របាយការណ៍​អង្គការ HRW បង្ហាញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បន្ត​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ

ដោយ ឡេង ម៉ាលី
2022-01-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

របាយការណ៍​អង្គការ HRW បង្ហាញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បន្ត​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ

(ឆ្វេង) លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​ (ស្ដាំ) កញ្ញា ភួន កែវ​រស្មី ​ជា​សមាជិកអង្គការ​ចលនា​មាតាធម្មជាតិ ស្ថិតក្នុង​ចំណោមយុវជនបរិស្ថាន សង្គម និង​នយោបាយ ដែល​ត្រូវ​បាន​អាជ្ញាធរចាប់កាត់ទោសដាក់ពន្ធនាគារ​ទាក់ទង​នឹង​សកម្មភាពតស៊ូមតិ​អំពី​បរិស្ថាន កាល​ក្នុង​ឆ្នាំ២០២១។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើក​ឡើង​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​សំខាន់ៗ​នានា​​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​រួមមាន​ការ​បង្ក្រាប​លើ​អ្នក​នយោបាយ​ប្រឆាំង សកម្មជន​សង្គម និង​បរិស្ថាន បញ្ហា​អំពើ​និណ្ឌភាព​ព្រមទាំង​ការ​បង្កើត​ច្បាប់​រឹតត្បិត​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ជាដើម។ ការ​លើក​ឡើង​នេះ ធ្វើឡើង​នៅ​ក្នុង​របាយ​ការណ៍​ឆ្នាំ២០២២ ស្ដីពី​ការ​ពិនិត្យ​ប្រចាំ​ឆ្នាំ​លើ​បញ្ហា​សិទ្ធិមនុស្ស​ជុំវិញ​សកល​លោក។ មន្ត្រី​រដ្ឋាភិបាល​ ចាត់​ទុក​របាយការណ៍​នេះ​ថា មិន​ឆ្លុះបញ្ចាំង​ពី​ការ​ពិត និង​ជា​ការ​លាប​ពណ៌​លើ​រដ្ឋាភិបាល​កម្ពុជា។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លើកឡើង​ថា នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ និង​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០២២ និង​ឆ្នាំ២០២៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​មាន​ផែនការ​កាន់​អំណាច​ត​វង្ស​ត្រូល បាន​ឆ្លៀត​ប្រើ​វិធានការ​ទប់​ស្កាត​វិបត្តិ​កូវីដ-១៩ កាន់​តែ​អាក្រក់​ទៅៗ ដើម្បី​គ្រប់គ្រង​តាម​បែប​ផ្ដាច់ការ ដោយ​មាន​ការ​ប្រើ​រឹតត្បិត​បន្ថែម​ទៀត​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ សិទ្ធិ​នយោបាយ​ និង​ការ​បរាជ័យ​ការពារ​សិទ្ធិ​សង្គម និង​សេដ្ឋកិច្ច​នៃ​ក្រុម​ជន​ពិការ។ លើស​ពី​នេះ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​ បាន​ចេញ​អនុក្រឹត្យ និង​អនុម័ត​ច្បាប់​ថ្មីៗ ពាក់ព័ន្ធ​នឹង​កូវីដ​ក្នុង​ន័យ​ទូលំទូលាយ​ដែល​អាច​ដាក់​ទោស​អ្នក​បំពាន​វិធានការ​កូវីដ​រហូត​ដល់​២០ឆ្នាំ។ ទន្ទឹម​គ្នា​នេះ យូមែន រ៉ៃត៍ វ៉ច្ឆ ពិនិត្យ​ឃើញ​ថា​ ដើម្បី​បំបិទ​សំឡេង​រិះគន់​តុលាការ​នយោបាយ​របស់​កម្ពុជា ​បាន​បើក​សវនា​ការ​ទ្រង់ទ្រាយ​ធំ​ជា​បន្ត​បន្ទាប់​ប្រឆាំង​នឹង​សកម្មជន​នយោបាយ​គណបក្ស​ប្រឆាំង​ជាង​១០០នាក់​ និង​អ្នកការពារ​សិទ្ធិមនុស្ស​រាប់​សិប​នាក់​ទៀត​ ដោយសារ​តែ​អនុវត្ត​សិទ្ធិ​បញ្ចេញ​មតិ​ និង​ជួប​ប្រជុំ​ដោយ​សន្តិវិធី។ អង្គការ​អន្តរជាតិ​ដដែល​នេះ បញ្ជាក់​ថា ក្នុង​ពេល​សរសេរ​របាយ​ការណ៍​នេះ កម្ពុជា មាន​អ្នកទោស​នយោបាយ​ជាង ៦០នាក់​ទៀត កំពុង​ជាប់​ឃុំ។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លើកឡើង​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​​របស់​ខ្លួន​ទៀត​ថា ក្នុង​ពេល​ដាក់​ចេញ​វិធានការ​បិទ​ខ្ទប់ ដើម្បី​ទប់​ស្កាត់​កូវីដ​នោះ រដ្ឋាភិបាល​មិន​បាន​ធានា​នូវ​សិទ្ធិ​ទទួល​បាន​អាហារ​គ្រប់គ្រាន់ ថ្នាំពេទ្យ​ និង​តម្រូវការ​ផ្សេងៗ​ ទៀត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​រដ្ឋាភិបាល​បាន​ប្រើ​រំពាត់​ដេញ​វាយ​មនុស្ស​នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ពេល​ពួកគេ​ចេញ​ពី​ផ្ទះ។ រដ្ឋាភិបាល ក៏​បរាជ័យ​ទប់​ស្កាត់​ជំងឺ​កូវីដ រហូត​ដល់​រាលដាល​ចូល​ដល់​ក្នុង​ពន្ធនាគារ​ដែល​កំពុង​ផ្ទុក​អ្នក​ជាប់​ឃុំ​យ៉ាង​ចង្អៀត​ណែន។ ក្រៅ​ពី​នេះ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ថា រដ្ឋាភិបាល ​បាន​ចេញ​អនុក្រឹត្យ រឹត​បន្តឹង​ការ​គ្រប់គ្រង​អ៊ីនធឺណែត (Internet) និង​ពង្រីក​ការ​ឃ្លាំមើល​លើ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឹណិត​រិះគន់​រដ្ឋាភិបាល ដែល​ទង្វើ​នេះ គឺជា​ការ​បំពាន​សិទ្ធិ​ឯកជនភាព។ រីឯ​អ្នកសារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ រួម​ទាំង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​រិះគន់​ ក៏​នៅតែ​ប្រឈម​នឹង​ការ​គំរាមកំហែង និង​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​រដ្ឋាភិបាល​ជា​បន្តបន្ទាប់។

នាយក​រង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) លើក​ឡើង​ថា លោក ហ៊ុន សែន ដូច​មេ​ដឹក​នាំ​ផ្ដាច់ការ​ជា​ច្រើន​ទៀត​ដែរ គឺ​បាន​ប្រើប្រាស់​វិបត្តិ​ជំងឺ​កូវីដ-១៩ ដើម្បី​រឹត​បន្តឹង​ការ​គ្រប់គ្រង​បែប​គាប​សង្កត់​របស់​លោក។ ប៉ុន្តែ​ទោះ​បី​ជា​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​មនុស្ស​តាម​អំពើ​ចិត្ត និង​កាត់​ក្ដី​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​នយោបាយ​ដ៏​ច្រើន​ក្ដី ក៏​រដ្ឋាភិបាល​បរទេស និង​ក្រុម​ប្រទេស​ដែល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​មិន​បាន​ចាប់​ឲ្យ​លោក ហ៊ុន សែន និង​មន្ត្រី​រំលោភ​បំពាន​ដទៃ​ទៀត ទទួល​ខុស​ត្រូវ​នោះ​ទេ។

របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ក៏​បាន​លើកឡើង​នូវ​អំពើ​និទណ្ឌភាព​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​អ្នកវិភាគ​នយោបាយ​ដ៏​លេចធ្លោ គឺ​បណ្ឌិត កែម ឡី ​និង​ករណី​​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ថៃ​ដ៏​ល្បី លោក វ៉ាន់ ឆាឡឺម សាត់ស័ក្តិសិទ្ធិ (Wanchalearm Satsaksit) ផង​ដែរ។ យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់​ថា ករណី​ទាំង​ពីរ​នេះ រដ្ឋាភិបាល​មិន​ទាន់​ផ្តល់​យុត្តិធម៌ ​និង​មិនទាន់​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ និង​តម្លាភាព​ដើម្បី​លាត​ត្រដាង​ការ​ពិត​នោះ​ទេ ទោះ​បី​ជា​មាន​ភស្តុតាង និង​សក្ខីកម្ម​របស់​សាក្សី​ជាច្រើន​ក៏ដោយ។ របាយការណ៍​ដដែល ក៏​បាន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា ​បាន​បន្ត​ពង្រីក​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​កាន់តែ​ខ្លាំង​ក្នុង​ពេល​មាន​វិបត្តិ​កូវីដ ខណៈ​សហភាព​អឺរ៉ុប ដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA ចំនួន ២០ភាគ​រយ ដោយសារតែ​ការរំលោភ​សិទ្ធិមនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ។

ឆ្លើយតប​នឹង​ករណី​នេះ សមាជិក និង​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​លោក កត្តា អ៊ន ថ្លែង​ថា កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន​ព្រោះ​ចិន​ផ្តល់​ជំនួយ​ច្រើន។ ចំពោះ​សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី វិញ លោក​អះអាង​ថា បាន​បញ្ចប់​រួច​ហើយ​ដោយ​ជនល្មើស​កំពុង​ជាប់ឃុំ​អស់​មួយ​ជីវិត។ លោក កត្តា អ៊ន បន្ត​ថា សម្រាប់​ការ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ វិញ រដ្ឋាភិបាល​បាន​ខិតខំ​រៀបចំ​ច្បាប់ និង​ដាក់​ចេញ​វិធានការ​ផ្សេងៗ គឺ​ដើម្បី​ការពារ​អាយុ​ជីវិត​ប្រជាពលរដ្ឋ ដោយ​គ្មាន​ចេតនា​បំបិទ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​នោះ​ទេ។ លោក​ថា ដោយសារ​តែ​ការ​ទប់​ស្កាត់​កូវីដ​នេះ បាន​ជោគជ័យ​រដ្ឋាភិបាល ក៏​ត្រៀម​រៀបចំ​ការ​បោះ​ឆ្នោត​ស្របតាម​គោល​ការណ៍​ប្រជាធិបតេយ្យ​ដែរ ​ខណៈ​បក្ស​នយោបាយ​នានា​កំពុង​ធ្វើ​សកម្មភាព​រៀងៗ ខ្លួន​ដោយ​សេរី។ លោក ​ចាត់​ទុក​របាយការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ថា ជា​ការ​បំផ្លើស និង​ជា​ការ​លាប​ពណ៌​លើ​រដ្ឋាភិបាល​ដោយ​អយុត្តិធម៌៖ «យើង​ឃើញ​ថា សកម្មជន​បរិស្ថាន​ក្តី​សកម្មជន​គណបក្ស​នយោបាយ សកម្មជន​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​តូច គឺ​ពួក​គាត់​បាន​ប្រើប្រាស់ សិទ្ធិ​សេរីភាព​ដ៏​ខុស​ឆ្គង និង​ហួស​ព្រំដែន រំលោភ​បំពាន​ច្បាប់ ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​អ្នក​ដទៃ ខូច​សណ្ដាប់ធ្នាប់​សាធារណៈ ដូច្នេះ​ចង់ ឬ​មិន​ចង់​ត្រូវ តែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ហើយ។ហ្នឹងហើយ​យើង​ហៅ​ថា ​គ្មាន​និទណ្ឌភាព​ទេ ហើយ​ក៏​គ្មាន​ស្តង់ដារ​ពីរ​នៃ​ការ​អនុវត្ត​ច្បាប់ ​ហើយ​ក៏​គ្មាន​ស្តង់ដារ​ពីរ​នៃ​សិទ្ធិមនុស្ស​ដែរ។ ដូច្នេះ​បុគ្គល​គ្រប់រូប​​ដែល​ប្រព្រឹត្ត​ខុស​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដូចគ្នា។យើង​អត់​មាន​ហេតុផល​អ្វី​ទៅ​ឲ្យ​ក្រុម​សកម្មជន​ទាំង​នោះ​ប្រព្រឹត្ត​ខុស​ហើយ​រួច​ខ្លួន ដូច​ការ​ចង់​បាន​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ឬ​មួយ​ក៏​របស់​អង្គការ​ផ្សេងៗ​ទេ»

ទោះ​ជា​យ៉ាងណា នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ស្ថានភាព​នយោបាយ សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មិន​ទាន់​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ ដូច្នេះ​ហើយ​ទើប​ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ បន្ត​រិះគន់​បែបនេះ៖ «យើង​ឆ្លុះ​បញ្ចាំង​មក​វិញ យើង​ឃើញ​ថា ការ​រឹតត្បិត​លំហ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​សេរីភាព​អង្គការ​សង្គម​ស៊ីវិល សហជីព សហគមន៍ សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សេរីភាព​ក្នុង​ការ​ជួបជុំ ការ​ប្រមូល ផ្តុំ​ដោយ​សន្តិវិធី សេរីភាព​ចូលរួម​ក្នុង​ជីវិភាព​នយោបាយ​ជា​ដើម គឺ​មាន​ភាព​រឹតត្បិត និង​ប្រឈម​ច្រើន។ ដូច្នេះ​ហើយ ឆ្លុះ​បញ្ចាំង​មក​វិញ មើល​ឃើញ​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​តែ​មាន​ការ​ធ្លាក់​ចុះ ដោយ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។ យើង​ឃើញ​ថា ទាំង​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ក៏​ដូច​ជា ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ទាមទារ​ឲ្យ​មាន​ការ​កែលម្អ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ឲ្យ​សម​ស្រប​តាម​រដ្ឋធម្មនុញ្ញ»

ស្ថានភាព​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស បាន​ធ្លាក់​ចុះ​ដុនដាប ចាប់តាំង​ពី​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ ឆ្នាំ២០១៧ មក និង​ស្រប​ពេល​ដែល​លោក ហ៊ុន សែន ​កំពុង ត្រួសត្រាយ​ផ្លូវ​ដើម្បី​ផ្ទេរ​អំណាច​ដល់​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។ ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ នៅ​តែ​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លុប​ច្បាប់ ដែល​មាន​លក្ខណៈ​រឹតត្បិត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ បើក​លំហ​សេរីភាព និង​ប្រជាធិបតេយ្យ ព្រមទាំង​ដោះ​លែង​សកម្មជន​ទាំង​ឡាយ ដែល​កំពុង​ជាប់​ឃុំ​ដោយសារ​មូលហេតុ​នយោបាយ​ឡើង​វិញ។ ពួក​គេ​លើក​ឡើង​ថា មាន​តែ​ការ​ធ្វើ​បែប​នេះ​ទេ ទើប​អាច​ស្ថានការណ៍​ស្រុក​ទេស​ និង​ចៀស​ផុត​ពី​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment