លោក​ សម រង្ស៊ី ស្នើ​ទៅ​ក្រុមហ៊ុន​​ជប៉ុន​​ឲ្យ​ជួយ​បញ្ជាក់​​ការពិត​​នៃ​​សារ​​ឆ្លើយឆ្លង​​រវាង​​លោក ហ៊ុន សែន និង​​នាង​ ធី សុវណ្ណថា

ដោយ មាន ឫទ្ធិ
2022-01-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​ សម រង្ស៊ី ស្នើ​ទៅ​ក្រុមហ៊ុន​​ជប៉ុន​​ឲ្យ​ជួយ​បញ្ជាក់​​ការពិត​​នៃ​​សារ​​ឆ្លើយឆ្លង​​រវាង​​លោក ហ៊ុន សែន និង​​នាង​ធីសុវណ្ណថា

លោក សម រង្ស៊ី និង លោក ហ៊ុន សែន។ រូប៖ RFA


ប្រធាន​​ស្តីទី​​គណបក្ស​​សង្រ្គោះជាតិ​លោក​ សម   រង្ស៊ី​ កំពុង​​​ស្វះស្វែង​​ស្នើ​ទៅ​​ក្រុមហ៊ុនជ​ប៉ុនដែលគ្រប់គ្រងបណ្តាញទំនាក់ទំនងសង្គមឈ្មោះ ឡាញ (LINE)​​ ឲ្យបញ្ជាក់​ការ​ពិតករណី​​លោក​​នាយកមន្ត្រី​ ហ៊ុន សែន​ ​បានផ្ដល់​លុយ​សំណូក១លានដុល្លារ​ឲ្យ​​អតីត​សកម្មជន​​គណបក្ស​សង្គ្រោះជាតិ​​​​​ ​នាង ធី សុវណ្ណថា ដើម្បីវាយប្រហារលើគណបក្សសង្គ្រោះជាតិ។ ​​ទោះ​យ៉ាងណា​ អ្នកនាង​ ធី សុវណ្ណថា​ ដែល​សព្វ​ថ្ងៃ​ជា​មន្រ្តី​បក្ស​កាន់​អំណាច​បាន​ចេញ​មុខ​​អះអាង​ដដែលៗថា​ នេះ​មិនមែន​ជា​រឿង​ពិត​​ឡើយ​។​

លោក​ សម​ រង្ស៊ី​ នៅ​តែ​អះអាង​ថា​ សារ​សន្ទនា តា​ចៅ  ​រវាង​លោក​នាយកមន្ត្រី​ ហ៊ុន សែន​ និង​អតីត​សកម្មជន​​គណបក្ស​សង្គ្រោះជាតិ នាង​ ធី សុវណ្ណថា តាម​បណ្ដាញ​​សង្គម​ឡាញ​​(LINE​)​ កាល​ពីជាង​ ៥ ​ឆ្នាំមុននោះ ​ គឺ​​ការ​ពិត​។​​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក​ សម រង្ស៊ី​ ឲ្យវិទ្យុអាស៊ីសេរី​ដឹងនៅថ្ងៃទី១៣ ខែមករា​ ថា​ ពេល​​នេះ​លោក​បាន​ទាក់ទង ​ជាមួយ​សមាជិក​សភា​ជប៉ុន​ អ្នក​សារព័ត៌មាន​ និង​មិត្ត​របស់លោកនៅ​ប្រទេស​ជប៉ុន​​ដើម្បី​ជំរុញទៅ​ក្រុមហ៊ុន​របស់​ជប៉ុន​បញ្ជាក់​ការពិត​​​និង​​បង្ហាញ​ភស្តុតាង​។​ លោក​រំពឹង​ថា​ តាម​គោលការណ៍​ច្បាប់​ យុត្តិធម៌​ បើ​ភាគី​ណា​មាន​ភស្តុតាង​បញ្ជាក់​ការពិត​ ក្រុមហ៊ុន​ជប៉ុនដែលគ្រប់គ្រងបណ្ដាញឡាញ​​ត្រូវតែ​បង្ហាញ​ការពិត​ ផ្ដល់​យុត្តិធម៌​ដល់​លោក៖ «ខ្ញុំ​អត់​មាន​ឆ្លើយតប​ទៅ​អ្នកណា​ទេ​​ខ្ញុំ​គ្រាន់​តែ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​បញ្ជាក់​ការពិត​ព្រោះ​ក្រុមហ៊ុន​ជប៉ុន​មាន​ភស្តុតាង​ជា​បច្ចេកទេស​ការពិត​ប៉ុណ្ណឹង​គ្រប់គ្រាន់​ហើយ​​អ្នកណា​បាន​ធ្វើ​អ្វី​មុនៗ​​អ្នកណា​បិទបាំង​បដិសេធ​អី​យ៉ាង​ម៉ិច​ ប៉ុន្តែ​មិន​អាច​បដិសេធ​បាន​ទេ​ព្រោះ​ភស្តុតាង​ជា​បច្ចេកទេស​​អត់​មាន​អ្នកណា​ទៅ​លុប​អត់មាន​​អ្នកណា​ទៅ​ប្រឌិត​​អត់​មាន​អ្នកណា​​ទៅ​បដិសេធ​បាន​ទេ»។ 

លោក​ សម រង្ស៊ី រម្លឹក​ថា​ កាលពីឆ្នាំ២០១៧ លោក​បានលាត​ត្រដាង​សារ​រវាង​លោក ហ៊ុន សែន និង​នាង ធី សុវណ្ណថា នេះ ហើយលោក ហ៊ុន សែន ស្រាប់តែ​បែរ​មក​ប្តឹង​លោកពី​បទ​បរិហាកេរ្តិ៍។ តុលាការកាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២១ បាន​សម្រេច​តាម​សំណើ​លោក​ ហ៊ុន សែន គឺ​បង្ខំ​ឲ្យ​លោក សម រង្ស៊ី បង់ “ជំងឺចិត្ត” មួយ​​លាន​​ដុល្លារឲ្យ​​ទៅ​​លោក ហ៊ុន សែន។​ លោក​បន្ត​ថា​ ដើម្បី​ប្រមូល​មួយ​លាន​ដុល្លារ​នេះឲ្យ​ទៅ​លោក ហ៊ុន សែន តុលាការសម្រេច​ឲ្យ​លក់​ឡៃឡុង​ផ្ទះ​លោក សម រង្ស៊ី នៅ​ទីក្រុង​ភ្នំពេញ​ដែល​ជា​ស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ផងដែរ។


ឆ្លើយតបរឿងនេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥសាន​ និយាយ​ថា​ លោក​មិន​ដឹង​ស៊ីជម្រៅ​​ពីភាព​ជាក់ស្ដែង​នៃ​សារ​ឆ្លើយឆ្លង​នេះ​ទេ ប៉ុន្តែ​លោក​យល់​ថា​ បើ​ករណី​នេះ​ត្រូវ​តុលាការ​កាត់​ក្ដី​ឲ្យលោក​ សម​ រង្ស៊ី ចាញ់​រួច​ហើយ​ នោះ​មាន​ន័យ​ថា​ ការ​លើកឡើង​របស់​លោក​ សម រង្ស៊ី​ មិនមែន​ជាការពិត​ឡើយ​៖ «​ខ្ញុំ​​សន្និដ្ឋាន​ជា​​អត្តនោម័តិ​របស់​ខ្ញុំ​គឺ​ទណ្ឌិត​ (លោក​ សម រង្ស៊ី)​ ហ្នឹង​ពូកែ​ប្រឌិត​រឿង​ណាស់​ រឿង​មិនមាន​ធ្វើឲ្យ​មាន​ រឿង​តូច​ធ្វើ​ឲ្យ​ធំ​ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​បង្កើត​បញ្ហា​​ជា​បន្តបន្ទាប់​ឥត​ឈប់​​»។

ស្រដៀង​គ្នា​នេះ​ដែរ​ នាង​ ធី សុវណ្ណថា​ បាន​សរសេរ​លើហ្វេសប៊ុក​ថ្ងៃ​ទី​១៣ ខែ​មករា​ ឆ្លើយ​តប​ថា​ នេះ​ជាការ​ប្រឌិត​រឿង​ដដែលៗ​។​ នាង​ចាត់​ទុក​ថា​ នេះជា​ការ​រំខាន និង​ស្នើ​ទៅ​លោក​ សម​ រង្ស៊ី​ ឲ្យ​បំភ្លេច​នាង​ចោល​ចុះ​។​

ជុំវិញរឿងនេះ អ្នក​វិភាគ​នយោបាយ​បណ្ឌិត​ សេង សារី​ ​យល់ថា​ សំណើ​លោក​ សម រង្ស៊ី​ ដែល​ស្នើ​ឲ្យក្រុមហ៊ុនជប៉ុនដែលគ្រប់គ្រងបណ្តាញទំនាក់ទំនងសង្គម ឈ្មោះ​ (LINE​) បញ្ជាក់​ពី​ការពិត​នៃ​សារ​សន្ទនា​នេះ​ទំនង​មិន​ទទួល​បាន​ជោគជ័យ​ឡើយ ​ព្រោះប្រទេស​ជប៉ុន​ផ្ដល់តម្លៃ​ដល់ការ​សន្ទនា​​របស់​បុគ្គល​។​ ​​​លោក​បន្ត​ថា​ ការ​ដែល​លោក​ សម រង្ស៊ី​ ឆ្កឹះ​កកាយ​រឿង​ចាស់​នេះ​ឡើង​វិញ​​អាច​ជាទម្លាប់​​​របស់​លោក​ សម រង្ស៊ី​ ​​ ដើម្បីរម្លឹក​​រឿង​​ចាស់​​ឆ្លើយឆ្លង​ជាមួយលោក ហ៊ុន សែន​៖ «​ខ្ញុំ​មើល​ហាក់​ដូច​ជា​ពេល​ខ្លះ​អ្នក​នយោបាយ​ជើងចាស់​ពីរ​រូប​ហាក់​ដូច​ជា​នឹក​គ្នា​ដែរ​​គាត់​អត់​មាន​ដៃគូ​លេង​​ទេ​ ​មាន​តែ​ពីរ​នាក់​ហ្នឹង​ឯង​ក្រៅ​ពី​ហ្នឹង​គីឡូ​នយោបាយ​ទាប​ហើយ​អ្នក​ពីរ​នាក់​ហ្នឹង​​លេង​សម​គ្នា​ពេល​ខ្លះ​គាត់​ហាក់​ដូច​នឹក​គ្នា​​ហើយ​ព្យាយាម​ព្យាយាម​​រក​រឿង​ចាក់​​តាម​ទម្លាប់​មនុស្ស​ចាស់​​យក​ចាក់​បង្អាប់​គ្នា​​ចាក់​ឲ្យ​លោត​ឲ្យ​ខឹង​ចឹង​ណា​»។

កាល​ពី​ឆ្នាំ​២០១៧ ​មាន​សារ​បែក​ធ្លាយនៃ​ការឆ្លើយឆ្លងគ្នា​តាម​កម្មវិធី Line ​​ដែល​បាន​​ហៅ​គ្នាទៅវិញទៅមកថា “តា” និង “ចៅ” ​លើទំព័រហ្វេសប៊ុករបស់​​នាង​​ធី សុវណ្ណថា​ ប៉ុន្តែ​ភ្លាមៗ​​​ ​សារ​​នោះ​ត្រូវ​​បាន​​គេលុប​​ចេញ​វិញ​​យ៉ាង​លឿន​។ ​លោក​ សម រង្ស៊ី ចោទ​ប្រកាន់​ថា ​​តា​គឺ​លោក​ ហ៊ុន​ សែន ចំណែក​ចៅ​ គឺ​​នាង​ ធី សុវណ្ណថា។​ ​​សារ​ដដែល​នោះឱ្យដឹងថា លោក​ ហ៊ុន​ សែន​ ផ្ដល់​លុយ​ទៅ​អ្នកនាង​ ធី​ សុវណ្ណថា​ ដើម្បីវាយប្រហារ បង្ក​បញ្ហា​​ដល់​គណបក្ស​សង្គ្រោះជាតិ និង​បាតុកម្ម​​ជា​ដើម​។ ​ពេល​នោះ​លោក ហ៊ុន សែន ​ប្ដឹង​លោក​ សម​ រង្ស៊ី ពី​បទ​បរិហារកេរ្តិ៍  ​និង​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក សម រង្ស៊ី ចំនួន១​លាន​ដុល្លារ ឯ​នាង ធី សុវណ្ណថា ក៏បាន​ដាក់ពាក្យ​ប្ដឹង​ដាច់ដោយឡែក​មួយ​ផ្សេងទៀត​ដែរ គឺ​ទារ​សំណង​ជំងឺ​ចិត្តចំនួន ​៥០ ​ម៉ឺន​ដុល្លារ។​ លោក សម រង្ស៊ី​ ​ថា​ បើ​មាន​ការ​លាតត្រដាង និង​បញ្ជាក់​​ការពិតពី​ក្រុមហ៊ុន​ជប៉ុនដែល​គ្រប់គ្រង​បណ្តេញ​ទំនាក់ទំនង​សង្គម​ឡាញ​ LINE នោះនឹង​ផ្តល់​យុត្តិធម៌ឲ្យ​ជនរងគ្រោះពី​សំណាក់​អំណាច​ផ្ដាច់ការដែល​ប៉ុនប៉ង​បិទបាំង​ការពិតបន្ទាប់​ពី​ខ្លួន​បាន​ធ្វើ​អាក្រក់។ លោកបញ្ជាក់​ថា​ ភស្តុតាង​ជា​បច្ចេកទេស​គ្មាន​អ្នក​ណា​អាច​បន្លំ​បាន​ឡើយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment