តុលាការ​ក្រុង​ភ្នំពេញ​បន្ត​សវនាការ​រឿង​ក្ដី​សកម្មជន​បក្ស​ប្រឆាំង ដែល​ជាប់ចោទ​ពី​បទ​ញុះញង់ ​និង​រួម​គំនិត​ក្បត់

ដោយ ខែ សុណង
2022-01-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តុលាការ​ក្រុង​ភ្នំពេញ​បន្ត​សវនាការ​រឿង​ក្ដី​សកម្មជន​បក្ស​ប្រឆាំង ដែល​ជាប់ចោទ​ពី​បទ​ញុះញង់ ​និង​រួម​គំនិត​ក្បត់

សកម្មជន​គណបក្ស​ប្រឆាំង ១១នាក់ ​មាន​ជាអាទិ៍ លោក កែវ ថៃ លោក ស៊ុន ធន់ និង​លោក យឹម សារ៉េត ដែល​មន្ត្រី​ពន្ធនាគារ​ដឹក​ពី​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ចូលរួម​ក្នុង​សវនាការ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពែញ ថ្ងៃ​ទី១៣ ខែមករា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


សាច់ញាតិ​ជន​ជាប់​ឃុំ​ ចាត់​ទុក​​សវនាការ​ថា ជា​ការ​សម្ដែង​ល្ខោន​លេងសើច


សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បន្ត​បើក​សវនាការ​រឿង​ក្ដី​សកម្មជន​គណបក្ស​ប្រឆាំង​បន្ត​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី១៣ មករា​នេះ ដោយ​បង្ហាញ​ភស្តុតាង​ជា​វីដេអូ​ឃ្លីប​បន្ត​ពី​សប្ដាហ៍​កន្លង​ទៅ​ពាក់ព័ន្ធ​នឹង​ការ​​​បង្ហោះ​សារ​រិះគន់​វិធានការ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ និង​ឯកសារ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ កាល​ពី​ឆ្នាំ២០១៨។ សាច់ញាតិ​ជន​ជាប់​ឃុំ​នៅ​តែ​ចាត់​ទុក​សវនាការ​បែប​នេះ​ថា ជា​ការ​សម្ដែង​ល្ខោន​លេងសើច ដើម្បី​កម្ទេច​សំឡេង​អ្នក​ដែល​មាន​មតិ​ផ្ទុយ​ពី​រដ្ឋាភិបាល។

សវនាការ​លើក​ទី៨ នេះ មាន​ជន​ជាប់​ឃុំ​ចំនួន ១៣នាក់ ប៉ុន្តែ​ក្នុង​នោះ​អវត្តមាន ២នាក់ គឺ​លោក​ហ៊ុន​ ច្រឹប និង​លោក ថៃ គន្ធា ដោយសារ​មាន​បញ្ហា​សុខភាព។ ពួក​គាត់​ទាំង​ពីរ​បាន​ស្នើ​ឱ្យ​អង្គការ​លីកាដូ​បញ្ជូន​គ្រូពេទ្យ​ចូល​ទៅ​ព្យាបាល​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង ១១នាក់​ទៀត​មាន​ជាអាទិ៍ លោក កែវ ថៃ លោក ស៊ុន ធន់ និង​លោក យឹម សារ៉េត ជា​ដើម សមត្ថកិច្ច​បាន​ដឹក​ពួក​គាត់​តាម​រថយន្ត​ពី​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ចូលរួម​ក្នុង​សវនាការ។

ចៅក្រម​ជំនុំ​ជម្រះ​តុលាការ​ក្រុង​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​ចាក់​វីដេអូ​ឃ្លិប​ពាក់ព័ន្ធ​នឹង​ឯកសារ​ពី​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​កាល​ឆ្នាំ២០១៨ និង​អង្គហេតុ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​នៅ​ក្នុង​បណ្ដាញ​សង្គម​អំពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​ទី២០២០។ ប៉ុន្តែ​ដោយសារ​តែ​ភស្តុតាង​នៅ​មាន​ច្រើន​ទៀត ហើយ​ពេល​វេលា​មាន​ការ​កំណត់។ ដូច្នេះ​ចៅ​ក្រម រស់ ពិសិដ្ឋ ក៏​បាន​បិទ​បញ្ចប់​សវនាការ​​នៅ​ម៉ោង​ជិត​១២​ថ្ងៃ​ត្រង់ ​ហើយ​គ្រោង​​​​នឹង​បន្ត​​សវនាការ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ទី២០ មករា​ខាង​មុខ។ សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ​នេះ​តុលាការ​ក៏​គ្រោង​បង្ហាញ​ភស្តុតាង​ជា​វីដេអូ​ឃ្លីប​ដែល​នៅ​សេសសល់​បន្ត​ទៀត​ដែរ​។​

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​លោក សំ សុគង់ យល់​ថា ភស្តុតាង​ជា​វីដេអូ​ឃ្លិប​ដែល​តុលាការ​​​បាន​បង្ហាញ​នោះ​មិន​មាន​ទំនាក់ទំនង​អ្វី​ជា​មួយ​កូនក្ដី​របស់​លោក​ឡើយ។ ដូច្នេះ​​​មិន​អាច​ដាក់​បន្ទុក​លើ​ពួក​គាត់​បាន​នោះ​ទេ៖ «អ្នក​ខ្លះ​គាត់​និយាយ​នៅ​ថ្ងៃ​ផ្សេង​អីចឹង​ទៅ​អ្នក​ខ្លះ​ផ្សេង​ទៀត​ទៅ​ អីចឹង​ខ្ញុំ​គិត​ថា ​វា​ពិបាក​នឹង​គាត់​សំគាល់​ថា ភស្តុតាង​ហ្នឹង​វា​ពាក់ព័ន្ធ​​រឿង​ក្ដី​ ។​ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​​ដោយសារ​វា​ជា​នីតិ​វិធី​ហើយ​ តុលាការ​ក៏​កំពុង​តែ​សវនាការ​ទាក់​ទង​នឹង​ភស្តុតាង​ដើម្បី​ស្វែង​រក​ការ​ពិត​ ហើយ​យើង​​សង្ឃឹម​ថា នៅ​ពេល​ដែល​ចាក់​ភស្តុតាង​អស់​ហើយ។ សរុប​មក​គឺ​​តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ពួកគាត់​។​ជា​ពិសេស​គឺ​ពួកគាត់​ស្នើ​សុំ​ឱ្យ​មាន​ការ​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព»

សវនាការ​នេះ​មាន​ការ​ចូលរួម​ឃ្លាំមើល​ពី​តំណាង​ទូត​ប្រទេស​លោក​សេរី​ជា​ច្រើន​និង​តំណាង​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សាច់​ញាតិ​របស់​ជន​ជាប់​ចោទ​ជា​ច្រើន​នាក់។ ចំណែក​នៅ​ខាង​ក្រៅ​របង​តុលាការ​វិញ អាជ្ញាធរ​បាន​ពង្រាយ​កង​សន្តិសុខ​ជា​ច្រើន​នាក់ ស្រប​ពេល​ដែល​ក្រុម​គ្រួសារ​របស់​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​គាំទ្រ​ជាង ១០នាក់​បន្ត​រង់ចាំ​លើក​ទឹក​ចិត្ត​ដល់​ជន​ជាប់​ចោទ ប៉ុន្តែ​មិន​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​នោះ​ទេ។

ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សារ៉េត គឺ​លោក​ស្រី អ៊ុក ចន្ធី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ក្រោយ​ចប់​សវនាការ​ថា ភស្តុតាង​ដែល​តុលាការ​បង្ហាញ​នោះ ជា​ការ​រៀបចំ ដើម្បី​ទម្លាក់​កំហុស​មក​លើ​ប្ដី​របស់​លោក​ស្រី និង​សកម្មជន​ដទៃ​ដោយ​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន​ឡើយ។ លោក​ស្រី សំណូមពរ​ឱ្យ​តុលាការ​អនុវត្ត​តួនាទី​អព្យាក្រឹត្យ ដោយ​ឈប់​​សម្ដែង​ល្ខោន​លេងសើច​តាម​ការ​ចង្អុល​បង្ហាញ​របស់​អ្នក​នយោបាយ​បន្ត​ទៀត៖ «ខ្ញុំ​យល់​ថា តុលាការ​ដូច​ឆាក​ល្ខោន​របស់​តុលាការ គឺ​យក​គាត់​មួយ​សប្ដាហ៍​ម្ដង​ដឹក​ទៅ​ដឹក​មក​ គឺ​ពន្យារ​ពេល​ធ្វើ​ម៉េច​ឱ្យ​ជន​ជាប់​ឃុំ​ហ្នឹង​ជាប់​ឃុំ​ឱ្យ​យូរ​បន្ត​ទៀត។ អីចឹង​ដោយសារ​គ្មាន​ភស្តុតាង​អ្វី​ទាល់តែ​សោះ ដែល​ចោទ​ប្រកាន់​ថា គាត់​មាន​ពាក់ព័ន្ធ​នឹង​រួម​គំនិត​ក្បត់ តាម​ការ​ដែល​ខ្ញុំ​មើល គឺ​គាត់​អត់​មាន​ពាក់​ព័ន្ធ​សោះ​តែ​ម្ដង»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៣ មករា។

​ជុំ​វិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មើល​ឃើញ​ថា រឿង​ក្ដី​ក្ដាំ​នេះ​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ ដោយ​ភ្ជាប់​សាច់រឿង​របស់​ពួកគេ​មក​ចាត់​វិធាន​ការ​តាម​ផ្លូវ​តុលាការ។ លោក​បញ្ជាក់​ថា តុលាការ​ធ្វើ​បែប​នេះ​នឹង​មិន​អាច​ផ្ដល់​យុត្តិធម៌​ដល់​ជន​ជាប់​ចោទ​ទៅ​តាម​ច្បាប់​បាន​ទេ ព្រោះ​ខ្វះ​ឯករាជ្យ​ភាព និង​អព្យាក្រឹត្យ៖ «អីចឹង​ហើយ​បាន​ជា​យើង​ចង់​ឃើញ​ចំណាត់​ការ​វិធានការ​ដោះស្រាយ​ទៅ​លើ​ជម្លោះ​រវាង​នៃ​អ្នក​នយោបាយ​ហ្នឹង​តាម​ផ្លូវ​អ្នក​នយោបាយ​រក​ដំណោះស្រាយ​ជា​មួយ​គ្នា។ជា​ជាង​ប្រើ​ប្រព័ន្ធ​តុលាការ ដែល​ជា​ការ​ធ្វើ​ឱ្យ​មាន​ការ​បាត់​បង់​តម្លៃ​ស្ថាប័ន​យុត្តិធម៌​ដែល​ពាក់ព័ន្ធ​អី​ទាំង​អស់​ហ្នឹង​ឯង​បាទ»

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ៤២នាក់​នេះ ពី​បទ “រួម​គំនិត​ក្បត់” និង “ញុះញង់” ពាក់ព័ន្ធ​នឹង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្សី កាល​ពី​ចុង​ឆ្នាំ ២០១៩។ តុលាការ​គ្រោង​នឹង​បញ្ចប់​ការ​សួរ​ដេញដោល​សំណុំ​រឿង​នេះ​នៅ​ខែ​កុម្ភៈ​ខាង​មុខ។

កន្លង​មក អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​ស្ថាប័ន​បាន​ចាត់​ទុក​រឿង​ក្ដី​ក្ដាំ​នេះ​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ស្នើ​ឱ្យ​តុលាការ​ទម្លាក់ ចោលការ​ចោទ​ប្រកាន់ និង​ដោះលែង​ជន​ជាប់​ឃុំ​ទាំង​នោះ​ឱ្យ​មាន​សេរីភាព​វិញ ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment