្នឹង​​ ចូល​កាន់​តែ​ជ្រៅ​ធ្វើ​ឲ្យ​កម្ពុជា​ហ្នឹង​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​កូន​ឧក​​(អុក)​របស់​ចិន​ផង​ដែរ នៅ​ក្នុង​វិបត្តិ​ភូមា​ហ្នឹង»។

ក្រសួង​ការបរទេស​ចិន ​បាន​បង្ហាញ​លទ្ធផល​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែមករា ដោយ​ប្រកាស​ជំហរ​​​គាំទ្រ​​កម្ពុជា​​​ក្នុង​ការ​​​រក​ដំណោះ​ស្រាយ​​វិបត្តិ​ផ្ទៃ​ក្នុង​ប្រទេស​​មីយ៉ាន់​ម៉ា​​។ អ្នក​នាំ​ពាក្យ​ការបរទេស​ចិនលោក វ៉ាង វិនប៊ីន (Wang Wenbin) ​លើក​ឡើង​ក្នុង​​សន្និសីទ​សារ​ព័ត៌មាន​​នោះ​ថា ​ប្រទេសចិន ​​នឹង​គាំទ្រ​​ពេញ​ទំហឹង​​ដល់​​កម្ពុជា ដែល​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​ក្នុង​ការ​ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ដំណាក់​កាល​ដំបូង​​ដោះ​ស្រាយ​​ជម្លោះ​គ្រប់​ភាគី​ក្នុង​​​​ប្រទេស​មីយ៉ាន់ម៉ា តាម​រយៈ​ការ​សន្ទនា​នយោបាយ និង​ការ​ស្តារ​ស្ថិរភាព​មីយ៉ាន់ម៉ា​ឡើងវិញ​។

​​​​​ជុំវិញ​ករណី​នេះ​ វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជាលោក កុយ គួង អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជាលោក សុខ ឥសាន បាន​ទេ នៅ​ថ្ងៃ​ទី​១១ ខែមករា។ ​តែ​យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​១០ ខែមករា ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​បញ្ជាក់​​ជា​ថ្មី​​ការ​ពារ​​ដំណើរ​ទស្សនៈ​កិច្ច​ផ្លូវ​ការ​​របស់​លោក​ទៅ​ប្រទេស​ភូមា ថា​ជា​រឿង​ប្រសើរ និង​ទទួល​បាន​លទ្ធផល​ច្រើន​ចំណុច ពិសេស​គឺ​ការ​អន្តរាគមន៍​ឲ្យ​មាន​​ការ​​ឈប់​បាញ់​គ្នា​។

ប៉ុន្តែ​ផ្ទុយ​ពី​ការ​លើក​ឡើង​​របស់​លោក ហ៊ុន សែន ​ទាំង​ស្រុង ​របប​សឹក​ភូមា​​​បាន​​បើក​ការ​វាយ​ប្រហារ និង​ប្រើ​ឧទ្ធម្ភាគចក្រ​បាញ់​គ្រាប់​​មីស៊ីល​ទៅ​លើក្រុង​ឡយ​​ក​​​(Loikaw)​​ ​រដ្ឋ​​កាយ៉ា​​​(Kayah)​​ ដោយ​​បញ្ជាក់​​​ហេតុផល​​ថា​ មាន​កងទ័ព​​តស៊ូ​ប្រឆាំង​​របប​សឹក​​ ​(KNDF)​ ​​កំពុង​លាក់​ខ្លួន​នៅ​ទីនោះ។ ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​នេះ កើត​ឡើង​តាំង​​ពី​ម៉ោង​២​រសៀល​ ដល់​ម៉ោង​៧​យប់​ថ្ងៃ​ទី​៩ ខែ​មករា ដែល​​​ផ្ទុយ​ពី​សេចក្តីថ្លែង​ការណ៍​រួម​រវាង​លោក ហ៊ុន សែន និង​មេដឹកនាំ​របប​សឹក​លោក មីន អ៊ុងលាំង​ (Min Aung Hlaing) ទាំង​ស្រុង​។

មន្ត្រី​បក្ស​ប្រឆាំង​ថា លោក​ ហ៊ុន សែន និង​មេដឹកនាំ​រដ្ឋ​ប្រហារ​​​ភូមា ដើរ​តាម​ខ្សែ​ញាក់​របស់​ចិន​ដូច​គ្នា ក្នុង​ទិសដៅ​ពង្រឹង​​​ឥទ្ធិពល​កុម្មុយនីស្ត​នៅ​អាស៊ី​អាគ្នេយ៍​ឡើងវិញ​។ អតីត​​​​អ្នក​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ងឹម ញ៉េង អះអាង​​ថា ​លោក ហ៊ុន សែន កំពុង​លេង​ល្បែង​​​​ភ្ជាប់​​​ខ្លួន​ឯង​ ទៅ​នឹង​​របប​សឹក​នៅ​​ភូមា​​​ ហើយ​លោក​ក៏​​​ដើរ​​​​​​​បញ្ចុះ​បញ្ចូល​​អន្តរជាតិ​ឲ្យ​ទទួល​​ស្គាល់​តាម​​លោក​ផង​​ដែរ​។

អតីត​តំណាង​រាស្ត្រ​រូប​នេះ ព្រមាន​ថា ​​រដ្ឋាភិបាល​ឯកបក្ស​នឹង​ត្រូវ​ជាប់​ឈ្មោះ​អាក្រក់​​ក្នុង​ប្រវត្តិ​សាស្ត្រ​អាស៊ាន​ បើ​នៅ​តែ​ហ៊ាន​​បន្ត​ដើរ​បញ្ច្រាស់​ទិស​តែ​ឯង ហើយ​​​​លូក​កាន់​តែ​ជ្រៅ​ទៅ​​​ក្នុង​ជម្លោះ​ផ្ទៃ​ក្នុង​​ប្រទេស​មីយ៉ាន់ម៉ា ​ត​ទៅ​​ទៀត​៖ «គ្មាន​ប្រទេស​ណា​មួយ គេ​គាំទ្រ​ការ​ដណ្ដើម​អំណាច​ដោយ​អំពើ​ហិង្សា​ទេ​អត់​មាន​ទេ​​គឺ​​មាន​តែ​ពួក​ផ្ដាច់​ការ​ដណ្ដើម​អំណាច​ដោយ​ហិង្សា​ដូច​គ្នា​ទេ ដែល​គាំទ្រ​គ្នា​។​ បើ​យើង​និយាយ​ឲ្យ​​ចំ​ ឲ្យ​ងាយ​​ស្ដាប់​ថា ​ក្រុម​ជន​ទុច្ចរិត​ដែល​បាន​អំណាច​ដោយ​ទុច្ចរិត​ គេ​គាំទ្រ​គ្នា​គេ»។

​​​​​​​​​​អាស៊ាន​បាន​ដាក់​លក្ខខណ្ឌ​គោលការណ៍​​ ​៥ ​ចំណុច ​​​ឲ្យ​របប​សឹក​ភូមា​អនុវត្ត​​ទាំង​ស្រុង​ គឺ​​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើ​ហិង្សា ហើយ​គ្រប់​ភាគី​ត្រូវ​បង្កើន​ការ​អត់ធ្មត់​ ចាប់​ផ្ដើម​​សន្ទនា​​គ្នា​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​​ដោយ​សន្តិវិធី​ ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន នឹង​សម្រួល​ដល់​​​ដំណើរ​ការ​រៀបចំ​កិច្ច​សន្ទនា​ដោយ​មាន​ជំនួយ​ពី​អគ្គ​លេខា​ធិការ​​អាស៊ាន​​ ​អាស៊ាន​ត្រូវ​ផ្តល់​ជំនួយ​មនុស្សធម៌ ​​ប្រេសិត​ពិសេស និង​គណៈប្រតិភូ​នឹង​ធ្វើ​ទស្សនកិច្ច​​ នៅ​ប្រទេស​ភូមា ​ដើម្បី​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។

ប៉ុន្តែ​មេ​ដឹកនាំ​របប​សឹក​ភូមា​លោក មីន អ៊ុង​លាំង (Min Aung Hlaing) មិន​​អនុវត្ត​ទេ​ និង​កំពុង​ប្រើប្រាស់​ហិង្សា​បាញ់​បង្ក្រាប​​ក្រុម​អ្នក​តវ៉ា ក្នុង​នោះ​មាន​ទាំង​កុមារ និង​ការ​ដុត​សម្លាប់​មនុស្ស​ទាំង​រស់​ផង​ដែរ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ កំពុង​ដាក់​ពាក្យ​ប្ដឹង​​​​លោក មីន អ៊ុងលាំង ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ហើយ​ទទូច​​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរ​ជាតិ ​(ICC) ​នៅ​​ទី​ក្រុង​ឡាអេ (Hague) ឱ្យ​បើក​ការ​ស៊ើបអង្កេត​​ជា​បន្ទាន់​។​ ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ក៏​កំពុង​ធ្វើ​យុទ្ធនាការ​​ទាមទារ​​តុលាការ​អន្តរជាតិ​ កាត់​ទោស​មេ​រដ្ឋ​ប្រហារ​​ដដែល​នេះ​ពី​បទ​ប្រល័យ​ពូជសាសន៍​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​(Rohingya) ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អ្នក​វិភាគ​ថា ​​​ការ​​​​​​​​​​​​​គាំទ្រ​របស់​ចិន​ក្នុង​​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា​ជាមួយ​របប​​​សឹក​មីយ៉ាន់ម៉ា​​មិន​មែន​ជា​រឿង​ល្អ​ទេ"

  1. Anonymous says:

    every one know without CHINA that evil dictator HUN SEN will die soon

Leave a Reply

Submit Comment