អ្នកភូមិ​នៅ​កំពង់ស្ពឺ​បោះតង់​ដេកយាម​ព្រៃសហគមន៍ ខណៈ​ទាហាន​បន្ត​ចូល​កាប់​បំផ្លាញ

បញ្ហា​វិវាទដីធ្លីបរិស្ថានព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ១២ មករា ២០២២ | ម៉ោង ១៧:៤៩
VOD

ព្រៃសហគមន៍ឧត្ដមស្រែពស់ ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងស្ថានភាពក្រោយរងការឈូសឆាយ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

ព្រៃសហគមន៍ឧត្ដមស្រែពស់ ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងស្ថានភាពក្រោយរងការឈូសឆាយ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)


អ្នកភូមិនៅស្រុក​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ បានដាក់វេនគ្នាបោះតង់ដេកយាមព្រៃសហគមន៍របស់ខ្លួនមួយកន្លែង​ ក្រោយពីក្រុមទាហានបានបន្តដាក់កម្លាំងកាប់បំផ្លាញព្រៃសហគមន៍ដែលពួកគេបានការពារជាង២០ឆ្នាំមកហើយ។

កាលពីចុងឆ្នាំ២០២១ អ្នកភូមិប្រហែល២០០នាក់បាននាំគ្នា​តវ៉ាប្រឆាំងក្រុមទាហាននៃបញ្ជាការដ្ឋាន​រថក្រោះកងទ័ពជើងគោក មិនឱ្យកាប់បំផ្លាញព្រៃសហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនិងពលរដ្ឋ៤១គ្រួសារ។

សមាជិកសហគមន៍ឧត្ដមស្រែខ្ពស់ម្នាក់ លោក ខន សារិទ្ធ ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា ក្រុមទាហាននៅតែចិញ្ចឹមចិត្តនិងបានលួចដាក់កម្លាំងចូលកាប់បំផ្លាញព្រៃសហគមន៍ដែលមានដើមឈើធំៗនិងមានសត្វព្រៃជាច្រើនប្រភេទរស់នៅ ក្រោយពីអ្នកភូមិឈប់​តវ៉ានិងត្រលប់ទៅលំនៅឋានវិញ។

សមាជិកសហគមន៍រូបនេះបន្តថា ដោយសារ​ទាហាននៅតែបន្តលួចចូលកាប់ព្រៃសហគមន៍បែបនេះ និងគ្មានការដោះស្រាយពីអាជ្ញាធរពាក់ព័ន្ធផងនោះ អ្នកភូមិបាននាំគ្នាដាក់វេនគ្នាដោយបោះតង់ដេកយាមក្នុងព្រៃសហគមន៍តែម្ដង ដោយមួយក្រុមមានគ្នាប្រហែល២០ទៅ៣០នាក់ ដើម្បីទប់ស្កាត់ទាហានបន្តកាប់បំផ្លាញព្រៃសហគមន៍នេះទៀត។

លោកបន្ថែមថា៖ «ពលរដ្ឋបាននាំគ្នាដេកយាមពីរយប់ហើយ។ គាត់ថា គាត់ដេកយាមរហូតទាល់តែអាជ្ញាធរពាក់ព័ន្ធដោះស្រាយដែលគាត់អាចទទួលយកបាន បានគាត់ឈប់ដេកយាម។ ទាហានគេលួចកាប់ អត់ឱ្យប្រជាពលរដ្ឋយើងដឹងទេ»

សមាជិកសហគមន៍ម្នាក់ទៀត អ្នកស្រី ឃន ខន ដែលចូលរួមបោះតង់ដេកយាមព្រៃសហគមន៍ដែរនោះ បាននិយាយថា ​អ្នកស្រីនិងអ្នកភូមផ្សេងទៀត​បារម្ភពីសុវត្ថិភាពចំពោះការដេកយាមព្រៃនេះ ប៉ុន្តែដើម្បីផលប្រយោជន៍សហគមន៍ ដើម្បីការពារបរិស្ថាន ព្រៃឈើ និងសត្វព្រៃដែលរស់ពឹងលើព្រៃសហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» នេះ ទើបពួកគាត់ត្រូវតែពុះពារ ដើម្បីការពារព្រៃសហគមន៍នេះបន្ថែមទៀត។

អ្នកស្រីបន្តថា ព្រៃសហគមន៍នេះបានបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន៣ភូមិ នៃឃុំត្រពាំងជោរ ដូចជា កន្លែងសម្រាប់ឃ្វាលគោក្របី បោចវល្លិ រកផ្សិត បន្លែ និងរកអនុផលព្រៃឈើផ្សេងទៀត ហើយ​សហគមន៍នេះក៏ជាជម្រកសត្វព្រៃជាច្រើនប្រភេទផងដែរ។

អ្នកស្រីបន្ថែមថា៖ «បើបាត់បង់ព្រៃនេះទៅ វាប៉ះពាល់ច្រើនណាស់ ដូចជា សត្វព្រៃក្ងោក មាន់ព្រៃ ទោច និងសត្វព្រៃផ្សេងទៀត ដែលព្រះសង្ឃលោកបានការពារនៅហ្នឹងជាង២០ឆ្នាំហើយ បាននៅគង់ព្រៃប៉ុណ្ណឹង! ប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្នុងឃុំហ្នឹងដែលគោក្របីតិចច្រើនយកមកលែងមើលនៅក្នុងសហគមន៍ហ្នឹង។ ហើយនៅក្នុងហ្នឹង វាមានរបស់ហូបគ្រប់សព្វដូចបន្លែផ្លែឈើ ផ្សិត។ ម្យ៉ាងនៅឃុំត្រពាំងជោរនេះ វាអស់ព្រៃហើយ នៅតែម្ដុំហ្នឹងសម្រាប់ទុកកូនចៅជំនាន់ក្រោយនោះ។ អ៊ីចឹងហើយបានជាពួកខ្ញុំស៊ូទ្រាំការពារទាំងយប់ទាំងថ្ងៃហ្នឹង»

អ្នកស្រី ឃន ខន បន្ថែមថា ករណីក្រុមទាហានចូលកាប់បំផ្លាញព្រៃសហគមន៍នេះ គឺពុំមានអាជ្ញាធរណាចូលទប់ស្កាត់និងការពារឡើយ។

ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ឱម ម៉ាក់ធារី មានប្រសាសន៍ថា ព្រៃឈើដែលកំពុងរងការកាប់បំផ្លាញនោះជាដីព្រៃដែលរដ្ឋាភិបាលបានកាត់ទៅឱ្យក្រុមទាហានរួចទៅហើយ និងមិនស្ថិតក្នុងដែនព្រៃសហគមន៍ឡើយ។

វីអូឌី មិនអាចស្វែងរកប្រភពទាក់ទងទៅខាងភាគី​​បញ្ជាការដ្ឋាន​រថក្រោះកងទ័ពជើងគោកបានទេ នៅថ្ងៃពុធនេះ។

ប្រធានមន្ទីរបរិស្ថានរូបនេះបន្តថា ក្រុមពលរដ្ឋដែលកំពុងតវ៉ាប្រឆាំងទាហានមិនឱ្យឈូសឆាយនិងកាប់បំផ្លាញព្រៃឈើនោះ គឺអាជ្ញាធរបានប្ដឹងទៅតុលាការមួយចំនួនហើយ។

លោកបន្ថែមថា៖ «អ្នកដែលមករារាំងនិងធ្វើឱ្យរញ៉េរញ៉ៃមិនឱ្យគេឈូសឆាយហ្នឹង គេបានប្ដឹងទៅតុលាការមួយចំនួនហើយ។ ដីហ្នឹងរដ្ឋាភិបាលបានប្រគល់ឱ្យទៅគ្រួសារកងទ័ពតើ! ហើយយើងមកប្រឆាំងជាមួយរដ្ឋាភិបាលហ្នឹង»

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតភូមិសាស្ត្រ​ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋាន​រថក្រោះកងទ័ពជើងគោក និងពលរដ្ឋចំនួន៤១គ្រួសារ សម្រាប់​ធ្វើលំនៅឋាននិងបង្កបង្កើនផល។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស​​អាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក រ័ត្ន ថាវី ធ្លាប់ស្នើដល់រដ្ឋាភិបាលឱ្យពិចារណាឡើងវិញ ចំពោះការបន្តកាត់ដីព្រៃសហគមន៍ក្នុងទំហំច្រើនដើម្បីបែងចែកឱ្យគ្រួសារកងទ័ពនេះ។

មន្ត្រីសិទ្ធិមនុស្សរូបនេះថា នៅខេត្តកំពង់ស្ពឺមានដីទំនេរច្រើនណាស់ដែលរដ្ឋាភិបាលអាចប្ដូរ ឬធ្វើការបែងចែកទៅឱ្យក្រុមទាហាន ជាជាងការបន្តកាត់យកដីព្រៃសហគមន៍បែបនេះ ដែលធ្វើឱ្យប៉ះពាល់ដល់ជម្រកសត្វព្រៃ បរិស្ថាន ពិសេសធ្វើឱ្យដីព្រៃសហគមន៍កាន់តែរួមតូចថែមទៀត។

បើតាមសមាជិកសហគមន៍ លោក ខន សារិទ្ធ ថាកាលពីដើមឡើយ សហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» មាន​ផ្ទៃដីព្រៃទំហំជាង២ ០០០ហិកតា ប៉ុន្តែក្រោយមក មានក្រុមហ៊ុន​ឯកជននិង​ក្រុម​ទាហាន​បានចូលទៅរំលោភយក​ជា​បន្ត​បន្ទាប់ ដោយបច្ចុប្បន្ន សហគមន៍នេះសល់ដីទំហំ៨៨៧ហិកតាប៉ុណ្ណោះ។

លោក ខន សារិទ្ធ បន្តថា សហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ត្រូវបានព្រះសង្ឃមួយអង្គព្រះនាម ព្រំ សុជាតិ ចូលទៅគង់នៅនិងថែរក្សាជាង២០ឆ្នាំហើយ ដោយបច្ចុប្បន្នក្នុងព្រៃនេះមានសត្វជាច្រើនប្រភេទ ដូចជា សត្វ​ក្ងោក មាន់ព្រៃ ស្វា ទោច និងសត្វព្រៃផ្សេងទៀតកំពុងរស់នៅជាមួយព្រះសង្ឃដែលគង់នៅទីនោះ៕


ខេត្តកំពង់ស្ពឺដីព្រៃសហគមន៍


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "អ្នកភូមិ​នៅ​កំពង់ស្ពឺ​បោះតង់​ដេកយាម​ព្រៃសហគមន៍ ខណៈ​ទាហាន​បន្ត​ចូល​កាប់​បំផ្លាញ"

  1. Anonymous says:

    my question is >>> is that military job