សកម្មជន​ជា​ព្រះសង្ឃ​លើកឡើងថា​វប្បធម៌​តស៊ូមតិ​ត្រូវ​បាន​លុប​បំបាត់​តាម​រយៈ​ច្បាប់​សាសនា​ថ្មី

តុលាការ និងច្បាប់ព័ត៌មានជាតិវប្បធម៌សិទ្ធិមនុស្ស
លោក ម៉ិច ដារ៉ា | ១៣ មករា ២០២២ | ម៉ោង ១៤:៤២
VOD

ព្រះ​តេជ​ព្រះគុណ លួន សុវ៉ាត ទ្រង់ពីមុខកម្លាំងប៉ូលិសដែលយាមកាមអំឡុងពេលតវ៉ាមួយនៅរាជធានីភ្នំពេញ ឆ្នាំ២០១៧។

ព្រះ​តេជ​ព្រះគុណ លួន សុវ៉ាត ទ្រង់ពីមុខកម្លាំងប៉ូលិសដែលយាមកាមអំឡុងពេលតវ៉ាមួយនៅរាជធានីភ្នំពេញ ឆ្នាំ២០១៧។ (លួន សុវ៉ាត)


ព្រះសង្ឃ​មួយ​អង្គដែល​​ភៀស​​ព្រះកាយ​​ចេញពី​​ប្រទេសថៃកាលពីខែមុន ​ព្រះនាម​ បូរ បេត ដែលតែងតែរិះគន់រដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ប្រពៃណីនៃការតស៊ូមតិនិងការតវ៉ាក្នុងចំណោមព្រះសង្ឃ គឺមានតាំងពីយូរលង់ណាស់មកហើយ។

ជាក់ស្ដែង សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ​ដែលប្រសូតក្នុងឆ្នាំ១៨៨៣ ហើយត្រូវបានស្គាល់តាមរយៈវចនានុក្រមជាភាសាខ្មែរ និងរូបសំណាកនៅឯមហាវិថីព្រះសីហនុ ក្នុងរាជធានីភ្នំពេញ គឺជាមនុស្សដំបូងគេដែលបានបណ្ដុះគំនិត​ជាតិ​និយមខ្មែរក្នុងការប្រឈមមុខនឹងអាណានិគមនិយមបារាំង។ ហើយនៅពេលនោះ សិស្សរបស់ព្រះអង្គម្នាក់គឺ លោក​អាចារ្យ ​ហែម ចៀវ ក៏បានក្លាយជានិមិត្ត​រូបអមតៈ​នៃ​ចលនា​ឯករាជ្យផងដែរ។

តាមរយៈសារចែករំលែកនៅទូទាំងប្រទេស លោក​អាចារ្យ ​ហែម ចៀវ បានថ្លែង​ដាស់តឿន​ប្រជាជន​ថា​៖ «ភ្ញាក់​ខ្លួន​ឡើង យើង​មិន​មែន​កូន​ក្មេង​ទេ។ ចូរ​កំណត់ជោគវាសនារបស់អ្នក តស៊ូ និង​មាន​គំនិត​ជឿន​លឿន​ឡើង»។ នេះបើតាមប្រវត្តិវិទូ​បារាំង ហង់រី ឡូកាដ (Henri Locard)  ដែលបានប្រាប់កាសែត Cambodia Daily ក្នុងឆ្នាំ២០១៣។

ការ​ចាប់​ខ្លួន​​លោក​គ្រូ​​ ហែម ចៀវ និងបង្ខំ​​​ឱ្យព្រះអង្គដោះ​ស្បង់​ចីពរចេញក្នុងឆ្នាំ​១៩៤២ដោយបារាំង បាន​ធ្វើ​ឱ្យមាន​បាតុកម្ម​ជា​ទ្រង់​ទ្រាយ​​​​​​​ធំ​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​បារាំង​នៅ​​ក្នុង​ប្រទេស​កម្ពុជា ដែលនៅពេលនោះ មនុស្សប្រមាណ​១ ០០០នាក់ ក្នុងនោះមានព្រះ​សង្ឃ​ប្រហែល៥០០​អង្គ បាន​និមន្តនិង​ដើរ​ដង្ហែ​ក្បួន​នៅ​តាម​ដង​វិថី​នានា​ក្នុង​ទីក្រុង​ភ្នំពេញ ដែលបានបង្កឱ្យមានជាអំពើហិង្សាកើតឡើង។

ព្រះតេជព្រះគុណ បូរ បេត បានថ្លែងរំឭកពីសម្ដេច​ព្រះសង្ឃរាជ ជួន ណាត និងលោក​អាចារ្យ ​ហែម ចៀវ ខណៈដែលព្រះអង្គបានរិះគន់​សេចក្ដីព្រាង​ច្បាប់​​ស្ដីពី​សាសនា​នៅ​កម្ពុជា​ ដែលបច្ចុប្បន្ន​កំពុង​រៀបចំឡើងដោយក្រសួង​ធម្មការ​ និង​​សាសនា។

នៅក្នុងមាត្រាមួយនៃសេចក្ដីព្រាងច្បាប់នេះ​ចែង​ថា ​ព្រះ​សង្ឃ​ព្រះ​ពុទ្ធ​សាសនា​ដែល​មាន​ចេតនា​ចូល​រួម​ធ្វើ​បាតុកម្ម ​កូដកម្ម ​កុបកម្ម​ ដើម្បី​ប្រឆាំងឬ​ប្រឆាំង​នឹង​គណបក្ស​នយោបាយ​ណា​មួយ ​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៧​ឆ្នាំដល់​១៥​ឆ្នាំ។​ មាត្រាមួយផ្សេងទៀតក៏បាន​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៦ខែដល់​៥​ឆ្នាំ ចំពោះព្រះសង្ឃដែលប្រព្រឹត្តផ្ទុយនឹងការសម្រេចរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងដែរ។

គួរបញ្ជាក់ថា សកម្មជន​ជាព្រះសង្ឃនានា​នៅ​កម្ពុជា​បាន​ធ្វើ​ការតស៊ូ​ជា​យូរណាស់​មក​ហើយ ប្រកបដោយភាព​តានតឹង​ទាក់ទងទៅ​នឹង​នយោបាយ អាជ្ញាធរ និង​ច្បាប់ ខណៈដែលសេចក្ដីព្រាងច្បាប់​ថ្មី​មួយ​ក្នុងការ​រឹតត្បិតសកម្មភាពរបស់ព្រះសង្ឃនេះ ត្រូវបានរៀបចំឡើងស្របពេលដែល​ព្រះសង្ឃ​សកម្មមួយចំនួន​​ត្រូវបាន​បង្ខំ​ឱ្យ​និរទេសទៅក្រៅប្រទេស មួយចំនួន​ទៀត​ត្រូវ​បាន​បំបិទសំឡេង និង​ចូលរួម​ដើម្បី​លុបបំបាត់​វប្បធម៌នៃការតស៊ូមតិ។

ព្រះតេជព្រះគុណ បូរ បេត បានថ្លែងថា មុនពេលភៀស​​ព្រះកាយចេញពីប្រទេសកម្ពុជា និងក្រោយមកប្រទេសថៃ ព្រះអង្គធ្លាប់បានចូលរួមក្នុងការតស៊ូមតិដើម្បីបរិស្ថាន រួមទាំងការតវ៉ាប្រឆាំងនឹងសកម្មភាពនៃការបូមខ្សាច់ផងដែរ។

ក្នុងនាមជាជនភៀសខ្លួនមួយរូប ដែលបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសស្វីស ព្រះតេជព្រះគុណបានបន្ថែមថា សេចក្ដីព្រាងច្បាប់នេះមានគោលបំណងដើម្បីលុបបំបាត់សកម្មភាពសង្គមក្នុងចំណោមព្រះសង្ឃ។

ព្រះតេជព្រះគុណ បូរ បេត អះអាងថា ​វា​ជា​ផ្នែក​មួយ​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​ព្រះសង្ឃ​ក្នុង​ការ​អប់រំ​មនុស្ស​អំពី​មនុស្ស​អាក្រក់ និង​មេដឹកនាំ​អាក្រក់។

ព្រះតេជព្រះគុណថ្លែងថា៖ «​ដូច្នេះ សកម្មភាព​នេះ​មិន​មែន​ជា​ការ​បំពាន​លើ​វិន័យ​និង​ច្បាប់​របស់​ព្រះពុទ្ធ​សាសនា​ទេ»។

ព្រះតេជព្រះគុណ បូរ បេត បន្ថែមថា៖ «សេចក្ដីព្រាងច្បាប់នេះ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយ ជាពិសេសការរំលោភលើសិទ្ធិព្រះសង្ឃដែលធ្វើការងារក្នុងសង្គម ឬការពារធនធានធម្មជាតិ និងតាមឃ្លាំមើលការវិវត្តនយោបាយនៅកម្ពុជា»។

ព្រះអង្គបន្តថា៖ «​ដោយគ្រាន់តែ​ចូល​រួម​ការពារ​ព្រៃ​ឈើឬ​តវ៉ាករណី​ផ្សេង​ទៀត​ដែល​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ពួកគេ​នឹង​​ផ្ដន្ទា​ទោស​យើងដាក់​ពន្ធនាគារ​ពី​៧​ឆ្នាំដល់​១៥​ឆ្នាំ»។

ព្រះតេជព្រះគុណ​បន្ថែម​ថា គណៈសង្ឃ​កំពូលៗ​នៅ​កម្ពុជា​ហាក់សម្ដែងការ​គាំទ្រ​គណបក្ស​កាន់​អំណាច​ដោយបើក​ចំហ ដែលក្នុងនោះ សម្ដេចសង្ឃ បួរ គ្រី ដែលជាសម្ដេចព្រះសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ កាលពីខែមុន ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតផងដែរ។

ព្រះ​តេជ​ព្រះគុណ លួន សុវ៉ាត ដែល​ជា​ជ័យ​លាភី​ពាន​រង្វាន់​សិទ្ធិ​មនុស្ស Martin Ennals កាល​ពី​ឆ្នាំ​២០១២ សម្រាប់អ្នកការពារសិទិ្ធមនុស្សត្រូវបានគេស្គាល់ថាជាព្រះសង្ឃដ៏សកម្មមួយអង្គដែលបានដឹកនាំយុទ្ធនាការប្រឆាំងនឹងការបណ្ដេញចេញពីដីធ្លីអស់រយៈពេលជាងមួយទសវត្សរ៍។

ព្រះអង្គបានថ្លែងឱ្យដឹងកាលពីខែមុនថា សេចក្ដីព្រាងច្បាប់ថ្មីនេះត្រូវបានរៀបចំឡើងក្រោមហេតុផលនយោបាយ។

ព្រះ​តេជព្រះ​គុណ លួន សុវ៉ាត បន្តថា ជាទូទៅ ព្រះសង្ឃបានដើរតួយ៉ាងសំខាន់នៅក្នុងប្រទេស ដែលមិនមែនត្រឹមតែសម្រាប់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សង្គមផងដែរ តាមរយៈការប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបញ្ចេញមតិ ដើម្បីការពារសន្តិភាព ក៏ដូចជាសិទ្ធិនិងសេរីភាពរបស់អ្នកដទៃ ដែលនេះ​ជា​កាតព្វកិច្ច​របស់​ព្រះសង្ឃ។

ព្រះអង្គបន្ថែមថា៖ «ច្បាប់នេះគឺជាអាវុធមួយដើម្បីគំរាមកំហែង បំភិតបំភ័យ និងបំបិទសំឡេង»។

ព្រះអង្គមានថេរដីកាបន្តថា ការគំរាមកំហែងនិងការបំភិតបំភ័យក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ បានបង្កឱ្យមានជាការបំបិទសំឡេងសកម្មជន​ជាព្រះសង្ឃជាច្រើនអង្គរួចមកហើយ ខណៈដែលព្រះសង្ឃជាច្រើនបានភៀសព្រះកាយចេញពីប្រទេស ឬត្រូវបានចាប់ផ្សឹក និងដាក់ពន្ធធនាគារ ហើយព្រះសង្ឃបច្ចុប្បន្ន​ក៏​ស្ថិតនៅ​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំងពីអាជ្ញាធររដ្ឋផងដែរ។

ព្រះ​តេជ​គុណដដែលបន្ថែមថា​៖ «យើងពិតជា​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជាដែល​បាន​ជួយ​ការពារ​ទឹកដី ព្រៃឈើ និង​ធនធាន​ធម្មជាតិ។ សកម្មភាពរឹតត្បិតទាំងនេះនឹងបង្ខំឱ្យព្រះសង្ឃទាំងឡាយបោះបង់សកម្មភាពសង្គមទាំងនោះចោល ដែលវានឹងបង្កឱ្យមានជាការបញ្ហាផ្សេងៗក្នុងប្រទេសកម្ពុជា។ ព្រះសង្ឃ​នឹង​មិន​ហ៊ាន​បញ្ចេញ​ទស្សនៈ និង​ផ្សព្វផ្សាយ​អំពី​សិទ្ធិមនុស្ស ហើយ​ក៏​មិនហ៊ាន​និយាយ​ពី​បញ្ហា​ប្រទេស​ដែរ ព្រោះ​តែខ្លាច​ត្រូវបានគេ​ផ្សឹក​។ តម្លៃ​ពុទ្ធសាសនា​នឹង​ថយ​ចុះ ដែលបច្ចុប្បន្ន​កំពុងតែ​ដើរ​ថយ​ក្រោយ​ឆ្ងាយ​ពី​តួនាទី​របស់​ព្រះពុទ្ធសាសនា»។

ព្រះអង្គបន្ថែមថា៖ «ច្បាប់​ដដែលនេះ​ក៏មាន​គោល​បំណង​បំផ្លាញនិង​លុប​បំបាត់​តួនាទី​របស់​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធសាសនាផងដែរ»។

ឆ្លើយតបនឹងករណីនេះ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី ថ្លែងថា មន្ត្រីនានា​បាន​ឮពី​ការ​រិះគន់ទាំង​នេះរួចមកហើយ ខណៈដែលមាត្រាក្នុងសេចក្ដីព្រាងច្បាប់ប្រឆាំងនឹងបាតុកម្មកំពុងតែត្រូវបានដកចេញ ដោយសារតែវាមានចែងរួចទៅហើយនៅក្នុងក្រមព្រហ្មទណ្ឌ។

លោកបន្តថា៖ «ច្បាប់នេះនៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ ហើយវា​អាចនឹងមាន​ការ​ប្រែប្រួលជានិច្ច។ រដ្ឋមន្ត្រី​ក៏​ទទួលយក​មតិយោបល់​ពី​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​មេដឹកនាំ​សាសនា​ផ្សេងទៀត​ផងដែរទាក់ទងនឹងច្បាប់នេះ»​។

ជាមួយគ្នានេះ លោកបន្ថែមថា សេចក្ដីព្រាងច្បាប់​​ស្ដីពី​សាសនា​នៅ​កម្ពុជា​​ ​មិន​មាន​គោល​បំណង​បម្រើ​ដល់គណបក្ស​នយោបាយ​ណា​មួយ​នោះទេ។ ច្បាប់នេះ ​គឺ​ទាក់ទងនឹង​សាសនា ដែលក្នុងនោះ មាត្រា​មួយក៏មានការ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ​ដល់​៣​ឆ្នាំ ចំពោះ​បុគ្គល​ដែល​បង្ខិត​បង្ខំ​ឱ្យ​អ្នក​ដទៃ​ជឿឬ​មិន​ឱ្យជឿ​លើ​សាសនា​ណា​មួយ​ផងដែរ។

ទោះជាយ៉ាងណា លោក សេង សុមុនី បន្ថែមថា៖ «យើង​ត្រូវ​តែ​បង្កើត​ច្បាប់មួយ​ដើម្បី​ធានាឱ្យបានថា​សន្តិភាព​នៅស្ថិតស្ថិរជា​និរន្តរ៍»។

លោកថា៖ «ដូចពាក្យចាស់​លោក​ពោល​ថា កុំចាំទាល់តែគោ​ស៊ីស្រូវអស់ទើប​ធ្វើ​របង។ ដូច្នេះហើយ ​យើង​ត្រូវ​តែសាងសង់​របង​ មុន​ពេលដែលគោមកស៊ីស្រូវយើងអស់»។

លោកបានបន្ថែមថា ក្រសួងក៏បានពិនិត្យផងដែរ ថាតើការបង្ហាញការគាំទ្រគណបក្សពីសំណាក់ព្រះសង្ឃ គឺជារឿងស្របច្បាប់ឬយ៉ាងណា។

លោក សេង សុមុនី បន្ថែមថា​៖ «ច្បាប់​ហាម​ព្រះសង្ឃ​មិន​ឱ្យ​ជេរ​ប្រមាថ​អ្នក​ដទៃ និង​បង្ក​ភាព​ចលាចល។ ព្រះសង្ឃមួយចំនួនប្រើ​អំពើ​ហិង្សា ដុតបំផ្លាញ​រថយន្ត​សមត្ថកិច្ចឬ​មន្រ្តី​យោធា និង​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​រដ្ឋ ដែល​ជា​អំពើ​ខុសច្បាប់។ ដូច្នេះ​ នេះគឺជារឿងខុសច្បាប់។ យើង​មិន​កាន់ជើងខាងណានោះទេ»។

ទោះជាយ៉ាងណា សកម្មជន​ព្រះសង្ឃ ​ព្រះតេជព្រះគុណ ផន ស៊ីភាង មិនយល់ស្របទាក់ទងនឹងការលើកឡើងនេះនោះទេ។ ព្រះអង្គលើកឡើងថា ច្បាប់​នឹង​ដាក់​កំហិតចំពោះ​តែ​ព្រះសង្ឃទាំងឡាយណា​ដែល​គាំទ្រ​បក្ស​ប្រឆាំងប៉ុណ្ណោះ ខណៈ​អ្នកដែល​គាំទ្រ​បក្ស​កាន់​អំណាច​នឹង​មិន​មានបញ្ហាអ្វីនោះឡើយ។

ទាក់ទិននឹងករណីនេះ ព្រះអង្គក៏​រំពឹងផងដែរ​ថា ​ច្បាប់​នេះ​នឹង​ត្រូវ​ដាក់​ឱ្យ​ប្រើ​នៅ​មុន​ការ​បោះ​ឆ្នោត​ខាង​មុខ អាច​នៅ​ឆ្នាំ​នេះ ឬ​ឆ្នាំ​ក្រោយ។

ព្រះអង្គមានសង្ឃដីកាបន្តថា៖ «នៅ​ពេលដែល​ព្រះសង្ឃ​រិះគន់​ក្នុង​ន័យ​ស្ថាបនាដើម្បី​ផ្សព្វផ្សាយនិង​ជួយដល់​សង្គម វា​មិន​គួរ​ជា​បទឧក្រិដ្ឋនោះ​ទេ​។ នៅ​ពេលដែល​ច្បាប់នេះ​ចេញ​មក វា​នឹងបម្រើផលប្រយោជន៍សម្រាប់តែមនុស្ស​មួយ​ក្រុមតូចប៉ុណ្ណោះ»។

ជាមួយគ្នានេះ ព្រះសង្ឃគង់នៅវត្តចាស់ ក្នុងរាជធានីភ្នំពេញ ព្រះតេជព្រះគុណ នុត វន្នី មានថេរដីកាថា ព្រះអង្គជឿថាយុត្តិធម៌សង្គមគឺជាផ្នែកមួយនៃកិច្ចការរបស់ព្រះសង្ឃ។

ព្រះអង្គ​បន្ត​ថា​៖ «​ដូចដែល​យើងបាន​ដឹងស្រាប់​ហើយ​ថា ​បច្ចុប្បន្ន ​អ្នក​ដែលមាន​លុយ​តែង​តែ​ឈ្នះ​។ បើ​គ្មាន​ព្រះសង្ឃ​ជួយផ្សព្វផ្សាយ​អំពី​សិទ្ធិ​មនុស្សនិង​បញ្ហា​ផ្សេងៗនោះ​ទេ សង្គម​នឹង​កាន់​តែធ្លាក់ដុនដាប​ទៅៗ។ នៅពេលដែលពួកគេប្រើក្រមព្រហ្មទណ្ឌ [ប្រឆាំងនឹងព្រះសង្ឃ] វាមើលទៅហាក់ដូចជាមិនល្អនោះទេសម្រាប់សាធារណជន។ ដូច្នេះហើយ ពួកគេបានបង្កើតច្បាប់នេះឡើង ដើម្បីឱ្យសកម្មភាពរបស់ពួកគេគឺស្របច្បាប់។ [ជាមួយ​នឹង​សេចក្ដីព្រាងច្បាប់​ថ្មីនេះ] វា​នឹង​បង្ក​ជាការលំបាកក្នុង​ការ​តវ៉ា និងទាមទារ​យុត្តិធម៌ ​ដោយសារតែនៅពេលដែលយើង​ធ្វើសកម្មភាពទាំងនេះ វា​នឹង​ខុស​ច្បាប់។ ដូច្នេះ​ហើយ សម្រាប់អាត្មា​ គឺមិន​​គាំទ្រ​ច្បាប់​នេះនោះ​ទេ»៕

បកប្រែនិងសម្រួលពី អត្ថបទដើមជាភាសាអង់គ្លេស ដោយលោក ភុន ច័ន្ទឧសភា


ក្រសួងធម្មការក្រសួងយុត្តិធម៌ច្បាប់សាសនា


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment