ការ​បាត់បង់​ដីធ្លី​និង​បំណុល​របស់​ពលរដ្ឋ​ធ្វើ​ឱ្យ​ព្រៃ​ព្រះ​រកា​រង​ការ​បំផ្លាញ​​កាន់​តែ​ខ្លាំង

ព័ត៌មានជាតិ
លោក ម៉ិច ដារ៉ា and Ananth Baliga | ១៣ មករា ២០២២ | ម៉ោង ២៣:១០
VOD

ទិដ្ឋភាពព្រៃឈើរងការកាប់បំផ្លាញយកឈើនិងយកដីដាំដំណាំ ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃព្រះរកា ត្រូវបានថតពីលើអាកាស កាលពីឆ្នាំ២០២១។ (ហេង វិចិត្រ/VOD)

ទិដ្ឋភាពព្រៃឈើរងការកាប់បំផ្លាញយកឈើនិងយកដីដាំដំណាំ ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃព្រះរកា ត្រូវបានថតពីលើអាកាស កាលពីឆ្នាំ២០២១។ (ហេង វិចិត្រ/VOD)


ជនជាតិ​ដើម​ភាគ​តិច​គួយ អាយុ ​៣៤​ឆ្នាំ​មួយរូបលោក ថៃ ហុន កំពុង​តែធ្វើដំណើរ​ចូល​ទៅកាន់តំបន់​ភាគ​អាគ្នេយ៍​នៃដែនជម្រកសត្វព្រៃព្រះរកា ដែលមាន​ចម្ងាយ​ប្រមាណ​ ៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត។

ជនជាតិ​ដើម​ភាគ​តិច​គួយរូបនេះ បានធំដឹងក្ដីឡើងនៅក្បែរតំបន់ព្រៃទាំងនេះ ដែលបានធ្វើឱ្យរូបលោកអាចស្គាល់យ៉ាងច្បាស់នូវរាល់ផ្លូវតូចៗ ដែលឆ្លងកាត់តំបន់ភាគអាគ្នេយ៍នៃព្រៃការពារមួយនេះក្នុងការតាមដានសកម្មភាពកាប់បំផ្លាញព្រៃឈើ។

លោក ថៃ ហុន បានថ្លែងឱ្យដឹងដោយចង្អុលបង្ហាញទៅកាន់តំបន់ដែលរងការឈូសឆាយជាបន្តបន្ទាប់ថា៖ «ទីតាំងនេះ​ត្រូវ​បាន​កាប់បំផ្លាញ​កាល​ពី​ឆ្នាំ​មុន ហើយទីតាំងនោះត្រូវបានកាប់កាលពីពេលថ្មីៗនេះ»។

ទីតាំងដែលត្រូវបានឈូសឆាយកាលពីពេលកន្លងទៅ ត្រូវបានប្រើប្រាស់សម្រាប់ដាំដំណាំរួមមានដូចជា ចេក ដំឡូងមី និងគ្រាប់ស្វាយចន្ទី ហើយតាមរយៈដើម​ស្វាយចន្ទីដែលមាន​កម្ពស់ពី ២ទៅ ៣ ម៉ែត្រនេះ ប្រជាពលរដ្ឋ និង​អ្នកចុះ​ល្បាតទាំងឡាយ​អាចប៉ាន់​ប្រមាណពីរយៈពេលនៃការ​ឈូស​ឆាយបាន។

លោក ថៃ ហុន បន្តថា៖ «បច្ចុប្បន្ន​នេះ យើង​មិន​បាន​ដើរ​ល្បាតនោះ​ទេ។ «គេ​មិន​អនុញ្ញាត​ឱ្យ​យើងធ្វើសកម្មភាពនេះ ដោយសារតែ​យើងអាច​ចាប់​ជន​ល្មើសបាន»

យោងតាមរូបភាពថតពីលើអាកាសបានបង្ហាញឱ្យឃើញថា តំបន់ការពារព្រៃព្រះរកាផ្នែកខាងត្បូងគឺជាតំបន់មួយដែលរងការឈូសឆាយ ហើយតាមរយៈការដើរចូលទៅក្នុងព្រៃជម្រៅប្រមាណជា ៣ ទៅ ៤គីឡូម៉ែត្រ អ្នកសារព័ត៌មានវីអូឌីបានរកឃើញថា ការឈូសឆាយភាគច្រើនគឺត្រូវបានប្រើប្រាស់សម្រាប់ការដាំដុះ និងមួយចំនួនទៀតត្រូវបានទុកចោលមិនប្រើប្រាស់។

យោងតាមទិន្នន័យរបស់អង្គការ​ឃ្លាំ​មើល​ព្រៃឈើសកល (Global Forest Watch) កាលពីឆ្នាំមុនបង្ហាញថា ព្រៃព្រះរកាបានបាត់បង់គម្របព្រៃឈើចំនួន ៦១២ហិកតា ក្នុងឆ្នាំ២០២០ ពោលគឺកើនឡើង ២០ភាគរយបើធៀបនឹងការបាត់បង់ព្រៃឈើក្នុងឆ្នាំ ២០១៩។

ប្រទេសកម្ពុជា ក៏បានបាត់បង់គម្របព្រៃឈើចំនួន ៤៧ ៦៣៩ហិកតាក្នុងឆ្នាំ ២០២០ កើនឡើងតិចតួចធៀបនឹងការបាត់បង់ព្រៃឈើក្នុងឆ្នាំ២០១៩ ។

ជាមួយគ្នានេះ អ្នកស្ម័គ្រចិត្តមកពីសមាគមបណ្ដាញ​យុវជនកម្ពុជា(CYN)  បានឱ្យដឹងផងដែរថា ពួកគេបានរកឃើញករណីកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណីនៅតំបន់ព្រៃព្រះរកា ក្នុងអំឡុងពេលដើរល្បាតត្រឹមរយៈពេលបីថ្ងៃកាលពីខែមីនាឆ្នាំមុន។

ប្រជាសហគមន៍ជនជាតិដើមភាគតិច ក៏បានរកឃើញបទល្មើសព្រៃឈើក្នុងចំនួនប្រហាក់ប្រហែលគ្នានេះនៅភាគខាងត្បូងក្នុងឃុំប្រមេរ​ ស្រុក​ត្បែង​មានជ័យ ខណៈ​ពួកគេលើកឡើងថាអាជ្ញាធរហាក់ប្រងើយកន្តើយលើករណីនេះ។

ប្រជាពលរដ្ឋ និងសកម្មជនទាំងឡាយបានឱ្យដឹងថា ​ពលរដ្ឋក្នុងតំបន់ មន្ត្រីមូលដ្ឋាន និងកងកម្លាំងសន្តិសុខសុទ្ធតែពាក់ព័ន្ធក្នុងការកាប់ឈើទាំងនេះ។

កសិករជាជនជាតិដើមភាគតិចមួយរូប ដែលត្រូវបានបណ្ដេញចេញដោយបង្ខំកាលពីពេលកន្លងទៅពីក្រុមហ៊ុនចម្ការអំពៅ រ៉ូយ ហ្វេង (Rui Feng) ក៏បានលើកឡើងថា ពួកគេបានឈូសឆាយដីព្រៃក្នុងទំហំ២ ទៅ៣ហិកតាដើម្បីដាំដុះដំណាំផងដែរ។

នៅពេលដែលលោក ថៃ ហុន ដើរចូលទៅក្នុងព្រៃកាន់តែជ្រៅ លោកបានឮសំឡេងគ្រឿងចក្រ ប៉ុន្តែលោកមិនអាចដឹងច្បាស់ថាវាជាសំឡេងរណាយន្ត ឬម៉ូតូនោះទេ។ បន្ទាប់មកទៀត លោកក៏បានប្រទះឃើញបុរសបីនាក់ជិះគោយន្តមួយធ្វើដំណើរចូលទៅកាន់ផ្លូវតូចមួយក្នុងតំបន់ព្រៃការពារ។

លោក ថៃ ហុន បានបន្តដំណើររបស់ខ្លួនក្នុងចម្ងាយ ២០០ ទៅ ៣០០ម៉ែត្រទៀត មុនពេលរូបលោកចាកចេញដើម្បីពិនិត្យស្វែងរកមើលគល់ឈើដែលទើបនឹងកាត់ថ្មីៗ។ នៅពេលនោះ លោកបានប្រទះឃើញគល់ឈើមួយចំនួន ដែលលោកអាចដឹងបានថា ឈើទាំងនោះត្រូវបានគេកាប់មិនលើសពីរយៈពេល២ ទៅ ៣ ថ្ងៃនោះទេ។

ក្នុងចម្ងាយប្រមាណជា ១០០ម៉ែត្រទៀត លោកក៏បានរកឃើញទីតាំងមួយដែលមើលទៅហាក់ដូចជាត្រូវបានឈូសឆាយក្នុងទ្រង់ទ្រាយធំសម្រាប់ការដាំដុះដំណាំ។ ទីតាំងនេះ គឺជាទីតាំងមួយ​ក្នុង​ចំណោម​ការ​ឈូស​ឆាយ​មួយ​ចំនួន​ដែល​លោកបានចង្អុល​បង្ហាញ។

លោក ថៃ ហុន ថា៖ «នេះគ្រាន់តែជា​ជ្រុង​មួយ​នៃឃុំប្រមេរ​ប៉ុណ្ណោះ។ ដូច្នេះ អ្នក​អាច​ស្រមៃ​មើលបានហើយពីទំហំនៅក្នុង​ឃុំ ឬ​ស្រុក​ផ្សេង​ទៀត​»​

ទាក់ទិននឹងករណីនេះ មេឃុំ​ប្រមេរ​លោក ធាន ហេង មានប្រសាសន៍ថា នៅក្នុងតំបន់ព្រៃព្រះរកា​ ពិតជាមានការកាប់ឈើមួយចំនួនមែន ប៉ុន្តែអ្នកទាំងនោះកាប់តែឈើប្រភេទលេខ២ និងលេខ៣ ប៉ុណ្ណោះ ខណៈដែលវាកើតឡើងក្នុងចំនួនតិចតួច និងមិនធ្ងន់ធ្ងរនោះទេ។

មេឃុំដដែលបន្ថែមថា ប្រជាពលរដ្ឋនៅតំបន់នោះបានឈូសឆាយដីស្រែចម្ការតូចៗនៅតាមជាយនៃតំបន់ការពារ ហើយមន្ត្រីក៏ធានាឱ្យបានថា មិនមានករណីឈូសឆាយ និងកាប់ព្រៃឈើក្នុងតំបន់កណ្តាលនៃដែនជម្រកសត្វព្រៃមួយនេះទេ។

លោក ធាន ហេង បន្ថែមថា៖ «ករណីកាប់ឆ្ការ គឺកើតមានឡើងនៅក្នុងស្រុកជាំក្សាន្ត ស្រុកឆែប ស្រុកត្បែងមានជ័យ មិនមែនតែឃុំ​ប្រមេរមួយនោះទេ។ វា​កើតឡើង​ស្ទើរតែ​គ្រប់​ស្រុក ហើយរីក​រាលដាលតាមគ្នាពីមួយទៅមួយ»

លោកក៏បានអះអាងឱ្យដឹងផងដែរថា ការកាប់ឈើទាំងនេះគឺត្រូវបានធ្វើឡើងដោយប្រជាពលរដ្ឋដែលបានចំណាកស្រុកចេញពីខេត្តកំពត ឬកំពង់ចាម ឬប្រជាពលរដ្ឋដែលជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ហើយក្នុងករណីខ្លះទៀត អ្នកកាប់ឈើក៏បាននិងកំពុងប្រើប្រាក់កម្ចីខ្នាតតូច ដើម្បីទិញឧបករណ៍សម្រាប់កាប់ដើមឈើផងដែរ។

លោកបន្ថែមថា៖ «អ្នកខ្លះខ្ចីប្រាក់ [ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ] ហើយចំណាយលើទំនិញប្រើប្រាស់ បន្ទាប់មកពួកគេទៅកាប់ដើមឈើនៅក្នុងព្រៃ។ ពួកគេ​លក់​ដីស្រែ​ចាស់ៗ​ របស់​ពួកគេ ហើយ​ទៅកាប់ឆ្ការលើ​ដី​ថ្មីបន្ថែមទៀត»

ជាមួយគ្នានេះលោក ធាន ហេង ក៏បានបញ្ជាក់ឱ្យដឹង​ដែរថា អ្នកស្រុកស្ទើរតែ​គ្រប់​គ្នាទៅហើយ​ក្នុង​ឃុំ​របស់​លោកដែលជាប់​បំណុលគេ​។

ទាក់ទិននឹងករណីនេះ ក្រុម​សិទ្ធិ​មនុស្សនានា​បាន​អះអាង​ថា កសិករទាំងឡាយ​កំពុងតែ​ប្រឈម​នឹង​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស ​​ការ​លក់​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ​ដើម្បី​ទូទាត់សង​ប្រាក់ទៅស្ថាប័នទាំងនោះក៏កើតមានកាន់តែច្រើន។

ពួកគេបន្តថា ប្រជាពលរដ្ឋដែលភាគច្រើននៅជនបទត្រូវបានផ្តល់ប្រាក់កម្ចីដែលពួកគេមិនអាចមានលទ្ធភាព​សងត្រឡប់ទៅវិញបាននោះទេ ហើយត្រូវបានបង្ខិតបង្ខំឱ្យលក់ដីរបស់ពួកគេ ដែល​ជាទ្រព្យសម្បត្តិតែមួយគត់របស់គ្រួសារ។

ត្រឡប់​មកកាន់ព្រៃ​ព្រះ​រកាវិញ អ្នក​ឃុំ​ប្រមេរដែលទើបតែ​ចេញ​ពី​ព្រៃតំបន់ការពារ​គឺលោកស្រី នឿង គឿន លោកស្រី ​ហុក ម៉ៅ និងស្វាមីរបស់ពួកគេ បានរៀបរាប់ពីដំណើររឿងប្រាប់អ្នកសារព័ត៌មាន ខណៈដែលពួកគេសុទ្ធតែជាអ្នកដែលបានបាត់បង់ដីនៅក្បែរតំបន់ក្រុមហ៊ុនចម្ការអំពៅ រ៉ូយ ហ្វេង ដែលធ្វើឱ្យពួកគេត្រូវឈូសឆាយដីព្រៃព្រះរកាក្នុងទំហំ២ ទៅ ៣ហិកតា ដើម្បីមានដីសម្រាប់ដាំដុះដំណាំ។

លោកស្រី នឿង គឿន អាយុ ៤០ ឆ្នាំ បានលើកឡើង​ថា គ្រួសារ​របស់​លោកស្រី​ដាំ​ដំឡូងមី ស្រូវ និង​ស្វាយចន្ទី​លើ​ដី​ទំហំដី ៥ហិកតា​ក្នុង​ព្រៃ។ លោកស្រីបន្ថែម​ថា អ្នក​កាប់​រានដី​ព្រៃ​ភាគ​ច្រើន​មិន​មែន​ជា​ជន​ជាតិ​ដើម​ភាគ​តិចនោះទេ ប៉ុន្តែគឺជាអ្នកដែលមក​ពីខាង​ក្រៅ​តំបន់។

លោកស្រីថា អ្នក​ស្រុក​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋានហាមឃាត់ ឬ​ចាប់​ខ្លួន​ប្រសិន​បើ​ពួក​គេ​កាប់​ឆ្ការ​ព្រៃ ប៉ុន្តែ​ចំពោះអ្នក​​ក្រៅ​តំបន់វិញ គឺមិន​ត្រូវ​បាន​បញ្ឈប់​ពី​ការ​កាប់​ឈើ​នោះ​ទេ។

ចំណែកឯលោកស្រី ​ហុក ម៉ៅ ដែលមានអាយុ ៥៥ឆ្នាំវិញ បានលើកឡើងថា លោកស្រីមានដីប្រមាណ​ ១៥ហិកតានៅក្នុងចម្ការអំពៅដែលលែងដំណើរការ ហើយគាត់ក៏បានឈូសឆាយដីប្រមាណ ៥ ហិកតានៅក្នុងព្រៃដើម្បីដាំដំណាំបន្តទៀត។

លោកស្រីបន្តថា គ្រួសាររបស់លោកស្រីបានប្រើប្រាស់ឧបករណ៍តាមបែបប្រពៃណី ដើម្បីកាប់ដើមឈើ និងដាំបន្លែ ខណៈដែលលោកស្រីមើលឃើញថា មនុស្សមួយចំនួនទៀតដែលលោកស្រីចាត់ថាជាអ្នកចំណូលថ្មីបានប្រើប្រាស់ឧបករណ៍ទំនើបជាងនេះដើម្បីកាប់ដើមឈើទាំងនោះ។

លោកស្រី​ថា​៖ «​ពួកគេបាន​ប្រើប្រាស់​ម៉ាស៊ីន ​ដែល​ក្នុង​រយៈពេល​ត្រឹមតែ២ ទៅ៣​ថ្ងៃ ​ពួកគេអាច​កាប់​ឆ្ការ​បាន​ពី​ ២ ទៅ​ ៣ហិកតា​។ ​ពួកគេ​អាច​កាប់​ឆ្ការបានយ៉ាងឆាប់រហ័ស»។

លោកស្រី ​ហុក ម៉ៅ បន្ថែមថា គ្រួសារភាគច្រើនបានឈូសឆាយដី២​ ទៅ៣ហិកតាដែលនៅកៀកៗគ្នា ប៉ុន្តែក៏មានការកាប់ឆ្ការទ្រង់ទ្រាយធំនៅក្នុងព្រៃការពារផងដែរ។ ការកាប់ឆ្ការព្រៃ​ឈើនេះ​ក៏​បានបង្កជាផលប៉ះពាល់​ដល់សកម្មភាពរបស់​អ្នក​ស្រុក​ក្នុង​ការរកជ័រពីដើមឈើ និង​រក​ចំណូល​បន្ថែម​ពី​ការ​លក់ផល​អនុផល​ព្រៃឈើ រួម​ទាំង​ផ្លែឈើ​ផង​ដែរ។

លោកស្រីថា៖ «ពីមុន ​យើង​អាច​លក់​វត្ថុ​ដែលរកបានទាំង​នោះ​ដើម្បី​ផ្គត់ផ្គង់ដល់ជីវភាពរបស់​យើង។ ប៉ុន្តែ​បច្ចុប្បន្ននេះ យើងជួបប្រទះការលំបាកដោយសារតែពួកគេ​បាន​​កាប់​ដើមឈើទាំងនោះ​ចោលអស់ហើយ»

ស្របពេលដែលប្រជាពលរដ្ឋខាងលើថ្លែងរៀបរាប់ពីដំណើររឿង យើងក៏សង្កេតឃើញមានគោយន្តដឹកមនុស្សចេញពីក្នុងព្រៃ ខណៈដែល​អ្នក​បើកបរ​មួយចំនួនហាក់មើលទៅ​មាន​អារម្មណ៍​ភ័យ​ខ្លាចនៅពេលដែលពួកគេ​ឃើញ​អ្នក​យក​ព័ត៌មាន។ ពួកគេភាគច្រើនត្រូវបានមើលឃើញថា ​កំពុង​តែដឹក​ឈើ​ប្រណិត​ចេញ​ពី​ដែនជម្រកសត្វព្រៃតាមរយៈគោយន្ត៕

បកប្រែនិងសម្រួលពី អត្ថបទដើមជាភាសាអង់គ្លេស ដោយលោក ភុន ច័ន្ទឧសភា


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "ការ​បាត់បង់​ដីធ្លី​និង​បំណុល​របស់​ពលរដ្ឋ​ធ្វើ​ឱ្យ​ព្រៃ​ព្រះ​រកា​រង​ការ​បំផ្លាញ​​កាន់​តែ​ខ្លាំង"

  1. Anonymous says:

    an urgent massage to Cambodia if nothing change in 2023 for the next five years after when the forest completely destroy the while country’s temperature will rising up to 40% please be a wear of that