“អាជ្ញាធរ​យឺតយ៉ាវ​ស្រាវជ្រាវ​ចាប់​អ្នក​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ចិន​ធ្វើ​រោងចក្រ​គ្រឿងញៀន”

ដោយ អាស៊ីសេរី
2022-01-13
RFA

"អាជ្ញាធរ​យឺតយ៉ាវ​ស្រាវជ្រាវ​ចាប់​អ្នក​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ចិន​ធ្វើ​រោងចក្រ​គ្រឿងញៀន"

គ្រឿងញៀន និង​ឧបករណ៍​ផលិត​កែច្នៃ​​គ្រឿងញៀន​របស់​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន​ដែល​សមត្ថកិច្ច​កម្ពុជា​ចុះបង្រ្កាប​នៅ​រោងចក្រ​ផលិតគ្រឿងញៀន​​មួយ​កន្លែងឈ្មោះ​ ​ហ្វា​ម​អេស៊ា (Fam Asia Co., Ltd.) ស្ថិតនៅ​ភូមិ​ដំបង​វេញ​ ​ឃុំ​សង្កែ​សា​ទ​ប​ ​ស្រុក​ឱ​រ៉ា​ល់ ​ខេត្ត​កំពង់ស្ពឺ ​កាល​ពី​យប់​ថ្ងៃទី១២ ខែធ្នូ​។ Photo Provided


ក្រុម​យុវជន​និង​សង្គម​ស៊ីវិល រិះគន់​អាជ្ញាធរ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ថា​យឺតយ៉ាវ​ក្នុង​ការ​ស៊ើបអង្កេត​ចាប់​អ្នក​ពាក់ព័ន្ធ​ជាមួយ​ឧក្រិដ្ឋជន​គ្រឿងញៀន​ជនជាតិ​ចិន​ដែល​ធ្វើ​រោងចក្រ​ផលិត​គ្រឿងញៀន​នៅ​ខេត្តកំពង់ស្ពឺ​យក​មក​ផ្ដន្ទាទោស​។ ពួកគេ​យល់​ថា ប្រសិនបើ​អាជ្ញាធរ​នៅតែ​អនុវត្ត​ច្បាប់​​ធូររលុង​ដោយ​មិន​ស្វែងរក​ចាប់​មេខ្លោង និង​មន្ត្រី​គ្រាកៗ​ទាំងនេះ​ទេ​នោះ បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​នឹង​នៅតែ​បន្ត​រីក​សាយភាយ​តាមរយៈ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ទាំង​នោះ។

ក្រុម​យុវជន និង​សង្គម​ស៊ីវិល រិះគន់​ចំណាត់ការ​របស់​អាជ្ញាធរ​កម្ពុជា ការ​អនុវត្ត​ច្បាប់​ធូររលុង​របស់​អាជ្ញាធរ​បែបនេះ​នឹង​ធ្វើ​ឱ្យ​កំណើន​គ្រឿងញៀន​នៅ​កម្ពុជា​ឥត​ថមថយ និង​បាន​បង្ក​អ​សន្តិសុខ​សង្គម​ការ​ចាប់​ជម្រិត​បាញ់បោះ​តាម​ទី​សាធារណៈ​ទៅ​តាម​ទំនើងចិត្ត។

ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង ទាមទារ​ឱ្យ​សមត្ថកិច្ច​ជំនាញ​បើក​ការស៊ើបអង្កេត​បន្ថែម​ទៀត និង​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​ឧក្រិដ្ឋ​គ្រឿងញៀន​ដែល​បាន​បង្ក​ភាព​អធិបតេយ្យ​ដល់​សង្គម​កម្ពុជា​។ លោក​បន្តទៀត​ថា បញ្ហា​គ្រឿងញៀន​គឺជា​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​សង្គម​កម្ពុជា ព្រោះ​លោក​សង្កេត​ឃើញ​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ​លំហូរ​គ្រឿងញៀន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ចូល​មក​កម្ពុជា​តាមរយៈ​ជនបរទេស ព្រមទាំង​មាន​ក្រុម​ឧក្រិដ្ឋជន​ហ៊ាន​ធ្វើ​រោងចក្រ​ផលិត​គ្រឿងញៀន​នៅក្នុង​ស្រុក​តាម​ទំនើង​ចិត្ត៖ «ជាពិសេស​សកម្មភាព​ឧក្រិដ្ឋ​ដែល​មាន​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សណ្ដាប់ធ្នាប់​សន្តិសុខ​សង្គម​ដូចជា​បញ្ហា​គ្រឿងញៀន​នេះ ក្នុងនាម​ជា​អ្នកមាន​សមត្ថកិច្ច​ឱ្យ​តែ​រក​ឃើញ​ពន្លក សញ្ញាណ​នៃ​ការផលិត និង​នាំចូល​គ្រឿងញៀន ចាំបាច់​ត្រូវតែ​ធ្វើ​អន្តរាគមន៍ ដើម្បី​កុំ​ឱ្យ​រីក​រាលដាល​ក្នុង​ករណី​ណាមួយ»

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP Center) លោក យង់ គិមអេង សោយ​ស្ដាយ​ចំពោះ​អាជ្ញាធរ​ដែល​មាន​ភាពយឺត​យ៉ាវ ក្នុង​ការ​ស្វែង​រកមុខ​មេខ្លោង​នៅ​ពី​ក្រោយ​ការដែល​អាច​ផលិត​គ្រឿងញៀន​បាន​ជាង​៨០​តោន​កន្លង​មក​នេះ​។ លោក​មើល​ថា បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​បាន​រីក​សាយភាយ​ស្ទើរ​គ្រប់កន្លែង​តាំងពី​ទីក្រុង​រហូតដល់​ទី​ជនបទ ដែល​ធ្វើ​ឱ្យ​សង្គម​កម្ពុជា​ទទួលរង​ឥទ្ធិពល​កាន់តែ​អាក្រក់ និង​បាន​បង្ក​អសន្តិសុខ​សង្គម​ធ្ងន់ធ្ងរ។

លោក​យល់​ថា អាជ្ញាធរ​មិនទាន់​អនុវត្ត​ច្បាប់​តឹងរ៉ឹង​នៅ​ឡើយ ហើយ​ការ​បង្រា្កប​បទល្មើស​គ្រឿងញៀន​ធំៗ​ដែល​បាន​នាំចូល​ឧបករណ៍​កែច្នៃ​គ្រឿងញៀន​ចូល​មក​កម្ពុជា​អាជ្ញាធរ​ក៍​​មិនមាន​ការ​ស៊ើបអង្កេត​រក​មុខ​មេខ្លោង និង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ឃុបឃិត​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ទាំង​នោះ​ប្រកប​ដោយ​តម្លាភាព​ដែរ​។ លោក​ទាមទារ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ក្នុង​ការ​ស្វែង​រកមុខ​មេខ្លោង​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ដំណើរ​ការផលិត​គ្រឿងញៀន​កន្លង​ទៅ​នេះ ដើម្បី​ធានា​ឱ្យ​មាន​ការ​លុបបំបាត់​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​នេះ និង​ធានា​ដល់​ស្ថិរភាព​សន្តិសុខ​សង្គម​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​មិន​មាន​ការ​ភ័យខ្លាច៖ «ចំណាត់ការ​វែក​រកមុខ​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ហ្នឹង គឺ​មាន​ការ​យឺតយ៉ាវ​មក​ដល់​ពេលនេះ​យើង​មិន​ដឹង​ថា​យ៉ាងណា​។ ប៉ុន្តែ​ករណី​គ្រឿងញៀន​នេះ​កម្រ​គ្មាន​ការ​ជាប់​ព័ន្ធ​អី​ផ្សេងទៀត​ណាស់ ព្រោះ​រឿង​គ្រឿងញៀន​វា​តែងតែមាន​បណ្ដាញ​ទំនាក់ទំនង​ពាក់ព័ន្ធ​ច្រើន ដោយ​អាជ្ញាធរ​ត្រូវតែ​សិក្សា​ឱ្យ​ស៊ីជម្រៅ​ថែម​ទៀត»

ឆ្លើយតប​បញ្ហា​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ទទួល​បន្ទុក​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន លោក ម៉ក់ ជីតូ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១២ ខែ​មករា​ថា ពាក់ព័ន្ធ​ករណី​បង្ក្រាប​រោងចក្រ​ផលិត​គ្រឿងញៀន​ក្នុង​ខេត្តកំពង់ស្ពឺ​កន្លងទៅ មក​ទល់​ពេល​នេះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពុំ​ទាន់​រកមុខ​អ្នក​ពាក់ព័ន្ធ​បន្ថែម​ទៀត​នោះ​ទេ​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា សំណុំ​រឿង​នេះ​អាជ្ញាធរ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ពិចារណា​ក្នុង​ការ​ស៊ើបអង្កេត​រក​អ្នក​ដែល​ពាក់ព័ន្ធ​យក​ដាក់ទោស​តាម​ច្បាប់​ហើយ៖ «ករណីនេះ​យើង​បាន​ជំរុញ​ឱ្យ​តុលាការ​កំពុង​ពិចារណា ប៉ុន្តែ​ដូចជា​ករណីនេះ​យើង​បាន​បង្ក្រាប​អស់​ហើយ​។ ជា​រួម រាជរដ្ឋាភិបាល​មាន​គោលការណ៍​ពីរ​សំខាន់​ទី​១​យើង​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ទី​២​គឺ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ដែល​ជា​ចលនា​ជាតិ​ដែល​យើង​ទាំងអស់​គ្នា​ធ្វើ»

ចំពោះ​រោងចក្រ​ដែល​ជា​ទីតាំង​ផលិត​គ្រឿងញៀន​របស់​ជនជាតិ​ចិន លោក​ថា រដ្ឋាភិបាល​ក៏​បាន​ផ្អាក​សង្វាក់​ផលិតកម្ម​ក្នុង​ការ​ផលិត​ដំណាប់​ស្វាយ​ដែរ​។ ចំណែក​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ដែល​អាជ្ញាធរ​​បង្រា្កប​បាន​កន្លងមក តុលាការ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ពួក​ទៅកាន់​ពន្ធនាគារ ម​១​។ លោក ម៉ក់ ជីតូ ក៏​ទទួល​ស្គាល់​ថា បទល្មើស​គ្រឿងញៀន​ជា​បញ្ហា​មួយ​សម្រាប់​កម្ពុជា តែ​លោក​អះអាង​ថា រដ្ឋាភិបាល​បាន​ចាត់​វិធាន​ដោយ​ចុះ​បង្ក្រាប​យ៉ាង​យកចិត្តទុកដាក់ និង​បាន​បន្ថែម​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៅ​តាម​ទី​ភូមិ​ជនបទ​ដើម្បី​ពង្រឹង​ផ្នែក​សន្តិសុខ​ជូន​ប្រជា​ពលរដ្ឋ។

កាលពី​ខែធ្នូ​ឆ្នាំ​២០២១​កន្លង​ទៅ អាជ្ញាធរ​បង្ក្រាប​សិប្បកម្ម​ផលិត​គ្រឿងញៀន​ដ៏​ធំ​មួយ​កន្លែង​នៅ​ស្រុក ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដោយ​រឹបអូស​បាន​គ្រឿងញៀន​ប្រមាណ ៨០​តោន និង​ឃាត់​ក្រុម​ឧក្រិដ្ឋជន​ជាង ១០​នាក់​ភាគច្រើន​ជា​ជន​ជាតិចិន ក្នុង​នោះ​មាន​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់ ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ជាមួយ​សមត្ថកិច្ច។

នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា អាជ្ញាធរ​ជំនាញ​ត្រូវតែ​មាន​ការស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព ដើម្បី​ស្វែង​រកមុខ​មេខ្លោង និង​អ្នក​ពាក់ព័ន្ធ​មក​ដាក់ទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាមច្បាប់​។ លោក​បន្ត​ថា ប្រសិន​កម្ពុជា​មាន​ចក្រ​ផលិត​គ្រឿងញៀន​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ដូច​ពេល​កន្លងទៅ​ធនធាន​យុវជន​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ឥទ្ធិពល​នៃ​លំហូរ​គ្រឿងញៀន និង​មាន​ការ​បង្ក​អសន្តិសុខ​សង្គម​កាន់តែ​ធ្ងន់ធ្ងរ៖ «យើង​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​ដែល​បណ្តោយ​ឱ្យ​ជនបរទេស​អាច​នាំសារ​ធាតុ​ញៀន និង​បង្កើត​ឱ្យ​មាន​កន្លែង​ផលិត​គ្រឿងញៀន​ដ៏​ធំ​នៅ​កម្ពុជា​។ អ៊ីចឹង​ទិដ្ឋភាព​ទាំងអស់​នេះ ឆ្លុះ​បញ្ចាំង​មកវិញ​ថា អាជ្ញាធរ​ត្រូវតែ​បង្កើន​ការទប់ស្កាត់​ទៅលើ​ការ​នាំចូល​គ្រឿងញៀន​ចូល​មក​កម្ពុជា»

ក្នុង​រយៈពេល ៩​ខែ ឆ្នាំ​២០២១ អាជ្ញាធរ​កម្ពុជា​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ៩.៨២៨​នាក់ និង​គ្រឿងញៀន​សរុប ១.០៤៩​គីឡូក្រាម​។ ក្នុង​ចំណោម​ជនសង្ស័យ​ទាំងនោះ មាន​មនុស្ស ៦.០៤៤​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន ហើយ​មនុស្ស ៣.៧៨៤​នាក់ រួម​ទាំង​ជនបរទេស ២១៧​នាក់​ទៀត ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន។

កាលពី​ឆ្នាំ​២០២០ សមត្ថកិច្ច​កម្ពុជា​បាន​ចាប់ខ្លួន​ជនជាតិ​ចិន ៥២៣​នាក់ ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា​។ ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ដែរ សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជនជាតិ​ចិន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ភាគច្រើន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ឃាតកម្ម ចាប់ជំរិត​ទារប្រាក់ អំពើ​ហិង្សា ឆបោក ចោរកម្ម រត់ពន្ធ​ថ្នាំញៀន និង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment